រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់អ្នកស្រី Annalena Baerbock បានប្តេជ្ញាផ្តល់ការគាំទ្រពីប្រទេសអាល្លឺម៉ង់ដល់អ៊ុយក្រែនក្នុងអំឡុងពេលអ្នកស្រីបំពេញទស្សនកិច្ចនៅទីក្រុងកៀវកាលពីថ្ងៃចន្ទដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែន។
អ្នកស្រី Baerbock ថា អ៊ុយក្រែនត្រូវការការគាំទ្រក្នុងពេលដែលរុស្ស៊ីវាយប្រហារតាមអាកាស ស្របពេលដែលអ៊ុយក្រែនឈានចូលដល់រដូវរងាម្តងទៀតនិងរងការគំរាមបន្ថែមពីការគាំទ្ររបស់យោធាកូរ៉េខាងជើងចំពោះរុស្ស៊ី។
អ្នកស្រី Baerbock ថ្លែងថា៖ «យើងតតាំងនឹងភាពឃោរឃៅនេះតាមរយៈមនុស្សធម៌និងការគាំទ្ររបស់យើង ដើម្បីមិនត្រឹមតែឲ្យពលរដ្ឋអ៊ុយក្រែនអាចរស់ផុតពីរដូវរងានេះប៉ុណ្ណោះទេ តែថែមទាំងឲ្យប្រទេសរបស់ពួកគេអាចនៅមានវត្តមានបន្តទៅមុខបានទៀតផង ដោយហេតុថាពួកគេក៏ការពារសេរីភាពរបស់យើងទាំងអស់គ្នានៅទ្វីបអឺរ៉ុបនេះផងដែរ»។
អ្នកស្រីបានបន្ថែមថា៖ «យើងនឹងគាំទ្រពលរដ្ឋអ៊ុយក្រែនដរាបណាពួកគេនៅត្រូវការយើង ដើម្បីឲ្យពួកគេអាចដើរតាមមាគ៌ារបស់ខ្លួនឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌មួយបាន»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
យោធាអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនចំនួន ៥០ គ្រឿងក្នុងចំណោម ៨០ គ្រឿងដែលកងកម្លាំងរុស្ស៊ីបានប្រើនៅក្នុងការវាយប្រហារកាលពីរំលងអាធ្រាត្រដោយដៅលើតំបន់ជាច្រើននៅទូទាំងប្រទេស។
ការស្ទាក់បាញ់ទម្លាក់ដ្រូនទាំងនេះបានធ្វើឡើងនៅតំបន់ Cherkasy, Chernihiv, Kherson, Kirovohrad, Mykolaiv, Odesa, Sumy, Zhytomyr និងតំបន់រដ្ឋធានីកៀវ។ នេះបើតាមការបញ្ជាក់របស់កងទ័ពជើងអាកាសអ៊ុយក្រែន៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។