ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប បញ្ជូន​របាយការណ៍​បឋម​ស្ដីពី ​EBA ដល់​កម្ពុជា

រូបឯកសារ៖ ទង់ជ័យ​របស់​សហភាព​អឺរ៉ុប​ដាក់​នៅ​លើ​តុ​របស់​សមាជិក​សភា​អ៊ឺរ៉ុប​នៅ​សភា​អ៊ឺរ៉ុប​នៅក្នុង​ទីក្រុង Strasbourg ភាគ​ខាង​កើត​ប្រទេស​បារាំង នៅថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០១៩។ (រូបថតដោយ FREDERICK FLORIN / AFP)

សហភាព​អឺរ៉ុប នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជូន​របាយការណ៍​បឋម​របស់​ខ្លួន​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ចោទប្រកាន់​អំពី​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ទៅ​លើ​លក្ខខណ្ឌ​ EBA ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ខាង​ពាណិជ្ជកម្ម ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ បាន​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​នោះ បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ដក​ជា​បណ្ដោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ Everything But Arms (EBA) ឬ គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ ​ពី​ប្រទេស​កម្ពុជា។

រូបឯកសារ៖ លោកស្រី Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ទីស្នាក់ការ​ធំ​របស់​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រុចស៊ែល នៅ​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៩។ (AP Photo/Francisco Seco)

អ្នក​ស្រី Cecilia Malmstrom ឧត្ដម​ស្នងការសហភាព​អឺរ៉ុប​ទទួល​បន្ទុក​ខាង​ពាណិជ្ជកម្ម បាន​សរសេរ​លើ​បណ្ដាញ​ Twitter ​របស់​លោក​ស្រី​ថា៖

«‍យើង​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​នោះ‍»។

សហភាព​អឺរ៉ុប ​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដោយ​រួម​ទាំង​ការ​ដោះលែង​និង​ផ្ដល់​សេរីភាព​ពេញលេញ​ឡើងវិញ​ដល់លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កំពូល​រំលាយ​ ដើម្បី​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ EBA ​ដដែល។

លោក​ កឹម សុខា ត្រូវ​បាន​តុលាការ​កម្ពុជា សម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​រឹតត្បិត​សេរីភាព​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ​លោក​នៅតែ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«‍ក្បត់ជាតិ‍» និង​ហាមប្រាម​សកម្មភាព​នយោបាយ និង​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​នៅឡើយ។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ធ្វើ​ឱ្យ​កម្ពុជា ចំណេញ​ពន្ធ​នាំ​ទំនិញ​ចូល​សហភាព​អឺរ៉ុប​ចំនួន​ប្រមាណ​៧០០​លាន​ដុល្លារ​ក្នុង​មួយ​១ឆ្នាំៗ។

កម្ពុជា មាន​ពេល​១​ខែ​ចាប់​ពី​ថ្ងៃ​នេះ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹងរបាយការណ៍​បឋម​របស់​សហភាព​អឺរ៉ុប ទាក់ទិន​នឹង EBA ​នេះ៕

XS
SM
MD
LG