ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​លោក កឹម សុខា ក្រោយ​សំណុំ​រឿង​អូស​បន្លាយ​ជាង​២​ឆ្នាំ


រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

នៅ​ថ្ងៃ​សុក្រ​នេះ ចៅក្រម​ស៊ើប​សួរ​បាន​ប្រកាស​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​លោក កឹម សុខា។ ការ​ប្រកាស​នេះ ធ្វើឡើង​ ក្រោយ​ពី​ក្រោយ​ពី​មេ​ដឹក​នាំ​​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​តុលាការ​សម្រាល​លក្ខខណ្ឌ​នៃ​ការ​តាម​ដាន​តាម​ផ្លូវ​តុលាការ ដោយ​ឱ្យ​លោក​រួច​ផុត​ពី​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​ថា ​ការ​ស៊ើប​អង្កេត​លើ​ករណី​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង ត្រូវ​បាន​បញ្ចប់។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​លោក គី ឫទ្ធី ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

សេចក្ដី​ជូន​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ផ្ញើ​ជូន​មេធាវី​លោក កឹម សុខា ហើយ ​VOA ទទួល​បាន​ បញ្ជាក់​ថា​៖

យើង​បាន​សម្រេច​បិទ​ការ​ស៊ើប​សួរ​ ចាប់​ពី​ពេល​នេះ​តទៅ»។

ការ​បិទ​ការ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង​ បន្ទាប់​ពី​លោក កឹម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ដក​បម្រាម​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ចំនួន​៣ ​គឺ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​កម្ពុជា​ មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​ និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។

លោក អ៊ី រិន អ្នកនាំពាក្យ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ VOA​ ថា ​ចៅក្រម​ស៊ើប​សួរ​នឹង​សម្រេច​នៅ​ពេល​ខាង​មុខ​ថា​តើ​នឹង​បញ្ជូន​លោក កឹម សុខា ទៅ​កាន់​ការ​ជំនុំ​ជម្រះ ឬ​ក៏​លើក​លែង​ការ​ចោទ​ប្រកាន់។

VOAបាន​ព្យាយាម​ទាក់ទង​លោក គី ឫទ្ធី ចៅ​ក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ តែ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​បាន​ទេ។

មេធាវី​របស់​លោក កឹម សុខា គឺ​លោក ផេង ហេង បាន​ថ្លែង​ប្រាប់ ​VOA​ ថា​ប្រសិន​បើ​ករណី​លោក កឹម សុខា ត្រូវ​បញ្ជូន​ជំនុំ​ជម្រះ នោះ​នីតិវិធី​អាច​ត្រូវ​ការ​ពេល​ជា​ច្រើន​ខែ ឬ​រហូត​ដល់​ឆ្នាំ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖

«ធម្មតា​ក្នុង​អំឡុង ជន​ត្រូវ​ចោទ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ នៅ​ក្រៅ​ឃុំ​អញ្ចេះ ព្រះរាជ​អាជ្ញា​មាន​សិទ្ធិ​ដល់​ទៅ​ពីរ​សប្ដាហ៍ ប៉ុន្តែ​ការ​សន្និដ្ឋាន​របស់​គាត់​ថ្ងៃ​ណា​ក៏​បាន មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ក៏​បាន»។

លោក​បន្ថែម​ថា៖

«នីតិវិធី​ដែល​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​វា​ទៅ​តាម​ពេល​វេលា​សមរម្យ​របស់​ចៅ​ក្រម​កាន់​សំណុំ​រឿង​ជំនុំ​ជម្រះ​បើក​សវនាការ។ អត់​បាន​ដាក់​ថា ​កំណត់​ពេល​ជាក់​លាក់​ទេ។ រឿង​ខ្លះ រឿង​ធម្មតាៗ អាច​រាប់​ខែ រាប់​ឆ្នាំ​អញ្ចឹង​ដែរ»។

លោក​ ​កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ដោយ​ត្រូវ​ចោទ​ប្រកាន់​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ លោក កឹម សុខា និង​សហរដ្ឋ​អាមេរិក បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ជា​បន្ត​បន្ទាប់។

អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​បាន​បដិសេធ​អត្ថាធិប្បាយ​លើចំណាត់​ការ​ថ្មីៗ​របស់​តុលាការ​លើ​ករណី​លោក កឹម សុខា។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ទាមទារ​ជា​បន្ត​បន្ទាប់​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​លោក កឹម សុខា។

កូនស្រី​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា បាន​ថ្លែង​ប្រាប់ ​VOA​ តាម​សារ​អេឡិចត្រូនិក​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស។ កញ្ញា​បន្ត​ថា​ដោយ​សារ​ការ​ដាក់​គំនាប​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ទើប​ករណី​របស់​លោក កឹម សុខា បាន​ធូរ​ស្រាល។

កាល​ពី​ថ្ងៃ​អង្គារ សហភាព​អឺរ៉ុប​បាន​ផ្ញើ​របាយការណ៍​បឋម​លើក​ទី​ពី​រ​របស់​ខ្លួន​ស្តីពី​ស្ថានភាព​ប្រទេស​កម្ពុជា​ ក្រោម​ក្របខ័ណ្ឌ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​» ឬ​ហៅ​ថា​ EBA ​ទៅ​រដ្ឋាភិបាល​កម្ពុជា។ សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ មួយ​ខែ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​របាយ​ការណ៍​នេះ​ មុន​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​ និង​ពាណិជ្ជកម្ម​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ចុងក្រោយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ថា​ សហភាព​អឺរ៉ុប​នឹង​បន្ត​ទុក​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ពី​ឋានៈ​អនុ​គ្រោះពន្ធ EBA ឬ​ក៏​ត្រូវ​ព្យួរ។

កញ្ញា កឹម មនោ​វិទ្យា បាន​បញ្ជាក់​ថា បើ​សិន​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ នោះ​កម្ពុជា​អាច​បង្ហាញ​ពីការ​ផ្សះ​ផ្សា​ជាតិ។ ប៉ុន្តែ ​កញ្ញា​បញ្ជាក់​ថា បើ​មាន​ការ​កាត់​ទោស​លោក កឹម សុខា សហរដ្ឋ​អាមេរិក​ មិន​អាច​ទទួលយក​បាន​នោះ​ទេ ហើយអាច​មាន​ការ​ឆ្លើយ​តប​អវិជ្ជមាន​ណាមួយ​ពី​សហរដ្ឋ​អាមេរិក។

គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ តាម​អំណាច​សាល​ដីកា​របស់​តុលាការ​កំពូល​ ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រឆាំង​នេះ មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ក្រោយ​គណបក្ស​ត្រូវ​បាន​រំលាយ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ក្នុង​នោះ​មាន​លោក កឹម សុខា ផង​ដែរ។

លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ថា​លោក កឹម សុខា អាច​ធ្វើ​នយោបាយ​បាន ដោយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​និង​អនុញ្ញាត​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ អាច​ធ្វើ​នយោបាយ​បាន​ឡើង​វិញ។

លោកស្រី​បាន​ថ្លែង​ប្រាប់​VOAថា៖

«ទម្លាក់​ការ​ចោទ​ប្រកាន់​គ្រប់​ករណី​ទាំង​អស់ ដើម្បី​លោក​ប្រធាន​កឹម សុខា អាច​ចូល​មក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​តួនាទី​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ទាំង​អស់​នេះ ទើប​អាច​ផ្ដល់​យុត្តិធម៌​ជូន​លោក​ប្រធាន​ កឹម សុខា»។

អ្នក​នាំ​ពាក្យ​របស់​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា បាន​បញ្ជាក់​ថា ការ​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​នេះ គឺ​ដោយសារ​គំនាប​របស់​សហភាព​អឺរ៉ុប​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។

លោក​បញ្ជាក់​ថា៖

«អញ្ចឹង​ស​បញ្ជាក់​ថា ការណ៍​ដែល​ឆ្លើយ​តប​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​របស់​សហភាព​អឺរ៉ុប​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ហើយ។ ប៉ុន្តែ​សម្រាប់​យើង យើង​មិន​ចង់​ថា​សម្ពាធ​ទាំង​អស់​នេះ មិន​មែន​ជា​រឿង​មួយ​ដែល​អាច​ដោះ​ស្រាយ​រយៈ​ពេល​យូរ​អង្វែង​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​ឃើញ​បំផុត​ ​អ្នក​នយោបាយ​នៅ​ប្រទេស​កម្ពុជា​យើង​មូល​មាត់​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី»៕

XS
SM
MD
LG