ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​​​​ទីភ្នាក់ងារ​​ជន​ភៀសខ្លួន​​​អ.ស.ប.​​​ថា​​ មនុស្ស​១១៤លាន​នាក់​​​ភៀសខ្លួន​ចេញ​​ពី​ផ្ទះ​​ដោយសារ​ប្រទេស​ទាំង​នោះ​​បរាជ័យ​ក្នុងការ​ដោះស្រាយ​ជម្លោះ


រូបឯកសារ៖ លោក​ ​ Filippo Grandi ឧត្តមស្នងការ​​​អ.ស.ប.ទទួល​បន្ទុក​​​ជនភៀសខ្លួន​​​ថ្លែងទៅកាន់​សារព័ត៌មាន AP នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (AP)
រូបឯកសារ៖ លោក​ ​ Filippo Grandi ឧត្តមស្នងការ​​​អ.ស.ប.ទទួល​បន្ទុក​​​ជនភៀសខ្លួន​​​ថ្លែងទៅកាន់​សារព័ត៌មាន AP នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (AP)

ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុកជន​ភៀសខ្លួន​របស់​អ.ស.ប.​បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ទី​៣០ ខែ​ឧសភាថា ​ចំនួន​មនុស្សភៀស​ខ្លួនចេញ​ពី​ផ្ទះពួកគេដោយសារ​សង្គ្រាម​ អំពើ​ហិង្សានិងការធ្វើទុក្ខ​បុកម្នេញ​មាន១១៤លាន​នាក់ហើយ ហើយ​នឹងកើនច្រើន​ថែមទៀតពីព្រោះ​អាជ្ញាធរ​ប្រទេស​ទាំង​នេះបរាជ័យក្នុងការដោះស្រាយ​បុព្វហេតុ​នៃ​សង្គ្រាម ហើយ​ក្រុមយុទ្ធជនមិនបានគោរព​ច្បាប់អន្តរជាតិ។

នៅក្នុង​សុន្ទរកថាមួយ​ប្រើ​ពាក្យ​ខ្លាំងៗ លោក​ ​ Filippo Grandi ឧត្តមស្នងការ​អ.ស.ប.ទទួល​បន្ទុក​ជនភៀសខ្លួន​បានរិះគន់ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប.ដែល​ទទួលបន្ទុក​រក្សា​សន្តិភាពនិង​សន្តិសុខអន្តរជាតិ ដែលបរាជ័យក្នុងការប្រើសំឡេង​ខ្លួន​ដើម្បីប្រឹងប្រែង​ដោះស្រាយសង្គ្រាម​ចាប់ពី​តំបន់ហ្គា​ហ្សា អ៊ុយក្រែន​និងប្រទេសស៊ូដង់រហូត​ដល់​ប្រទេសកុងហ្គោ មីយ៉ាន់ម៉ា​និង​កន្លែង​ឯទៀតៗ។​

លោក​ក៏​បានចោទប្រកាន់ពួកប្រទេសដែលលោកមិនបញ្ចេញ​ឈ្មោះថា​បានធ្វើ«សេចក្តី​សម្រេចចិត្តខាងគោលនយោបាយការបរទេស​ដោយគិត​ខ្លី ជួនកាល​ផ្អែកលើស្តង់ដារពីរ ដោយ​និយាយតែមាត់​អំពីការគោរពច្បាប់ តែ​មាន​កម្លាំង​តែបន្តិចបន្តួច​ពី​ក្រុមប្រឹក្សា​សន្តិសុខដើម្បី​ឱ្យមានការ​គោរព​ច្បាប់​សម្រាប់ឱ្យមានសន្តិភាពនិង​សន្តិសុខ»។​

លោក Grandi បានថ្លែងថា ​ការមិនគោរពច្បាប់​មនុស្សធម៌​អន្តរជាតិ​មានន័យថា«ភាគីក្នុងសង្គ្រាម-ដែល​កើនច្រើន​នៅ​គ្រប់កន្លែង​ហើយសឹង​តែ​ពួក​គេ​ទាំងអស់- បានឈប់គោរព​ច្បាប់សង្គ្រាម»ទោះ​ជា​ភាគី​ខ្លះធ្វើ​ជាគោរព​ក៏​ដោយ។​

លោក​ថា​លទ្ធផលគឺ​ថាមាន​ការស្លាប់ជនស៊ីវីលច្រើនជាងមុន អំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ​ត្រូវបាន​ប្រើ​ប្រាស់ជា​អាវុធ​សង្គ្រាម មន្ទីរពេទ្យ សាលា​រៀននិង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវីលឯទៀតៗត្រូវវាយ​ប្រហារ​និង​បំផ្លិច​បំផ្លាញ ហើយ​ក្រុមអ្នកធ្វើការខាងមនុស្សធម៌​បានក្លាយ​ជា​ទីដៅ។​

ដោយ​ហៅ​ខ្លួនលោកថា​ជា​អ្នក​មានចិត្តមនុស្សធម៌​មានការ​តប់​ប្រមល់ក្នុង​ចិត្ត​ហើយ​ក្រឡេក​មើល​ចំសមាជិក១៥នាក់នៃក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. លោក

Grandi បានថ្លែងថា​ ជាជាងប្រើសំឡេងរបស់ខ្លួន«ការ​មិន​ចុះសម្រុង​គ្នា​របស់​ក្រុម​ប្រឹក្សា​នេះ​មានន័យ​ថា លោកអ្នក​បានបន្ត​ធ្វើ​ជា​អធិបតី​លើ​ការខ្វែង​គំនិតគ្នា​នៃចលាចល​ធំជាង​មុន​នៅ​ទូទាំងពិភពលោក»។

ឧត្តមស្នងការ​អ.ស.ប.ទទួល​ជនភៀសខ្លួន​រូបនេះ​បាន​និយាយ​ប្រាប់ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប.ថា​ វាយឺត​ពេល​ទៅ​ហើយ​សម្រាប់មនុស្សរាប់ម៉ឺននាក់ដែល​ត្រូវបានសម្លាប់នៅហ្កាហ្សា អ៊ុយក្រែន ស៊ូដង់និងក្នុងសង្គ្រាម​ឯទៀតៗ។

លោក Grandi បានមានប្រសាសន៍​ថា«ប៉ុន្តែវា​មិនមែន​យឺតពេល​ទេ​ក្នុង​ការផ្តោត​ការ​យកចិត្ត​ទុកដាក់និង​ថាមពល​របស់យើងលើ​វិបត្តិ​និងសង្គ្រាមដែល​នៅមិនទាន់​ដោះស្រាយ​រួច ដើម្បី​កុំ​ឱ្យវារីកដាល​និង​ផ្ទុះ​ឡើង​ទៀត។ ​វាមិនទាន់​យឺតពេលក្នុងការបង្កើន​ជំនួយដល់មនុស្ស​រាប់លាននាក់​ដែល​ត្រូវបានបង្ខំឱ្យ​ចាកចេញពី​លំនៅឋានឱ្យបានវិលត្រឡប់ទៅផ្ទះ​ពួក​គេ​វិញដោយស្ម័គ្រចិត្ត ​ដោយ​សុវត្ថិភាព​និងដោយសេចក្តី​ថ្លៃថ្នូរ។

ឧត្តមស្នងការ​អ.ស.ប.ខាងជនភៀសខ្លួន​រូបនេះ​បានពោលដែរ​ថា​វាក៏​ទាន់​យឺត​ពេលក្នុងការ​ជួយ​មនុស្ស​ច្រើន​លាននាក់ពី​សង្គ្រាម។

ប៉ុន្តែ​ក្រុមប្រឹក្សាសន្តិសុខមានការបែក​បាក់គ្នាជាងមុន ហើយ​សមាជិក​អចិន្ត្រៃយ៍៥​ប្រទេសដែល​មានសិទ្ធិ​វ៉េតូក៏ខ្វែង​គំនិត​គ្នាដែរ ដោយ​ជាញឹកញយសហរដ្ឋអាមេរិក​ ចក្រភព​អង់គ្លេស​និងប្រទេសបារាំង​បានជំទាស់ខ្លាំងនឹង​ការយល់ឃើញរបស់​រុស្ស៊ីនិង​ចិន។

ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​ហ្កាហ្សា ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប.​មិនបានអំពាវនាវ​ឱ្យមានការឈប់បាញ់ទេ​ដោយសារមានការជំទាស់ពី​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្តជិតស្និទ្ធ​បំផុតរបស់អ៊ីស្រាអែល។ ​ហើយ​ពាក់ព័ន្ធ​នឹង​អ៊ុយក្រែន​វិញ ក្រុមប្រឹក្សា​នេះគ្មានប្រសិទ្ធភាព​ទេ​ ពីព្រោះ​រុស្ស៊ី​ដែល​ជា​ភាគី​សំខាន់មួយក្នុងសង្គ្រាម​នេះ​នៅក្រោយ​រដ្ឋាភិបាលក្រុងម៉ូស្គូលុកលុយ​ប្រទេសជិតខាងតូច​ជាង​ខ្លួននេះ​កាលពី​ខែកុម្ភៈ២០២២​ បាន​បោះឆ្នោត​វ៉េតូ​ជំទាស់នឹងសេចក្តីសម្រេចចិត្ត​សឹង​តែ​ទាំងអស់។

លោក Grandi​ បានហៅ​អ្វីដែលបានកើតមាន​នៅហ្កាហ្សា​តាំង​ពី​ការវាយប្រហាររបស់​ក្រុម​ហាម៉ាស់កាលពី​ថ្ងៃទី​៧តុលា​និង​ព្រឹត្តិការណ៍«ឃោរឃៅ»កាលពី​ពេល​ថ្មីៗនេះក្នុងក្រុង Rafah បន្ទាប់ពីការ​វាយប្រហារតាម​អាកាស​របស់អ៊ីស្រាអែលនាំ​ឱ្យមានអគ្គីភ័យដ៏ប្រល័យនៅ​ជំរំ​មួយ​សម្រាប់ក្រុម​ជនជាតិ​ប៉ាឡេស្ទីនខ្ចាត់ព្រាត់​ពី​លំនៅ​ឋានជាឧទាហរណ៍មួយនៃ«អរិភាពដ៏ឃោរឃៅ​មិនមែនសម្រាប់តែ​បំផ្លាញ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ធ្វើឱ្យជនស៊ិវីល​ភ័យ​ខ្លាំងដែរ»​ហើយ​ជន​ទាំង​នេះ ជា​ញឹក​ញយ​ជាងមុន គ្មាន​ជម្រើស​អ្វី​ទេ​ក្រៅ​ពី​រត់គេច​ខ្លួននោះ។

លោកបាន​និយាយថា​បញ្ហាហ្កាហ្សាក៏​ជា«​ការរំឭកមួយ​ប្រកប​ដោយសោកនាដកម្មអំពី​អ្វីដែលកើត​មាននៅ​ពេល​សង្គ្រាម​ (ហើយតមក​ទៀតវិបត្តិ​ជនភៀសខ្លួន)​ត្រូវ​បាន​បន្សល់​ទុកដោយមិន​បាន​ត្រូវ​គិតគូរ»​ជា​ច្រើន​ទសវត្សរ៍។ លោក​ក៏​បានចង្អុល​បង្ហាញ​ប្រទេសស៊ីរី​ដែល១៣ឆ្នាំក្រោយ​សង្គ្រាម ជន​ភៀសខ្លួនស៊ីរី៥លាន៦​សែននាក់​ស្ថិតនៅ​ក្នុង​ប្រទេសជិតខាង​មានរួមប្រទេសលីបង់​និង​ហ្ស៊ក​ដានីដែល​មាន​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែរ។

លោក Grandhi ថា ការរំលោភ​លើ​ច្បាប់អន្តរជាតិ មានរួមការបង្ខំ​មនុស្សឱ្យ​រត់គេចខ្លួន មានផល​ប៉ះពាល់ធ្ងន់ធ្ងរ​លើ​មនុស្ស​ម្នា​នៅ​ទូទាំង​ពិភពលោក។

លោក​បានថ្លែង​ថា ជា​ឧទាហរណ៍ នៅមីយ៉ាន់ម៉ា មនុស្ស​ជាង១លាន៥សែននាក់​បានខ្ចាត់ព្រាត់​ពីលំនៅឋាន​ដោយសារ​មានការ​ប្រយុទ្ធ​គ្នា​តាំង​ពី​ខែ​តុលា​មក បណ្តាល​ឱ្យមាន​មនុស្សទាំងអស់​ជាង៣លាននាក់«ដែលច្រើននាក់​ប្រឹងប្រែងទៅ​ជ្រកកោន​ក្នុងប្រទេស​ជិតខាង»។

លោកបាន​ពោល​ថា​ នៅអ៊ុយក្រែន ច្បាប់​មនុស្សធម៌អន្តរជាតិ​ត្រូវបានរំលោភ​រាល់ថ្ងៃ​ដោយសារការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញ​អគ្គិសនី​របស់ប្រទេស លើ​ផ្ទះនិង​ហេដ្ឋារចនាសម្ព័ន្ធស៊ីវីល​ឯទៀតៗ។

លោក Grandi បាននិយាយថា​ ហើយ​នៅ​កុងហ្គោ​«អំពើ​ហិង្សារវាងក្រុម​បុរស​មានកាំភ្លើង​កើត​មាន​ជា​ធម្មតាដែលគ្មានកន្លែងណាមួយ​នៅ​លើផែនដី​មានគ្រោះ​ថ្នាក់សម្រាប់ក្រុម​ស្ត្រី​និងកុមារ​ច្រើន​ជាងផ្នែក​ខាងកើត​នៃប្រទេសនេះទេ»។​

ឧត្តមស្នងការ​អ.ស.ប.ខាងជនភៀសខ្លួន​រូបនេះ​បានសួរថា«តែ​ហេតុដូច​ម្តេច​បានជា​សមាជិកអ.ស.ប. ហេតុ​ដូចម្តេច​បាន​ជា «យើងជា​ប្រជាករ» យក​ចិត្តទុកដាក់​តិច​តួច​ម្ល៉េះ​ហើយមិនចាត់វិធានការឱ្យ​បានច្រើន​នៅ​ក្នុងកន្លែងមួយ​ដែល​ការរួម​ភេទជា​មួយ​កុមារ​អាចទិញបាន​ដោយ​អស់លុយតិច​ជាង​តម្លៃ​ភេសជ្ជៈ​ត្រជាក់មួយកែវ?»។​ លោក Grandi បាន​មានប្រសាសន៍ថា«នេះ​ជារឿង​ដ៏អាម៉ាស់មួយ​សម្រាប់​មនុស្សជាតិ!»៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG