ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​ឃុំសង្កាត់​បង្ហាញ​ថា លទ្ធិ​ប្រជា​ធិបតេយ្យ​ផុយ​ស្រួយ​នៅ​កម្ពុជា​ដល់​ចំណុច​សំខាន់​នៅ​ឆ្នាំ​២០១៨


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​បោះឆ្នោត​ឃុំសង្កាត់​បង្ហាញ​ថា លទ្ធិ​ប្រជា​ធិបតេយ្យ​ផុយ​ស្រួយ​នៅ​កម្ពុជា​ដល់​ចំណុច​សំខាន់​នៅ​ឆ្នាំ​២០១៨

លោក​ Brian Eyler ជា​អ្នក​សម្រប​សម្រួល​ និង​ជា​នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson Center និយាយ​ថា​ តួលេខ​មាន​ភាគរយ​ខ្ពស់​បែប​នេះ​ កម្រ​មាន​នៅក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ ហើយ​វា​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​២០១៨។

ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ២០១៧​នេះ​ មាន​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ច្រើន​ដូច​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រៀបចំ​ដោយ​អ.ស.ប.​នៅ​ឆ្នាំ​១៩៩៣​ដែរ ​គឺ​ជិត​៩០ភាគរយ​នៃ​អ្នក​ចុះ​ឈ្មោះ។ មជ្ឈមណ្ឌល Stimson ​នៅរដ្ឋធានី​វ៉ាស៊ីនតោន​ បាន​រៀបចំ​កិច្ចពិភាក្សា​មួយ​អំពី​ការ​បោះឆ្នោត​នេះ​ និង​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះជាតិ។

កិច្ចពិភាក្សា​ដែល​មាន​អ្នក​វិភាគ​ឈាន​មុខ​អំពី​សភាព​ការណ៍​នយោបាយ​របស់​ប្រទេស​កម្ពុជា​នេះ​ មាន​អ្នក​ចូលរួម​ជិត១០០នាក់ ​ផ្តោត​សំខាន់​ទៅលើ​មូលហេតុ​ដែល​នាំ​ឲ្យ​តួលេខ អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ភាគរយ​ច្រើន​ជាង​ការ​បោះឆ្នោត​មុនៗ​រៀបចំ​ដោយ​គ.ជ.ប.​ (គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត) និង​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​ឈ្នះ​ឃុំសង្កាត់ ពី៤០​ទៅជិត៥០០​ឃុំសង្កាត់​នៃ​ឃុំ​សង្កាត់​ចំនួន​១៦៤៦ ទូទាំង​ប្រទេស។​

អ្នក​ចូលរួម​បោះឆ្នោត​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ចី​ឈ្មោះ​ ​មុនពេល​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​សង្កាត់ស្ទឹង​មានជ័យក្រុងភ្នំពេញ​ កាល​ពីថ្ងៃ​ទី៤ ​ខែមិថុនា​ ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)
អ្នក​ចូលរួម​បោះឆ្នោត​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ចី​ឈ្មោះ​ ​មុនពេល​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​សង្កាត់ស្ទឹង​មានជ័យក្រុងភ្នំពេញ​ កាល​ពីថ្ងៃ​ទី៤ ​ខែមិថុនា​ ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)

​លោក​ Brian Eyler ជា​អ្នក​សម្រប​សម្រួល​ និង​ជា​នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson Center និយាយ​ថា​ តួលេខ​មាន​ភាគរយ​ខ្ពស់​បែប​នេះ​ កម្រ​មាន​នៅក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ ហើយ​វា​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​២០១៨។

«ខ្ញុំ​គិត​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំសង្កាត់​នេះ​បង្ហាញ​ថា ការ​ផ្លាស់ប្តូរ​អាច​នឹង​កើតមាន​ក្នុង​ឆ្នាំ​២០១៨ ​គឺ​អាច​ជា​ការ​ផ្លាស់ប្តូរ​គោនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​មាន​សន្ទុះ​ប្រសើរ​ឡើង​ ឬ​ការ​ផ្លាស់ប្តូរ​របប​គ្រប់គ្រង»។

លោក​ អ៊ា សុផល សាស្ត្រាចារ្យ​រង​នៅ​មហាវិទ្យាល័យ​ Occidental ​College នៅរដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា.​ក៏​បាន​ចូលរួម​ជា​វាគ្មិន​តាមរយៈ skype ផងដែរ។ លោក​និយាយ​ថា ​បរិយាកាស​បោះ​ឆ្នោត​នេះ​មិនមាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ដូច​ការ​បោះឆ្នោត​កាល​ពីឆ្នាំ១៩៩៣ ​រៀបចំ​ដោយ​អ.ស.ប.ដោយ​លោក​លើក​អំពី​ការ​គាបសង្កត់​លើ​គណបក្ស​សង្គ្រោះជាតិ និង​ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស។

លោក Sebastian Strangio ជា​វាគ្មិន​ដែល​បាន​សរសេរ​សៀវភៅ​ឈ្មោះ Hun Sen’s Cambodia​ (ប្រទេស​កម្ពុជា​របស់លោក​ហ៊ុន សែន) សន្និដ្ឋាន​ថា ​បញ្ហា​កន្លងមក ដូចជា​អំពើ​ពុក​រលួយ ការ​រឹបអូស​ដីធ្លី បញ្ហា​បរិស្ថាន ​ដូចជា​ការ​កាប់ឈើ ​ភាព​អត់​ការ​ធ្វើ​របស់​ពលរដ្ឋ​វ័យក្មេង និង​បញ្ហា​ជាច្រើន​ទៀត គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ភាគច្រើន​អ្នក​បោះ​ឆ្នោត​មាន​ជិត​៩០% នៃ​អ្នក​ចុះ​ឈ្មោះ។

អ្នក​និពន្ធ ​និង​ជា​អតីត​អ្នក​សារព័ត៌មាន​នៅកម្ពុជា​រូប​និយាយ​ថា ​ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​សន្ទុះ​ប្រជាប្រិយភាព​យ៉ាងណា​ក្តី លោក ​ហ៊ុន សែន ​ដែល​ទើប​ក្លាយ​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ និង​ជា​នាយករដ្ឋមន្ត្រី​ដែរ​នោះ នឹង​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​បន្ត​កាន់​អំណាច​តទៅទៀត ដូច​ដែល​លោក​ធ្លាប់​បាន​គំរាម​កន្លង​មកនេះ ទោះ​ជា​ត្រូវ​ចំណាយ​អ្វី​ក៏ដោយ។

«ឲ្យ​លោក ហ៊ុន សែន​ ចុះ​ចេញ​ពី​អំណាច​ត្រូវ​ចំណាយ​ច្រើន​ណាស់។ គាត់​បាន​បង្ហាញ ហើយ​បាន​និយាយ​ដោយ​ផ្ទាល់​ថា គាត់​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​បន្ត​កាន់​អំណាច ពី​ព្រោះ​គាត់​មើល​ឃើញ​ថា បើ​គាត់​ធ្លាក់​ពី​អំណាច​ ប្រទេស​នឹង​មាន​សង្គ្រាម​និង​ចលាចល។ ហើយ​គាត់​យល់​ថា គាត់​ជា​មេដឹកនាំ​មិន​អាច​អត់​បាន និង​ជាក្តី​សង្ឃឹម​តែ​មួយ​គាត់​សម្រាប់​កម្ពុជា»។

លោក Strangio និយាយ​ថា ដោយសារ​លោក ហ៊ុន សែន ​យល់​ឃើញ​បែប​នេះ ដូច្នេះ​លោក​ជា​អ្នក​នយោបាយ​ស្លាប់​រស់។ គាត់​មើល​អ្វីៗ ​គឺ​ខ្មៅ​និង​ស។ ​ហើយ​គាត់​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ផ្តល់​ជីវិត​ទីពីរ​ឲ្យ​ប្រទេស​កម្ពុជា ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ពី​អំណាច​កម្ពុជា​ នឹង​វិល​ទៅ​រក​ជ្រោះ​មរណៈ ចលាចល សង្គ្រាម​ស៊ីវិល។

លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។
លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។

កិច្ចពិភាក្សា​បាន​លើកឡើង​អំពី​ព័ត៌មាន​ដែល​ថា ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នឹង​ផ្តល់​លុយ​ទៅ​មន្ត្រីឃុំសង្កាត់​ តាម​រយៈ​គណបក្ស​ជាជាង​តាម​រយៈ​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​មន្ត្រី​ឃុំសង្កាត់​របស់​គណបក្ស​សង្គ្រោះ​ចាញ់​ប្រៀប​មន្ត្រី​គណបក្ស​កាន់​អំណាច​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ក៏អាច​នឹង​មាន​ផល​អាក្រក់​សម្រាប់​សន្លឹកឆ្នោត​របស់​គណបក្ស​កាន់​អំណាច​ក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៨។​

អ្នកស្រី Courtney Weatherby ជា​អ្នក​វិភាគ​ការ​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ Stimson Center​ គឺ​វាគ្មិន​ផ្តោត​សំខាន់​លើ​បរិស្ថាន បញ្ហា​ព្រៃឈើ ជលផល​ជាដើម ។ ​អ្នកស្រី​បានលើក​ឡើង​ថា ​ការអភិវឌ្ឍ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់ អំពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អារ៉ែង​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ជីវចម្រុះ។ បញ្ហា​ទាំង​នេះ​ផ្តល់​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង។

«ដូច្នេះ​គណបក្ស​សង្គ្រោះជាតិ​បាន​លេច​មុខ​ក្នុង​ពេល​ពីរបី​ឆ្នាំ​មកនេះ​ក្នុង​ការ​ចង្អុល​បញ្ហា ​ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​កេរ្តិ៍ឈ្មោះ​ប្រសើរ​ជាង ​ហើយ​គេ​រិះគន់​ចំៗ​គម្រោង​ដែល​ងាយ​ស្រួល​បំផុត»។​

អ្នក​ចូល​រួមខ្លះ ​ដូចជា​នាង​ Saowaluk Srimungkla ​ដែល​ជា​ពលរដ្ឋថៃ​មក​សិក្សា​នៅ​ស.រ.អា.​បង្ហាញ​ចំណាប់​អារម្មណ៍​អំពី​បញ្ហា​បរិស្ថាន ជាពិសេស​ទំនប់​វារីអគ្គិសនី​នៅដង​ទន្លេ​មេគង្គ។

«លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅកម្ពុជា​នេះ​ នឹង​ឥទ្ធិពល​លើ​បញ្ហា​ទាំង​នោះ ជាពិសេស​ទំនប់​វារី​អគ្គិសនី​ដងទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម»។

វាគ្មិន​លើកឡើង​ថា លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​ដែល​ផុយ​ស្រួយ​នេះ​អាច​ឈាន​ដល់​ចំណុច​គ្រោះថ្នាក់​ និង​ផ្លាស់ប្តូរ​ខ្លាំង​នៅ​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ ​និង​ការ​តែងតាំង​រដ្ឋាភិបាល​នៅឆ្នាំ​២០១៨៕

XS
SM
MD
LG