លោក ស៊ី បាននិយាយថា ប្រទេសចិនរក្សាមិត្តភាពពិសេសជាមួយរាជវង្សានុវង្សកម្ពុជា។ ចំណងមិត្តភាពរវាងចិននិងកម្ពុជា ត្រូវបានពង្រឹង និងរក្សាដោយមេដឹកនាំចិនជំនាន់មុននិងព្រះបរមរតនកោដ្ឋនរោត្តមសីហនុ ហើយភាគីទាំងពីរគួរតែអនុវត្តបន្តទៅមុខ។
លោក ស៊ី បាននិយាយថា ជានិច្ចកាលប្រទេសចិននឹងគាំទ្រដល់ប្រទេសកម្ពុជាដើម្បីជ្រើសរើសផ្លូវអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងធ្វើកិច្ចប្រឹងប្រែងរួមគ្នាជាមួយកម្ពុជា ដើម្បីជំរុញភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏ទូលំទូលាយកម្រិតខ្ពស់។
លោក ស៊ី បាននិយាយថា ភាគីទាំងពីរគួរតែអនុវត្តគម្រោងកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់ប្រទេសកម្ពុជា និងប្រទេសចិន ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ និងធ្វើជាគម្រូដ៏ល្អនៃការគោរពវប្បធម៌ចម្រុះ និងការលើកកម្ពស់ការរៀនសូត្រទៅវិញទៅមក ក្នុងចំណោមបណ្តាប្រទេសផ្សេងៗគ្នា។
ដោយសម្តែងនូវការកោតសរសើរចំពោះប្រទេសចិនដែលគាំទ្ររយៈពេលយូរដល់ប្រជាជនកម្ពុជា ព្រះករុណាព្រះបាទបរមនាថ នរោត្តម សីហមុនី បានមានបន្ទូលថា កម្ពុជាសូមសម្តែងការអបអរសាទរសាធារណរដ្ឋប្រជាមានិតចិនចំពោះសមិទ្ធផលដ៏ធំធេងរយៈពេល៧០ឆ្នាំកន្លងមក។ ព្រះករុណាមានបន្ទូលថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងខ្សែក្រវ៉ាត់ផ្លូវពាណិជ្ជកម្មចិន។
ព្រះករុណាបន្តថា សន្និសីទស្តីពីអារ្យធម៌អាស៊ីដែលត្រូវបានស្នើឡើងដោយលោក ស៊ី នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌និងការយោគយល់គ្នាទៅវិញទៅមករវាងបណ្តាប្រទេសផ្សេងៗ។ សន្និសីទនេះធ្វើនៅថ្ងៃពុធនេះនៅទីក្រុងប៉េកាំង៕