ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​បឹង​តាមោក​បំភ្លឺ​នៅ​តុលាការ ​ក្រោយ​​មាន​ពាក្យ​បណ្តឹង​ពី​​អាជ្ញាធរ​ខណ្ឌ​ ចោទ​ប្រកាន់​ពី​បទ​រារាំង​និង​ញុះញង់


អ្នកស្រី ប្រាក់ សុភា លើករូបភាពជាភ័ស្តុតាងបង្ហាញអ្នកសារព័ត៌មាន នៅខាងមុខតុលាការក្រុងភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ប្រាក់ សុភា លើករូបភាពជាភ័ស្តុតាងបង្ហាញអ្នកសារព័ត៌មាន នៅខាងមុខតុលាការក្រុងភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ប្រជា​ពលរដ្ឋ​រស់​នៅ​ជាប់​បឹង​តាមោក​ដែល​កំពុងមាន​ជ​ម្លោះដីធ្លី ​នៅ​ថ្ងៃ​អង្គារ​នេះ​ ចាប់​ផ្តើម​ចូល​បំភ្លឺ​នៅ​តុលាការ​ពី​បទ​រារាំង​ ​ញុះ​ញង់​បង្កើត​សកម្ម​ភាព​អនាធិប​តេយ្យ​តាម​ដង​ផ្លូវ​សា​ធារណៈ ​ក្រោម​ពាក្យបណ្តឹង​របស់​ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ។​

ពលរដ្ឋទាំង​នោះ​ចាត់​ទុក​ថា​ ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគេ ​ដោយ​ពួកគេ​អះអាង​ថា​ មិន​បាន​ធ្វើ​សកម្មភាព​ដូច​ការ​ចោទ​ប្រកាន់​ឡើយ​ និង​គ្រាន់​តែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​តែ​ប៉ុណ្ណោះ។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ពលរដ្ឋរស់​នៅ​ជាប់​បឹង​តាមោក​ជាង​៣០​នាក់បាន​នាំ​គ្នា​អង្គុយ​នៅ​ទល់​មុខតុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​រង់ចាំ​លើក​ទឹក​ចិត្ត​ពលរដ្ឋ ​ដែល​ចូល​ទៅ​បំភ្លឺ​នៅតុលាការ​ទាក់ទ​ងដំណើរ​រឿង​រារាំង​ ញុះ​ញង់​បង្កើត​សកម្ម​ភាព​អនា​ធិបតេយ្យ​តាម​ដង​ផ្លូវ​សាធារណៈ​ ដែល​ជា​ពាក្យ​បណ្តឹង​របស់​លោក ​មាស សម្បូរ ដែល​ជា​ប្រធាន​ក្រុម​សណ្តាប់​ធ្នាប់ខណ្ឌ​ព្រែក​ព្នៅ។​

​ដីកា​កោះហៅ​ប្រជាពលរដ្ឋ​ ដែល​វីអូអេ​ទទួល​បាន បញ្ជាក់​ថា​ លោក​ មាស​ សម្បូរ ​ជាដើម​បណ្តឹងបាន​ប្តឹង​ប្រជា​ពលរដ្ឋ​៧នាក់ ​ដែល​មាន​ឈ្មោះ​អ្នកស្រី ​ផន សុខុម​ អ្នក​ស្រី ​ប្រាក់ ​សុភា​ អ្នកស្រី ​ខេន​ សាអយ ​អ្នកស្រី ​អំ ភឿន​ អ្នកស្រី ​តាន់ ខ្នី ​អ្នកស្រី ផន សុំ​ អ្នក​ស្រី ​គង់ តឿ ​ពី​បទ​រារាំង ​ញុះ​ញង់​បង្កើត​សកម្ម​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ​សាធារណៈ​ប្រព្រឹត្ត​នៅ​ផ្លូវ​លេខ​១៥១​ ភូមិ​សំរោង​ត្បូង​ សង្កាត់​សំរោង ​ខណ្ឌ​ព្រែក​ព្នៅ ​កាល​ពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ​ឆ្នាំ​២០​២២​ និ​ងថ្ងៃទី​៣ ​ខែ​ឧសភា ​ឆ្នាំ​២០២២​ ដោយ​តុលាការតម្រូវ​ឱ្យ​សាមី​ខ្លួន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ កាល​កំណត់​រៀងៗ​ខ្លួន​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២ ​ខែ​សីហា​នេះ​ទៅ​ និង​អ្នក​ខ្លះ​ត្រូវ​បំភ្លឺ​នៅ​ថ្ងៃ​ទី៣ ​ទី​៤ ​និង​ថ្ងៃទី​៩​ ខែ​សីហា។​

ប្រជាសហគមន៍សំរោងត្បូង អង្គុយជុំគ្នានៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ រង់ចាំលើកទឹកចិត្តពលរដ្ឋ​ដែលចូលបំភ្លឺក្នុងតុលាការទាក់ទងពីបទ​រារាំង​និងញុះញង់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
ប្រជាសហគមន៍សំរោងត្បូង អង្គុយជុំគ្នានៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ រង់ចាំលើកទឹកចិត្តពលរដ្ឋ​ដែលចូលបំភ្លឺក្នុងតុលាការទាក់ទងពីបទ​រារាំង​និងញុះញង់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ប្រជាពលរដ្ឋ​ដែល​កំពុងរស់នៅ​ភូមិ​សំរោង​ត្បូង​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​អះអាង​ថា​ ប្រជា​សហគមន៍​មិន​បាន​បង្ក​ភាព​អនាធិប​តេយ្យ​អ្វី​ទេ​ ដោយគ្រាន់តែ​នាំ​គ្នា​ឈរ​នៅ​តាម​ចំណី​ផ្លូវ​មុខ​ផ្ទះ​ស្រែក​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​បឹង​តាមោក​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង១០០​ខ្ទង ​ឬ២៥០​គ្រួសារ​ ដែល​បាន​រស់​នៅ​ទី​នោះ​តាំង​ពីឆ្នាំ​១៩​៩០ ​តែ​ប៉ុណ្ណោះ។

អ្នក​ស្រី​ ប្រាក់​ សុភា​ ដែល​បាន​ចូលទៅបំភ្លឺ​រួច​រាល់​មុន​គេ​នៅ​ចំពោះ​មុខ​តុលាការ​ ​បាន​ការ​ពារ​ខ្លួន​ថា អ្នក​ស្រី និងពលរដ្ឋ​ផ្សេងទៀត​ ដែលរង​ពាក្យ​បណ្តឹង​នេះ ​មិន​បាន​ធ្វើអ្វី​ដូច​ការ​ចោទ​ប្រកាន់របស់​លោក ​មាស សម្បូរ​ ប្រធានសណ្តាប់​ធ្នាប់​ខណ្ឌ​ព្រែក​ព្នៅ ​ដែល​ជា​អ្នក​ប្តឹងនោះ​ទេ។​ អ្នកស្រី​ចាត់​ទុក​ការ​ប្តឹងនេះ​ជា​រឿងអយុត្តិ​ធម៌​ណាស់​ ខណៈ​ព​លរដ្ឋ​កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ ​ក្រសួង​ដែនដី​នគរូបនីយ​កម្ម​ និង​សំណង់​ ​រដ្ឋ​សភា​ និង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី។​

​អ្នកស្រី​បញ្ជាក់​ថា៖ ​«សម្រាប់​ខ្ញុំ ​ប្រាក់ ​សុភា ​វា​មាន​តែ​ភាព​ថា ​អយុត្តិ​ធម៌។ ​វា​មាន​តែភាព​អយុត្តិធម៌​ មិន​មែន​អយុត្តិធម៌​ ​តែ​ខ្ញុំ​ ប្រាក់ សុភា​ទេ​ គឺ​អយុត្តិ​ធម៌​សម្រាប់​ពួក​ខ្ញុំ​២៥០​គ្រួសារ ​១០៨​ខ្នង​ផ្ទះ...។ ​អ៊ីចឹ​ង​ខ្ញុំ​អត់​ដឹង​ស្រែក​អី​ [ដោយ]​ប្រាប់​ថា​ អយុត្តិធម៌​ណាស់ ​ហើយ​វា​ឈឺ​ចាប់​ណាស់។​ ពួក​ខ្ញុំ​គ្រាន់​តែ​សុំ​សិទ្ធិ​រស់​នៅ​ លំនៅដ្ឋាន​សម​រម្យ​សោះ»។

​ស្ត្រី​វ័យ​៤២​ឆ្នាំ​ដែល​ជា​តំណាង​ពលរដ្ឋ​រស់​នៅ​ជាប់​បឹង​តាមោក​រូប​នេះ​ស្នើ​ឱ្យ​តុលាការ​កុំ​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ។​ អ្នកស្រី​ក៏​បាន​ស្នើ​ទៅស្ថាប័ន​រដ្ឋ​សភា​ និង​ស្ថាប័ន​ផ្សេង​ទៀតឱ្យ​ជួយ​ពន្លឿន​ក្នុង​កា​រ​ដោះ​ស្រាយ​វិវាទ​មួយ​នេះ ​ទោះ​បី​ជា​មិន​សូវ​មាន​ក្តី​សង្ឃឹម​ក៏​ដោយ។​

អ្នកស្រី​បញ្ជាក់​ថា៖​ «ខ្ញុំ​នឹង​ចាំ​ចម្លើយ​ពី​រដ្ឋ​សភា​ទៀត។ តើ​មាន​យុត្តិ​ធម៌​ចំពោះ​ពលរដ្ឋរស់​នៅ​អម​ផ្លូវ​បឹង​តាមោក​ ផ្លូវ​១៥១​ហ្នឹង​ឬ​ក៏​អត់? ​ខ្ញុំ​រង់​ចាំ​ថ្ងៃ​រដ្ឋ​សភា​គាត់​ណាត់​ប្រជា​ពលរដ្ឋ​១០៨​ខ្នង​ផ្ទះ​ ២៥០​គ្រួសា​រ​ហ្នឹង»។​

បើ​តាម​អ្នក​ស្រី ​មក​ដល់​ពេល​នេះ​ ប្រជា​ពលរដ្ឋ​តែ​៧​នាក់​ប៉ុណ្ណោះ​បាន​ទទួល​ពាក្យ​បណ្តឹ​ង​ តែ​អ្នក​ស្រី​ថា​ តុលាការ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ​បាន​បញ្ជាក់​ប្រាប់​ថា ​មាន​ការ​ប្តឹង​ពលរដ្ឋចំនួន​១៦​នាក់។​

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ អ្នកស្រី ​ខេន សាអយ ​វ័យ​៣៧​ឆ្នាំ​ដែល​រង​ពាក្យ​បណ្តឹង​ដែរ​នោះ ​ក៏ចាត់​ទុក​ការ​ប្តឹង​របស់​ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌ​ព្រែក​ព្នៅ​នេះ​ជា​រឿង​អ​យុត្តិ​ធម៌​ផងដែរ។ អ្នក​ស្រី​ថា​ នឹង​ចូល​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​ដែល​កោះ​ហៅ​ឱ្យ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៤​ ខែ​សីហា​ខាង​មុខ​នេះ។​

​អ្នក​ស្រី​បញ្ជាក់​ថា៖ ​«គាត់​មាន​វិធីអ្វី​ធ្វើ​បាប​ខ្ញុំ​ ​មាន​តែ​ដីកា​ហ្នឹង​ដើម្បី​បំបែក​បំបា​ក់​សហគមន៍​ខ្ញុំ។ ​ប៉ុន្តែ​ចំណែក​ខ្ញុំ​ ​ខ្ញុំ​អត់​ខ្លាច​ទេ​ ជាប់​គុក​ដោយ​សារ​ដីផ្ទះ​សម្បែង​ខ្ញុំ​រស់នៅ។​ ខ្ញុំ​ចង់​បាន​ដី​ហ្នឹង​ ដែល​ខ្ញុំ​រស់​នៅ​រាល់​ថ្ងៃ។​ ខ្ញុំ​ចង់​បាន​តែរស់​នៅ​ទេ។ ​រឿង​ដីកា​ទាំង​អស់​ហ្នឹង​ ពួក​ខ្ញុំ​អត់​ខ្លាច​ទេ»។​

ចំណែក​ពលរដ្ឋ​ដែល​រង​ពាក្យ​បណ្តឹង​ផ្សេង​ទៀត​ ក៏​បាន​ចាត់​ទុក​រឿង​នេះ ​អយុត្តិ​ធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​ផង​ដែរ។​

អ្នកស្រី ប្រាក់ សុភា ពលរដ្ឋរស់នៅជាប់បឹងតាមោក ដែលរងពាក្យបណ្តឹង​បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការបំភ្លឺនៅក្នុងតុលាការទាក់ទងពីបទ រារាំង និងញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ប្រាក់ សុភា ពលរដ្ឋរស់នៅជាប់បឹងតាមោក ដែលរងពាក្យបណ្តឹង​បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការបំភ្លឺនៅក្នុងតុលាការទាក់ទងពីបទ រារាំង និងញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី​ ផន សុខុម​ អាយុ​៤៤​ឆ្នាំ ​ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ម៉ោង​២​រសៀល​ថ្ងៃ​អង្គារនេះ​ បាន​ថ្លែង​ថា៖​ «បើ​គាត់​ចោទ​លើ​ខ្ញុំ​ថា​ បិទ​ផ្លូវមាន​ការ​ប្រទូសរ៉ាយ​ជា​មួយ​អាជ្ញាធ​រ​ ខ្ញុំ​មាន​ឃ្លីប​វីដេអូ​ខ្ញុំ​ទាំង​អស់​ [ថត]​សកម្មភាព​...​ព្រោះ​ខ្ញុំ​ដឹង​ថា​ អាជ្ញាធរ​ដែល​គាត់​ចង់ធ្វើ​អ្វីមួយ​ គាត់​ចង់​តែ​[មូល]​បង្កាច់​យើង​ទេ។​ អ៊ី​ចឹង​យើង​ត្រូវ​ត្រៀម​ក្នុង​ខ្លួន​យើង​គឺ​ថា​ អាជ្ញាធរ​ប្រុង​ធ្វើ​បាប​យើង ​ យើង​ក៏មាន​សិទ្ធិ​ការ​ពារ​ក្តី​យើង​ដែរ។ ​យើង​គិត​ថា ​អ្វី​ដែល​យើង​ធ្វើ​យើង​ទទួល។​ អ្វីដែល​យើង​អត់​ធ្វើ ​យើង​ត្រូវ​តែ​រើ​បម្រាស។ ​គាត់​អត់​អាច​ចោទ​បាន​តាម​អំពើ​ចិត្ត​ទេ»។ ​

វីអូអេ​មិន​ទាន់អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​មាស សម្បូរ ​ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌ​ព្រែក​ព្នៅ​បាន​នៅ​ឡើយ​ទេ។ វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ ប្លង់ សុផល​ ​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ដែរ។​

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ ស៊ឹង សែនករុណា​ យល់​ថា ​ការ​តវ៉ា​ទាមទារណា​មួយ​ដោយ​សន្តិវិធី​គឺ​មិន​មែន​ជា​អំពើ​ល្មើស​ច្បាប់​នោះ​ទេ។​ លោក​បន្ត​ថា​ ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​តែ​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​អំពី​ករណី​នេះ​ និង​ត្រូវ​ធ្វើ​របាយ​ការណ៍​ឱ្យ​បាន​ច្បាស់​លាស់​អំពី​មូល​ហេតុ ​និង​ដើម​ចម​នៃ​រឿង​នេះ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ជា​ការ​យល់ឃើញ​របស់​ខ្ញុំ​ ​ការ​ទាម​ទារ​របស់​ប្រជា​ពលរដ្ឋ​បឹង​តាមោក​នេះ ​ពួក​គាត់​គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​ស្រប​តាម​ផ្លូវ​ច្បាប់​ដាក់​ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ជាតិ​ដើម្បី​ឱ្យ​រក​ដំណោះ​ស្រាយ​ជូន​ពួក​គាត់។ វា​មិន​មែន​ជា​រឿង​ដែល​ធ្វើ​ឱ្យប៉ះ​ពាល់​ទៅ​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​អ្វី​នោះ​ទេ។ ​ពួក​គាត់​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​ទាម​ទារ​តវ៉ា ​ដោយ​សន្តិវិធី ​ស្រប​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ»។ ​

មុន​រង​ពាក្យ​បណ្តឹង​នេះ ​ក្នុង​អំឡុង​ខែ​មិថុនា​និង​ខែ​កក្កដា​ ប្រជា​ពលរ​ដ្ឋ​ដែល​រស់​នៅ​ជាប់​ផ្ទៃ​បឹង​តាមោក​ក្នុង​ភូមិ​សំរោង​ត្បូង​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែកព្នៅ​ បាន​នាំ​គ្នា​ស្វែង​រក​កិច្ច​អន្ត​រាគមន៍​ និង​ស្វែង​រក​ដំណោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ រដ្ឋសភា ​ក្រសួង​ដែន​ដី​នគរូបនីយ​កម្ម ​និង​សំណង់​និង​ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្ត្រី ​ឱ្យ​ជួយ​ដោះស្រា​យ​បញ្ហា​ប្រឈម​របស់​ពួកគេ ក្រោយ​ពីមាន​ការ​ភ័យ​ខ្លាច​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំពី​លំនៅដ្ឋាន ​ព្រោះ​គ្រឿង​ចក្រ​ និ​ង​រថយន្តដឹក​ដី​កំពុង​មមា​ញឹកចាក់​ដី​ និង​ថ្ម​លុប​ស៊ង​ត្រី ​ដែល​ជា​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពួក​គេ​ជា​បន្ត​បន្ទាប់។​

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ស្នើ​ឱ្យ​កាត់​ឆ្វៀល​ដី​៥​ហិកតា​ឱ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង​១០០​ខ្នង​ ដែល​ពួកគេ​អះអាង​ថា​ បាន​រស់​នៅ​ទី​នោះ​ជាង​២០​ឆ្នាំ ​ឬ​តាំង​ពី​អំឡុង​ឆ្នាំ​១៩​៩០។​ ហើយ​ពលរដ្ឋ​ទាំង​នោះ​រំពឹង​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ ​ដូច​ជា​ការ​ស្នើ​សុំ​ឱ្យ​កាត់​ឆ្វៀល​ដី ​និង​ការ​ធ្វើ​សៀវ​ភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ​ និង​ការ​ស្នើ​សុំ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍​អំពី​ការ​ចាក់​ដី ​និង​ថ្ម​ចំ​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពួក​គេ​ ដោយ​ស្នើ​សុំ​ពេល​មួយ​រយៈ​ទៀត​ដើម្បី​ប្រមូល​ផល​ត្រី​ ដែល​ចិញ្ចឹម​ក្នុង​បឹង។​

គួរ​បញ្ជាក់​ថា ​បច្ចុ​ប្បន្ន​នេះ​ដី​បឹង​តាមោក​ផ្នែក​ខ្លះ​ ​រដ្ឋា​ភិបាល​បាន​កាត់ទៅ​ឱ្យ​ទៅ​ស្ថាប័ន​រដ្ឋ ​ក្រុមហ៊ុន​ឯកជន ​និង​នីតិបុគ្គល។ ​ការ​អភិវឌ្ឍ​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃ​ដី​ជាង​៣​ពាន់​ហិកតា ​ក៏​រង​ការ​រិះគន់​ផង​ដែរ​ថា ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​បឹង​ស្តុក​ទឹក​ធម្មជាតិ​នេះ៕

XS
SM
MD
LG