ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​​ប្រកាន់​ជំហរ​មិន​ប្តូរ​មេដឹកនាំ​ ​បើ​ទោះ​ប្រឈម​នឹង​ការ​រំលាយ​គណបក្ស​ក៏​ដោយ


លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

គណបក្ស​សង្រ្គោះជាតិ​កំពុង​ប្រឈម​នឹង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ក្រោយ​ពី​តុលាការ​ការ​ចោទ​ប្រកាន់​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ ​ពី​បទ ​«អំពើ​ក្បត់ជាតិ»​ ​តែ​​ថ្នាក់​ដឹកនាំ​គណបក្ស​បាន​ឲ្យ​ដឹង​ថា​ ​គណបក្ស​នឹង​មិន​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​នោះ​ទេ​ ​បើ​ទោះ​ត្រូវ​រំលាយ​គណបក្ស​ក៏​ដោយ។

គណបក្ស​សង្រ្គោះជាតិ​កំពុង​ប្រឈម​នឹង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ក្រោយ​ពី​តុលាការ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​លើ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ ​ស្តីពី​ការ​ប្រព្រឹត្ត​ «អំពើ​ក្បត់ជាតិ»​ ​តាម​រយៈ​ការ​ឃុបឃិត​ជាមួយ​បរទេស។​ ​នៅ​ថ្ងៃពុធ​នេះ​ ​ថ្នាក់​ដឹកនាំ​គណបក្ស​បាន​ឲ្យ​ដឹង​ថា​ ​គណបក្ស​ប្រកាន់​ជំហរ​មិន​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​នោះ​ទេ​ ​បើ​ទោះ​ត្រូវ​រំលាយ​គណបក្ស​ក៏​ដោយ។​

នៅ​ថ្ងៃ​ពុធ​នេះ គណបក្ស​សង្រ្គោះជាតិ​ ​ដែល​ជា​ដៃ​គូប្រជែង​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលកាន់​អំណាច ​បាន​ប្រកាស​រក្សា​ជំហរ​មិន​ផ្លាស់​ប្តូរ​ប្រធាន​គណបក្ស​គឺ​លោក​ ​កឹម សុខា​ ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ​បើ​ទោះ​ជា​ប្រឈម​ការ​រំលាយ​គណបក្ស​ក៏​ដោយ។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ជំទាស់។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​អ្នកស្រី​ ​មូរ សុខហួរ​ ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ​បាន​ថ្លែង​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ​គណបក្ស​មិន​បាន​ពិភាក្សា​រឿង​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​នោះ​ទេ​ ​ហើយ​គណបក្ស​ក៏​មិន​មាន​គម្រោង​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​ដែរ។​

អ្នកស្រី​មូរ សុខហួរ​ ​បាន​ថ្លែង​ថា៖​

«ជំហរ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ ​គឺ​លោក​ប្រធាន​ ​កឹម សុខា​ ​ជា​ប្រធាន​នៃ​គណ​បក្ស​សង្រ្គោះជាតិ។​ ​គេ​ថា​ នឹង​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស។​ ​ទី​មួយ​ ​យើង​អត់​មាន​ដោះ​ដូរ​ប្រធាន​ទេ។​ ​ប្រសិន​បើ​ចង់​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ ​រំលាយ​ទៅ! ​តែ​បើ​ចង់​ឲ្យ​យក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ដែល​ទន់​ជ្រាយ​ ​ដែល​ធ្វើ​តាម​ការ​ចង្អុល​របស់​គេ។​ ​គណបក្ស​សង្រ្គោះជាតិ​មិន​មែន​មាន​ថ្នាក់​ដឹកនាំ​តែ​ប៉ុណ្ណឹង​ទេ»។​

អ្នកស្រី​ ​មូរ សុខហួរ​ ​បន្ត​ថា​ ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ជាការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ ​ខណៈ​លោក​ ​កឹម សុខា​ ​ជា​តំណាងរាស្រ្ត​មាន​អភ័យ​ឯកសិទ្ធិ។​ ​លោកស្រី​បន្ត​ថា​ ​មន្រ្តី​គណបក្ស​ផ្សេង​ទៀត​បាន​ប្រកាន់​ជំហរ​មិន​ភ័យ​ខ្លាច​ បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក៏​ដោយ។​

លោកស្រី​មាន​ប្រសាសន៍​ ​ថា៖​

«យើង​មិន​បារម្ភ​នឹង​សុវត្ថិភាព​យើង​ទេ។​ ​យើង​មិន​បារម្ភ​ចំពោះ​គណបក្ស​ ​ពីព្រោះ​យើង​ដឹង​ហើយ​ថា​ គេចង់​ឲ្យ​យើង​ព្រួយ​បារម្ភ​ គេចង់​ឲ្យ​យើង​ភ័យ​ខ្លាច។​ ​បើ​យើង​ភ័យ​ខ្លាច​ ​អារម្មណ៍​យើង​អត់​ហ៊ាន​មក​ការពារ​ប្រជាធិបតេយ្យ​ទេ។ ​អារម្មណ៍​យើង​នៅ​ឲ្យ​ម៉ឺង មាំ»។​

មេ​គណបក្ស​ជំទាស់លោក​ កឹម សុខា​ ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​«អំពើ​ក្បត់​ជាតិ»។​ ​ប្រសិន​បើ​មានកំហុស​ ​លោក​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ។​ ​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា​ ​ការ​ចាប់​ខ្លួន​នេះ​គឺ​ឆ្លើយ​តប​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង។​

ក្រោយ​ការ​ចាប់​ខ្លួនលោក​ ​កឹម សុខា​ ​រដ្ឋាភិបាល​បាន​អះអាង​ថា​ ​វីដេអូ​ ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​CBN​ ​(Cambodian Broadcasting Network)​ ​ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្រ្តាលី​ ​និង​ភស្តុតាងប្រមូល​បាន​ដទៃ​ទៀត​ គឺ​ពិត​ជា​បង្ហាញ​ពី ​«ផែនការ​សម្ងាត់​នៃ​ការ​ឃុបឃិត​គ្នា​រវាង​ឈ្មោះ​ ​កឹម សុខា​ ​និង​បក្ខ​ពួក​ ​ជាមួយ​បរទេស​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

រដ្ឋាភិបាល​បញ្ជាក់​ថា៖

«អំពើ​នៃ​ការ​ឃុបឃិត​គ្នា​ជា​សម្ងាត់​ខាង​លើ​នេះ​គឺ​ជា​អំពើ​ក្បត់​ជាតិ»។​ ​

រដ្ឋាភិបាល​បាននិយាយ​យោង​ទៅ​ដល់​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​ជាង​៣​ឆ្នាំ​មុន​ ​ពេល​លោក​ ​កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ទីក្រុង​ Melbourne​ ​ប្រទេស​អូស្រ្តាលី​ ​កាល​ពី​ឆ្នាំ​២០១៤។​

ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ ​និង​ប្រតិកម្ម​រហ័សរបស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ​ដោយ​មាន​ការ​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ផង​នោះ​ ​លោក​ ​កឹម សុខា​ ​ថ្លែង​ថា​ ​យុទ្ធ​សាស្រ្ត​របស់​លោកមាន​ការ​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក។​ ​យុទ្ធសាស្រ្ត​នោះ​ ​លោក​ថា​ ​គឺ​«ដើម្បី​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​ផ្តាច់​ការ»។​

លោក​ ​កឹម សុខា​ ​បន្ត​ថា​ អង្គការ​អាមេរិក​បាន​ហៅ​រូប​លោក​ទៅ​សហ​រដ្ឋអាមេរិក​ដើម្បី​សិក្សា ​និង​បាន​ផ្តល់​យោបល់​ឲ្យ​លោក​ឈប់​ធ្វើ​នយោបាយ​មួយ​រយៈ​ ​និង​បង្កើត​អង្គការ​មួយ​កាល​ពី​ឆ្នាំ​២០០២។​

លោក​ ​កឹម សុខា​ ​បាន​ថ្លែង​ថា៖​

«តើ​គេ​ឲ្យ​បង្កើត​ដើម្បី​អី?​ ​គេ​ថា​ បើ​ចង់​ប្តូរ​មេដឹកនាំ​ផ្តាច់​ការ​ ​យើង​មិន​អាច​ទៅ​ជល់​ខាង​លើ​ទេ។ ​មុន​នឹង​ដូរ​ខាង​លើ​បាន​ ​ទាល់​តែ​គាស់​អា​ក្រោម​សិន​ ​ទាល់​តែដូរ​ពី​ក្រោម​សិន។​ ​ជា​យុទ្ធសាស្រ្ត​នយោបាយ​របស់​អ្នកប្រជា​ធិបតេយ្យ​គេ​ធ្វើ»។​

មុន​ពេល​នៃ​ការ​ចាប់​ខ្លួន​នេះ​ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ​លោក​ ​ខៀវ សុភ័គ​ ​បាន​និយាយ​ថា ​ក្រសួង​កំពុង​ស៊ើប​អង្កេត​គណបក្ស​សង្រ្គោះជាតិ​ ​ហើយ​ព្រមាន​ថា​ គណបក្ស​អាច​នឹងត្រូវរំលាយ ​ប្រសិន​បើ​រក​កំហុស​ឃើញ​ ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា ​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​ឬ​បង្កើត​បដិវត្តន៍​ពណ៌។​

លោកស្រី​ ​មូរ សុខហួរ​ ​បាន​បញ្ជាក់​ថា​ ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​មិន​មែន​ជា​រឿង​រ៉ាវ​របស់​គណបក្ស​នោះ​ទេ​គឺ​ជា​រឿង​រ៉ាវ​របស់​ប្រជាជន​កម្ពុជា​ជាង​៣​លាន​នាក់​ ​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​សង្រ្គោះ​ជាតិ។​

កាល​ពី​ខែកុម្ភៈ​ ​ឆ្នាំ១០១៧ ​លោក សម រង្ស៊ី ​បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ប្រឆាំង ​ដើម្បី​កុំ​ឲ្យ​មាន​ការ​រំលាយ​គណបក្សនេះ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​ពីរ​ដង​ ដោយ​តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។​

បើ​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ គ្រប់​គណបក្ស​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ ​ដែល​ធ្វើ​ការ​ញុះញង់​ ដែលអាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ ​និង​គាំទ្រ ​ឬរៀបចំ​ផែន​ការ​ ឬ​ឃុប​ឃិត​ជាមួយ​រាល់​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​កម្ពុជា។ ​ដោយសារ​ទង្វើ​ទាំង​នេះ ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​ មិន​លើស​ពី​៥​ឆ្នាំ ​និង​អាច​រំលាយ​គណបក្ស​នោះ​ចោល។

បើ​តាម​ច្បាប់​ដដែល​នេះ​ ប្រធាន​ ​និង​អនុ​ប្រធាន​គណបក្ស​នយោបាយ​ត្រូវ​បាត់​បង់តួនាទី​របស់​ខ្លួន​ ក្នុង​ករណី​សាមី​ខ្លួន​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ​ឬ​ពី​បទ​មជ្ឈិម។​ គណបក្ស​នយោបាយ​ត្រូវ​ចាត់​នីតិវិធី​ដើម្បី​ជំនួស​ប្រធាន​គណបក្ស​នយោបាយ​ដែល​បាន​បាត់​បង់​តួនាទី​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​៩០​ថ្ងៃ ​គិត​ពីថ្ងៃ​បាត់​បង់​តួនាទី​នោះ។​

​លោក សុខ ឥសាន ​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា ​ការ​រំលាយ​គណបក្ស​ គឺ​អាស្រ័យ​លើ​តុលាការ ​និង​ច្បាប់​ដែល​មាន។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖​

«អាហ្នឹង​សួរ​តុលាការ​បាន​ដឹង។​ ​សួរ​អ្នក​នយោបាយ​ម៉េច​ដឹង?​ យើង​មិន​អាច​ថា​ ជំនួស​តុលាការ​បាន​ទេ។​ យើង​ចេះ​តែ​ចង់​ឲ្យ​តុលាការ​ឯករាជ្យ ​ប៉ុន្តែ​យើង​ថា​ ជំនួស​តុលាការ​ កាត់​សេចក្តី​ជំនួស​តុលាការ ម៉េច​កើត​អាហ្នឹង!»​

លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ​មាន​ប្រសាសន៍​ថា​ ជំហរ​របស់​គណបក្ស ប្រឆាំង ​និង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​គឺខុស​គ្នា ​ហើយលោក​ថា ​ត្រូវ​តែ​មាន​ការ​អនុវត្ត​ច្បាប់។​

លោក​មាន​ប្រសាសន៍​ថា៖​

«ប្រសិន​ណា​យើង​មិន​អនុវត្ត​ទៅ​តាម​ច្បាប់​គណបក្ស​ដែល​មាន​រួច​ស្រេច​មក​ហើយ​នោះ​គឺបាន​សេចក្តី​គឺ​យើង​ស្ម័គ្រ​ចិត្ត​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​គណបក្ស»។​ ​

លោក​បន្ត​ថា ​ការ​លើក​ឡើង​របស់​លោកស្រី ​មូរ សុខហួរ ​មិន​ទាន់​ជា​ជំហរ​របស់​គណបក្ស​នៅ​ឡើយ​ទេ។

លោក លី សុផាណា​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​បន្ទាប់​ពី​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល​ចំពោះ​មុខ​ និង​សាកសួរ​ចម្លើយ​ ​ ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​បណ្តោះ​អាសន្ន​ពី​បទ​ឃុបឃិត​ជាមួ​យ​បរទេស។​

ដោយឡែក​ ​លោក​ មាស នី​ ​អ្នក​វិភាគ​នយោបាយ ​និង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ​បាន​ប្រាប់​ ​VOA​ ​ថា​ លោក​បាន​ប្រមើល​មើល​ឃើញ​រួច​មក​ហើយ​ថា​ ​អាច​នឹង​មាន​ការ​ធ្វើ​ព្យុះ​ភ្លៀង​ចំពោះ​គណបក្ស​សង្រ្គោះ​ជាតិ​ ​ដែល​លោក​ហៅ​ថា​ នេះ​ជា«អន្ទ្រាក់​មួយ»។​ ​លោក​ថា ​អាច​នឹង​មាន​រឿង​រ៉ាវ​ច្រើន​ទៀត​ ប្រសិន​បើ​មាន​ការ​ចេញ​មុខជួយ​លោក​ ​កឹម សុខា​ ក្នុង​នោះ​មាន​ដូច​ជា​ការ​ធ្វើ​បាតុកម្ម​ផង​ដែរ។​

លោក​បន្ត​ថា​ ​លោក​រង់​ចាំ​មើលថា ​តើ​នឹង​មាន​ការ​រំលាយ​គណបក្ស​ ឬ​យ៉ាង​ណា ​ហើយ​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។​

លោក​បណ្ឌិត​ ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​Occidental College​ ​នៃទីក្រុង​ ​Los Angeles​ ​សហ​រដ្ឋ​អាមេរិក​ ​បាន​ចោទ​ជា​សំណួរ​អំពី​ឥទ្ធិពល​របស់​លោក​ ​កឹម សុខា​ ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល។​ ​លោក​បាន​ចោទ​ជា​សំណួរ​ថា ​តើ​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ដែល​ទៅ​បោះឆ្នោត​ ​នៅ​ពេល​ជម្រើស​របស់​អ្នក​ ​គឺ​ថា ​គណបក្ស​កាន់​អំណាច​ ​និង​គណបក្ស​មិន​មាន​អំណាច​អ្វី​សោះ។

លោក​បាន​ប្រាប់​ VOA ​តាម​អ៊ីម៉េល​ ​ឬ​សារ​អាឡិច​ត្រូនិក ​កាល​ពី​ថ្ងៃ​ចន្ទថា៖​ ​«អ្នក​កំពុង​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ធ្លាក់​ទៅ​ក្នុង​បញ្ហា​ ​ដូច្នេះ​អ្នក​អាច​ធ្វើ​ឲ្យ​គេ​ធ្លាក់​ចុះ​យ៉ាង​ងាយ​ស្រួល»។

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​ ​លោក​ ​កឹម សុខា​ ​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ ​លោកស្រី​ ​Heather Nauert​ ​បាន​ចោទ​ជា​សំណួរ​អំពី​លទ្ធភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​អាច​ទុក​ចិត្ត។​

អ្នកស្រី​ ​Heather Nauert​ ​បានថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«វិធាន​ការ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​អន់​ថយ​នៃ​ការ​វិវត្ត​កម្ពុជា​ក្នុង​ទសវត្សរ៍​ថ្មីៗ​នេះ​ ​ហើយ​ធ្វើ​ឲ្យ​មាន​ចម្ងល់យ៉ាងច្បាស់អំពី​លទ្ធភាព​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​២០១៨​ ​ដែល​អាច​ទុក​ចិត្ត​បាន​ ​ដែល​អាច​បង្កើតលទ្ធផល​ដែល​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ»៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG