រយៈពេលជាយូរមកហើយក្រុមហ៊ុនអាជីវកម្មនានានៅប្រទេសវៀតណាមមានការលំបាកក្នុងការជ្រើសរើសបុគ្គលិក និងធ្វើយ៉ាងណាអាចរក្សាបុគ្គលិកទាំងនោះឲ្យនៅធ្វើការបានយូរអង្វែង។
ក៏ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះការជ្រើសរើសបុគ្គលិកកាន់តែលំបាកជាងមុន ដោយសារតែចំនួនអាជីវកម្មនៅក្នុងប្រទេសវៀតណាមមានការកើនឡើង បង្ខំឲ្យក្រុមហ៊ុននានាផ្លាស់ប្តូរយុទ្ធសាស្រ្តដើម្បីអាចជ្រើសរើសបុគ្គលិកធ្វើការឲ្យបានគ្រប់គ្រាន់។
ក្រុមហ៊ុនម៉ាកល្បីៗរបស់បរទេសកំពុងវាយលុកចូលទីផ្សារវៀតណាម។ រោងចក្រ និងជំនួញផ្សេងៗទៀតកំពុងប្តូរទីតាំងពីប្រទេសចិន មកប្រទេសវៀតណាម ដោយធ្វើឲ្យតម្រូវការជ្រើសរើសបុគ្គលិកដែលមានជំនាញបច្ចេកទេសខ្ពស់កាន់តែកើនឡើងជាងមុន។
ក្រុមហ៊ុន Navigos Group ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មជ្រើសរើសបុគ្គលិក និងគ្រប់គ្រងគេហទំព័រស្វែងរកការងារដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានឈ្មោះថា VietnamWorks បាននិយាយថា ការផ្តាស់ប្តូរទាំងនេះធ្វើឲ្យមាន «កំណើនតម្រូវការជ្រើសរើសបុគ្គលិកដែលមានជំនាញភ្លាមៗ» ដែលមានចំនួនតិចតួចនៅក្នុងប្រទេស។
ក្រុមហ៊ុនថ្មីៗកំពុងហូរចូលក្នុងប្រទេសវៀតណាម ហើយពួកគេត្រូវការបុគ្គលិក
របាយការណ៍វាយតម្លៃលើត្រីមាសទី១ សម្រាប់ឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Navigos Group ដែលបានផ្សព្វផ្សាយកាលពីខែមេសា បានឲ្យដឹងថា៖ «ក្រុមហ៊ុនដែលប្តូរផលិតកម្មពីប្រទេសចិន មកវៀតណាម នឹងបន្តកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺបណ្តាក្រុមហ៊ុននៅក្នុងឧស្សាហកម្មផ្តល់សេវាកម្ម និងឧស្សាកម្មគ្រឿងសង្ហារឹមឈើ។ មានគម្រោងបង្កើតរោងចក្រថ្មីៗជាច្រើននៅក្នុងប្រទេសវៀតណាម។ ការណ៍នេះធ្វើឲ្យតម្រូវការបុគ្គលិកនឹងកើនឡើងយ៉ាងខ្លាំង ដែលអាចនឹងត្រូវការច្រើនជាងមុនដល់ទៅ២ ឬ៣ដង ក្នុង១ឆ្នាំៗ ជាពិសេសនៅក្នុងផលិតកម្មគ្រឿងអេឡិចត្រូនិក និងផលិតផលម៉ាកថ្លៃៗ»។
ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងការវិភាគក្នុងចំណោម ៦ប្រទេសនៅទ្វីបអាស៊ី ដែលរោងចក្រផលិតកម្មអាចនឹងហូរចូល នៅពេលរោងចក្រទាំងនោះចាកចេញពីប្រទេសចិន។ នេះបើយោងតាមរបាយការណ៍មួយដែលបានផ្សព្វផ្សាយកាលពីខែធ្នូឆ្នាំមុនរបស់ធនាគារវិនិយោគមួយឈ្មោះថា Natixis។
ការវិភាគនេះគឺផ្អែកលើលក្ខខណ្ឌចំនួន៤ រួមមាន ទំនោរភូមិសាស្ត្រ ការចំណាយលើផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងភាគហ៊ុននៃផលិតកម្មបរទេស។
កង្វះធនធានមនុស្សមិនមែនជារឿងថ្មីនៅក្នុងប្រទេសវៀតណាមនោះទ
នៅពេលអ្នកវិនិយោគជាច្រើនកំពុងហូរចូលទៅក្នុងប្រទេសវៀតណាម ការផ្គត់ផ្គង់ និងតម្រូវការធនធានមនុស្ស កំពុងតែមានការផ្លាស់ប្តូរ។ តម្រូវការពលកម្មមានកាន់តែច្រើន។ ប៉ុន្តែការផ្គត់ផ្គង់តម្រូវការនេះជាបញ្ហាប្រឈមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែមូលហេតុជាច្រើន។
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានពលរដ្ឋជិត ១០០ លាននាក់មួយនេះ មានអត្រាអត់ការងារធ្វើទាប ដែលជាធម្មតា គឺមានប្រមាណជា ២% តែប៉ុណ្ណោះ។ ដូច្នេះ អ្នកដែលចង់បានការងារធ្វើនឹងអាចរកការងារធ្វើបាន។
រដ្ឋាភិបាលកុម្មុយនិស្តរបស់វៀតណាមបានធានាជាច្រើនដល់កម្មករ រាប់ចាប់ពីការឲ្យឈប់សម្រាកនៅថ្ងៃបុណ្យដោយទទួលបានប្រាក់ឈ្មួល និងដាក់លក្ខខណ្ឌតឹងរឹងចំពោះការបណ្តេញបុគ្គលិកចេញពីការងារ។។
បុគ្គលិកវៀតណាមជាច្រើនចូលចិត្តប្តូរកន្លែងធ្វើការ
មានមូលហេតុជាច្រើនដែលធ្វើឲ្យបុគ្គលិកនានា ជាពិសេសបុគ្គលិកវ័យក្មេងប្តូរកន្លែងធ្វើការបន្ទាប់ពីធ្វើការនៅកន្លែងណាមួយបានប្រហែលជា៣ឆ្នាំ។ ការណ៍នេះអាចមានន័យ ២ យ៉ាង។
ទី១ វាអាចជាសញ្ញាល្អមួយ ដែលបុគ្គលិកទាំងនោះមិនជាប់ឃុំខ្លួនឯងជាមួយនឹងការងារនៅតែមួយកន្លែងដើម្បីទទួលបានធានារ៉ាប់រង ឬអត្ថប្រយោជន៍ផ្សេងៗទៀត ហើយពួកគេអាចមានសេរីភាពក្នុងការប្តូរការងារ។
ទី២ ក្រុមហ៊ុនមិនចង់ចំណាយប្រាក់ក្នុងការបណ្តុះបណ្តាលបុគ្គលិកថ្មីរៀងរាល់២ ឬ៣ឆ្នាំម្តងនោះទេ។ ម្យ៉ាងទៀត មានក្រុមហ៊ុនកាន់តែច្រើនកំពុងតែហូរចូលមកក្នុងប្រទេសវៀតណាម។
លោក Gaku Echizenya ដែលជាអគ្គនាយកក្រុមហ៊ុន Navigos Group យល់ថា៖ «ទីផ្សារផ្តល់សេវាកម្មជ្រើសរើសបុគ្គលិកនៅក្នុងប្រទេសវៀតណាម កំពុងតែមានការប្រកួតប្រជែងខ្លាំងជាងមុន ដោយសារតែការកើនឡើងនៃការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគបរទេសនានា»។
ទីផ្សារទាំងនេះរួមមានវិស័យព័ត៌មានវិទ្យា ដែលបុគ្គលិកគ្មានសមត្ថភាពគ្រប់គ្រាន់អាចតាមទាន់បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញានិម្មិត ប្រតិបត្តិការគ្រប់គ្រងការទូតទាត់តាមប្រព័ន្ធកុំព្យូទ័រឬ blockchain និងបណ្តាញអ៊ីនធឺណិតបំពាក់លើឧបករណ៍បច្ចេកវិទ្យា ឬហៅថា The Internet of Thing។
លោកបាននិយាយទៀតថា៖ «តម្រូវការជ្រើសរើសបុគ្គលិកក្នុងវិស័យបច្ចេកវិទ្យាកំពុងតែកើនឡើងខ្លាំងទៅៗ នៅក្នុងសម័យឌីជីថលនេះ ដែលធ្វើឲ្យមានបញ្ហាប្រឈមជាច្រើនក្នុងការទាក់ទាញ និងរក្សាធនធានមនុស្ស»។
តម្រូវការក្នុងវិស័យបច្ចេកវិទ្យានេះបានកើនឡើង ៤៧% ក្នុង១ឆ្នាំ នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមអង្គការ CUTS International ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដោយធ្វើការលើការតស៊ូមតិសម្រាប់អ្នកប្រើប្រាស់។
ដំណោះស្រាយ
ដំណោះស្រាយដែលអាចធ្វើបានដើម្បីបំពេញកង្វះខាតជំនាញទាំងនេះគឺត្រូវបណ្តុះបណ្តាលបុគ្គលិកនាពេលបច្ចុប្បន្នឡើងវិញ។
ក្រុមហ៊ុន Microsoft នៅអាស៊ីបានចេញផ្សាយទិន្នន័យរបស់ខ្លួននៅក្នុងខែមេសា ដោយបង្ហាញថាបុគ្គលិកសុខចិត្តទទួលការបណ្តុះបណ្តាលឡើងវិញ ជាងការគិតរបស់ក្រុមហ៊ុនរបស់ពួកគេទៅទៀត។
ការសិក្សានៅប្រទេសចំនួន ១៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងវៀតណាមផងដែរនោះ បានរកឃើញថា ពួកថ្នាក់ដឹកនាំជំនួញចំនួន ២២% គិតថា បុគ្គលិករបស់ពួកគេមិនចង់ទទួលការបណ្តុះបណ្តាលឡើងវិញទេ ប៉ុន្តែមានបុគ្គលិកតែ ៨% តែប៉ុណ្ណោះដែលបាននិយាយយ៉ាងដូច្នេះ។ ការណ៍នេះធ្វើឲ្យមានការយល់ច្រលំរវាងភាគីទាំង ២។
លោក Alice Pham ដែលជានាយកប្រចាំប្រទេសរបស់អង្គការ CUTS International បាននិយាយថា ក្រុមហ៊ុនក៏អាចមានជ្រើសរើសបុគ្គលិកជំនាញ ដែលរៀនតាមថ្នាក់អនឡាញផងដែរ។
លោក Pham បានសរសេរនៅក្នុងរបាយការណ៍មួយរបស់អង្គការ CUTS ក្នុងខែសីហាថា៖
«ប្រសិនបើក្រុមហ៊ុន និងអ្នកផ្តល់សេវាកម្មជ្រើសរើសបុគ្គលិក មិនទទួលស្គាល់សញ្ញាបត្រអនឡាញ ឬយល់ថា ចំណេះដឹង និងជំនាញដែលទទួលបានតាមប្រព័ន្ធឌីជីថលបែបនេះ អន់ជាងចំណេះដឹងដែលទទួលបានពីស្ថាប័នអប់រំ នោះវានឹងប៉ះពាល់ដល់ទឹកចិត្តរបស់ពួកគេ ហើយការជំរុញឲ្យសិក្សាតាមអនឡាញនឹងបាត់បង់ ដោយផ្នែក ឬអាចទាំងស្រុង»។
ជាធម្មតាការជ្រើសរើសបុគ្គលិកនៅប្រទេសវៀតណាមផ្តោតលើសញ្ញាប័ត្រ បូករួមជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំផងដែរ។ ប៉ុន្តែដោយសារតែមានការខ្វះខាតធនធានមនុស្សនាពេលបច្ចុប្បន្ន ធ្វើឲ្យមានការផ្លាស់ប្តូរ ហើយការជ្រើសរើសបុគ្គលិកដែលអាស្រ័យលើកត្តានានាដូចកាលពីមុននោះ ក៏ប្រហែលជាត្រូវផ្លាស់ប្តូរផងដែរ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ