ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ខ្មែរ​ត្រៀមឆ្លើយ​តប​នឹង​របាយការណ៍​អំពី​កម្ពុជា​និង​ឋានៈ​អនុគ្រោះ​ EBA


រូបលោក កុយ គួង (ស្តាំ) អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបតិ្តការ​អន្តរជាតិ ឈរ​ថតរូប​ជាមួយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា។ (រូបថត​ពី​ទំព័រ​ហ្វេស​ប៊ុក Koug Koy)
រូបលោក កុយ គួង (ស្តាំ) អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបតិ្តការ​អន្តរជាតិ ឈរ​ថតរូប​ជាមួយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា។ (រូបថត​ពី​ទំព័រ​ហ្វេស​ប៊ុក Koug Koy)

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធនេះ​ បាន​ផ្តល់​ប្រតិកម្ម​យ៉ាង​ប្រយ័ត្ន​ប្រយែង​ ចំពោះ​របាយការណ៍​បឋម​លើក​ទីពី​ររបស់​សហភាព​អឺរ៉ុប​ស្តីពីស្ថាន​ភាព​ប្រទេស​កម្ពុជា​ ក្រោម​ក្របខ័ណ្ឌ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​» ឬ​ហៅ​ថា​ EBA។ ក្រុម​មន្ត្រី​បាន​ផ្តល់​ការ​កត់សម្គាល់​ខុសៗ​គ្នា​ អំពី​ថា​តើ​នឹង​ធ្វើ​ការ​ឆ្លើយ​យ៉ាង​ដូច​ម្តេច​ទៅ​នឹង​របាយការណ៍​ ដែល​អាច​នឹង​ជំរុញ​កម្ពុជា​ឲ្យ​បង់​ពន្ធ​សម្រាប់​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប​បាន​ទុកពេល​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ មួយខែ​ក្នុងការ​ឆ្លើយតប​ទៅ​នឹង​របាយ​ការណ៍​នេះ​ មុន​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុកកិច្ចការ​បរទេស​ និង​ពាណិជ្ជកម្ម​ធ្វើសេចក្តី​សម្រេច​ចិត្ត​ចុងក្រោយ​នៅខែ​កុម្ភៈ​ ឆ្នាំ​២០២០​ថា​ សហភាព​អឺរ៉ុប​នឹង​បន្ត​ទុក​ឲ្យ​ប្រទេស​កម្ពុជាទទួល​បាន​ផល​ប្រយោជន៍​ពី​ឋានៈ​អនុគ្រោះពន្ធ EBA ឬ​ក៏​ត្រូវ​ព្យួរ​កម្ពុជា​ពី​ឋានៈ​អនុគ្រោះ​ដដែល​នេះ​មួយ​រយៈ​សិន​នោះ។

លោក ​កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបតិ្តការ​អន្តរជាតិ​ មាន​ប្រសាសន៍​ប្រាប់​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ភាគី​កម្ពុជា​បាន​ទទួល​របាយការណ៍​នោះ​ហើយ​ តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ខ្លឹមសារ​ដែល​បាន​សរសេរ​ក្នុង​របាយការណ៍​នោះ​ទេ ពី​ព្រោះ​ខ្លួន​លោក​ផ្ទាល់​មិន​ទាន់​ឃើញ​របាយការណ៍​នេះ​នៅ​ឡើយ។

«មិ្សល​មិញ​ខាង​ភាគី​កម្ពុជា​យើង​ បាន​ទទួល​ហើយ​ ទទួល​របាយការណ៍​ ទទួល​របាយការណ៍​ចុង​ក្រោយ​ នេះ​ជា​របាយការណ៍​បាទ​ របាយការណ៍​ចុង​ក្រោយ​ពី​សហភាព​អឺរ៉ុប​ហើយ​បាទ»។

ទោះ​ជាយ៉ាង​ណា​ មន្ត្រី​នាំពាក្យ​ក្រសួង​ការបរទេស​រូប​នេះ​បាន​បញ្ជាក់​ថា​ ភាគី​កម្ពុជា​នឹង​ផ្តល់​ការ​ឆ្លើយតប​តាម​លទ្ធភាព​របស់​ខ្លួន​ទៅ​លើចំណុច​ណា​ដែលខាង​ភាគី​កម្ពុជា​យល់​ថា​អាច​ធ្វើ​ទៅ​បាន។

«ពេល​ត្រូវ​ការ​ឆ្លើយ​គឺ​យើង​ឆ្លើយ​ចន្លោះ​ពេល​ហ្នឹង​ហើយ​ ព្រោះ​គេ​ទុក​ពេល​ឲ្យ​មួយ​ខែ​ ថ្ងៃ១២​ ខែ ១១​ ដល់​ថ្ងៃ​១២ ខែ​១២ ដូច្នេះ​បើ​សិន​ជា​យើង​ ពិនិត្យ​សិក្សា​ទៅ យើង​គួរ​ឆ្លើយ​ចំណុច​ណាមួយ​ ដែល​យើង​អាច​ថា​ យើង​ឆ្លើយ​បាន​ គឺ​យើង​ធ្វើ​ក្នុង​អំឡុង​ពេល​ហ្នឹង​ហើយ​បាទ»។

កាលពីថ្ងៃ​អង្គារ​ទី​១២ ខែវិច្ឆិកា​ សហភាព​អឺរ៉ុប​បាន​បញ្ជូន​របាយការណ៍​បឋម​របស់​ខ្លួន​លើក​ទី​ពីរ​ស្តីពី​ការ​វាយតម្លៃ​ស្ថានភាព​កម្ពុជា​ ក្រោម​ក្របខ័ណ្ឌ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA​។ ភ្លាម​ៗ​ក្រោយ​ការ​បញ្ជូនរបាយការណ៍​នេះ​ទៅ​ឲ្យ​ភាគី​រដ្ឋាភិបាល​កម្ពុជា​ លោកស្រី Carmen Moreno ​ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​ទើបត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​ឲ្យ​រួច​ផុត​ពី​ការ​ជាប់​ឃុំ​ក្នុង​ផ្ទះ។

មេដឹកនាំ​គណបក្ស​ជំទាស់​លោក កឹម សុខា ឈរ​នៅ​ខាង​ស្តាំ​ដៃ​ ជាប់​លោក​ស្រី Carmen Moreno ឯក​អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
មេដឹកនាំ​គណបក្ស​ជំទាស់​លោក កឹម សុខា ឈរ​នៅ​ខាង​ស្តាំ​ដៃ​ ជាប់​លោក​ស្រី Carmen Moreno ឯក​អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ក្នុង​ជំនួប​ជិត​ពីរ​ម៉ោង​រវាង​លោក​ កឹម សុខា​ និង​លោក​ស្រី Carmen Morenoនៅ​ឯ​គេហដ្ឋាន​របស់​លោក​ កឹម សុខា ​ក្នុង​ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ​នាព្រឹក​ថ្ងៃ​ពុធ​នេះ​ មាន​ការ​ពិភ្សា​អំពី​ស្ថានភាព​សុខភាពរបស់​ កឹម សុខា​ និង​កិច្ចការ​មួយចំនួន​ដែល​ពាក់​ព័ន្ធដល់​ដំណើរការ​អភិវឌ្ឍនៅ​កម្ពុជា​។ នេះបើយោង​តាម​លោក​ មុត ចន្ថា​ ​ជំនួយការ​ផ្ទាល់​របស់​លោក​ កឹម សុខា។​

លោក​ស្រី Carmen Moreno មិន​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​ក្រុម​អ្នកកាសែត​ បន្ទាប់​ពី​ការ​ពិភាក្សា​របស់​លោក​ស្រី​ជាមួយ​លោក កឹម សុខា​នោះទេ ហើយ​ស្ថាន​បេសកកម្ម​ការទូត​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជាបានត្រឹម​តែចេញ​សេចក្តី​ប្រកាស​សង្ខេប​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន បញ្ជាក់អំពីកិច្ច​សន្ទនារវាង​លោកស្រី​ឯកអគ្គរដ្ឋ​ទូត​ និង​លោក​កឹម សុខា​ដែល​តុលាការ​កម្ពុជា​បើក​សិទ្ធិ​ឲ្យ​លោក​ចេញក្រៅផ្ទះ​បាន​កាលពីថ្ងៃទី​១០ ខែ​វិច្ឆិកា។

នៅ​ក្នុង​សេចក្តីសង្ខេប​នោះ​ ស្ថានបេសកកម្ម​ការទូត​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា​ បាន​រំឭក​ឡើងវិញ​នូវ​សម្តី​របស់​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ដែលថា​ ការ​សម្រាល​លក្ខខណ្ឌ​ឃុំ​ខ្លួន​លោក​ កឹម សុខា​ក្រោម​ហេតុផល​សុខភាព​របស់​លោក​នោះ​ «ជា​ជំហាន​ដំបូង​មួយ​ក្នុង​ទិសដៅ​ត្រឹម​ត្រូវ» ប៉ុន្តែ​សហភាព​អឺរ៉ុប​ «រំពឹង​ថា​លោក​កឹម សុខា​ នឹង​ត្រូវបាន​ដោះលែង​ទាំងស្រុង​ និង​សិទ្ធិនយោបាយ​របស់​គាត់​ត្រូវ​តែ​ផ្តល់​ឲ្យ​គាត់​វិញ។ ធ្វើ​ដូច្នេះ​ គាត់​អាច​បាន​ចូលរួម​ជីវិត​នយោបាយ​ពេញលេញ​ឡើង​វិញ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ផៃ ស៊ីផាន​ យល់​ថា​ សហភាព​អឺរ៉ុប​មិន​អាច​ចាប់​បង្ខំ​ប្រទេស​កម្ពុជា​ឲ្យ​ធ្វើ​អ្វីដែល​ខ្លួន​ចង់​បាន​នោះទេ។ លោក​អះអាង​ថា​ មានតែ​តុលាការ​កម្ពុជាទេ​ ដែល​អាច​សម្រេច​លើសំណុំរឿង​លោក​កឹម សុខា​បាននោះ​។

«​អាហ្នឹង​គឺ​ជា​ដំណើរ​ការ​យុត្តិធម៌»។​

ស្របពេល​នឹង​ការ​បញ្ជូន​របាយការណ៍​បឋម​ស្តី​ពី​ស្ថានភាព​ប្រទេស​កម្ពុជាក្រោម​ឋានៈ​អនុគ្រោះ​ EBA ​សហភាព​អឺរ៉ុប​ បានចេញ​សេចក្តីប្រកាស​មួយ​ ដែល​បាន​អះអាងថា​ សហភាព​អឺរ៉ុប​នៅ​តែ​មាន​ការ​ប្តេជ្ញា​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​ជា​ការបារម្ភ។ សហភាព​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​លើ​ខ្លឹមសារ​នៃ​របាយការណ៍​របស់​ខ្លួន​នោះ​ទេ ដោយសារតែ​វា​ឯកសារ​សម្ងាត់​ដែលត្រូវ​ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា។

លោក​ សឹង សែនករុណា​ អ្នកនាំពាក្យ​សមាគម​អាដហុក​ បានប្រាប់​ VOAថា​ បញ្ហា​ដែល​ជា​កង្វល់​របស់​សហភាព​អឺរ៉ុបនោះ​ គឺ​ការធ្លាក់​ចុះការ​គោរព​សិទ្ធិមនុស្ស​ វិបត្តិដីធ្លី​ដែល​មិន​ទាន់​ដោះស្រាយ​រួច​រាល់​ និង​ការ​សង្កត់​សង្កិន​លើ​ក្រុម​សមាជិក​ សកម្មជន​ និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ជាង​៨០នាក់​ដែល​ត្រូវបាន​ឃុំ​ខ្លួន​និង​ការ​ឃាត់​ខ្លួន​សួរ​នាំ​ក្រុម​អ្នកគាំទ្រ​ សកម្មជន​ និង​សមាជិក​បក្ស​ប្រឆាំង​ប្រមាណ​ជាង​១០០ករណី​ផ្សេង​ទៀត​ពី​សំណាក់​នគរបាល​យុត្តិធម៌​ និង​មន្ត្រី​តុលាការ។

មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​រូបនេះ​ ជឿថា​ រដ្ឋាភិបាល​ទំនង​ជា​នឹង​ត្រូវឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះជាមួយ​សហភាព​អឺរ៉ុបនៅ​ក្នុង​រយៈពេល​មួយ​ខែ​ទៅ​មុខ​ទៀត​នេះ។ លោក​បាន​សង្កត់​ធ្ងន់​ថា អ្វី​ដែល​សហភាព​អឺរ៉ុប​ចង់​បាន​នោះ​ គឺ​ទី​លាន​នយោបាយ​ដែល​គ្មាន​ការរឹត​ត្បិត​ និង​ការ​បោះឆ្នោត​មួយ​ដែល​គ្រប់គណបក្ស​នយោបាយ​ទាំងអស់​អាច​ចូល​រួម​បាន​ ក្នុង​នោះ​គឺ​មាន​ទាំង​ក្រុម​គណបក្ស​ជំទាស់​ដែលរង​ការបង្រ្កាប​ឥត​ស្រាកស្រាន្ត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ដោយឡែក​លោក ​កឹម សុខា​ ដែល​នៅ​ជាប់​បំរាម​ធ្វើ​នយោបាយ​បាន​បន្ត​ជួប​ជាមួយ​ប្រធាន​បេសកកម្ម​ការទូត​នៃ​ប្រទេស​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​និង​ផ្តល់​តម្លៃ​ដល់​ការ​គោរព​សិទ្ធិមនុស្ស។ រហូត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ លោក​បានជួប​ជាមួយ​មន្ត្រី​ទូត​នៃ​ប្រទេសបារាំង​ សហរដ្ឋ​អាមេរិក​ អាល្លឺម៉ង់​ អូស្រ្តាលី សហភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន

XS
SM
MD
LG