ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅ​ហ្វីលីពីន​ពង្រីក​អំណាច​របស់​ប្រធានាធិបតី Duterte ដែល​ជា​អ្នក​គាំទ្រ​ចិននិង​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន


ស្ត្រីជនជាតិហ្វីលីពីនម្នាក់ចូលរួមបោះឆ្នោតព្រឹទ្ធសភានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។
ស្ត្រីជនជាតិហ្វីលីពីនម្នាក់ចូលរួមបោះឆ្នោតព្រឹទ្ធសភានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។

បេក្ខជន​ ៩​ នាក់​ដែល​ត្រូវ​បាន​គាំទ្រ​ដោយDuterte បាន​ឈ្នះ​ ៩ អាសនៈ​ក្នុង​ចំណោម​​ អាសនៈ​​ចំនួន​ ១២​ នៅ​ព្រឹទ្ធសភា​ នេះ​បើ​យោង​តាម​លទ្ធផល​បឋម​ពី​ការ​រាប់​សន្លឹក​ឆ្នោត​។ ការ​បោះ​ឆ្នោតលើក​នេះ​ពង្រីក​អំណាច​របស់​ប្រធានាធិបតី Duterte ដែល​ជា​អ្នក​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ និង​គាំទ្រ​ចិន។

ជ័យជម្នះ​របស់​គណបក្ស​ចម្រុះ​នៅ​ក្នុង​ការ​បោះឆ្នោត​ដណ្តើម​យក​អាសនៈ​នៅ​ព្រឹទ្ធសភា​ កាល​ពី​ដើម​សប្តាហ៍នេះ​ នឹង​ពង្រឹង​វិសាលភាព​របស់​លោក​ប្រធានាធិបតី Duterte ដើម្បី​បន្ត​ទៅ​មុខ​នូវ​យុទ្ធនាការ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿងញៀន កសាង​ឡើងវិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ខូចខាត​នៅ​តំបន់​ក្រីក្រ​ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ មុន​ចុង​អាណត្តិ​របស់​លោក​នៅ​ក្នុង​ឆ្នាំ​ ២០២២។

បេក្ខជន​ឈ្នះ​ឆ្នោត​ ៩ នាក់​ក្នុង​ចំណោម ​១២ នាក់​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ គឺ​ជា​អ្នក​គាំទ្រ​លោក Duterte ដែល​លោក​កំពុង​ស្ថិត​នៅ​ពាក់​កណ្តាល​នៃ​អាណត្តិ​ប្រធានាធិបតី​ដែល​មាន​រយៈ​ពេល​ ៦ ​ឆ្នាំ នេះ​បើ​យោង​តាម​ការ​បូក​សរុបលទ្ធផល​មិន​ផ្លូវការ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​ការ​រាប់​សន្លឹក​ឆ្នោត​ពេញ​មួយ​យប់។ ក្រុម​ឯករាជ្យ​បាន​ឈ្នះ​អាសនៈ​ចំនួន​ ៣ ​ផ្សេង​ទៀត ហើយ​ក្រុម​ប្លុក​ប្រឆាំង​មិន​ទទួល​បាន​អាសនៈ​អ្វី​នោះ​ទេ។

ការ​ប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​ក្នុង​ចំណោម​បេក្ខជន​ ៦២ ​នាក់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បោះឆ្នោត​សភា​ជាតិ​ពាក់​កណ្តាល​អាណត្តិ​ដែល​បង្ហាញ​ពី​ប្រជាប្រិយ​ភាព​លោក Duterte។

លោក ​Antonio Contreras ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយនៅ​សាកល​វិទ្យាល័យ De La Salle ​នៅ​ប្រទេស​ហ្វីលីពីន​បាន​ថ្លែង​ថា៖

«និយាយ​ទៅ​ការ​បោះ​ឆ្នោត​បង្ហាញ​ឲ្យ​ឃើញ​ថា តើ​អ្នក​ណា​គាំទ្រ​លោក និង​ថា​តើ​អ្នក​ណា​ប្រឆាំង​នឹង​លោក Duterte»។

លោក​បាន​ហៅ​លទ្ធផល​នេះ​ថា​ជា​ការ​ធ្វើ​ប្រជា​មតិ​ចំពោះ​ការ​បំពេញ​មុខងារ​ជា​ប្រធានាធិបតី​មក​ដល់​បច្ចុប្បន្ន​របស់​លោក​ Duterte។

លោក​ Ramon Casiple នាយក​ប្រតិបត្តិ​របស់​វិទ្យាស្ថាន​សម្រាប់​កំណែ​ទម្រង់​នយោបាយ​និង​ការ​បោះឆ្នោត​ដែល​ជា​អង្គការ​តស៊ូ​មតិ​នៅ​ក្នុង​តំបន់​ Metro Manila នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​បាន​មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​នឹង​ផ្តល់​ភាព​ជឿជាក់ដល់​លោក Duterte ដើម្បី​បញ្ចប់​របៀបវារៈ​នយោបាយ​របស់​លោក។

កងទ័ពជើងទឹកហ្វីលីពីនដើរល្បាតមណ្ឌលបោះឆ្នោតមួយកន្លែងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទ១៣ ខែឧសភា ឆ្នាំ២០១៩។
កងទ័ពជើងទឹកហ្វីលីពីនដើរល្បាតមណ្ឌលបោះឆ្នោតមួយកន្លែងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទ១៣ ខែឧសភា ឆ្នាំ២០១៩។

របៀបវារៈ​របស់​លោក​ លោក​ Duterte

រដ្ឋាភិបាល​លោក Duterte សង្ឃឹម​ថា​នឹង​ចូលរួម​ជាមួយ​ប្រទេស​ចិន​ក្នុង​ការ​ជីក​រុករក​ប្រេងកាត​និង​ថាមពល​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​តំបន់ដែល​ប្រទេស​ចិន​និង​ហ្វីលីពីន​ចាត់​ទុក​ជា​កម្មសិទ្ធិ​របស់​ខ្លួន។​

ជម្លោះ​អធិបតេយ្យ​ភាព​នៃ​ដែនដី​សមុទ្រ​រវាង​ប្រទេស​ទាំងពីរ​បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​មុន​លោក Duterte ដាក់​ពាក្យ​ប្តឹង​ និង​បាន​ឈ្នះ​នៅ​ក្នុងសំណុំ​រឿង​ក្តី​ប្រឆាំង​នឹង​ប្រទេស​ចិន​ នៅ​ឯ​តុលាការ​ជំនុំ​ជម្រះ​ពិភពលោក​កាលពី​ឆ្នាំ​ ២០១៦។ លោក Duterte បាន​ទុក​ជម្លោះ​នេះ​មួយ​ឡែក បើ​ទោះ​បី​ជា​នាវា​ចិន​ដែល​បាន​គាំទ្រ​ដោយ​កម្លាំង​យោធា​ដ៏​ខ្លាំង​ទី​ ៣ ​របស់​ពិភពលោក​ កំពុង​កាន់កាប់​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដ៏​ចម្រូង​ចម្រាស់​មួយ​ក​ន្លែង​នៅ​ជិត​កោះ Luzon​ យ៉ាងណា​ក៏ដោយ។

ទោះ​បី​ជា​យ៉ាង​ណា កាលពី​ឆ្នាំ ​២០១៦​ ប្រទេស​ចិន​បាន​សន្យា​ផ្តល់​ទឹក​ប្រាក់​ចំនួន​ ២៤ ​ពាន់​លាន​ដុល្លារ​ ជា​ជំនួយ​និង​ការ​វិនិយោគទុនដល់​ទៅ​ប្រទេស​ហ្វីលីពីន​ និង​បាន​ប្តេជ្ញា​ប្រើប្រាស់​ពាក់​កណ្តាល​នៃ​ទឹកប្រាក់​នោះ​សម្រាប់​គម្រោង​ជាក់​លាក់​ កាល​ពី​ខែ​មេសា។ ផ្នែកខ្លះ​នៃ​ជំនួយ​នេះ​នឹង​ចូល​ទៅ​ក្នុង​គម្រោង​ទឹក​ប្រាក់​ ១៦៩ ​ពាន់​លាន​ដុល្លារ​របស់​លោក Duterte ដែល​ជា​គម្រោង​ជួសជុល​រយៈ​ពេល ៥ ឆ្នាំ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ ដែល​ហួស​សម័យ​និង​ទ្រុឌទ្រោម​នៅ​ជុំវិញ​ប្រជុំ​កោះ​ហ្វីលីពីន។

លោក​ប្រធានាធិបតី​ Duterte ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​យុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿងញៀន​ បើ​ទោះ​ជា​មាន​ការ​ប៉ាន់ស្មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ថា​ មាន​មនុស្ស​ស្លាប់​ចំនួន ​៥០០០​ នាក់​ដែល​អ្នក​ស្លាប់​ជា​ច្រើន​ជា​ជន​សង្ស័យ​ជួញដូរ​គ្រឿង​ញៀន​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​ប៉ូលីស។

លោក Duterte បាន​បញ្ជា​ឲ្យ​ប៉ូលិស​ប្រើការ​អត់ធ្មត់​ឲ្យ​បាន​ច្រើន បន្ទាប់​ពី​មាន​បាតុកម្ម​សាធារណៈ​ជាច្រើន​កាល​ពី​ឆ្នាំ​ ២០១៧ ប្រឆាំង​ទៅ​នឹង​ការ​សម្លាប់​យុវជន។

លោក Duterte ក៏​កំពុង​បន្ត​ការ​កែ​ទម្រង់​ពន្ធ​ដែល​ដល់​ពេល​កំណត់​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​មក​ត្រឹម​ ១៤ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ ១០៥​ លាន​នាក់​ត្រឹម​ឆ្នាំ ២០២២ ដែល​នឹង​ធ្លាក់ចុះ​ពី​ប្រហែល​ជា​ ២២ ​ភាគ​រយ​នៅ​កម្រិត​បច្ចុប្បន្ន។​

លោក Casiple បាន​ថ្លែង​ថា លោក Duterte ​ត្រូវ​ការ​ការ​គាំទ្រ​ ៥០ ​ទៅ​ ៧៥ ​ភាគរយ​នៃ​សមាជិក​ព្រឹទ្ធសភា​ ២៤ ​នាក់​ដើម្បី​អនុម័ត​គម្រោង​ច្បាប់​មួយ​ចំនួន​ ជាពិសេស​បទដ្ឋាន​កំណែ​ទម្រង់​ពន្ធ​ដ៏​ល្អ។ ព្រឹទ្ធសភា​ដែល​ប្រឆាំង​នឹង​លោក Duterte អាច​បដិសេធ​គម្រោង​ច្បាប់​ទាំង​នោះ​ពី​រដ្ឋា​ភិបាល​លោក Duterte ឬក៏​ចាប់ផ្តើម​ច្បាប់​របស់​ពួក​គេ។​

ស្ថិរភាព​សេដ្ឋកិច្ច

អ្នក​បោះ​ឆ្នោត​នៅ​តំបន់​ Metro Manila បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​គ្រប់គ្រង​របស់​លោក Duterte បាន​នាំ​ឲ្យ​មាន​ភូមិ​ឃុំ​ស្អាតស្អំ និង​មិន​មាន​គ្រឿងញៀន​ល្អ​ជាង​មុន​ និង​ការ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​ទាំងមូល។

អតិផរណា​ ៦,៧ ភាគរយ​ដែល​បាន​ធ្វើ​ទុក្ខ​ដល់អ្នក​ប្រើប្រាស់​ទំនិញ​កាល​ពី​ខែ​កញ្ញា​ និង​តុលា ​កាល​ពី​ឆ្នាំ​មុន​ បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ៣.៣ ​ភាគរយ​នៅ​ក្នុង​ខែ​មីនា​ឆ្នាំ​នេះ​។ ជា​រួម កំណើន​សេដ្ឋកិច្ច​បាន​កើន​ឡើង​ដល់​ ៦,២ ​ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៨។​

លោក​ស្រី May Isabela De La Pena ដែល​ជា​អ្នក​បោះឆ្នោត​ម្នាក់​វ័យ​ ៤៥ ​ឆ្នាំ​ម្នាក់ និង​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​បាន​និយាយ​ថា នៅ​ឯ​ទីក្រុង​ Pasay ដែល​ជា​កន្លែង​សម្បូរ​ទៅ​ដោយ​សណ្ឋាគារ​និង​ផ្សារ​ទំនើប​នៅ​ក្នុង​តំបន់ Metro Manila ប្រជាពលរដ្ឋ​កំពុង​ទទួល​បាន​មូល​និធិ​ជាច្រើន​សម្រាប់​ការ​ថែទាំ​សុខភាព​ ខណៈ​ពេល​ដែល​សិស្សានុសិស្ស​កំពុង​ទទួល​បាន​ថវិកា​ជាច្រើន​សម្រាប់​ការសិក្សា។

លោក​ស្រី May Isabela De La Pena បាន​និយាយ​នៅ​ឯ​សាលា​បឋមសិក្សាដ៏​កុះករ​មួយ​កន្លែង​ដែល​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចេញ​ទៅ​ចូលរួម​ការ​បោះឆ្នោត​ដែល​មាន​រយៈពេល​ ១២​ម៉ោង​ថា៖

«មាន​អាគារ​ថ្មី ការងារ​ជាច្រើន ក្មេងៗ​ដែល​ជា​កូនសិស្ស​របស់​យើង​ ពួកគេ​មាន​ប្រាក់​ឧបត្ថម្ភ​ជា​រៀងរាល់​ខែ​និង​ជំនួយ​ផ្នែក​សុខាភិបាល​មក​ពី​ទីក្រុង»។

កម្មករសម្អាតទីសាធារណៈកំពុងប្រមូលបដាឃោសនាបោះឆ្នោតចេញពីបរិវេណសាលាក្រុងម៉ានីល មួយថ្ងៃក្រោយការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសហ្វីលីពីន កាលពិថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។
កម្មករសម្អាតទីសាធារណៈកំពុងប្រមូលបដាឃោសនាបោះឆ្នោតចេញពីបរិវេណសាលាក្រុងម៉ានីល មួយថ្ងៃក្រោយការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសហ្វីលីពីន កាលពិថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

ការ​ប្រឆាំង​ដ៏​ខ្សោយ​

ការ​វាយ​តម្លៃ​ទៅ​លើ​ការ​ពេញចិត្ត​របស់​សាធារណជន​ចំពោះ​លោក Duterte បាន​កើន​ឡើង​ដល់ ​៧៩​ ភាគរយ​នៅ​ត្រី​មាស​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩ ពី ៧០​ ភាគរយ​នៅ​ខែ​កញ្ញា​ និង​ ៧៤​ ភាគរយ​នៅ​ខែ​ធ្នូ​ កាល​ពី​ឆ្នាំ ​២០១៨​ កន្លងទៅ។​

អ្នក​ជំនាញ​ខាង​នយោបាយ​ជាច្រើននាក់​បាន​ឲ្យ​ដឹ​ង​ថា បើ​ទោះជា​មាន​ការ​ប្រឆាំង​ពី​ក្រុម​អ្នក​សិក្សា​និង​យោធា​យ៉ាង​ណា​ក៏​ដោយ​ក្តី ចំណង​មិត្តភាព​ ៣ ​ឆ្នាំ​របស់​លោក Duterte ​ជាមួយ​នឹង​ប្រទេស​ចិន​មិន​រំខាន​ប្រជាជន​ហ្វីលីពីនភាគ​ច្រើន​នោះ​ទេ។ ឃាតកម្ម​ប្រឆាំង​នឹង​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​សម្រាប់​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​ប្រជាជន​ធម្មតា​បាន​និយាយ​ថា​ ការ​បង្ក្រាប​នេះ​បាន​ធ្វើឲ្យ​ភូមិ​ឃុំ​របស់​ពួកគេ​មាន​សុវត្ថិភាព​នៅ​ពេល​យប់​ជាង​មុន។​

ក្រុម​បេក្ខជន​សភា​ដែល​មក​ពី​ខាង​បក្ស​ប្រឆាំង​បាន​រិះគន់​លោក Duterte ​ពី​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន ​និង​បញ្ហា​គ្រឿងញៀន។

លោក​ Eduardo Araral ជនជាតិ​ដើម​ហ្វីលីពីន​និង​ជា​សាស្រ្តាចារ្យ​នៅ​សាលា​គោលនយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សាំងហ្គាពួរ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖

«ក្រុម​បក្ស​ប្រឆាំង​មិន​ធ្វើ​ការ​យ៉ាង​ល្អ​នោះ​ទេ​ ក្នុង​ការ​បង្ហាញ​ខ្លួន​របស់​ពួកគេ​ដោយ​ស្មោះ​ត្រង់។ ពួកគេ​បាន​ប្រើ​ប្រាស់​បញ្ហា​ចិន​ និង​គ្រឿងញៀន​ តែ​បញ្ហា​ទាំង​អស់​នោះ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​លោក​ Duterte នោះទេ។​

បេក្ខជន​ប្រកួត​ប្រជែង​យក​អាសនៈ​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​ដែល​គាំទ្រ​លោក ​Duterte ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រក្សា​សំឡេង​ភាគច្រើន​នៅ​ពេល​បោះឆ្នោត​ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ។ ក្រុម​ចម្រុះ​ឥឡូវ​នេះ​គ្រប់គ្រង​ ២៤៥ ​ក្នុង​ចំណោម​ ២៩៧​ អាសនៈ​នៃ​សភា​តំណាង​រាស្ត្រ។

តាម​ច្បាប់ ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន​អាច​កាន់​តំណែង​បាន​តែ​មួយ​អាណត្តិ​ដែល​មាន​រយៈ​ពេល​ ៦ ​ឆ្នាំ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ លី វួចនា

XS
SM
MD
LG