ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឯកអគ្គរដ្ឋទូតតួកគីបានស្នើជាផ្លូវការឲ្យបញ្ឈប់រាល់សកម្មភាពរបស់ក្រុមហ៊ុន Zaman នៅកម្ពុជា


លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគីប្រចាំនៅកម្ពុជា ផ្តល់បទសម្ភាសន៍ឲ្យ VOA អំពីការស្នើឲ្យរដ្ឋាភិបាលកម្ពុជាបិទសាលា Zaman ទាំងអស់នៅរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)

សំណើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃច័ន្ទនេះ។

ក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច​នៅ​ក្នុង​ប្រទេស​តួកគី​កាល​ពី​ខែ​កក្កដា​ ឯក​អគ្គ​រដ្ឋទូត​ប្រទេស​តួកគី​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​ Zaman​ ដែល​បើក​សាលារៀននៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​កម្រិត​មត្តេយ្យ​សិក្សា​ដល់​មហាវិទ្យាល័យ។ នៅ​ថ្ងៃ​ច័ន្ទ​នេះ ឯក​អគ្គ​រដ្ឋទូត​ប្រទេស​តួកគី​បាន​ស្នើ​ជាផ្លូវ​ការ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បិទ​គ្រឹះស្ថាន​អប់រំ​មួយ​នេះ ​ដោយ​លើកឡើង​ពី​ហានិភ័យ​នៃ​អំពើ​ភេរវកម្ម បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​តួកគី​បាន​ចោទ​ម្ចាស់​សាលា​នេះ​ថា​ មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ភេរវកម្ម​ និង​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស​តួកគី។​

សំណើ​នេះ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក Ilhan Kemal Tug ​ឯក​អគ្គ​រដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា​ជាមួយ​លោក​ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​

កាល​ពី​ពាក់កណ្ដាល​ខែ​កក្កដា ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​មួយ​នៅ​ក្នុង​ប្រទេស​តួកគី។​ រដ្ឋ​ប្រហារ​នេះ​ត្រូវ​បាន​បង្ក្រាប​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Recep Tayyip Erdogan។​

សាលា​ហ្សាម៉ាន់​អន្តរជាតិ​នៅ​សាខាខ័ណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ស្ថានទូត​តួកគីប្រចាំ​ប្រទេស​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ឲ្យ​បិទសាលា​ហ្សាម៉ាន់​ទាំង​អស់​។​ (ឡេង ឡែន/VOA)
សាលា​ហ្សាម៉ាន់​អន្តរជាតិ​នៅ​សាខាខ័ណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ស្ថានទូត​តួកគីប្រចាំ​ប្រទេស​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ឲ្យ​បិទសាលា​ហ្សាម៉ាន់​ទាំង​អស់​។​ (ឡេង ឡែន/VOA)

ក្រោយ​រដ្ឋប្រហារ​នោះ​ ឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​តួកគី​ប្រចាំ​កម្ពុជា​បាន​ចាត់​ទុក​ក្រុម​ Zaman Group ​ថា​ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​រដ្ឋ​ប្រហារ​នោះ។​ ក្រុម​ Zaman Group ​បាន​បង្កើត​សាលា​រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​កម្រិត​មតេ្តយ្យ​សិក្សា​រហូត​ដល់​មហា​វិទ្យាល័យ។​

ក្រោយ​ជំនួប​រវាង​ឯកអគ្គ​រដ្ឋទូត​តួកគី ​និង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ​លោក​ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​កម្ពុជា​មិន​ទាន់​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ទៅ​លើ​សំណើ​របស់​ប្រទេស​តួកគី​ដែល​ស្នើ​ឱ្យ​បិទ​សាលា​ Zaman ​នៅ​ឡើយ​ទេ។ ​លោក​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​នឹង​ពិចារណា​លើ​សំណើ​នេះ ​ហើយនឹង​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ។​

លោក​ជុំ សន្ទរី​មាន​ប្រសាសន៍​ថា៖​

«ខាង​ស្ថានទូត​តួកគី​បាន​លើក​សំណើ​ចំពោះ​ក្រសួង​ការ​បរទេស ​ស្នើ​សុំ​ឱ្យ​មាន​ការ​បិទ​សាលា​ Zaman ​ហើយ​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ការ​បរទេស​ (ប្រាក់ សុខុន) ​បាន​បញ្ជាក់​ជូន​ថា ​ក្រសួង​ការ​បរទេស​នឹង​ធ្វើ​ការ​ពិនិត្យ​ពិចារណា​លើ​សំណើ​នោះ​....ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។ ​ដូច្នេះ ​នេះ​ជា​ព័ត៌មាន​ដែល​យើង​អាច​ផ្ដល់​ជូន​នៅ​ពេល​នេះ។​ យើង​អត់​ទាន់​មាន​ព័ត៌មាន​អី​ដែល​ចូល​ជ្រៅ​ទៅ​ទៀត​ទេ​ណា៎! ​បាទ​ ដូច្នេះ​ព័ត៌មាន​ដែល​អាច​បញ្ជាក់​ជូន​បាន ​នៅ​ពេល​នេះ​គឺ​យើង​កំពុង​ធ្វើ​ការ​ពិនិត្យ​ ដោយ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​ស្ថាប័ន​ផ្សេង​ទៀត​របស់​កម្ពុជា​នៅ​លើ​បញ្ហា​នេះ»។​

លោក Ilhan Kemal Tug ​ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ប្រទេស​តួកគី​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​ភេវរកម្ម​ ហើយ​តួកគី​ក៏​កំពុង​ស្វែងរក​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ជាមិត្ត​ ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ ​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ។ ​លោក​បន្ត​ថា ​វត្តមាន​របស់​ស្ថាប័ន​ដែល​លោក​ថា​ មាន​ទំនាក់​ទំនង​ជាមួយ​អង្គភាព​ភេរវកម្ម​នោះ​នឹង​អាច​បង្ក​ហានិភ័យ​ដល់​កម្ពុជា​នា​ពេល​អនាគត។​

លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា ជួបពិភាក្សាជាមួយនឹងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការស្នីសុំឲ្យបិទសាសា Zaman ទាំងអស់នៅរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)
លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា ជួបពិភាក្សាជាមួយនឹងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការស្នីសុំឲ្យបិទសាសា Zaman ទាំងអស់នៅរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)

លោក ​Ilhan ​មាន​ប្រសាសន៍​ថា៖​

«រាល់​ប្រទេស​ដែល​មាន​អង្គភាព​ភេរវកម្ម​នេះ​ប្រតិបត្តិការ​ ពិតណាស់​គឺ​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។ ​យើង​នឹង​មិន​ដឹង​ថា ​នឹង​មាន​រឿង​អី​កើត​ឡើង​នោះ​ទេ។ ​ឧទាហរណ៍​ យើង​មើល​ប្រទេសអ៊ូសបេគីស្ថាន ​ពួកគេ​ក៏​មាន​បញ្ហា​នេះ​ផង​ដែរ ​ហើយ​ពួកគេ​បាន​បិទ​សាលា ​ដោយសារ​តែ​បញ្ហា​នេះ។ ​មិនត្រឹម​តែ​សាលា​នោះ​ទេ ​ស្ថាប័ន ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ ក្រុមហ៊ុន ​ធនាគារ​ ពួកគេ​មាន​អំណាច​ខ្លាំង​ណាស់ ពួកគេ​គឺ​ជា​ស្ថាប័ន​ភេរវកម្ម​ដ៏​សម្បូរ​ធនធាន»។​

ដោយមិន​បញ្ចេញ​ឈ្មោះ​សាលា Zaman​ លោក ​Ilhan ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ​កម្ពុជា​នឹង​ផ្ដល់​ការ​សហការ​ក្នុង​ការ​ទប់ស្ដាត់​ ក៏​ដូច​ជា​បង្ក្រាប​ក្រុម​ដែល​លោក​អះអាង​ថា​ មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​ភេរវកម្ម​នោះ។​

VOA ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ដេត សុខឧត្ដម ​សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ Zaman ​កម្ពុជា​បាន​ទេ​ ដោយ​ទូរស័ព្ទ​រោទ៍ តែ​ពុំ​មាន​អ្នក​ទទួល។​

យ៉ាង​ណាក៏ដោយ​ លោក​បាន​ប្រាប់​ VOA​ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ថា​ គ្រឹះស្ថាន​អប់រំ​ Zaman ​រាប់​ពី​កម្រិត​បឋម​រហូត​ដល់​មហា​វិទ្យាល័យ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៧ ​និង​មាន​សិស្ស​សរុប​ជាង​២០០០​នាក់​នោះ ​មិនមាន​បំពេញ​មុខងារ​ណាមួយ​បម្រើ​ដល់​ផល​ប្រយោជន៍​នយោបាយ​ ឬ​សកម្មភាព​រដ្ឋ​ប្រហារ​ដែល​ទើប​តែ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​តួកគី​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖​

«មែន​ទែន​ទៅ​ សាកលវិទ្យាល័យ​ Zaman ​ ​ឬ​ក៏​សាលា​ Zaman ​ជាទូទៅ​ អត់​មាន​អ្វី​ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​នៅ​តួគី​ទេ​ ព្រោះ​យើង​ជា​ស្ថាប័ន​ឯកជន​ ជា​ស្ថាប័ន​អប់រំ ​ដែល​កំពុង​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ ហើយ​ក៏​អត់​មាន​អី​ទាក់ទង​ជាមួយ​អ្វី​នៅ​តួកគី​ដែរ​ បាទ។​ ហើយ​គោល​ជំហរ​របស់​យើង​គឺ​ថា ​បើសិន​ជា​លោក​ឯក​អគ្គរដ្ឋ​ទូត​គាត់​លើក​ឡើង​បែប​នេះ​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សាលា​យើង​ ហើយ​យើង​សុំ​ឲ្យ​គាត់​បង្ហាញ​នូវ​ភស្តុតាង​អ្វី​ដែល​គាត់​លើក​ឡើង»។​

រូបឯកសារ៖ លោក Fethullah Gulen នៅគេហដ្ឋានរបស់លោកកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក Fethullah Gulen នៅគេហដ្ឋានរបស់លោកកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

កាល​ពី​ខែកក្កដា​កន្លង​ទៅ ​ក្រុមហ៊ុន​ Zaman ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដោយ​បាន​លើក​ឡើង​ថា ​ស្ថាបនិក​សាលា​ Zaman ​ បាន​ផ្ដើម​ស្ថាបនា​សាលា​នេះ​ដោយ​ផ្អែក​លើ​ស្មារតី​ និង​ទស្សនៈ​វិស័យ​របស់​លោក​ Fethullah Gulen។​ ទោះយ៉ាងណា ​ក្រុមហ៊ុន​ Zaman ​បាន​អះអាង​ថា ​លោក​ Gulen ​មិន​ដែល​ផ្ដល់​ការ​សម្រេច​ចិត្ត​ណាមួយ​ក្នុង​ការ​បង្កើត ​ឬ​ដំណើរ​ការ​របស់​សាលា​នោះ​ឡើយ។​

ប្រទេស​តួកគី​បាន​ចោទ​ថា ​ភេរវកម្ម​កាល​ពី​ខែ​កក្កដា​គឺ​បង្ក​ឡើង​ដោយ​ក្រុម​អង្គការ​ភេរវ​កម្ម​ FETO ​ដែល​មាន​លោក​ Fethullah Gulen ​ជា​មេដឹក​នាំ។​

VOA ​ មិន​ទាន់​អាច​ទាក់​ទង​លោក​នាយ​ឧត្តមសេនីយ៍​ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ និង​លោក​រស់ សាលីន ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ទេ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​តួកគី​ នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ប្រតិបតិ្តការ​ដោយ​រដ្ឋ​អំណាច​ប្រទេស​តួកគី​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កក្កដា​ មនុស្ស​ច្រើន​ជាង​៦០០០​នាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ និង​អ្នក​រៀប​គម្រោង​ធ្វើ​ប្រហារ​១០០​នាក់​ទៀត​បាន​បាត់បង់​ជីវិត។ ​មាន​ប្រជា​ពលរដ្ឋ​១៩០​នាក់​ក៏​បាន​ស្លាប់​ ហើយ​និង​ប្រជា​ពលរដ្ឋ​១៤០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស៕

XS
SM
MD
LG