ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាគាំទ្រឲ្យ Zaman បន្តប្រតិបត្តិការរបស់ខ្លួន


សាលា​ហ្សាម៉ាន់​អន្តរជាតិ​នៅ​សាខាខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ស្ថានទូត​តួកគីប្រចាំ​ប្រទេស​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ឲ្យ​បិទសាលា​ហ្សាម៉ាន់​ទាំង​អស់​។​ (ឡេង ឡែន/VOA)
សាលា​ហ្សាម៉ាន់​អន្តរជាតិ​នៅ​សាខាខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ស្ថានទូត​តួកគីប្រចាំ​ប្រទេស​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ឲ្យ​បិទសាលា​ហ្សាម៉ាន់​ទាំង​អស់​។​ (ឡេង ឡែន/VOA)

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យលើការអនុញ្ញាតឲ្យសាលារៀន និងសាកលវិទ្យាល័យ Zaman បន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងវិស័យអប់រំ ទោះបីជាមានការស្នើសុំជាបន្តបន្ទាប់ពីស្ថានទូតសាធារណរដ្ឋតួកគីឲ្យបិទគ្រឹះស្ថានអប់រំនេះក្តី។

សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​លើ​ការ​អនុញ្ញាត​ឲ្យ​សាលារៀន​ និង​សាកល​វិទ្យាល័យ​ Zaman ​បន្ត​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​អប់រំ​ ទោះ​បី​ជាមាន​ការ​ស្នើ​សុំ​ជាបន្ត​បន្ទាប់​ពី​ស្ថានទូត​សាធារណ​រដ្ឋ​តួកគី​ឲ្យ​បិទ​គ្រឹះស្ថាន​អប់រំ​នេះ​ក្តី។​

សមាគម​នេះ​បាន​ចាត់​ទុកថា​ ​ការ​ស្នើ​ឲ្យ​បិទ​គ្រឹះស្ថាន​សិក្សា​ឯកជន​ Zaman​ ដោយ​អ្នក​ការទូត​ជាន់​ខ្ពស់​តួកគី​ ដោយ​ទាំង​ពុំទាន់​មាន​ភ័ស្តុតាង​ច្បាស់​លាស់​នោះ​គឺ​ពុំទាន់​ត្រឹម​ត្រូវ​តាម​ច្បាប់​កម្ពុជា​នៅ​ឡើយ​ ហើយ​ថែម​ទាំង​ធើ្វឲ្យមាន​ភាព​ភ័យ​ព្រួយ​ដល់​អនាគត​របស់​សិស្ស​ និង​និស្សិត​កម្ពុជា​ ដែល​កំពុង​តែសិក្សា​ក្នុង​គ្រឹះស្ថាន​អប់រំ​នេះ​ផង​ដែរ។​

​សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​សៅរ៍​ បាន​បញ្ជាក់​ថា៖​«សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ សូម​អំពាវនាវ​ដល់​អ្នកគ្រប់​គ្រង​ បុគ្គលិក​ កម្មករ​ លោកគ្រូ​ អ្នកគ្រូ​ សាស្ត្រាចារ្យ​ សិស្សានុសិស្ស​ និស្សិត​ និង​មាតា​បិតា​ រួមទាំង​អាណាព្យាបាល​ សូម​មេត្តា​ស្ងាត់​ស្ងៀម​ និង​បន្ត​ដំណើរការ​បង្រៀន​ និង​រៀន​របស់​ខ្លួន​ឲ្យ​បាន​ជាប់​លាប់​ និង​ទុក​លទ្ធភាព​ឲ្យ​រាជ​រដ្ឋាភិបាល​យើង​ដោះស្រាយ»។​

តាំង​ពី​ឆ្នាំ​១៩៩៧​រហូត​មក​ដល់​ពេល​នេះ​ សាលា​ Zaman ​មាន​សិស្ស​ចុះ​ឈ្មោះ​ចំនួន​ប្រហែល​២.០០០​នាក់​ ដែល​កំពុង​សិក្សា​ចាប់​ពីថ្នាក់​មតេ្តយ្យ​រហូត​ដល់​កម្រិត​មហា​វិទ្យាល័យ។​

លោក​ដេត សុខឧត្តម​ ​សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ Zaman​ កម្ពុជា​ បាន​ប្រាប់​ VOA ​កាលពី​ព្រឹកថ្ងៃ​អាទិត្យ​ថា​ គ្រឹះស្ថាន​សិក្សា​ Zaman​ នឹង​នៅ​តែបន្ត​ប្រតិបតិ្ត​ការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទោះបី​ជា​មាន​ការ​ចោទ​ប្រកាន់ពី​ស្ថានទូត​សាធារណ​រដ្ឋ​តួកគី​បែប​ណា​ក្តី។​

រូបឯកសារ៖ លោកបណ្ឌិត ដេត សុខឧត្តម ព្រឹទ្ធបុរសផ្នែកកិច្ចការសិក្សាធិការនៃសាកលវិទ្យាល័យហ្សាម៉ាន់ ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ «ការវិវត្តចុងក្រោយនិងទស្សនវិស័យនៃទំនាក់ទំនងកម្ពុជាថៃ» នៅ​ក្នុងកម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣ ខែមីនា ឆ្នាំ​២០១៦។
រូបឯកសារ៖ លោកបណ្ឌិត ដេត សុខឧត្តម ព្រឹទ្ធបុរសផ្នែកកិច្ចការសិក្សាធិការនៃសាកលវិទ្យាល័យហ្សាម៉ាន់ ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ «ការវិវត្តចុងក្រោយនិងទស្សនវិស័យនៃទំនាក់ទំនងកម្ពុជាថៃ» នៅ​ក្នុងកម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣ ខែមីនា ឆ្នាំ​២០១៦។

លោក​និយាយ​ថា​ រហូត​មក​ទល់​នឹង​ពេល​នេះ​ ​ស្ថានទូត​ក៏​កំពុង​រក​ភ័ស្តុតាង​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​ដែល​ថា​ គ្រឹះស្ថាន​សិក្សា​ Zaman​ មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាពភេរវ​កម្ម​នោះ។​

«ខ្ញុំ​ជឿ​ថា​ គាត់​ព្យាយាម​រក​ហើយ​ ប៉ុន្តែ​សំខាន់​ វាអត់​មាន។​ ដល់​ពេល​អញ្ចឹងទៅ​ដូច​ជា​ ជាក់​ស្តែង​ ដូច​ខ្ញុំ​អាន​ព័ត៌មាន​ជុំវិញ​ពិភពលោក​អី​ ក៏​ឃើញ​ថា​ សូម្បី​តែ​ការ​ចោទ​ប្រកាន់​លោក​ Gulen ​នៅ​អាមេរិក​អី ក៏​ខាង​តួកគី​ហ្នឹង​ក៏បាន​សារភាព​ថា​ ខ្លួន​អត់មាន​ភ័ស្តុតាង​អី​បង្ហាញ​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រក​ឃើញ​ថា​ លោក​ Gulen​ នៅ​ពី​ក្រោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​អី​ដែរ​ហ្នឹង។​ អញ្ចឹង​រឿង​នេះ​វាដូច​ជា ​ហ្នឹង​ហើយ​ ខ្ញុំ​គិត​ថា​ វា​មិន​ទៅ​ណា​ សំខាន់​គាត់​អត់​ភ័ស្តុតាង»។​

លោក​បន្ថែម​ថា​ សាកល​វិទ្យាល័យ​ Zamanដំណើរ​ការ​ធម្មតា​ ហើយ​ការ​ចុះ​ឈ្មោះ​ប្រឡង​យក​អាហារូបករណ៍​ពី​សាកល​វិទ្យាល័យ​នេះ​ក៏មាន​ចំនួន​កើនឡើង​គឺ​មាន​ប្រមាណ​ជាង​៥០០​នាក់។​

យ៉ាង​ណាក៏ដោយ​ លោក​ អ៊ីល ហាន​ ខេម៉ាល់ធូ​ (Ilhan Kemal Tug)​ ឯក​អគ្គរដ្ឋទូត​សាធារណ​រដ្ឋ​តួកគី​ប្រចាំ​នៅ​កម្ពុជា​ ដែល​ធ្លាប់​ស្នើ​ឲ្យ​លោក​ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ បិទ​គ្រឹះ​ស្ថាន​សិក្សា Zaman បាន​ប្រាប់​ VOA​ កាលពី​ថ្ងៃ​អាទិត្យ​ថា​ ការ​លើក​ពី​បញ្ហា​ច្បាប់​របស់​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ មិន​ទាក់​ទង​គ្នា​នឹង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ភេរវកម្ម​នោះ​ទេ។​ លោក​ឯក​អគ្គរដ្ឋ​ទូត​នៅតែ​ប្រកាន់​ជំហរ​ថា​ គ្រឹះស្ថាន​អប់រំ​ Zaman​ មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវ​កម្ម​ដដែល។​

លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា ជួបពិភាក្សាជាមួយនឹងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការស្នីសុំឲ្យបិទសាសា Zaman ទាំងអស់នៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ​ ទី២២ ខែសីហា ឆ្នាំ២០១៦។
លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា ជួបពិភាក្សាជាមួយនឹងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការស្នីសុំឲ្យបិទសាសា Zaman ទាំងអស់នៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ​ ទី២២ ខែសីហា ឆ្នាំ២០១៦។

«បញ្ហា​នេះគឺ​មិនមែន​ទាក់​ទង​តែ​នឹង​ច្បាប់​កម្ពុជា​នោះ​ទេ។ នេះ​មិនមែន​ជា​បញ្ហា​ទេ។​ បញ្ហា​គឺ​ថា​ ​មនុស្ស​ទាំង​អស់​នេះ​ អង្គភាព​នេះ​កំពុង​ធ្វើ​ប្រតិបតិ្ត​ការ​ មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ។​ ពួក​គេ​កំពុង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ផ្តល់​ធនធាន​ហិរញ្ញ​វត្ថុ​ និង​ការ​កសាង​បណ្តាញ​ទៅ​ដល់​អង្គការ​ភេរវកម្ម»។​

កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​មួយ​នៅ​ក្នុង​ប្រទេស​តួកគី។​ រដ្ឋ​ប្រហារ​នេះ​ត្រូវ​បាន​បង្ក្រាប​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Recep Tayyip Erdogan។

ក្រោយ​រដ្ឋប្រហារ​នោះ​ ឯក​អគ្គរដ្ឋទូត​សាធារណ​រដ្ឋ​តួកគី​ប្រចាំ​កម្ពុជា​បាន​ចាត់​ទុក​ក្រុម​ Zaman Group ​ថា​ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​រដ្ឋ​ប្រហារ​នោះ។

បន្ទាប់​ពី​មាន​រដ្ឋប្រហារ​នៅ​ប្រទេស​តួកគី​នៅ​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា​កន្លង​ទៅ ​សាលា​អន្តរជាតិ​ Zaman ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​រដ្ឋ​ប្រហារ​នៅ​ប្រទេស​តួកគី ​និង​ការ​ចោទ​ប្រកាន់​របស់​ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា។​ ​សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន Zaman​ ​មិន​មាន​ការ​គាំទ្រ​ដល់​ការ​ចូល​រារាំង​របស់​ក្រុម​យោធា​ទេ ព្រោះ​ប្រជា​ពលរដ្ឋ​តួកគី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​តួកគី​អាច​នឹង​ទទួល​គ្រោះថ្នាក់​ចំពោះ​ការ​ប៉ុនប៉ង​នេះ។

លើស​ពីនេះ ក្រុមហ៊ុន​ Zaman ​បាន​អះអាង​ថា ​លោក Fethullah Gulen ​មិន​ដែល​ផ្ដល់​ការ​សម្រេច​ចិត្ត​ណាមួយ​ក្នុង​ការ​បង្កើត ​ឬ​ដំណើរ​ការ​របស់​សាលា​នោះ​ឡើយ។​

លោក​រស់ សាលីន​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រាប់​ VOA​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ថា​ ក្រសួង​អប់រំ​ មិន​មាន​ដែន​សមត្ថកិច្ច​លើ​ការ​សម្រេច​អំពី​ការ​បិទ​គ្រឹះស្ថាន​សិក្សា​ Zaman ​នោះទេ។​ លោក​និយាយ​ថា​ បញ្ហា​របស់​គ្រឹះស្ថាន​ Zaman​ ត្រូវ​ការ​ដំណោះស្រាយ​នយោបាយ​តាម​ផ្នែក​ការទូត​រវាង​ប្រទេស​កម្ពុជា​ និង​សាធារណ​រដ្ឋ​តួកគី។​

«ករណី​នេះ​គឺ​ជា​ករណី​ដែល​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​សហ​ប្រតិបតិ្ត​ការ​ការទូត​រវាង​ ប្រទេស​និង​ប្រទេស​ ដែល​ការ​សម្រេច​ស្ថិត​នៅ​ក្នុង​កម្រិត​ជា​នយោបាយការទូត​ ដូច្នេះ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​គឺ​អនុវត្ត​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​តែ​ការ​អនុវត្ត​តាម​ច្បាប់​អប់រំ​ តាម​បញ្ញត្តិ​អប់រំ​ផ្សេងៗ​ ជា​ធរមាន​បាទ»។​

ប្រទេស​តួកគី​បាន​ចោទ​ថា ​ភេរវកម្ម​កាល​ពី​ខែ​កក្កដា​គឺ​បង្ក​ឡើង​ដោយ​ក្រុម​អង្គការ​ភេរវ​កម្ម​ FETO ​ដែល​មាន​លោក​ Gulen ​ជា​មេដឹក​នាំ។​ លោក​ Gulen ​គឺ​ជា​បព្វ​ជិត​ឥស្លាម​ និង​កំពុង​និរទេស​ខ្លួន​ក្នុង​រដ្ឋ​ Pennsylvania ​ប៉ែក​ខាង​កើត​ស.រ.អា.៕​

XS
SM
MD
LG