ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល


រូប​ផ្គុំ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និងអតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ លោក សម រង្ស៊ី(ស្តាំ)។ (Reuters/Leng Len/VOA Khmer)
រូប​ផ្គុំ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និងអតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ លោក សម រង្ស៊ី(ស្តាំ)។ (Reuters/Leng Len/VOA Khmer)

ខណៈ​មាន​ការ​អំពាវ​នាវ​ឱ្យប្រជា​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​ពី​មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៣ ខែកក្កដា​ខាង​មុខ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ​ដែល​អាច​យក​ជា​ការ​បាន។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​សារ​ជា​សំឡេង​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​របស់​លោក​ទាក់​ទង​នឹង​ការ​គូស​សន្លឹក​ឆ្នោត​ថា៖ «ដូច្នេះ​ខ្ញុំ​អំពាវ​នាវ​ទាំង​សមាជិក​សមាជិកា​គណ​បក្ស​ប្រជា​ជន​ ទាំង​បណ្តា​គណបក្ស​នយោបាយ​ផ្សេងៗ​រួម​គ្នា ដើម្បី​ពន្យល់​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​នេះ​គឺ​ជា​កិច្ច​ដែល​យើង​ត្រូវ​ធ្វើ​រួម​គ្នា ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​មួយ​ធានា​នូវ​ភាព​រលូន និង​ជោគ​ជ័យ​សម្រាប់​ជាតិ​យើង​ទាំង​មូល»។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ បន្ទាប់​ពី​លោក​អះ​អាង​ថា​ មាន​ជន​ក្លែង​បន្លំ​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជា​ជន បាន​ទៅ​ណែនាំ​អ្នក​បោះ​ឆ្នោត​ឱ្យ​គូស​សន្លឹក​ឆ្នោត​នោះ​ចោល ដោយ​ប្រើ​សញ្ញា​ផ្សេង ខុស​ពី​ការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​អ្នក​ទាំង​នោះ ដោយ​ពុំ​មាន​ការ​លើក​លែង​ឡើយ។

លោក​ថ្លែង​ថា៖ «សូម​ចាប់​ឱ្យ​បាន​ចំពោះ​ជន​ប្រព្រឹត្ត​បទ​ល្មើស ជា​ពិសេស​គណ​បក្ស​ប្រជា​ជន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ចាប់ អ្នក​ណា​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​គណបក្ស​ប្រជា​ជន​ ហើយ​ទៅ​ណែនាំ​ប្រជា​ជន​ឱ្យ​គូស​សន្លឹក​ឆ្នោត​ខុស​ ជន​ទុច្ចរិត​នេះ មិន​ត្រូវ​បាន​ទទួល​ការ​អត់​ឱន​នោះ​ឡើយ»។

ខណៈ​អវត្ត​មាន​គណ​បក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​នីតិកាល​ទី​៧ខាង​មុខ​នេះ​ អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស តែង​តែណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល ដោយ​សារ​មិន​មាន​គណ​បក្ស​ដែល​ពួក​គេ​ពេញ​ចិត្ត។

លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «...ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ថ្ងៃ​២៣ កក្កដា ខាង​មុខ​នេះ នឹង​នាំ​មក​នូវ​ការ​ភ្ញាក់​ផ្អើល​មួយ​ដ៏​ធំ គឺ​ចំនួន​សន្លឹក​ឆ្នោត​ដ៏​ច្រើន​លើស​លប់ ដែល​អ្នក​បោះ​ឆ្នោត​នឹង​គូស​ចោល ដើម្បី​ច្រាន​ចោល​របប ហ៊ុន សែន​»។
កាល​ព្រឹក​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ស្រាវ​ជ្រាវ​ជា​បន្ទាន់ ដើម្បី​កំណត់​មុខ​សញ្ញា​អ្នក​ដែល​បង្រៀន​ប្រជាពលរដ្ឋ​តាម​អនឡាញ​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល។

នៅ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២១ ខែកក្កដា មន្រ្តី​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​តែ​សកម្ម​ចុះ​ណែនាំ​និង​បង្រៀន​ប្រជា​ពលរដ្ឋ​ឱ្យ​ចេះ​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ ដែល​យក​ជា​ការ​បាន។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ហៅ​កាត់​ថា​គ.ជ.ប លើក​ឡើង​ថា​គ.ជ.ប នឹង​ចាត់​វិធាន​ការ ដោយ​អនុវត្ត​តាម​ច្បាប់ស្តី​អំពី​ការ​បោះ​ឆ្នោត ប្រសិន​បើ​រក​ឃើញ​អ្នក​ដែល​បង្រៀន​ប្រជាពលរដ្ឋ​ឱ្យ​គូស​សន្លឹក​ឆ្នោត​ខុស។

លោក​ថ្លែង​ថា៖ «រឿង​បន្លំ​ខ្លួន​ធ្វើ​ជា​តំណាង​ឱ្យ​គណបក្ស​នយោបាយ​ណា​មួយ គឺ​ជា​ទោស​ទណ្ឌ​ផ្សេង​ដែល​សាមី​ខ្លួន​ទទួល​ខុស​ត្រូវ​ទៅ​តាម​ច្បាប់​ក្នុង​រឿង​ដោយ​ឡែក​មួយ។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នេះ ការ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ មាន​ការ​បាត់​ទំនុក​ចិត្ត​ទៅ​លើ​ការ​បោះ​ឆ្នោត​ បង្រៀន​ប្រជា​ពលរដ្ឋ​ឱ្យ​គូស​សញ្ញា​ដែល​ធ្វើ​ឱ្យ​សន្លឹក​ឆ្នោត​ខូច​ជា​ដើម​គឺ​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ក្នុង​ច្បាប់​ចែង​ពី​៥​លាន​ទៅ​២០​លាន​រៀល​ ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ដោយ​ទាន់​គិត​ដល់​ទោស​ទណ្ឌ​ផ្សេងៗ​ដែល​សាមី​ខ្លួន​បាន​ប្រព្រឹត្ត»។

អ្នក​នាំពាក្យ​រូប​នេះ​ក៏​បាន​ណែនាំ​ពី​ការ​គូស​សន្លឹក​ឆ្នោត​ដែល​ត្រឹម​ត្រូវ និង​យក​ជា​ការ​បាន​ ដោយ​លើក​ឡើង​ថា៖ «ក្នុង​បទ​បញ្ជា និង​នីតិ​វិធី​នៃ​ការ​បោះ​ឆ្នោត​ គ.ជ.ប បាន​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​ថេច[✓] ទៅ​លើ​សន្លឹក​ឆ្នោត​ដែល​សាមី​ជន​អ្នក​បោះឆ្នោត​ចង់​គាំទ្រ​ដល់​គណបក្ស​នយោបាយ​ណា​មួយ។ ប៉ុន្តែ​បើ​ប្រជា​ពលរដ្ឋ​ពិបាក​ក្នុង​ការ​គូស​សញ្ញា​ថេច[✓] បង​ប្អូន​អាច​នឹង​ប្រើ​ប្រាស់​សញ្ញា​អ្វី​ក៏​បាន លើក​លែង​តែ​សញ្ញា​ដែល​អាច​ឱ្យ​គេ​ដឹង​បាន​អំពី​អត្ត​សញ្ញាណ​អ្នក​គូស​ខ្លួន​ឯង»។

លោក​បន្ថែម​ថា​ក្រៅ​ពី​គូស​សញ្ញា​ថេច​(✓) ប្រជា​ពលរដ្ឋ​អាច​គូស​សញ្ញា​ផ្សេង​ទៀត​បាន​ ដែល​មាន​នៅ​ក្នុង​ខិត្តប័ណ្ណ​ដែល គ.ជ.ប បាន​ណែនាំ។

គួរ​បញ្ជាក់​ថា​កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ ​គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ប្រមាណ​៦០​ម៉ឺន​សន្លឹក។​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​គ.ជ.ប។​

អ្នក​តាម​ដាន​មើល​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​ខ្លះ​ត្រូវ​បាន​បង្ខំ​ឱ្យ​ទៅ​បោះ​ឆ្នោត​ ដោយ​សារ​បារម្ភ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការ​រើស​អើង​នយោបាយ ​និង​មិន​ធ្វើ​ឯកសារ​សម្រាប់​ប្រជា​ពល​រដ្ឋ ​នៅ​ពេល​ពួកគេ​ត្រូវ​ការ។ សម្រាប់​មន្រ្តី​រាជការ ​កម្លាំង​ប្រដាប់​អាវុធ ​និង​ទាហាន ​ពួកគេ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត ដើម្បី​មាន​ចង្អុល​ដៃ​ជ្រលក់​ថ្នាំ និង​បង្ហាញ​ថា​ពួកគេ​មិន​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ដែល​ចង់​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​ច្រើន ក្នុង​គ្រា​អវត្តមាន​គណបក្ស​ភ្លើង​ទៀន៕

XS
SM
MD
LG