ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​ស្រី​លោក​កឹម សុខា​ ​ថា​ នឹង​ប្រយុទ្ធ​ដល់​វិនាទី​ចុង​ក្រោយ​ដើម្បី​ទាមទារ​សេរីភាព​ឱ្យ​ឪពុក


រូបឯកសារ៖ កញ្ញា កឹម សម្មាធីតា (ឆ្វេងទី២) ជា​កូនស្រីពៅ​របស់​លោក កឹម សុខា លោក កឹម សុខា កញ្ញា​កឹម មនោវិទ្យា ជា​កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​លោកស្រី មូរ សុខហួរ ដើរ​ក្បួន​ដង្ហែ​ទាមទារ​ឲ្យ​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ (NEC) ធ្វើការ​កែទម្រង់​នៅមុន​ការបោះឆ្នោត​ឆ្នាំ២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ​កញ្ញា កឹម សម្មាធីតា)
រូបឯកសារ៖ កញ្ញា កឹម សម្មាធីតា (ឆ្វេងទី២) ជា​កូនស្រីពៅ​របស់​លោក កឹម សុខា លោក កឹម សុខា កញ្ញា​កឹម មនោវិទ្យា ជា​កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​លោកស្រី មូរ សុខហួរ ដើរ​ក្បួន​ដង្ហែ​ទាមទារ​ឲ្យ​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ (NEC) ធ្វើការ​កែទម្រង់​នៅមុន​ការបោះឆ្នោត​ឆ្នាំ២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ​កញ្ញា កឹម សម្មាធីតា)

កូនស្រី​លោក​ ​កឹម សុខា​ ​​រៀបរាប់​ហេតុការណ៍​​ចាប់​ខ្លួន​លោក កឹម សុខា​ ដោយ​មាន​ការរឹបអូស​ទូរស័ព្ទ ​យក​​​កាំភ្លើង​ភ្ជង់​សមាជិក​ក្នុង​ផ្ទះ​ ​អ្នក​ចំអិន​អាហារ។​  ​ កញ្ញា​បាន​បន្ថែមថា​ ពួក​គេ​ ដែល​ជា «ប៉ូលិស​» ​បាន​ប្លន់​ទូរស័ព្ទ​ និង​ប្រាក់​សន្សំ​របស់​អ្នក​ទាំង​នោះ​ និង​គំរាម​កម្ទេច​​ផ្ទះ​ចោល។

​កូន​ស្រីលោក​ ​កឹម សុខា​ ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ជាប់​ឃុំ​ ​បានរៀបរាប់​ហេតុការណ៍នៃ​ការ​វាយ​ឆ្មក់​របស់​កម្លាំង​ប្រដាប់​អាវុធ​ចូល​ក្នុង​ផ្ទះ​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ។​ កូនស្រីពៅ​លោក​ ​កឹម សុខា​ ​រូប​នេះ​ ប្តេជ្ញា​ជួយ​ឪពុក​ខ្លួន​ដែល​គ្មាន​កំហុស​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ។​ យ៉ាង​ណា​ក្តី​ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋសភា​បាន​បញ្ជាក់​ថា​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​សភា​នឹង​បើក​កិច្ច​ប្រជុំ​ពិនិត្យ​លើ​សេចក្តី​រាយ​ការណ៍​របស់​មន្ត្រី​តុលាការ ​ហើយ​ធ្វើការ​សម្រេច​ថា​ តុលាការ​ត្រូវ​បន្ត​ក្តី​លោក​ កឹម សុខា​ ឬ​យ៉ាង​ណា​នោះ។​

​ការ​ភ័យ​ខ្លាច​នឹង​ការ​បោះឆ្នោត​ជាតិ​នៅឆ្នាំ​ ​២០១៨​ គឺ​ជា​ដើម​ចម​នាំ​ទៅ​រក​ការ​ឃុំខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​ត្រូវតុលាការ​ចោទ​ប្រកាន់​និង​ឃុំខ្លួន​ពីបទ​ឃុំឃិត​ជាមួយ​បរទេស​ ​ក្បត់​ប្រទេស​ជាតិ។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​កូន​ស្រី​ពៅ​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ។​

ក្នុង​សារ​អេឡិចត្រូនិក​ ឬ​ Email ​ដែល​ VOA ​ទទួល​បាន​ កាល​ពី​យប់​ថ្ងៃ​អង្គារ​ កញ្ញា​ ​កឹម សម្មាធីតា​ ដែលមិន​មាន​តួនាទី​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ ​បាន​ថ្លែង​ថា វា​គឺ​ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​ ដែល​លោក​ កឹម សុខា​ ឪពុក​របស់​នាង​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ហើយ​ថា​ ​ការណ៍​នេះ​ជា​ការ​ប្រមាថ​ដល់​ការ​គិត​របស់​ពលរដ្ឋ​រាល់​រូប។

ដោយ​មិន​សំដៅ​ចំ​ទៅ​បុគ្គល​ណា​មួយ ​ កញ្ញា​ ​កឹម សម្មាធីតា​ ​បាន​ប្រាប់​ VOA ​តាមសារ​អេឡិចត្រូនិក​ ឬ Email ​ក្នុង​ខ្លឹម​សារ​ដើមថា៖​

«ការ​ភ័យ​ខ្លាច​របស់​ពួកគេ​អំពី​ការ​ចាញ់​ការ​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ មិន​ដែល​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង​ ជាង​ការ​ចាប់​ឪពុក​របស់​ខ្ញុំ​ ជាមួយ​ការ​បង្ក្រាប​លើ​បណ្តាញ​ផ្សព្វផ្សាយ​ និង​សង្គម​ស៊ីវិល។​ ពួកគេ​មិន​មាន​សូម្បី​តែ​សំអាង​ណាមួយ​ធ្វើ​ជា​លេស​ដែល​អាច​ជឿ​បាន»។​

កញ្ញា​បាន​ថ្លែង​បន្ត​ក្នុង​ន័យ​ដើម​ថា៖​

«នេះគឺ​ជា​អ្វីដែល​ពួកគេ​កំពុង​ធ្វើដើម្បី​វាយខ្នោះ​ និង​ដាក់​ឃុំ​ឃាំង​គូ​ប្រជែង​របស់​ពួកគេ​ ហើយ​បញ្ជូន​គាត់​ទៅ​កាន់​ពន្ធនាគារ​មួយ​ដែល​ស្ថិត​នៅ​ឆ្ងាយ។​ ពួកគេ​នឹង​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​ «យុត្តិធម៌» ​និង​កម្លាំង​ប្រដាប់​អាវុធ​វាយ​ប្រហារ​លើ​អ្នក​ណាដែលស្ថិត​ក្នុង​តួនាទី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​រហូត​ដល់​យើង​អស់​មនុស្ស​មាន​សមត្ថភាព​បែប​នេះ»។​

កញ្ញា​ ​កឹម សម្មាធីតា​ ​អះអាង​ថា​ ក្រុម​ដែល​ធ្វើ​បាប​លោក​ កឹម សុខា​ ទាល់​ប្រាជ្ញា​ក្នុងការរក​លេស​ណា​មួយ​ដែល​គួរ​ឲ្យ​ជឿ​បាន​ដើម្បី​វាយ​ប្រហារ​លើ​គណបក្ស​សង្គ្រោះ​ ​ហេតុ​នេះ​ហើយ​បាន​ជា​គេ​បង្កើត​ឲ្យ​មាន​ការ​ចោទប្រកាន់​អំពី​អំពើ​ក្បត់​ជាតិ​នេះ។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​ដោយ​សំអាង​លើ​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​វីដេអូ​ខ្លី​មួយ​ ​ដែល​គេ​ចែក​ចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ហើយ​ត្រូវ​បាន​អង្គភាព​ព័ត៌មាន​ និងប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ផ្សាយ​បន្ត​ជា​សាធារណៈ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយ​ការ​ចាប់​ខ្លួន​មេ​ដឹក​គណបក្ស​ជំទាស់​រូប​នេះ។​

ក្នុង​វីដេអូ​ខ្លី​ដែល​គ្មាន​កាល​បរិច្ឆេទ​ និង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ៊េសប៊ុក​នេះ​ ​លោក​ ​កឹម សុខា​ ​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​ដោយ​លើក​ឡើង​អំពី​យុទ្ធ​សាស្ត្រ​នយោបាយ​របស់​គណបក្ស​ជំទាស់​ត​ទល់​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន។​

កញ្ញា​ ​កឹម សម្មាធីតា​ ដែល​អះអាង​ថា​ ខ្លួនមិន​មែន​ជា​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ បាន​រៀបរាប់​អំពី​ហេតុការណ៍​នៃ​ចាប់​ខ្លួន​លោក​ ​កឹម​ សុខា​ ​មុន​ពេល​ព្រះអាទិត្យ​រះ​នាថ្ងៃ​អាទិត្យ​ថា​ ជន​ដែល​ចូល​ក្នុង​ផ្ទះ​កញ្ញា​ ​មាន​បំពាក់​ដោយ​អាវុធ​ និង​បាន​គំរាម​កម្ទេច​ផ្ទះចោល។ ​កញ្ញា​បន្ត​ថា​ ​ពួកគេ​បាន​លើក​កាំភ្លើង​ផ្ជង់​សមាជិក​ក្នុង​ផ្ទះ​ ដែល​មាន​ទាំង​អ្នក​ចំអិន​អាហារ។​ កញ្ញា​បាន​បន្ថែម​ថា​ ពួក​គេ​ ដែល​ជា «ប៉ូលិស​» ​បាន​ប្លន់​ទូរសព្ទ​ និង​ប្រាក់​សន្សំ​របស់​អ្នក​ទាំង​នោះ ​ហើយ​ផ្ទះបាយ​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូចខេ្ទច​ខ្ទី។ ​

កញ្ញា​រៀបរាប់​បន្តក្នុងន័យដើមថា៖​

«ម្តាយ​របស់​ខ្ញុំភ័យ​ស្លន់​ស្លោ។ ​ឪពុក​ខ្ញុំ​ត្រូវ​គេ​វាយ​ខ្នោះ​ ហើយ​នាំយក​ចេញ​ពី​គ្រួសារ ​មិន​ដល់មួយ​ឆ្នាំ​ផង​ បន្ទាប់​ពី​គាត់​ត្រឡប់មក​ពី​ការ​ជាប់​ឃុំ​ក្នុង​ការិយាល័យ​ កាលពី​ឆ្នាំ​មុន។​ តើ​ខ្ញុំ​មាន​អារម្មណ៍​បែប​ណា?​ ជា​មនុស្ស​ម្នាក់​ ខ្ញុំ​មាន​ការ​ឈឺចាប់​រក​ពាក្យ​ណាមក​បរិយាយ​មិន​បាន​ ទាំង​ជា​ភាសាខ្មែរ​ និង​អង់គ្លេស។ ​ក្តីឈឺចាប់​បង្ក​ដោយ​អំពើ​អយុត្តិធម៌​គឺ​ជា​រឿង​ធម្មតា​នៅ​កម្ពុជា​ ដូច្នេះ​ ខ្ញុំ​ដឹង​ថា​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​យល់ពី​អារម្មណ៍​នេះ។ ​ប៉ុន្តែ​ទោះ​ជា​ខ្ញុំ​ស្ថិត​ក្នុង​កាលៈទេសៈនេះ​ ខ្ញុំ​នឹង​នៅ​តែ​រឹងមាំ​ និង​បន្ត​ប្រយុទ្ធ​រហូត​ដល់​វិនាទី​ចុង​ក្រោយ​នៃ​ជីវិតខ្ញុំ​ ដើម្បី​ឲ្យមាន​ការ​ដោះលែង​ឪពុក​ខ្ញុំ​ និង​ការពារ​គុណ​តម្លៃ​ដែល​គាត់​មាន»។​

ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ ​ នាយក​រដ្ឋមន្ត្រី​ខ្មែរ​ គឺ​លោក​ ​ហ៊ុន សែន​បាន​ព្រមាន​ចាប់​ខ្លួន​ជន​ណា​ដែល​ចេញ​មុខ​ការពារ​លោក​ ​កឹម សុខា​ ដែល​លោក​បាន​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។

យ៉ាងណា​ក៏​ដោយ​ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញសេចក្តី​ការណ៍​នាថ្ងៃ​ពុធនេះ ដោយ​បាន​ទាម​ទារ​ឲ្យ​សភា​ច្រានចោលការ​ចោទប្រកាន់​លោក​ កឹម សុខា។​

សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៦ ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧​បាន​ពណ៌នា​ក្នុង​ន័យ​ដើម​ថា៖​

«ការណ៍​ដែល​ចាប់​ខ្លួន​ឯក​ឧត្តម​ កឹម សុខា​គឺ​ធ្វើ​ឡើង​ដោយ​យោង​រូបភាព​ក្នុង​វីដេអូ​ ដែលមិនមែន​ជា​អំពើ​ល្មើស​ជាក់​ស្តែង​ ស្របតាម​មាត្រា​៨៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​ទេ។ ​មាត្រា​៨៦​នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​ចាត់​ទុក​ថា​ បទឧក្រិដ្ឋ​ ឬ​បទ​មជ្ឈិម​ជាក់​ស្តែង​ លុះត្រា​តែ​ជា​បទល្មើស​ដែល​កំពុង​ប្រព្រឹត្ត​ បទ​ល្មើស​ដែល​ប្រព្រឹត្ត​រួចភ្លាម​ ឬនៅ​ក្រោយ​ពេល​មាន​បទ​ល្មើស​បន្តិច ជន​ដែល​គេ​សង្ស័យ​ត្រូវ​បាន​សាធារណជន​ស្រែក​ដេញ​ប្រផាប់​ ចាប់​ប្រភីង​ ឬ​បុគ្គល​នោះ​ត្រូវ​រក​គេ​ឃើញ​ថា​ មាន​ភស្តុតាង​ ឬមាន​ស្លាក​ស្នាម​ ឬ​តម្រុយ​ច្បាស់​លាស់​ ហើយ​ភស្តុតាង​ស៊ី​សង្វាក់​ផ្សេង​ទៀត​ ដែល​នាំឲ្យ​គេ​សន្និដ្ឋាន​ថា​ បុគ្គល​នោះ​បាន​ប្រព្រឹត្ត​ ឬ​បាន​ចូលរួម​ប្រព្រឹត្ត​ល្មើស»។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បន្ត​ថា៖

«ផ្ទុយ​ទៅ​វិញ​ក្នុង​វីដេអូ​នេះ​ ឯកឧត្តម​ ​កឹម សុខា​ ​បានថ្លែង​នៅ​ទី​កន្លែង​សាធារណៈ​ កាល​ពី​ឆ្នាំ​២០១៣​ ​នៅ​ប្រទេស​អូស្រ្តាលី​ ​ដែល​កន្លង​ផុត​ទៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ ជា​ពិសេស​ថ្មីៗ​នេះ​ ឯកឧត្តម​ ​កឹម សុខា តែង​តែ​បញ្ជាក់​ពី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ ដោយ​ការ​ប្រកួត​ប្រជែង​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

តំណាង​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ការ​ពារ​ចំណាត់​ការ​ផ្លូវច្បាប់​របស់​ខ្លួន។​

លិខិត​របស់​លោក​ព្រះ​រាជអាជ្ញា​ យ៉េត ចរិយា​ ចុះថ្ងៃ​ទី​ ៥​ ខែ​កញ្ញា​ ហើយ​ដែលត្រូវ​បាន​ផ្ញើជូន​លោក ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​ជាតិ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ កឹម សុខា​ មាន​ផែនការ​សម្ងាត់​ដែល​ត្រូវ​បាន​អនុវត្ត​ចាប់​តាំង​ពីឆ្នាំ​ ១៩៩៣​ ដល់​ឆ្នាំ​ ២០១៣​ ​និង​បាន​បន្ត​រហូតមក​ដល់​បច្ចុប្បន្ន​នេះ​ ហើយ​ខ្លឹម​សារ​សំខាន់​នៃ​ផែនការ​រួមជាមួយ​បរទេស​ក្បត់​នឹង​កម្ពុជា​នេះ​ ត្រូវ​លាត​ត្រដាង​បង្ហាញ​តាម​រយៈវីដេអូ​ឃ្លីប​ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ CBN (Cambodian Broadcasting Network) ​មាន​ទីតាំង​នៅ​ប្រទេស​អូស្រា្តលី។​

លិខិត​របស់​លោកព្រះរាជ​អាជ្ញា​ យ៉េត​ ចរិយា​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ផ្អែក​តាម​សម្តី​ជា​ចំហ​របស់​ឈ្មោះ កឹម សុខា​ នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​កំពុង​បន្ត​ផ្សព្វផ្សាយ​មក​ដល់​ពេល​នេះ​ រួមទាំង​ភស្តុតាង​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រមូល​បាន បង្ហាញ​ច្បាស់​ថា​ សកម្មភាព​ឃុប​ឃិត​ជាមួយ​បរទេស​ ​ក្បត់​កម្ពុជា​នេះ​កើតមាន​ពីឆ្នាំ​១៩៩៣​ ហើយ​ផែនការ​នេះ​បន្ត​អនុវត្ត​ជា​ជំហានៗ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។​ ការធ្វើ​សកម្មភាព​បន្ត​មក​ដល់​ពេល​នេះ​ត្រូវកំណត់​បាន​ជា​ស្ថានភាព​នៃ​បទ​ល្មើស​ជាក់​ស្តែង​ ដោយ​យោងតាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា»។​

មួយ​ថ្ងៃ​ក្រោយ​ព្រះរាជ​អាជ្ញា​ផ្តល់​ដំណឹង​ដល់​សភា​អំពី​នីតិវិធី​ចាប់​ខ្លួន​លោក កឹម សុខា​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ ​តុលាការ​រាជធានីភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​លោក​ កឹម សុខា​បណ្តោះ​អាសន្ន​ដើម្បីបន្ត​កិច្ច​ស៊ើប​សួរ​អំពី​បទ​ «សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស»​ ដែល​ស្មើនឹង​អំពើ​ក្បត់​ជាតិ។​

លោក​ លី សុផាណា​ អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ប្រាប់​ VOA ​ឲ្យដឹង​តាម​សារ​ទូរសព្ទ​ក្នុង​ន័យ​ដើម​ថា៖​

«បន្ទាប់​ពីបញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល​ចំពោះ​មុខ​ និង​សាក​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ​ កឹម សុខា​ រួចរាល់​ ​ចៅ​ក្រម​ស៊ើប​សួរ​បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ជន​ត្រូវ​ចោទ​ឈ្មោះ​ កឹម សុខា ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួ​យ​បរទេស​ ​តាម​បញ្ញត្តិ​មាត្រា ​៤៤៣ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ហើយ​បាន​អនុវត្ត​ការ​ឃុំ​ខ្លួន​តាម​នីតិវិធី»។​

ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ បាន​បង្ក​ឲ្យមាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ពី​សហគមន៍​អន្តរជាតិ​ ដែល​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​ អង្គការ​សិទ្ធិ​មនុស្ស​ និង​អង្គការ​សហ​ប្រជាជាតិ​ ដោយ​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​នៃ​ភាព​ស្រប​ច្បាប់​សម្រាប់​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៨ និង​ការ​រឹតបន្តឹង​លើ​សិទិ្ធ​បញ្ចេញ​មតិ​ និង​សិទ្ធិ​នយោបាយ។ ​ពួក​គេ​ថា​ ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា និង​សកម្ម​ភាព​វាយ​ប្រហារ​លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ បាន​ធ្វើ​ឲ្យកម្ពុជា​ឃ្លាត​ឆ្ងាយ​ពីគន្លង​ប្រជា​ធិបតេយ្យ​ ​ហើយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ស្ថាន​ការណ៍​នយោបាយ​ដ៏​តានតឹង​នេះ​ឡើង​វិញ។​

ឆ្លើយ​តប​នឹង​ការ​ទាមទារ​ពី​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​សុំឲ្យ​តំណាង​អយ្យការ​ទម្លាក់​ការ​ចោទប្រកាន់​លោក កឹម សុខា​នោះ​ ​លោក​ ​ឡេង ប៉េងឡុង​ ​អ្នក​នាំពាក្យ​សភាជាតិ​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ផ្អាក​នីតិវិធី​របស់​តុលាការ​អាច​ធ្វើ​ទៅ​បាន​ លុះត្រា​តែ​មាន​សំឡេង៣/៤​នៃ​សភា​ទាំងមូល​ ពោល​គឺ​តំណាង​រាស្ត្រ​៩៣​នាក់​ ទើប​អាច​ផ្អាក​ដំណើរ​ការ​នេះ​បាន។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ពិនិត្យ​លើ​ករណី​លោក​ កឹម សុខា។​ លោក​មាន​ប្រសាសន៍​ថា​ កិច្ច​ប្រជុំ​នេះ​នឹង​មិន​ផ្តោត​លើការ​ដក​អភ័យ​ឯក​សិទ្ធិ​សភា​លោក​ កឹម សុខា​ទេ​ តែ​ជា​ការ​ប្រជុំ​ដើម្បី​បើក​ផ្លូវ​ឲ្យមានអង្គ​ប្រជុំ​វិសាមញ្ញ​មួយ​ ដែល​នឹង​សម្រេច​ថា​ តើ​តុលាការ​អាច​បន្ត​នីតិវិធី​របស់​ខ្លួន​បាន​ឬយ៉ាង​លើក្តី​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ។​

លោក​ ​ឡេង ប៉េងឡុង​ ​អ្នក​នាំពាក្យ​សភាជាតិ​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​

«ទីមួយ​គឺ ​តើ​រដ្ឋសភា​ហ្នឹង​ សុំ​ឲ្យ​តុលាការ​ ​ទាមទារ​ឲ្យ​តុលាការ​ផ្អាក​ចោទប្រកាន់​ឬ​ទេ។​ បើ​វាទាមទារ​ឲ្យ​តុលាការ​ផ្អាក​ការ​ចោទប្រកាន់​គឺ​ត្រូវបោះឆ្នោត​ ​រក​ឲ្យ​បាន​នូវ​សំឡេង​ ការ​សុំ​ឲ្យ​ផ្អាក​ហ្នឹង​ចំនួន​ ៣/៤​នៃ​ចំនួន​សំឡេង​រដ្ឋសភា​ទាំងមូល​គឺ​៩៣​រូប​ បាទ​ ​បើសិន​ជា​រដ្ឋសភាចង់​ផ្អាក​ ហើយ​ចង់​សុំ​ឲ្យ​ផ្អាក​ កុំ​ឲ្យ​តុលាការ​ធ្វើការ​ចោទ​ប្រកាន់​ ហើយ​ផ្អាក​ការ​ចោទ​ប្រកាន់​របស់​តុលាការ»។​

ទាក់ទងសំណុំរឿង​លោក​ កឹម សុខា​នេះ​ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​កំពុង​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់​ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ។​

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​បាន​ចេញ​ផ្សាយ​កាលពីថ្ងៃ​ចន្ទ ​បាន​ឲ្យដឹង​ថា​ ​កូនស្រី​លោក ​កឹម សុខា​ ​និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​របស់​គណបក្ស​សង្គ្រោះជាតិ​ ​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ទៀត។​ ​កាសែត​នេះ​បាន​លើក​ឡើង​ពី​កូន​ស្រីពីរ​នាក់​របស់​លោក​ កឹម សុខា​ ដែល​រួម​មាន​ ​កញ្ញា​កឹម មនោ​វិទ្យា​ អនុប្រធាន​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះជាតិ​ និង​កញ្ញា​ កឹម សម្មាធីតា។

កញ្ញា​ កឹម សម្មាធីតា​ ​បាន​ប្រាប់​ VOA ​តាមសារ​អេឡិចត្រូនិក​ថា​ ​មនុស្ស​ជាច្រើន​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ចាប់​ឃុំខ្លួន។​ ​យ៉ាង​ណាក្តី​ កញ្ញា​អះអាង​ថា​ ក្រុម​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​នឹង​មិន​ចាកចេញ​ពី​ប្រទេស​ ដើម្បី​គេចពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ​នោះ​ទេ។​

«សម្រាប់​ការ​ចាប់​ខ្លួន​ជាច្រើន​នៅពេល​ខាង​មុខ​ គឺអ្នករាល់​គ្នា​នៅ​គណបក្ស​សង្គ្រោះ​ជាតិពិតជាកំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់។ ​នេះ​មិនមែន​ជា​សំណួរ​ដែល​ត្រូវ​សួរ​ទៀត​ទេ។​ ​សំណួរ​គឺ​ថា​ តើយើង​នឹង​ធ្វើ​អ្វី​ទៀត​អំពី​រឿង​នេះ?​ តើ​ពិភពលោក​នឹង​គ្រាន់តែ​ឱប​ដៃ​តែ​ឈរ​មើល​លទ្ធិ​ប្រជា​ធិបតេយ្យ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​វិនាស​ឬ?​ ពួក​គេ​កំពុង​រុញ​ច្រាន​យើង​ឲ្យ​ទៅ​ទីចោទ​មួយ ​ហើយ​ក៏​គ្មាន​មន្ទិល​ទេដែល​ពួកគេ​នឹង​បន្តរុញ​ច្រាន​យើង​បន្ថែម​ទៀត។​ សំណួរ​គឺ​ថា​ តើ​យើង​នឹង​ត្រូវ​ឈរ​ស្ងៀម​មិន​ធ្វើ​អី្វ​ទាំង​អស់​ ហើយ​បន្ត​ឲ្យ​គេ​ធ្វើ​រឿង​នេះ​ទៀត​ឬ? ​ខ្ញុំ​ដឹង ខ្ញុំ​មិន​ធ្វើ​អី​ចឹង​ទេ។​ ខ្ញុំ​ជាកូនស្រី​ កឹម សុខា។​ យើង​ទន់​ភ្លន់​ តែ​ស៊ូ។ យើង​នៅទីនេះ​ដើម្បី​ស្ថិតនៅ​យូរ។ ​យើង​មិន​បោះបង់​គោល​ការណ៍​ទាំងឡាយ​របស់​យើង​ទេ។​ យើង​មិន​បោះបង់​ប្រជា​ពលរដ្ឋ​យើង​ និង​ប្រទេស​យើង​ទេ។​ ​យើង​មិន​បោះបង់​សេរីភាព​ និង​ប្រជា​ធិបតេយ្យ។​ ខ្ញុំ​មិន​មែន​រស់សម្រាប់តែ​ចុះចាញ់នោះ​ឡើយ»។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពីនាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ និង​នាយ​ឧត្តម​សេនីយ៍​ គៀត ចន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ​តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​

ដោយ​មិន​ចង់​ប្រឈម​នឹង​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​ ​លោក​ប្រាក់ សុខុន​ ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​បាន​ចេញ​សេចក្តី​ពន្យល់​ដល់​ប្រមុខ​ និង​តំណាង​ស្ថាន​ទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ ​នៅ​ថ្ងៃ​ពុធ​នេះ។​

សេចក្តី​ពន្យល់​នោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ កឹម​ សុខា​ បាន​សារភាព​យ៉ាង​ច្បាស់​នៅ​ក្នុង​វីដេអូ​ថា​ សហ​រដ្ឋ​អាមេរិក​ បាន​ប្រាប់​លោក​ តាំងពី​ដំបូង​អំពីអ្វី​ដែល​ត្រូវ​ធ្វើ។​

លោក​ ប្រាក់​ សុខុន​ ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​សេចក្តី​ពន្យល់​នោះ​ ក្នុង​ន័យ​ដើម​ថា៖

«តើ​យើង​ខ្ញុំ​ចង់​បាន​អ្វី​ពី​ប្រទេស​ទាំង​អស់​នោះ? ​ពី​ឯក​ឧត្តម​ លោក​ ជំទាវ?​ គឺ​ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​ ការ​គោរព​ឯករាជ្យភាព​ អធិបតេយ្យ​ភាព​ និង​អព្យាក្រឹត្យ​ភាព​របស់​យើង​ខ្ញុំ។​ សូមទុក​ឲ្យ​ប្រជាជន​យើង​ខ្ញុំ​សម្រេច​ចិត្ត​ដោយ​សេរី​ថា​ ​តើ​អ្នកណាជា​អ្នក​ដឹកនាំ​ពួក​គាត់៖​ សូម​កុំជ្រៀត​ជ្រែក​ និង​សូម​គោរព​ច្បាប់​របស់​យើង​ខ្ញុំ»។​

ទោះ​ជា​យ៉ាង​ណាក្តី​ បណ្តាញ​ព័ត៌មាន​នៅ​លោក​ខាងលិច​ជា​ច្រើន​ ​បាន​រាយ​ការណ៍​ថា​ គណបក្ស​ប្រឆាំង​អាច​នឹង​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ដែល​ជា​ឱកាស​ឲ្យ​ពលរដ្ឋ​ជ្រើស​រើស​នរណា​ដែល​នឹង​អាច​ដឹកនាំ​ប្រទេស​កម្ពុជា​តាម​ការ​បោះឆ្នោត​មួយ​ត្រឹមត្រូវ​ និង​យុត្តិធម៌​នោះ៕

XS
SM
MD
LG