ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ក្នុង​រដ្ឋ California ​នៅ​តែ​បន្ត​ជម្លៀស​ចេញ​ខណៈ​ដែល​អាជ្ញាធរ​ព្យាយាម​ជួស​ជុល​ទំនប់​ទឹក


ផ្លូវ​ទឹក​សម្រាប់​គ្រា​មាន​អាសន្ន​​នៅទំនប់​ Oroville ត្រូវ​បាន​គេ​ឃើញ​ធ្លាយ​ចេញ​ កាល​ពី​ថ្ងៃទី​១១ ខែ​កុម្ភៈ។ អាជ្ញាធរ​កំពុង​បន្ត​ជម្លៀស​ពលរដ្ឋ​ទៅ​ទី​មាន​សុវត្ថិភាព។

មនុស្ស​ជិត​២​សែន​នាក់​នៅ​តែស្ថិត​នៅ​ក្រោម​បទ​បញ្ជា​ឲ្យ​ជម្លៀស​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ​នៅរដ្ឋ​ California ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ​ខណៈ​ដែល​ពួក​អាជ្ញាធរ​បាន​ព្យាយាម​ជួស​ជុល​ផ្លូវ​ទឹក​សម្រាប់គ្រា​មាន​អាសន្ន​នៅ​ឯ​ទំនប់​ទឹក​ដ៏​ខ្ពស់​បំផុត​របស់​ប្រទេស​អាមេរិក​ដើម្បី​កុំ​ឲ្យ​វា​ធ្លាយ ​និងកុំ​ឲ្យ​មាន​ទឹក​ជន់​ខ្លាំង​ដែល​មិន​អាច​ទប់​ទល់បាន។

ភាព​ចំាបាច់​ភ្លាមៗ​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ជម្លៀស​មនុស្ស​ចេញ​ហាក់​ដូចជា​ចុះ​ថយ វិញ​ហើយ ​ក៏​ប៉ុន្តែ​ពួក​មន្រ្តី​បាន​វាយ​តម្លៃ​រក​វិធី​ជួស​ជុល​ផ្លូវ​ទឹក​ដែល​ទឹក​ហៀរ​ចេញ​នៅ​ទំនប់​ Oroville នេះ ​មុន​ពេល​សម្រេច​ថា​តើ​ទំនប់​នោះ​មាន​សុវត្ថិភាព​ដែល​អាច​ឲ្យ​មនុស្ស​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​សហគមន៍ដាច់​ស្រយាល​នានា​ដែល​ស្ថិត​នៅ​ចម្ងាយ​២៤០​គីឡូ​ម៉ែត្រ​ភាគ​ឦសាន្ត​ទីក្រុង ​San Francisco ​ដែរ​ឬ​ទេ។

លោក ​Kory Honea ​ប៉ូលិស​សង្កាត់ ​Butte ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថ៖ «ឥឡូវ​នេះ ​មិន​មាន​ទឹក​នៅ​ក្នុងផ្លូវ​ទឹក​សម្រាប់​គ្រា​អាសន្ន​ទេ ប៉ុន្តែ​បើ​ទោះ​ជា​វា​មាន​ស្ថិរភាព​ចំពោះ​ស្ថានការណ៍ជាក់​ស្តែង​ក៏​ដោយ ​នៅ​មាន​ភាព​មិន​ប្រាកដ​ប្រជា​យ៉ាង​ច្រើន។​ យើង​មិន​ទាន់​សម្រេច​នៅ​ឡើយ​ថា​តើ​វា​មាន​សុវត្ថិភាព​ដល់​តំបន់​ដែល​មនុស្ស​រស់​នៅដែរ​ឬ​អត់​ទេ»។

ទំនប់​ដែល​មាន​ប្រវែង​២៣៥​ម៉ែត្រ ​ដែល​រាំង​ខ្ទប់​បឹង​ Oroville​ មិន​បាន​បាក់​ទេ។ ពួក​អាជ្ញាធរ​បាន​បញ្ចេញ​ទឹក​២៨៣០​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី​ពី​ផ្លូវ​ទឹក​ដ៏​សំខាន់​មួយនេះ​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​បន្ថយ​ទឹក​នៅ​ក្នុង​អាង​ស្តុក​ទឹក​ ដោយមិន​ឲ្យ​ហូរ​ចូល​ព្រែក​ជីក​សម្រាប់​គ្រា​អាសន្ន។​ ពួក​មន្រ្តី​កំពុង​ព្យាយាម​បញ្ចុះ​កម្រិត​ទឹក ​១៥ ម៉ែត្រ​នៅ​ក្នុង​ទំនប់​ទឹក​នោះ​មុន​មាន​ព្យុះ​កាន់​តែ​ច្រើន​ថែម​ទៀតដែល​គេ​បាន​ព្យាករណ៍​ថានឹងប៉ះ​ពាល់​តំបន់​នោះ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។

ភាព​អាសន្ន​នេះបណ្តាល​មក​ពី​ព្យុះ​រដូវ​ត្រ​ជាក់។ វាបាន​ធ្វើ​ឲ្យ​មាន​ភាព​ធូស្រាល​ដល់​រដ្ឋ​ដែល​មនុស្ស​រស់​នៅ​ច្រើន​បំផុតបន្ទាប់​ពីការ​រាំង​ស្ងួត​អស់​រយៈ​ពេល​៤​ឆ្នាំ ​ក៏ប៉ុន្តែ​កម្រិត​ទឹកនៅ​ខាង​ក្រោយ​ទំនប់​នេះ​បាន​បង្ខំ​ឲ្យ​ពួក​មន្រ្តី​ប្រើ​ប្រាស់ផ្លូវ​ទឹក​សម្រាប់គ្រា​អាសន្ន​ជា​លើកដំបូង​នៅ​ក្នុង​រយៈ​ពេល​ជិត​៥០​ឆ្នាំ​នេះ។ ​ការ​ជម្លៀស​មនុស្សបាន​ត្រូវ​បញ្ជា​បន្ទាប់​ពី​វិស្វករ​បាន​ប្រទះ​ឃើញ​រន្ធ​នៅ​ក្នុងផ្លូវ​ទឹក​សម្រាប់​គ្រាអាសន្ន។

​បន្ថែម​ពី​នោះ ​មាន​ការ​សឹក​ច្រោះ​ដែល​មិន​ធ្លាប់​មាន​មួយ​នៅ​ក្នុង​ផ្លូវ​ទឹក​ដ៏​សំខាន់ ​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ដែល​បាន​ធ្វើ​ឲ្យ​ស្នាម​ប្រេះ​ប្រវែង​៦០​ម៉ែត្រ​និង​ជម្រៅ​៩ម៉ែត្រ ​ទោះ​យ៉ាង​នោះ​ក៏ដោយ ​ពួក​អាជ្ញា​ធរ​បាន​និយាយ​ថា​ស្នាម​ដូច​ជា​រូង​នោះបាន​បញ្ចប់​ហើយ។

​លោក​ Jerry Brownអភិបាល​រដ្ឋ California ​បាន​និយាយ​ថា៖ «​វា​ជាការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កាលៈ​ទេសៈ​នេះ​មាន​ភាព​ស្មុគ្រ​ស្មាញនិង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស។ ​រដ្ឋ​កំពុង​បង្គាប់​ឲ្យ​បញ្ជូន​បុគ្គលិក​និង​ធនធាន​សំខាន់ៗ​ដើម្បី​ដោះ​ស្រាយ​ស្ថានភាព​ដ៏​ធ្ងន់​ធ្ងរ​នេះ»។

ការ​ជម្លៀស​នោះ​បាន​ធ្វើ​ឲ្យ​កក​ស្ទះនៅ​តាម​ផ្លូវ​ចេញ​ចូល​នានា​នៅ​ក្នុង​តំបន់​នោះ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ពួក​មន្រ្តី​បាន​ព្រមានពួក​គេ​ពី​លទ្ធភាព​នៃ​ការ​បាក់​ផ្លូវ​ទឹក​សម្រាប់​គ្រាអាសន្ន​ ​ដោយ​បានបញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ចេញ​ពី​សហគមន៍​នានា​នៅ​ក្នុង​ជ្រលង​នៅ​ក្រោម​ទំនប់​ទឹក​ថា ​ការ​ជម្លៀស​នេះ​មិន​មែន​ជា​ការ​ហាត់​សម​ទេ។

​លោក Greg Levias ​អ្នក​ស្រុក​នៅ​តំបន់​នោះ ​បាន​និយាយនៅ​ពេល​ដែល​លោក​បាន​ចាក​ចេញជាមួយ​ប្រពន្ធ​ កូន​ប្រុស​២​នាក់​និង​ឆ្កែ​របស់​គាត់ ៣​សប្តាហ៍​បន្ទាប់​ពី​រើ​ទៅ​កាន់​សហគមន៍​ផ្សេង​ទៀត​ថា៖ «ខ្ញុំ​មាន​ការ​រន្ធត់​ចិត្ត​ណាស់‍»។

​បឹង Oroville ​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​បណ្តាញ​ចែក​ចាយ​ទឹក​របស់រដ្ឋាភិបាល​ California ​ដើម្បី​ផ្គត់​ផ្គង់​ទឹក​សម្រាប់​តំបន់​កសិកម្ម​ដ៏​ធំ​ល្វឹង​ល្វើយ​នៅ​ផ្នែក​ភាគ​កណ្តាល​នៃ​រដ្ឋ​ស្ថិត​តាម​បណ្តោយ​ឆ្នេរមហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ ​និង​ផ្គត់​ផ្គង់​ទឹក​សម្រាប់​អ្នក​ស្រុក​និង​ពាណិជ្ជកម្ម​នៅ​ផ្នែក​ខាង​ត្បូង​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​កុះ​ករ៕

XS
SM
MD
LG