ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ឲ្យ​​បដិសេធ​សំណើ​ធ្វើ​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ឡាវ


លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា (NGO Forum) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្តីពី​ការព្រួយ​បារម្ភ​របស់​សង្គមស៊ីវិល​លើ​គម្រោង​សាង​សង់​ទំនប់វារី​អគ្គិសនី​របស់​ឡាវឈ្មោះ Pak Beng។ (ស៊ុន ណារិន/VOA)
លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា (NGO Forum) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្តីពី​ការព្រួយ​បារម្ភ​របស់​សង្គមស៊ីវិល​លើ​គម្រោង​សាង​សង់​ទំនប់វារី​អគ្គិសនី​របស់​ឡាវឈ្មោះ Pak Beng។ (ស៊ុន ណារិន/VOA)

លោក​ តឹក វណ្ណារ៉ា បញ្ជាក់​ថា​ ក្រុម​សង្គម​ស៊ីវិល​នឹង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ គោលជំហរ​និង​សំណើ​សុំ​បដិសេធ​នៃ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​សំណើ​របស់​ប្រទេស​ឡាវ​ដើម្បី​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ប៉ាក់ បេង (Pak Beng)។ ​ពួកគេ​លើក​ឡើង​ថា​ទំនប់​នេះ ​នឹង​ប៉ះពាល់​លំហូរ​ទឹក​និង​ធន​ធាន​ជល​ផល​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា (NGO Forum on Cambodia) លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា​សម្ព័ន្ធ​ទន្លេ​មេគង្គ​ដែល​មាន​សមាជិក​បណ្ដាញ​ជាតិចំនួន​៥២​អង្គការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ដាក់​សំណើ​ទៅ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ ​ដើម្បី​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួក​គេ​លើ​គម្រោង​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ថ្មី​នេះ។ លោក​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​បន្ត​ថា ផល​ប៉ះពាល់​នៃ​ទំនប់​ពីរ​របស់​ឡាវ​ មិន​ទាន់​មាន​ការ​សិក្សា​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ហើយ​មក​ដល់​ពេល​នេះ​ ប្រទេស​ឡាវ​ស្នើ​សុំ​ការ​ស្ថាបនា​ទំនប់​វារីអគ្គិសនី​មួយ​ផ្សេង​ទៀត។

លោក​ តឹក វណ្ណារ៉ា បញ្ជាក់​ថា​ ក្រុម​សង្គម​ស៊ីវិល​នឹង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ គោលជំហរ​និង​សំណើ​សុំ​បដិសេធ​នៃ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ។

«អញ្ចឹង​យើង​នឹង​ផ្ញើ​ជូន​នូវ​ការ​សិក្សា​កន្លង​មក​ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​និង​បទពិសោធន៍​កន្លង​មក ហើយ​និង​គោល​ជំហរ​ទៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ឯក​ឧត្ដម​រដ្ឋមន្ត្រី​ពាក់ព័ន្ធ បន្ទាប់​មក​យើង​ធ្វើ​ការ​ជាមួយ​សភា​ជាតិ​យើង​ដែល​ជា​តំណាង​ប្រជាជន​ហើយ​និង​អន្តរ​សភា​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ»។

ទំនប់​វារីអគ្គិសនី ប៉ាក់ បេង ដែល​ផ្ដល់​ថាមពល​ក្នុង​បរិមាណ​៩១២​មេហ្គាវ៉ាត់​នេះ មាន​តម្លៃ​ប្រមាណ​ ១៨៨០​លាន​ដុល្លារ​អាមេរិក ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល១៥៤០​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា~ឡាវ។

ទំនប់​សាយ៉ាប៊ូរី (Xayaburi) ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១២៦០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​
ទំនប់​សាយ៉ាប៊ូរី (Xayaburi) ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១២៦០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​

ខណៈ​គម្រោង​សាងសង់​ទំនប់​ថ្មី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​គ្នា​នៅឡើយ​នេះ ទំនប់​ពីរ​ផ្សេង​ទៀត​របស់​ឡាវ គឺ​ទំនប់​សាយ៉ាប៊ូរី (Xayaburi) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១២៦០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​និង​ទំនប់​ដនសាហុង (Don Sahong) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១,៥គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ដែរ​នោះ ​កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូង​ចម្រាស​ និង​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​របស់​ប្រជាជន​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​និង​សហគមន៍​អន្តរជាតិ។

ប្រសិន​បើ​មាន​ការ​សាងសង់​មែន ទំនប់​វារី​អគ្គិសនី​ប៉ាក់ បេង​ នេះ ​នឹង​ក្លាយ​ជា​ទំនប់​ទី​បី​ក្នុង​ចំណោម​គម្រោង​សាងសង់​ទំនប់​ចំនួន១១​របស់​ឡាវ​នៅ​លើ​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ។

សាស្ត្រាចារ្យ​និង​ជា​អ្នក​ស្រាវជ្រាវនៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​គឺ​លោក អឿង ចន្ថា​ ដែល​សិក្សា​លើ​ធនធាន​ទឹក មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​នេះ​ថា ​គួរ​តែ​មាន​ការ​សិក្សា​ឲ្យបាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត មុន​នឹង​ការស្ថាបនា​ទំនប់​នេះ។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​រង់ចាំ​ពី៥​ទៅ​១០​ឆ្នាំ​ទៀត ដើម្បី​មើល​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ដែល​កំពុង​មាន​ស្រាប់ មុន​ឈាន​ទៅ​ដល់​ការ​ស្ថាបនា​ទំនប់​ផ្សេង​ទៀត។

លោក​សម្ដែង​ការ​ព្រួយបារម្ភ​ពី​លំហូរ​ទឹក​មិន​គ្រប់​គ្រាន់​នៅ​រដូវ​ប្រាំង​ កំណក​កករ​ល្បាប់​នៅ​ទន្លេ​មេគង្គ​ សុវត្ថិភាព​នៃ​ការ​ធ្វើ​ទំនប់ ​និង​ផល​ប៉ះពាល់​ដល់​ធនធាន​ជលផល​ផ្សេងៗ។​

លោក ​អឿង ចន្ថា មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​សូម​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​សិក្សា​ទាំង​បច្ចេកទេស ក៏​ដូចជា​សង្គម​និង​សេដ្ឋកិច្ច​ឡើង​វិញ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ថា​តើ​ផល​វិបាក​យើង​អាច​ជៀស​បាន យើង​កាត់​បន្ថយ​បាន។ ហើយ​ការ​ចែក​ផល​ប្រយោជន៍​រវាង​ប្រទេស​ហ្នឹង​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ហ្នឹង​មាន​សមធម៌​គ្នា»។

អង្គការ​ទន្លេ​អន្តរជាតិ (International Rivers )ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​កាល​ពី​ខែ​មករា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បង្ហាញ​ពី​ការ​បារម្ភ​អំពី​ទំនប់​វារីអគ្គិសនី​មួយ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា៖

«ទំនប់​វារីអគ្គិសនី ប៉ាក់​ បេង នឹង​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​សហគមន៍​ក្រៅ​តំបន់​ក្នុង​ប្រទេស​ថៃ​និង​ពេញ​តំបន់​ទន្លេ​មេគង្គ រួម​នឹង​ការ​ប៉ះពាល់​នៃ​គម្រោង​វារីអគ្គិសនី​ដែល​មាន​ស្រាប់»។

បើ​យោង​តាម​អង្គការ​អន្តរជាតិ​មួយ​នេះ មនុស្ស​ប្រមាណ​៦៧០០​នាក់ នឹង​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយ​សារ​ការ​សាងសង់​ទំនប់​ទាំង​នេះ។

អ្នក​សម្រប​សម្រួល​បណ្ដាញ​ប្រជា​នេសាទ​បឹង​ទន្លេសាប លោក ឡុង សូចែត មក​ពី​ខេត្ត​ពោធិ៍សាត់ មាន​ប្រសាសន៍​ថា​ ទន្លេ​មេគង្គ​ជា​ប្រភព​ទឹក​និង​ធនធាន​ត្រី​ដ៏​សំខាន់​មួយ​សម្រាប់​បឹង​ទន្លេសាប។

លោក​បង្ហាញ​ក្ដី​បារម្ភ​ថា​ ទំនប់​នេះ​អាច​ប៉ះពាល់​ទឹក​និង​ធនធាន​ជលផល​នៅ​កម្ពុជា។ លោក​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​នៃ​ទន្លេ​មេគង្គ​ដាក់​សម្ពាធ​លើ​ប្រទេស​ឡាវ​ កុំ​ឲ្យ​មាន​ការ​សាងសង់​ទំនប់​នេះ។

«សម្រាប់​ខ្ញុំ​ក្នុង​នាម​ឲ្យ​សហគមន៍​ដែល​រស់នៅ​ក្នុង​ដង​ទន្លេ​មេគង្គ​ ក៏​ដូច​ជា​ទន្លេ​សាប​ដែរ​ក្នុង​ប្រទេស​កម្ពុជា គឺ​មិន​គាំទ្រ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ទេ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យប៉ះពាល់​ដល់​ការ​រស់នៅ ក៏ដូចជា​ការ​ចិញ្ចឹម​ជីវិត។ នេះ​គឺ​សំណូមពរ ក៏​ដូច​ជា​ក្ដី​ព្រួយ​បារម្ភ​ផង​ដែរ»។

លោក តែ ណាវុធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ ថ្លែង​ប្រាប់ VOAថា​ក្រុម​ជំនាញ​កម្ពុជា​ នឹង​វាយ​តម្លៃលើផល​ប៉ះពាល់នៃ​ទំនប់​នេះ​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៧​ តាម​ការ​ជូន​ដំណឹង​របស់​ប្រទេស​ឡាវ​ដែល​មាន​រយៈពេល​៦​ខែ។​

ទោះ​ជា​យ៉ាង​ណា លោក​លើក​ឡើង​ថា ទំនប់​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា ហើយ​លោក​ថា ​កម្ពុជា​នឹង​មិន​រង​ផល​ប៉ះ​ពាល់​ធំដុំ​នោះ​ទេ។

លោក​ស្នើ​ឲ្យ​សង្គម​ស៊ីវិល​ស្ដាប់​ការ​បង្ហាញ​របស់​ភាគី​ឡាវ​ពី​ការ​សិក្សា​គម្រោង​នេះ​ជា​មុន​សិន​នៅ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្លួងប្រាបាង​នៃ​ប្រទេស​ឡាវ​នៅ​សប្ដាហ៍​ក្រោយ​នេះ។

«ទៅ​ស្ដាប់​មើល​គម្រោង​ហ្នឹង​វា​យ៉ាងម៉េច គេ​សិក្សា​បាន​ដល់​ត្រឹម​ណា មាន​បញ្ហា​អី។ បញ្ហា​អី​ទៅ​តាម​ក្បួន​ច្បាប់​ទម្លាប់។ យើង​ទៅ​ស្ដាប់​យក​ព័ត៌មាន​ហ្នឹង​ទាំង​អស់​គ្នា»។

លោក​បញ្ជាក់​ថា ​ក្រោយ​ពី​វេទិកា​នេះ​ កម្ពុជា​នឹង​បើក​ឲ្យ​មានការពិភាក្សា​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ខែ​មីនា​ខាង​មុខ​នេះ ​មុន​នឹង​ផ្ដល់ការ​ឆ្លើយ​តប​ជាផ្លូវ​ការ​ចុង​ក្រោយ​ទៅ​ភាគី​ឡាវ។

ប្រទេស​ឡាវ​ គ្រោង​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​បន្ថែម​ទៀត ដោយ​សារ​ការ​កើន​ឡើង​នៃ​តម្រូវការ​នៃ​ការ​នាំ​ចេញ​អគ្គិសនី​ទៅ​ប្រទេស​ជិត​ខាង​ និង​ដើម្បី​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

លោក តឹក វណ្ណារ៉ា បាន​ផ្ដល់​ជា​យោបល់​ឲ្យ​ប្រទេស​ឡាវ ​ពិនិត្យ​មើល​ជម្រើស​ផ្សេងទៀត​ដើម្បី​ទទួល​បាន​ថាមពល ​ក្រៅ​ពី​ការ​ស្ថាបនា​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ៕

XS
SM
MD
LG