ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ផ្តាច់​ខ្លួន​ទៅ​កាន់​គណបក្ស​កាន់​អំណាច​មុន​ការ​បោះឆ្នោត


រូបឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតម្នាក់បង្ហាញសន្លឹកឆ្នោត ពេលរាប់សន្លឹកឆ្នោត ក្នុងអំឡុងការបោះឆ្នាតជាតិ​អាណត្តិទី ៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតម្នាក់បង្ហាញសន្លឹកឆ្នោត ពេលរាប់សន្លឹកឆ្នោត ក្នុងអំឡុងការបោះឆ្នាតជាតិ​អាណត្តិទី ៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។

អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​និងសកម្មជន​ជាបន្តបន្ទាប់​បាន​ផ្តាច់​ខ្លួន​ដើម្បី​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី២៣ ខែ​កក្កដា ខណៈ​មាន​ការ​រាយការណ៍​ពី​ការ​គំរាមកំហែងពី​សំណាក់​រដ្ឋាភិបាល​និង​ភាព​តានតឹង​អារម្មណ៍​ជាមួយ​នឹង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ហើយ​បញ្ហា​នេះ​កំពុង​ដាក់​សម្ពាធ​មក​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​នៅ​សេសសល់ក្នុង​ប្រទេស។

​កាល​ពី​ខែ​ឧសភា រដ្ឋាភិបាល​កម្ពុជា​បាន​រក​ឃើញ​ថា គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​មិនបាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ ដើម្បី​ចូលរួម​ការ​បោះឆ្នោត ដោយ​ការណ៍​នេះ​បាន​ជំរុញ​ឱ្យ​មាន​ការ​ចាកចេញ​ជា​បន្តបន្ទាប់ពី​សំណាក់សមាជិក​គណបក្ស​នេះ។ ប៉ុន្តែ​សូម្បី​តែ​ពី​មុន​ពេល​នោះ​ទៅទៀត​ ការ​ផ្តាច់ខ្លួន​មាន​សំទុះ​កើន​ឡើង​រួច​ទៅ​ហើយ​ ស្រប​ពេល​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បង្រ្កាប​លើ​ក្រុម​អ្នករិះគន់​តាមរយៈ​ពាក្យ​បណ្តឹង ការ​ចាប់ខ្លួន និង​ការ​វាយដំ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ឡើង​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

ស្លាក​សញ្ញា​គណបក្ស​ភ្លើងទៀន​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ថ្ងៃទី​ ២៦​ខែកក្កដា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)
ស្លាក​សញ្ញា​គណបក្ស​ភ្លើងទៀន​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ថ្ងៃទី​ ២៦​ខែកក្កដា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក គីមសួរ ភីរិទ្ធ បាន​ប៉ាន់ប្រមាណ​ថា ថ្នាក់​ដឹកនាំ​កណ្តាល​គណបក្សភ្លើង​ទៀន​ ដែល​កំពុង​ប្រឈម​នឹង​ភាព​ប្រទាំងប្រទើស​ ពី​១០​ ទៅ​១៥​ភាគរយ​ បាន​ផ្តាច់​ខ្លួន។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​អះអាង​ថា អ្នកគាំទ្រ​និង​មន្រ្តី​គណបក្ស​ប្រឆាំង​ «រាប់​រយ រាប់​ពាន់​នាក់» បាន​ចូលរួម​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ជា​ភ័ស្តុតាង​បញ្ជាក់​នោះ​ទេ។

លោក ​ភីរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «នេះ​ជា​យុទ្ធសាស្រ្ត​របស់​គណបក្ស​ជា​គូប្រជែង​ក្នុង​ការ​ធ្វើ​ឱ្យ​គណបក្ស​យើង​ទន់ខ្សោយ... ដើម្បី​បង្ហាញ​ជា​រូបភាព​ថា យើង​កំពុង​បែកបាក់»។

នៅ​ក្នុង​ចំណោម​អ្នក​ផ្តាច់​ខ្លួន​ រួម​មាន​លោក យឹម ស៊ីណន ដែល​បាន​ចំណាយ​ពេល​រាប់​ទសវត្សរ៍​រៀបចំ​ចលនា​ក្រុម​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ និង​បាន​ធ្វើការ​យ៉ាង​ជិត​ដិត​ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​លោក កឹម សុខា ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ​ កាល​ពី​ពេល​ថ្មីៗ​នេះ។

​កាល​ពី​ខែ​មីនា លោក​ ស៊ីណន ​ត្រូវ​បាន​ចាប់ខ្លួន​ចំពោះ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ប្រមាថ​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី។ ខណៈ​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ លោក​បាន​បង្ហោះ​សារ​សុំ​ទោស​ជា​សាធារណៈ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ភរិយា​របស់​លោក និង​បាន​ប្រកាស​ចូលរួម​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច ហើយ​បន្ទាប់​មក​លោក​បាន​ទទួល​តំណែង​ចាត់តាំង​ខ្ពស់​មួយ​នៅ​ក្រសួង​ការងារ។

លោក​ ស៊ីណន​ បាន​អះអាង​ថា សេចក្តី​សម្រេច​របស់​លោក​មិនមែន​កើត​ចេញ​ពី​សម្ពាធ​ជុំវិញ​ការ​ចាប់ខ្លួន​រូប​លោក​នោះ​ទេ ប៉ុន្តែចេញ​ពី​ភាព​តានតឹង​អារម្មណ៍​អស់​ពេលជា​ច្រើន​ឆ្នាំ​មក​នេះ​ជាមួយ​នឹង​គណបក្ស​សង្រ្គោះជាតិ​ ដែល​ត្រូវ​បាន​រំលាយ និង​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្សស្នង​តំណែង​បន្ត​ជា​គណបក្ស​ប្រឆាំង។

​លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ឃើញ​ភាព​ទន់ខ្សោយ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាច​បន្ត​ដំណើរ​ត​ទៅ​ទៀត​បាន។ ខ្ញុំ​សម្រេច​ថា ខ្ញុំ​ត្រូវ​ជ្រើសរើស​កន្លែង​ថ្មី ដើម្បី​ចូលរួម​ក្នុង​ការ​បម្រើ​ជាតិ»។

សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)
សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)

លោក​បាន​បន្ថែម​ថា៖ «អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​កើត​ចេញ​ពី​ឆន្ទៈ​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា [ការងារ​ពី​មុនរបស់​ខ្ញុំ] គឺ​បម្រើ​ផលប្រយោជន៍​សង្គម។ មិនមែន​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​ក្រុម​ប្រឆាំង​គឺ​ជា​ រឿង​ឥត​ប្រយោជន៍​នោះ​ទេ»។

ការ​ផ្តាច់ខ្លួន​ផ្សេង​ទៀត​គឺ​ មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ។ កាល​ពី​ខែ​មិថុនា ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​លោក ស ឡុងដេត បាន​ធ្វើ​ការ​សុំ​ទោស និងប្រកាស​រិះគន់​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចោទប្រកាន់​រូបលោក​ពី​ការ​បរិហារកេរ្តិ៍​ជុំវិញ​សេចក្តី​អធិប្បាយ​របស់​លោក​អំពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម។ កាល​ពី​ខែ​ឧសភា សកម្មជន​គណបក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំក្នុង​ពន្ធនាគារ​ចំនួន​១០​នាក់​បាន​ស្នើ​សុំ​ការ​អត់ឱន​ទោស​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​វីដេអូ​មួយ​ និង​បាន​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​ពួកគេ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា ពួកគេ​មិនមែន​ត្រូវ​បាន​គំរាមកំហែង​ឱ្យ​ធ្វើ​ដូច​នេះ​ទេ។

ប៉ុន្តែ​អ្នក​បន្ត​ស្ថិត​នៅ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​និយាយ​ថា ការ​បង្ខិតបង្ខំ​ពី​សំណាក់​គណបក្ស​កាន់​អំណាច​គឺ​មាន​ខ្លាំង​ជាង​ពេល​ណាទាំងអស់​នៅ​ក្នុង​រដូវកាល​បោះឆ្នោត​នេះ។

លោក ចៅ វាសនា អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ប្រកប​ដោយ​ប្រជាប្រិយភាព​មួយ​រូប​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ ២០១៧ ចំពោះ​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល បាន​និយាយ​ថា កាល​ពី​ខែ​ឧសភា មន្រ្តី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​រូប​បាន​មក​និយាយ​យ៉ាង​សមគួរ​ជាមួយរូប​លោក​ថា​លោក​ «ត្រូវ​បាន​ចាត់​ជា​គោលដៅ​អស់​មួយ​ជីវិត» និង​បាន​ស្នើ​ឱ្យ​លោក​ផ្តាច់​ខ្លួន​ទៅ​ខាង​រដ្ឋាភិបាល ហើយ​លោក​នឹង​ទទួល​បាន​ «តួនាទី​ល្អ» មួយ។

លោក វាសនា ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «មើល​ទៅ​ហាក់​ដូចជា​ពួកគេ​កំពុង​ធ្វើ​ដោយ​បើក​ចំហ និង​លែង​លាក់​មុខ​ដូច​កាល​ពី​មុន​ទៀត»។​ យ៉ាង​ណាក្តី លោក​បាន​បដិសេធ​សំណើ​ខាង​លើ ដោយ​និយាយ​ថា លោក​មិន​អាច​ត្រូវ​បង្ខំចិត្តឱ្យ​ធ្វើ​អ្វី​ដែល​មិន​លោក​មាន​ជំនឿ​ចិត្ត​លើ​នោះ​ទេ។

លោក​បានបន្ត​ថា៖ «ខ្ញុំ​មិន​បារម្ភ​ពី​រឿង​ត្រូវ​គេ​សម្លាប់​នោះ​ទេ... យើង​ត្រូវ​មាន​ស្មារតី​រឹងមាំ​មួយ»។

អ្នកវិភាគ​នយោបាយ​លោក​ ឯម​ សុវណ្ណារ៉ា សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​រាជធានី​ភ្នំពេញ បាន​និយាយ​ថា ស្រប​ពេល​ការ​ផ្តាច់ខ្លួនតែងកើត​ឡើងអំឡុង​ពេល​ការ​បោះឆ្នោត​ដែល​មាន​រាល់​ប្រាំ​ឆ្នាំ​ម្តង ទំហំ​នៃ​ការ​ផ្តាច់ខ្លួន​គិត​ចាប់តាំង​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​មុន​បង្ហាញ​ពី​ភាព​លំបាក​នៅ​ក្នុង​ការអាច​រស់​រាន​បាន​នៅ​ខាងក្រៅ​កណ្តាប់​ដៃ​របស់​គណបក្ស​កាន់អំណាច។

ចាប់តាំង​ពី​ខែ​មករា​មក អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watchបាន​កំណត់​ឃើញ​យ៉ាង​ករណី​អំពើ​ហិង្សាយ៉ាងហោចណាស់​ចំនួនប្រាំពីរ​ករណី​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង ក្នុង​នោះ​រួម​មាន​ការ​វាយដំ​ដែល​មាន​ការ​ប្រើប្រាស់​បង្គោល​ដែក​ផង​ដែរ។

លោក​ ឯម សុវណ្ណារ៉ា បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «យើង​កំពុង​ឃើញ​ថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​តែ​រួមតូច ហើយ​កំពុង​រំកិល​ទៅ​ក្នុង​បែបផែន​មួយ​ដែល​មិន​បាន​ផ្តល់​ឱ្យ​អ្នកបោះឆ្នោត​នូវ​សេរីភាព​ពេញលេញ។ វា​ឆ្លុះបញ្ចាំង​ពី​គំនិត​ដែល​ថា «លទ្ធិប្រជាធិបតេយ្យ» គឺ​អាច​រស់​បាន​ប្រសិន​បើ​ពលរដ្ឋ​គាំទ្រ និង​ស្រប​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។​ ការ​រិះគន់​បែប​ស្ថាបនា​នានា​ហាក់​ដូច​ជា​កំពុង​បាត់បង់»។

​បណ្តាញ​សកម្មជន​ក៏​បាន​បាត់បង់​សមាជិក​សំខាន់​របស់​ខ្លួន​ផង​ដែរ។ កាល​ពី​ខែ​កុម្ភៈ សមាជិក​មួយ​រូប​នៃ​អង្គការ​ការពារ​បរិស្ថាន​ «មាតា​ធម្មជាតិ» (Mother Nature) បានប្រកាស​រិះគន់​ប្រឆាំង​នឹង​អង្គការ​នេះ ហើយ​បាន​បង្កើត​ជា​អង្គការ​ថ្មី​មួយ ក្រោម​ឈ្មោះ​ដូចគ្នា ដែល​ស្ថិត​នៅ​ក្រោម​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។

កញ្ញា ភួន កែវរស្មី សកម្មជន​ការពារ​បរិស្ថាន​វ័យ​ក្មេង ក្រោយ​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)
កញ្ញា ភួន កែវរស្មី សកម្មជន​ការពារ​បរិស្ថាន​វ័យ​ក្មេង ក្រោយ​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

​កញ្ញា ​ភួន កែវរស្មី សកម្មជន​មួយ​រូប​ដែល​ស្ថិត​នៅ​ជាមួយ​អង្គការ​មាតាធម្មជាតិ​ដែល​មាន​តាំង​ពី​ដំបូង​ឡើយ បាន​និយាយ​ថា កញ្ញា​មិន​ជឿ​ថា អង្គការ​ដែល​ស្ថិត​ក្រោម​រដ្ឋាភិបាល​នឹង​ទទួល​បាន​ការ​គាំទ្រ ឬ​ការ​ជឿ​ទុកចិត្ត​នោះ​ទេ។

កញ្ញា​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «យើង​អាណិត [ពួកគេ] ហើយ​មាន​ការ​សោកស្តាយ​ដែល ពួកគេ​សុខ​ចិត្តចាកចេញ​ពី​សេរីភាព ហើយ​ទៅ​រស់​នៅ​ក្នុង​ទ្រុង​មួយ​ដោយ​ការ​គាំទ្រ​រដ្ឋាភិបាល»។

​អ្នក​ដទៃ​ទៀត​នៅ​តែ​ស្ថិត​ក្រោម​សម្ពាធ​សូម្បី​តែ​បន្ទាប់​ពី​បាន​ប្រកាស​ជា​ផ្លូវការ​ចំពោះ​ការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ក៏​ដោយ។

​លោក ​ថេង សាវឿន ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​ឧសភា​ជាមួយ​នឹង​សហការី​ពីរ​រូប​ទៀត ហើយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រៀបចំ​ «បដិវត្តន៍​កសិករ»។

លោក​ សាវឿន​ បាន​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ និង​បាន​សារភាព​ពី​បទឧក្រិដ្ឋ​ដែល​ត្រូវ​បាន​ចោទប្រកាន់។ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឱ្យ​អង្គការ​របស់​លោក​ផ្អាក​ប្រតិបត្តិការ​បណ្តោះអាសន្ន​រយៈពេល​ពីរ​សប្តាហ៍​បន្ទាប់​មក។

លោក​ ចៅ វាសនា អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យដែល​ថា លោក​បាន​រង​សម្ពាធ​ឱ្យ​ផ្តាច់ខ្លួន បាន​និយាយ​ថា លោក​មិន​ចង់​ឱ្យ​គេ​ចងចាំ​លោក​ថា​ជា ជន​ក្បត់​នោះ​ទេ។

​លោក​បាន​ថ្លែងអំពី​អតីត​សហការី​ពី​គណបក្ស​ប្រឆាំង​ថា៖ «ពួកគេ​ចង់​បាន​ផលប្រយោជន៍​និង​តំណែង។ ពួកគេ​បានផ្តាច់ខ្លួន​ជា​បន្តបន្ទាប់។ ប៉ុន្តែ​ខ្ញុំ ខ្ញុំ​ធ្វើ​ [​ការងារ​នេះ] សម្រាប់​ជាតិ។ ខ្ញុំ​មិន​ធ្វើ​ដើម្បី​តំណែង​នោះ​ទេ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG