ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​បណ្តេញ​ជនជាតិ​ចិន​ជាង​២០០​នាក់​ចេញ​ពី​កម្ពុជា​ដោយ​សារ​បាន​ប្រព្រឹត្ត​បទ​ល្មើស​បច្ចេកវិទ្យា


រូបឯកសារ៖ ជនជាតិចិនជាច្រើននាក់ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត បញ្ជូនខ្លួនទៅប្រទេសចិនវិញ ពីរាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
រូបឯកសារ៖ ជនជាតិចិនជាច្រើននាក់ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត បញ្ជូនខ្លួនទៅប្រទេសចិនវិញ ពីរាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

បន្ទាប់​ពី​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ជាង​២០០​នាក់​ កាលពី​សប្តាហ៍​មុន​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​បច្ចេក​វិទ្យា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អាជ្ញាធរ​កម្ពុជា​បាន​សម្រេច​បណ្តេញ​ជនជាតិ​ចិន​ទាំង​នោះ​ចេញពី​កម្ពុជា​ ​ដោយ​ហាម​ឃាត់​មិន​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ ​ក្នុង​អំឡុង​ពេល​កំណត់​មួយ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អាជ្ញាធរ​បាន​បណ្តេញ​ជនជាតិ​ចិន​ចេញ​ពី​កម្ពុជា​ចំនួន​ជាង​២០០​នាក់​បន្ថែម​ទៀត​ ដែល​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​ ​គំរាម​កំហែង​ ​និង​ជម្រិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​ទូរ​គមនាគមន៍​ ​(VOIP)។​ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍។​

លោក​កែវ វ៉ាន់ថន​ ​អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជនជាតិ​ចិន​ទាំង​ជាង​២០០​នាក់ តាម​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ត្រឡប់ទៅ​កាន់​ប្រទេស​ចិន​វិញ ក្រោយ​ពីត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​តាកែវ​ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​បច្ចេក​វិទ្យា។​ ​លោក​បន្ថែម​ថា​ ​ក្នុង​រយៈពេល​១០ខែ ឆ្នាំ​២០១៨​ អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជន​បរទេស​ចំនួន​ជិត​១៥០០០នាក់ (១៤.៩៦៥​នាក់) ចេញ​ពី​កម្ពុជា​ ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន មាន​ចំនួន​ជាង​៤០០​នាក់​នៃ​ជន​បរទេស​ចំនួន​៩១​សញ្ជាតិ។​

លោក​ ​កែវ វ៉ាន់ថន​ ​បន្ថែម​ថា​ ​ជន​បរទេស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​និង​ត្រូវ​បាន​បណ្តេញ​ចេញ​នោះ​ នឹង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ ​ក្នុង​អំឡុង​ពេល​កំណត់​មួយ។

លោក​បញ្ជាក់​ថា៖​

«តែ​កាល​ណា​បញ្ជូន​ចេញ​ហ្នឹង​ គេ​ហាម​អត់​ឲ្យ​ចូល​ហើយ​ ​ប៉ុន្តែ​មាន​រយៈពេល​កំណត់។​ ​ឥឡូវ​ដឹង​ប៉ុណ្ណឹង​សិនចុះ! បើ​តាម​ប្រកាស​ក្រសួង​មហាផ្ទៃ​ ​តែ​កាល​ណា​មាន​បទល្មើស​អ៊ីចឹង​ ​គេ​បណ្តេញ​ចេញ។​ ​បណ្តេញ​ចេញ​គឺ​ហាម​មិន​ឲ្យ​ចូល​ហើយ!»​

កាលពី​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨​ ​សមត្ថកិច្ច​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​ចិន​ ​បាន​ចុះ​បង្រ្កាប​ទីតាំង​ចំនួន​៤​កន្លែង​ផ្សេង​គ្នា​ ​ក្នុង​ខេត្ត​តាកែវ​ ​ដោយ​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​២៣៥នាក់​ ​ក្នុង​នោះ​ស្រី​៣៦​នាក់​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅកម្ពុជា​ ​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​ ​និង​ចាប់​ជម្រិត​ជន​ជាតិ​ចិន​ដូចគ្នា​ ដែល​រស់​នៅ​ប្រទេស​ចិន។​

កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ​ ​ចាប់តាំង​ពី​ឆ្នាំ​២០១១។​ ​រហូត​មក​ដល់​ពេល​នេះ​ ​អាជ្ញាធរ​កម្ពុជា​ ​បាន​បញ្ជូន​ជនជាតិ​ចិន​ ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ ​ប្រមាណ​ជា​ជិត​២០០០​នាក់​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។​

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ​លោក​សន​ ​ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ​ជំរុញ​ឲ្យ​សមត្ថកិច្ច​កម្ពុជា​ប្តូរ​យុទ្ធសាស្រ្ត​ក្នុង​ការ​អនុវត្ត​លើ​ជនជាតិ​ចិន​ ​ដែល​យក​កម្ពុជា​ធ្វើជា​ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស​បច្ចេកវិទ្យា​ ជាជាង​គ្រាន់តែ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ។

ជនជាតិ​ចិន​ដែល​ជា​ចំណូល​ថ្មី​មួយ​ចំនួន​លើទឹក​ដី​កម្ពុជា​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ ​បាន​និង​កំពុង​បង្ក​បទ​ល្មើស​ជាច្រើន​ ​ដែល​មួយ​ចំនួន​ធំ​នៃ​បទល្មើស​ធ្ងន់ គឺ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​បង្ខាំង​ជនជាតិ​ចិន​គ្នា​ឯង​ ​ការ​ធ្វើ​ទារុណកម្ម​ ​និង​បទ​ល្មើស​ជម្រិត​ទារប្រាក់​តាម​អ៊ីនធឺណិត​ជាដើម។​

របាយ​ការណ៍​ក្រសួង​ទេសចរណ៍​ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី១៤ ខែសីហា​ ​បញ្ជាក់​ថា​ ​ក្នុង​រយៈពេល​៦ខែ​ ​ដើម​ឆ្នាំ​២០១៨​នេះ​ ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មក​កម្សាន្ត​នៅ​កម្ពុជា​កើនឡើង​ជិត​៧៦ភាគរយ ស្មើ​នឹង​ជាង​៩សែន​នាក់ (៩៣១.៧៦៣)​ ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៧។​ ​កម្ពុជា​រំពឹង​ថា​ ​នឹង​ទទួល​អ្នក​ទេសចរ​ចិន​ជាង​២​លាន​នាក់​ ​នៅ​ឆ្នាំ​២០២០។​

លោក​ ​សុខ ផល​ ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ​កាលពី​ខែ​កញ្ញា​នេះ ​បាន​លើក​ឡើង​ថា​ ​នៅ​ចុង​ឆមាស​ទី២​ ​ឆ្នាំ២០១៨នេះ​ ​ជនជាតិ​ចិន​នៅ​កម្ពុជា​កើន​ឡើង​ដល់​ជាង​២០ម៉ឺន​នាក់​ ​ដោយ​ចំនួន​នេះ ​មិន​បូក​បញ្ចូល​ជាមួយ​អ្នក​ការ​ទូត​ ​អ្នក​ទេសចរណ៍​ ​និង​អង្គការ​សង្គម​ស៊ីវិល។​ ​ក្នុង​ចំណោម​ជនជាតិ​ចិន​ទាំង​២០ម៉ឺននាក់​នេះ​ ​មាន​ជាង​៧៨០០០នាក់ កំពុង​រស់​នៅ​ខេត្ត​ព្រះសីហនុ​ ​ដែល​ក្នុង​នោះ​មាន​ត្រឹម​តែ​ជាង​២ម៉ឺន​នាក់​ប៉ុណ្ណោះ​ ​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ។​ ​នេះ​បើ​យោង​តាម​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ ​ផ្សាយ​កាលពី​ថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០១៨៕

XS
SM
MD
LG