ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​រតន​គិរី​ចោទប្រកាន់​វៀតណាម​១២នាក់​រឿង​ឆ្លងដែន​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ឧទ្យាន​ជាតិ


បុរស​ជនជាតិ​វៀតណាម​ទាំង១២រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ ចាប់ឃុំ​ខ្លួន​នៅ​ខេត្តរតនៈគិរី នៅ​ខែមេសា ឆ្នាំ២០១៩។ (រូបថត៖ រដ្ឋាភិបាលកម្ពុជា)
បុរស​ជនជាតិ​វៀតណាម​ទាំង១២រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ ចាប់ឃុំ​ខ្លួន​នៅ​ខេត្តរតនៈគិរី នៅ​ខែមេសា ឆ្នាំ២០១៩។ (រូបថត៖ រដ្ឋាភិបាលកម្ពុជា)

ក្រុ​មហ៊ុ​ន នុ​ភាព​សុភី​ ​ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​ការ​ពាក់ព័ន្ធ​ខាងលើ​ ​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ទិន្នន័យ​ផ្លូវការ​របស់​រដ្ឋ​ថា​ ​ជា​កម្មសិទ្ធិ​របស់​អ្នកនយោបាយ​ក្នុង​រដ្ឋសភា​ ​និង​អ្នកជំនួញ​ជាន់ខ្ពស់​របស់​ប្រទេស​កម្ពុជា។

អាជ្ញាធរ​កម្ពុជា​នៅ​ខេត្ត​រតនគិរី​បាន​បញ្ជាក់​ថា ​តុលាការ​ថ្នាក់​ខេត្ត​របស់​ខ្លួន​ ​បាន​សម្រេច​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម​១២នាក់​ពី​បទ​ឆ្លងដែន​ខុសច្បាប់​និង​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​របស់​រដ្ឋ​ ​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​នៅ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ ​ក្បែរ​ព្រំដែន​វៀតណាម​ ​ក្នុង​ស្រុក​តាវែង​ ​ខេត្ត​ភូមិភាគ​ឦសាន​ដែល​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​ជា​កម្មសិទ្ធិ​របស់​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​មួយ​រូប។

​ចៅក្រម​នៃ​តុលាការ​មួយ​ក្នុង​ភូមិ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​បាន​សម្រេច​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម​១២នាក់​ដែល​បាន​ឆ្លងដែន​ចូល​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ ​ក្នុង​ខេត្ត​រតនគិរី ​ដែល​របាយការណ៍​ព័ត៌មាន​បាន​បង្ហាញ​ពី​ការ​ជាប់​ទាក់ទង​នឹង​ក្រុមហ៊ុន​មួយ​ជា​កម្មសិទ្ធិ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។​ ​នេះ​បើ​យោង​តាម​អាជ្ញាធរ​កម្ពុជា។

តែ​យ៉ាង​ណា​ក៏​ដោយ​ សមាជិក​សភា​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​ទាំង​មូល​ទៅ​នឹង​បទល្មើស​ឆ្លងដែន​កាប់ព្រៃ​ខុសច្បាប់​ខាង​លើ។​

​លោក​ឧត្តមសេនីយ៍​ត្រី​ ជា ប៊ុន​ធឿន​ ស្នងការ​រង​នគរបាល​ខេត្ត​រតនគិរី ​ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍​បាន​ប្រាប់​ ​VOA​ ថា​ បុរស​ជនជាតិ​វៀតណាម​ទាំង១២រូប​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ដោយ​កង​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត ​កាលពី​ថ្ងៃទី១៦​ ​ខែមេសា​ ​កន្លងទៅ​ ​ខណៈ​ដែល​ពួកគេ​កំពុង​ស្ថិត​ក្នុង​តំបន់​ដី​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​ ​នុភាព​សុភី​ ​ក្នុង​ស្រុក​តាវែង​ ​បាន​ត្រូវ​លោក​ ​ឡេង​ ​វណ្ណា​រិទ្ធិ​ ​ចៅក្រម​ស៊ើប​នៃ​សាលាដំបូង​ខេត្ត​ ​សម្រេច​ចោទប្រកាន់​ ​និង​ឃុំខ្លួន​រង់ចាំ​សវនាការ។​

​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ថ្នាក់​ខេត្ត​រូប​នេះ​ ​បាន​ប្រាប់​ ​VOA តាម​ទូរស័ព្ទ​ ​យ៉ាង​ដូច្នេះ​ថា៖​

​«​បាទ​! បាទ​!​ ​ចោទប្រកាន់​ ​ហើយ​[​និង​]​ឃុំខ្លួន​ហើយ​!​ ​ឥឡូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ហើយ! អានេះ​ ​ខាង​អាវុធហត្ថ​គាត់​ចាប់​មក​ហ្នឹង​ ​ហើយ​ខ្ញុំ​ទៅ​ទទួល​នេះ​ ​ដែល​យើង​ទៅ​ទទួល​យក​នេះ​ ​គឺ​នៅ​ក្នុង​ដី​ក្រុមហ៊ុន​ ​នុ​ភាព​សុភី​ ​ហ្នឹង»។​

​របាយការណ៍​ព័ត៌មាន​របស់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ ​រួមមាន​ទាំង​កាសែត​រស្មី​កម្ពុជា​ផង​បាន​ចុះផ្សាយ​ថា​ ​មុននឹង​ត្រូវ​បាន​ចាប់ខ្លួន​ ​ជនជាតិ​វៀតណាម​ទាំង១២រូប​ ​បាន​ឆ្លងដែន​ចូល​មកកាន់​ប្រទេស​កម្ពុជា​ ​«តាម​រយៈ»​តំណាង​មួយ​រូប​នៃ​ក្រុមហ៊ុន​ ​នុភាព ​សុភី​ ឈ្មោះ​ ​សេក​ ​វីរៈ​ ​រួម​ទាំង​ជនជាតិ​វៀតណាម​មួយ​រូប​ទៀត។​ ​លោក​ស្នង​ការ​រង​ខេត្ត​រតនគិរី ​ជា​ ​ប៊ុន​ធឿន​ ​បាន​ថ្លែង​បន្ត​ប្រាប់VOAថា​ លោក​នៅ​រង់ចាំ​ការ​ចាត់ចែង​ពី​សា​លា​ដំបូង​ ​ថា​តើ​នឹង​ត្រូវ​បន្ត​ស្វែងរក​ឃាត់ខ្លួន​ជន​ទាំងពីរ​ខាង​លើ​ឬ​យ៉ាងណា។​

​នៅ​ពេល​ត្រូវ​បាន​ទាក់ទង​ដោយ VOA នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ ​ដើម្បី​បញ្ជាក់​អំពី​របាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ ​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម​ទាំង​១២រូប​ ​លោក​ ​ថង​ ​សា​វុន​ ​អភិបាល​ខេត្ត​រតនគិរី ​ក៏​បាន​បញ្ជាក់​ដោយ​បាន​និយាយ​ដោយ​ខ្លី​ថា៖​

​«​ហ្នឹង​ហើយ​ ​មើល​ព័ត៌មាន​គេ​ចុះ​ហ្នឹង​ទៅ​ ​អត់មាន​អី​ខុស​ទេ‍»។

ក្រុ​មហ៊ុ​ន នុ​ភាព​សុភី​ ​ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​ការ​ពាក់ព័ន្ធ​ខាងលើ​ ​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ទិន្នន័យ​ផ្លូវការ​របស់​រដ្ឋ​ថា​ ​ជា​កម្មសិទ្ធិ​របស់​អ្នកនយោបាយ​ក្នុង​រដ្ឋសភា​ ​និង​អ្នកជំនួញ​ជាន់ខ្ពស់​របស់​ប្រទេស​កម្ពុជា។​

​បើ​យោង​តាម​ទិន្នន័យ​ចុះបញ្ជី​សហគ្រាស​អាជីវកម្ម​របស់ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ក្រុមហ៊ុន​ ​នុភាព​សុភី​ ​នេះ​ជា​កម្មសិទ្ធិ​របស់​លោក​ ​ឃឹង​ ​នុ​ភាព​ ​សមាជិករដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ​ប្រចាំ​មណ្ឌល​ខេត្តកំពង់ធំ​ ​ដែល​ទើប​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ក្នុង​ការបោះឆ្នោត​ឆ្នាំ២០១៨កន្លងទៅ​ ​ជាមួយនឹង​ភរិយា​របស់​លោក​ ​គឺ​អ្នកស្រី​ ​អាន​ ​សុភី​។​ ​លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ក៏​មាន​ឈ្មោះ​ជា​សហ​កម្មសិទ្ធិ​ករ​នៃ​ក្រុមហ៊ុន​នេះ​ដែរ។

ក្នុង​ដ្យាក្រាម​ទិន្នន័យ​ដីសម្បទាន​សេដ្ឋកិច្ច ​ដែល​រៀបរៀង​ចងក្រង​តាំង​តែ​ពី​ឆ្នាំ២០១១ដោយ​ ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ ​បាន​បង្ហាញថា​ ​ក្រុមហ៊ុន​ ​នុ​ភាព​សុភី​ ​នេះ​ ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​លើ​ទីតាំង​ទំហំ៩ពាន់​ហិ​ក​តា​ ​ដែល​មាន​ភូមិសាស្ត្រ​ស្ថិត​ក្នុង​ស្រុក​តាវែង​ ​ខេត្ត​រតនគិរី ​ដើម្បី​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ។​

​ក្នុង​បទ​សម្ភាស​មួយ​តាម​ទូរស័ព្ទ​ជាមួយVOAកាលពី​រសៀល​ថ្ងៃអង្គារ​នេះ​ ​លោក​ ​ឃឹង​ ​នុ​ភាព​ ​បាន​ថ្លែង​ថា​ ​រូបលោក​ ​ក្រុម​គ្រួសារ​និង​ក៏​ដូចជា​ក្រុមហ៊ុន​ ​មិន​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់ការ​យក​ជនជាតិ​វៀតណាម​ទាំង១២រូប​មក​ទន្ទ្រាន​ដី​ព្រៃ​ឧទ្យាន​ជាតិ​នោះ​ទេ​ តែ​លោក​ថា​ ​ឈ្មោះ​ ​សេក​ ​វីរៈ​ ​ពិត​ជា​មាន​តួនាទី​ជា​តំណាង​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​ខាងលើ​ពិត​មែន​តាំងតែពី​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋ​ក្នុង​ឆ្នាំ២០១១មក​ ​ហើយ​លោក​ថា​ ​លោក​ខ្លួនឯង​ក៏​មិន​អាច​ទាក់ទង​ឈ្មោះ​ ​សេក​ ​វីរៈ​ ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។​

​លោក​តំណាងរាស្ត្រ​រូប​នេះ​បាន​ប្រាប់ VOA​ ​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​ដូចជា​អត់​ទាន់បាន​ទទួល​ព័ត៌មាន​អី​ច្បាស់លាស់​នៅឡើយ​សោះ​ ​បង​ ​ពីព្រោះ​ ​នៅ​ខាង​នោះ​អ្នកគ្រប់គ្រង​ផ្សេង​ ​អ៊ីចឹង​ណា​បង​ ​វា​ឈ្មោះ​ក្រុមហ៊ុន​របស់ខ្ញុំ​មែន​ ​តែ​ខ្ញុំ​អត់​បាន​គ្រប់គ្រង​ផ្ទាល់​ទេ​។​ ​ឈ្មោះ​ ​សេក​ ​វីរៈ​ ​នោះ​គាត់​គ្រប់គ្រង។​ ​ចាំ​មើល​ខ្ញុំ​ព្យាយាម​ទាក់ទង​រក​ព័ត៌មាន​លម្អិត​សិន​ណា​បង​ ​ថា​វា​យ៉ាងម៉េច»។​

​លោក​ ​ឃឹង​ ​នុភាព​ បាន​បន្ត​ថា​ ​ក្រុមហ៊ុន​របស់​លោក​ ​បាន​ធ្វើ​សកម្មភាព​តិចតួច​លើ​ដី​សម្បទាន​ដែល​ទទួល​បាន​ពីរ​ដ្ឋ​ ​ដោយសារ​តែ​ភូមិសាស្ត្រ​ ​និង​បញ្ហា​នៃ​ការ​អនុញ្ញាត​ឱ្យ​ឈូស​ឆាយ​ ​ហើយ​លោក​ថា​ ​ក្រុមហ៊ុន​លោក​មិនធ្លាប់​បាន​ជួល​ ​ឬ​នាំ​កម្មករ​វៀតណាម​ឆ្លង​ព្រំដែន​មក​ធ្វើការ​ក្នុង​តំបន់​ដីសម្បទាន​របស់​ក្រុមហ៊ុន​ឡើយ។

«អត់ទេ​ ​អត់ទេ​ ​អត់ទេ​ ​បង! យើង​មាន​ខាង​ខ្មែរយើង​តើ​ ​បង​!​ ​ប៉ុន្តែ​ ​គ្រាន់តែ​ថា​ ​យើង​ចូល​ទៅ​ ​យើង​ចូល​ពី​ខាង​វៀតណាម​ ​ដោយសារ​តែ​វា​អត់​ទាន់​មានផ្លូវ​ណា៎»!​

VOA មិន​អាច​ទាក់ទង​ឈ្មោះ​ ​សេក​ ​វីរៈ​ ​ដើម្បី​សុំ​ការ​បំភ្លឺ​បានទេ​ ​ហើយ​ ​លោក​ ​Vu​ ​Quang​ ​Minh​ ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​ ​ក៏​មិនបាន​ឆ្លើយតប​នឹង​សំណើ​របស់VOA​ ​សុំ​ការអធិប្បាយ​នោះ​ដែរ​ ​គិត​ត្រឹម​ល្ងាច​ថ្ងៃអង្គារ​នេះ។​

​លោក​ ​សឹង​ ​សែន​ករុណា​ ​អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​ប្រចាំ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ ​បានឱ្យ​ដឹង​ថា​ ​ជន​ជាប់​ចោទ​ទាំង១២រូប​ត្រូវ​ទទួល​សិទ្ធិ​មាន​មេធាវី​ការពារ​ក្ដី​ ​ខណៈ​ដែល​ពួកគេ​ត្រូវ​ប្រឈម​នឹង​សវនាការ​កាត់ទោស។​ លោក​ថា​ ​បើ​ទោះ​បី​ជា​មាន​ការ​កែ​សម្រួល​ខ្លះ​ៗ​របស់​អាជ្ញាធរ​កម្ពុជា​ ​ទៅ​លើ​ការ​គ្រប់គ្រង​ការ​អនុវត្ត​ដី​សម្បទាន​សេដ្ឋកិច្ច​ ​បញ្ហា​ខ្វះ​ចន្លោះ​មួយ​ចំនួន​នៅ​តែ​បន្ត​មាន។​

លោក​ ​សឹង​ សែន​ករុណា​ ​បាន​ថ្លែងប្រាប់VOAតាមរយៈ​ទូរស័ព្ទ​ថា៖​

​«ក៏​ប៉ុន្តែ​យើង​អង្កេត​ឃើញថា​នៅ​មាន​បញ្ហា​ខ្វះ​ចន្លោះ​មួយ​ចំនួន​ទៀត​ដែរ​ ​ដែល​មិនបាន​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​ទៅ​លើ​ក្រុមហ៊ុន​មួយ​ចំនួន​ ​ដែល​ហាក់ដូចជា​ធ្វើ​សម្បទានសេដ្ឋកិច្ច​ ​ប៉ុន្តែ​ដូចជា​បាន​កាប់​ឈើ​ ​ឬក៏​យក​ផល​ផ្សេង​ៗ​នៅ​លើ​តំបន់​ដែល​បាន​ធ្វើការ​វិនិយោគ​ហ្នឹង​ ​ដោយ​ខុសពី​គោលការណ៍​ ​ឬក៏​ខុសពី​កិច្ច​សន្យា​ហ្នឹង​ ​រដ្ឋាភិបាល​ ​ហាក់​ដូចជា​អត់​បាន​ត្រួតពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ‍»។​

​មន្ត្រី​អង្គការ​ស៊ីវិល​រូប​នេះ​បាន​ស្នើ​ឱ្យ​មានការ​គិតគូរ​របស់​រដ្ឋាភិបាល​ច្រើនជាង​មុន​ ​ក្នុង​ការ​ចាត់ចែង​ចែក​ដី​ដែល​ដកហូត​ពី​ក្រុមហ៊ុន​ប្រព្រឹត្ត​បទ​ល្មើស​ ​និង​ដី​ដែល​នៅ​សេស​សល់​ដទៃ​ទៀត​ចែក​ជូន​ប្រជាជន​ដែល​ត្រូវការ​ពិត​ប្រាកដ​ ​ដើម្បី​ចាត់ចែង​ធ្វើ​ដំណាំ​ដាំដុះ​ ​កសាង​ជីវភាព​សេដ្ឋកិច្ច​របស់​ពួកគេ។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ឱ្យ​ដឹង​ថា​ ជនជាតិ​វៀតណាម​ទាំង១២នាក់​ត្រូវ​បាន​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ភ្នំ​ស្វាយ​ក្នុង​ខេត្ត​រតនគិរី​ ក៏​ប៉ុន្តែ​មិន​ទាន់​មានការ​រាយការណ៍​ណា​មួយ​ទាក់ទិន​និង​ការកំណត់​ថ្ងៃ​សវនាការ​នៅឡើយ​នោះ​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG