ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​សហគមន៍​សំរោងត្បូង​ក្បែរ​បឹងតាមោក​ស្នើ​រដ្ឋាភិបាល​ផ្តល់​ប្លង់​ស្រប​ច្បាប់ ខណៈ​បារម្ភ​ពី​ការ​បណ្តេញ​ចេញ


រូបឯកសារ៖ ប្រជាពលរដ្ឋជិះទូក​ទៅកាន់​កន្លែង​គ្រឿង​ចក្រ​កំពុង​ចាក់​ថ្ម​ចូល​បឹង​តាមោក ដែល​ចំ​កន្លែង​ពួកគេ​ចិញ្ចឹម​ត្រី ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
រូបឯកសារ៖ ប្រជាពលរដ្ឋជិះទូក​ទៅកាន់​កន្លែង​គ្រឿង​ចក្រ​កំពុង​ចាក់​ថ្ម​ចូល​បឹង​តាមោក ដែល​ចំ​កន្លែង​ពួកគេ​ចិញ្ចឹម​ត្រី ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

ប្រជា​ពលរដ្ឋ​រស់​នៅ​សហគមន៍​សំរោង​ត្បូង​ជាប់​ផ្ទៃ​បឹង​តាមោក ​ក្នុង​ខណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ដល់​ពួកគាត់ ​ហើយ​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ​ ខណៈ​សព្វ​ថ្ងៃ​ពួកគេ​ព្រួយ​បារម្ភ​ពី​ការ​បណ្តេញ​ចេញ​ពី​លំ​នៅដ្ឋាន។​

អ្នកស្រី ​ស៊ា ដាវី ​អាយុ​៤២​ឆ្នាំ អ្នក​លក់ដូរ​នៅ​សំរោង​ត្បូង​ រង​បណ្តឹង​ពី​តុលាការ ​ដោយ​សារ​តែអ្នកស្រី​មិន​ទទួល​យក​ការ​ដោះ​ដូរ​ទៅ​នៅ​ទីតាំង​ថ្មី​តាមអាជ្ញាធរ។ ​អ្នកស្រី​ចាត់​ទុក​ថា​ វា​ជា​រឿង​អយុត្តិ​ធម៌​មួយ​សម្រាប់​អ្នកស្រី ​ដែល​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ធ្លី។​

អ្នក​ស្រី​និយាយ​ថា៖ ​«ដោយ​សារ​តែ​ពួកខ្ញុំ​អត់​ទទួល​យក​ការ​ដោះ​ដូរ​ទៅ​ទីតាំង​ថ្មី​ហ្នឹង​បាន​រង​ភាព​អយុត្តិធម៌​បណ្តឹង​ពី​តុលាការ។ ​អ៊ីចឹង​សូម​ជួយ​រក​ដំណោះ​ស្រាយ​ ផ្តល់​ជា​ភាព​ស្រប​ច្បាប់ឱ្យ​ពួកខ្ញុំ​ជា​ប្រជា​សហគមន៍​សំរោង​ត្បូង​ ដោយសារតែ​ដី​ផ្ទះ​ពួក​យើង​ អត់​ប៉ះ​ដី​ចំណី​ផ្លូវ ​ហើយ​ក៏​អត់​ប៉ះ​ដី​អនុក្រឹត្យ​ដែរ»។​

អ្នកស្រី ​ដាវី ​បន្ថែម​ទៀត​ថា ​រដ្ឋាភិបាល​ត្រូវ​ពន្លឿន​ការ​គិត​គូរ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋឱ្យ​បាន​ឆាប់។​

អ្នកស្រី​ថ្លែង​ថា៖ ​«សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ​ថ្នាក់​ជាតិ ​ព្រោះ​អី​ថ្នាក់​ក្រោម​ជាតិ​ បង​អស់​ជំនឿ​ អស់​សង្ឃឹម​ ព្រោះ​អី​រង​ភាព​អយុត្តិធម៌​ពី​ថ្នាក់​ក្រោម​ជាតិ​ វា​ច្រើន​លើស​លប់​ ដែលអត់​អាច​ទទួល​យក​បាន​ទៀត។ ​អ៊ីចឹង​សំណូមពរ​ទៅ​រាជ​រដ្ឋាភិបាល​អ្នក​ដឹកនាំថ្មី​ លោក​មេត្តា​ពន្លឿន​ជួយ​ពួក​ខ្ញុំ។ ​បើ​មិន​អ៊ីចឹង​ទេ ​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អត់​មាន​ពេល​រក​ស៊ី​ទេ ​ហើយ​ចង់​មាន​វិបត្តិ​ផ្លូវ​ចិត្ត​អស់​ហើយ ​អ្នក​ដែល​ជាប់​បណ្តឹង​តុលាការ​ហ្នឹង»។​

ពលរដ្ឋ​ដែល​រង​បណ្តឹង​តុលាការ​ម្នាក់​ទៀត ​អ្នក​ស្រី ​សឿន ស្រីសុទ្ធ ​អាយុ​៣៤​ឆ្នាំ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​ថា​ សព្វ​ថ្ងៃ​នេះ ​អ្នក​ស្រី​មាន​ការ​លំបាក​ខ្លាំង ​បន្ទាប់​ពី​ជាប់​បណ្តឹង​តុលាការ ​ខណៈ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ​នៅ​គ្រា​ដែល​ផ្ទៃ​បឹង​តាមោក​ត្រូវ​បាន​ចាក់​ដី​លុប​សម្រាប់​ការ​អភិវឌ្ឍ។​

អ្នក​ស្រី​បញ្ជាក់​ថា៖ ​«តាំង​ពី​ជាប់​បណ្តឹង​តុលាការ​មក​ ខ្ញុំ​អត់​មាន​ពេល​ចេញ​រក​ស៊ី​ទេ​មាន​តែ​ពេល ​ងាកៗ​ឡើង​បំភ្លឺ...​បាត់​បង់​ទាំង​ចំណូល​ បាត់​បង់​ទាំង​ការ​រស់​នៅ​ដោយ​មិន​មាន​សិទ្ធិ​ស្រប​ច្បាប់ ​ហើយ​ដំណាំ​អាស្រ័យ​ផល​ក៏​បាត់​បង់។​ រាល់​ថ្ងៃ​ខ្ញុំ​បាត់បង់​ចំណូល​ គ្មាន​រក​ចូល​អី​សូម្បី​តែ​ ១០០​រៀល ​លុយ​ខ្មែរ ​ព្រោះ​តាំង​ពី​គេ​លុប​ផ្ទៃ​បឹង​មក​ លុប​កន្លែង​អាស្រ័យ​ផល​ពួក​ខ្ញុំ ​ការ​រក​ស៊ី​របស់​ពួក​ខ្ញុំ​កាន់​តែ​ធ្លាក់ៗ​ទៅ»។​

អ្នក​ស្រី​មិន​ចង់​ចាក​ចេញ​ពី​តំបន់​ដែល​អ្នកស្រី​កំពុង​តែ​រស់​នៅ​ឡើយ ​ដោយ​សារ​តែ​អ្នក​ស្រី​រស់​នៅ​ទីនេះ​យូរ​ឆ្នាំ​មក​ហើយ ​ហើយ​ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​បង្ខំ​ឱ្យ​ទៅ​រស់​នៅ​នោះ​ ពិបាក​ក្នុង​ការ​ប្រកប​របរ​រក​ស៊ី។​

អ្នកស្រី​ថ្លែង​ថា៖ ​«បើ​សិន​ជា​ពេល​វេលា​ដើរ​ថយ​ក្រោយ​ ខ្ញុំ​សុខ​ចិត្ត​ឱ្យ​វិល​ទៅ​ស្រែ​ប្រាំង​ដែល​ពួក​ខ្ញុំ​ធ្លាប់​អាស្រ័យ​ផល​ពី​មុន​វិញ ​ព្រោះ​ពួកខ្ញុំ​រស់នៅ​ពីមុន ​គឺ​មាន​ភាព​សុខ​សាន្ត​ គ្មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​ខណ្ឌ​ណា​ទេ។​ ទើប​តែ​ដី​កាត់​ចូល​អនុ​ក្រឹត្យ ​ទើប​តែ​បង្ហូរ​រំដោះ​ទឹក​ស្អុយ​ពី​ភ្នំពេញ​មក​ចាប់​ផ្តើម​បាត់​បង់​ផ្ទៃ​បឹង​ទាំង​មូល។ ​អ៊ីចឹង​ខ្ញុំ​ស្តាយ​ទាំង​ផ្ទៃ​បឹង​ពី​ដូនតា ​ទាំង​លំនៅ​ឋាន​ពួក​ខ្ញុំ​រស់​នៅ»។​

បើ​តាម​សហគមន៍ ​ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​បាន​អាជ្ញាធរ​ផ្តល់​ដី​នៅ​ទីតាំង​ថ្មី​ ដែល​មាន​ទទឹង​ ៤​ម៉ែត្រ ​និង​បណ្តោយ ​១៨​ម៉ែត្រ ​ដែល​ស្ថិត​ក្នុង​ភូមិ​សំរោង​ដែរ។​

កាល​ពី​កន្លង​ទៅ ​អ្នក​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​បាន​បង្ហាញ​ក្តីបារម្ភ​ ក្រោយ​រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​ដី​នៅ​បឹង​តាមោក​ជា​បន្ត​បន្ទាប់ ​ហើយ​រហូត​មក​ដល់​ពេល​នេះ ​ផ្ទៃ​បឹង​ជាង​ ៧០% ​នៃ​ផ្ទៃ​បឹង​ជាង​ ៣.២០០​ហិកតា ​ត្រូវ​បាន​កាត់​សម្រាប់​ការ​ស្ថាបនា​អគារ​រដ្ឋ ​និង​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​គ្រប់គ្រង។​

កាល​ពី​ថ្ងៃ​ទី ​២៥ ​ខែ​មករា ​ឆ្នាំ​ ២០២៤ ​ក្រុម​សង្គម​ស៊ីវិល​ និង​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល ​និង​សហគមន៍​មូលដ្ឋាន​ចំនួន​ ៣៨ ​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​ស្នើ​«បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ ​គំរាម​កំហែង​ និង​ផ្ដល់​ការ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​សហគមន៍​សំរោង​ត្បូង»។​

សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​លើក​ឡើង​ថា​ សហគមន៍​សំរោង​ត្បូង​មិន​ស្ថិត​នៅ​ក្នុង​អនុក្រឹត្យ​នៃ​ការ​កំណត់​ផ្ទៃ​បឹង​នេះ​ទេ​ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​កា​រពង្រីក​ផ្លូវ​ទាំង​ស្រុង​នោះ​ដែរ។​

ប្រធាន​កម្មវិធី​សិទ្ធិ​ក្នុង​ទីក្រុង​នៃ​សមាគម​ធាង​ត្នោត ​លោក ​ស៊ាង មួយឡៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ក្នុង​ការ​ផ្តល់ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់​ដល់​ប្រជា​ពលរដ្ឋ។​

លោក​ថ្លែង​បន្ថែម​ថា៖ ​«ការ​ស្នើ​សុំ​នេះ ​ដោយ​យើង​ឃើញ​ថា​ ស្ថាន​ភាព​នៅ​សំរោង​ត្បូង​នេះ​មិន​គួរ​ណា​រដ្ឋាភិបាល​ ឬ​ក៏​អាជ្ញាធរ​មូលដ្ឋាន​គាត់​ចោទ​ប្រកាន់​ថា ជាប្រជា​ពលរដ្ឋ​ខុស​ច្បាប់ ​ហើយ​ប្រព័ន្ធ​តុលាការ​មិន​ត្រូវ​ដាក់​ទោស​ទេ ​ព្រោះ​បើ​យើង​មើល​ទៅ​លើ​ស្ថានភាព​ពួក​គាត់ ​ គាត់​មិន​នៅ​ក្នុង​ព្រំ​ប្រទល់​ផ្ទៃ​បឹង​ដែល​កំណត់​ដោយ​ផ្លូវ​ការ​ក្នុង​ឆ្នាំ​ ២០១៦ ​ទេ។ ​ស្ថានភាព​នៃ​ការ​កាន់​កាប់​របស់​គាត់ ​គាត់​កាន់​កាប់​តាំង​ពី​ឆ្នាំ​ ១៩៩៦​ មក​ ដោយ​មាន​អាជ្ញាធរ​ភូមិ ​ឃុំ ​សង្កាត់​ទទួល​ស្គាល់​ដឹង ​ឮ​ព្រម​ទាំង​មាន​ឯកសារ​សំអាង​ដែរ»។​

អភិបាល​រង​រាជធានី​ភ្នំពេញ​ លោក ​កើត ឆែ ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ធឹម សំអាន ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​នៅ​ឡើយ​ទេ។​

ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​គឺ​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ច្បាប់​សិទ្ធិ​មនុស្ស ​ជាពិសេស​រំលោភ​លើ​សិទ្ធិ​ទទួល​បាន​លំនៅ​ឋាន​សមរម្យ ​និង​សិទ្ធិ​ជា​ច្រើន​ផ្សេង​ទៀត។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល។​

បច្ចុប្បន្ន​នេះ ​ប្រជា​ពល​រដ្ឋ​សំរោង​ត្បូង​ចំនួន ​១៨​ នាក់ ​កំពុង​រង​បណ្តឹង​តុលាការ ​ក្រោម​បទ​ចោទ​ហិង្សា​ដោយ​ចេតនា ​និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។ ​ពលរដ្ឋ​ម្នាក់បាន​រត់​គេច​ខ្លួន ​ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ ​នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ​

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩​ មក​ សហគមន៍​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​នានា ​ដូច​ជា​សាលា​សង្កាត់​សំរោង​ត្បូង ​សាលា​ខណ្ឌព្រែក​ព្នៅ ​សាលា​រាជធានី​ភ្នំពេញ ​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី ​ព្រឹទ្ធ​សភា ​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម ​និង​សំណង់​ជាដើម ​ ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​អ្វី​ឡើយ ​រហូត​មក​ដល់​ពេល​នេះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG