ទោះបីជាទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងភ្នំពេញមានភាពតានតឹងចំពេលទំនាក់ទំនងមិត្តភាពរបស់កម្ពុជាជាមួយចិនកាន់តែកើនឡើងក៏ដោយ ក៏ពលរដ្ឋខ្មែរអាមេរិកាំងនៅតែមើលឃើញតួនាទីសំខាន់របស់សហរដ្ឋអាមេរិក ក្នុងការទាមទារការគោរពលទ្ធិប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសកម្ពុជាកាលពីខែមុនបានប្រកាសថា គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេមិនមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតដោយសារតែបាត់បង់ឯកសារចុះឈ្មោះកាលពីទសវត្សរ៍១៩៩០។ ការសម្រេចបែបនេះ ត្រូវបានគាំទ្រដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលភាគច្រើនជាសមាជិកជាន់ខ្ពស់របស់គណបក្សគ្រប់គ្រងប្រទេស។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ២៥ ខែឧសភា ដោយនិយាយថា ខ្លួនមាន «កង្វល់យ៉ាងជ្រាលជ្រៅ» ចំពោះទង្វើបែបនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller មានប្រសាសន៍ថា៖ «សកម្មភាពផ្លូវច្បាប់ ការគំរាមកំហែង ការយាយី និងការចោទប្រកាន់ព្រហ្មទណ្ឌដោយចេតនានយោបាយ សំដៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ធ្វើឱ្យខូចដល់ការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះអន្តរជាតិក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យពហុបក្ស»។
ពលរដ្ឋខ្មែរអាមេរិកាំងដែលជាប់ពាក់ព័ន្ធនយោបាយមួយចំនួន បាននិយាយជាមួយ វីអូអេ កាលពីសប្តាហ៍មុនថា ពួកគេមានចិត្តរីករាយចំពោះសេចក្តីថ្លែងការណ៍នេះ ប៉ុន្តែអ្នកខ្លះនិយាយថា ពួកគេចង់ឃើញការចូលរួមកាន់តែស៊ីជម្រៅពីសហរដ្ឋអាមេរិកមុនការបោះឆ្នោតថ្ងៃទី ២៣ ខែកក្កដា។
លោក អ៊ិន សួន បុគ្គលិកសង្គមកិច្ចមួយរូបរស់នៅទីក្រុង Stockton រដ្ឋកាលីហ្វ័រញ៉ា និងជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏សំខាន់មួយរូប បានប្រាប់វីអូអេថា៖ «ខ្លួនខ្ញុំផ្ទាល់ ខ្ញុំចង់ឃើញអាមេរិកាំងហ្នឹង កុំឲ្យចេញតែសេចក្តីថ្លែងការណ៍ថ្កោលទោសរួចក៏ហីបាត់ទៅណាស់ទេ។ ខ្ញុំចង់ឲ្យ (សហរដ្ឋអាមេរិក)តាមដានជាប់លាប់តទៅទៀត ពីព្រោះយើង (សហរដ្ឋអាមេរិក) ជាបិតាប្រជាធិបតេយ្យពិភពលោក»។
លោកបានជំរុញឱ្យកម្ពុជាកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលតម្រូវឱ្យមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែលោក អ៊ិន សួន បាននិយាយថា វានឹងមិនកើតឡើងដោយគ្មានសម្ពាធពីខាងក្រៅប្រឆាំងនឹង «ទំនោរ» របស់រដ្ឋាភិបាលក្នុងការដើរតាមប្រទេសមួយចំនួន ដូចជាប្រទេសចិននោះទេ។
លោកថ្លែងថា៖ «តែកាលណាប្រទេសលោកសេរីដកថយ ពេលនោះហើយរដ្ឋាភិបាលដែលមាននិន្នាការខ្លាំងទៅខាងប្រទេសកុម្មុយនីស្ត ជាពិសេសយើងឃើញហើយទៅខាងប្រទេសចិនទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ សព្វថ្ងៃហ្នឹង ដល់អ៊ីចឹងទៅ ប្រជាពលរដ្ឋនឹងបាត់សិទ្ធិសេរីភាពកាន់តែខ្លាំងហើយ។ ដូច្នេះខ្ញុំសូមអង្វរកឲ្យរដ្ឋាភិបាលនៃប្រទេសមហាអំណាចលោកសេរីហ្នឹង កុំមេត្តាដកខ្លួនថយអី ចូលរួមចរចាធ្វើកិច្ចការហ្នឹងតទៅទៀត ឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន»។
ពួកគេមានក្តីរំពឹងថា អាចមានការពិភាក្សាសម្ងាត់ដ៏ចម្រូងចម្រាស នៅមុនការបោះឆ្នោតខែកក្កដា។ ប្រហែលជាគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនឹងប្រកាសសម្បទានធំមួយចំនួនដើម្បីបង្កើតឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ រឿងនេះធ្លាប់កើតឡើងពីមុន។
ប៉ុន្មានថ្ងៃមុនការបោះឆ្នោតជាតិឆ្នាំ ២០១៣ ដែលបានក្លាយទៅជាការប្រកួតប្រជែងខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍នោះ មេដឹកនាំគណបក្សប្រឆាំងដ៏យូរគឺលោក សម រង្ស៊ី ត្រូវបានអនុញ្ញាតឲ្យវិលចូលប្រទេសវិញ ដោយបង្កើតនូវភាពរំភើបដែលស្ទើរតែអាចផ្តួលគណបក្សប្រជាជនកម្ពុជាបាននាពេលនោះ។
ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនៅឆ្នាំនេះកើតឡើងចំពេលមានរលកនៃការគាបសង្កត់ ខណៈដែលមេដឹកនាំសហជីព សកម្មជន និងអ្នកប្រឆាំងដ៏លេចធ្លោបំផុតជាច្រើនរបស់ប្រទេសត្រូវបានចាប់ដាក់គុក ឬបំបិទសំឡេងតាមរយៈការគំរាមកំហែង។ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស ភ្លើងទៀននៅតែជាប់ពន្ធនាគារក្រោមបទចោទដែលគណបក្សអះអាងថាមានហេតុផលនយោបាយ។
ពលរដ្ឋខ្មែរអាមេរិកាំងនិយាយថា ពួកគេគ្រាន់តែចង់ឱ្យប្រទេសកម្ពុជារៀបចំការបោះឆ្នោត ដូចនៅសហរដ្ឋអាមេរិកដែលគណបក្សនយោបាយមានប្រជាប្រិយភាពបំផុតអាចឈ្នះ។
លោក យ័ប គឹមទឹង ប្រធានអង្គការខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅភាគខាងជើងរដ្ឋ Virginia បានប្រាប់ VOA ថា៖ «ចំពោះយើង យើងធ្វើម៉េចចង់ឃើញថា ការបោះឆ្នោតហ្នឹងឲ្យបានយុត្តិធម៌ ហើយរបៀបរៀបចំការបោះឆ្នោតហ្នឹងឲ្យមានយុត្តិធម៌។ យើងមិនខ្វល់ថា ប្រជាជនបោះឆ្នោតឲ្យគណបក្សមួយណា បេក្ខជនមួយណាទេ។ យើងចង់ឲ្យតែប្រជាពលរដ្ឋមានសេរីភាពជ្រើសរើសបុគ្គលឬមួយបេក្ខជន គណបក្សដែលគេចូលចិត្ត»។
លោក យ័ប គឹមទឹង ដែលក្រុមរបស់លោកទើបនឹងទទួលស្វាគមន៍លោក សម រង្ស៊ី សម្រាប់កម្មវិធីមួយនៅ សង្កាត់ Falls Church រដ្ឋ Virginia បាននិយាយថា ការបោះឆ្នោតដែលគ្មានលទ្ធិប្រជាធិបតេយ្យនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «ពេលណាប្រទេសខ្មែរអនុវត្តលទ្ធិប្រជាធិបតេយ្យមិនបានត្រឹមត្រូវ ឬមួយគោរពសិទ្ធិមនុស្សមិនបានត្រឹមត្រូវ ប្រទេសអាមេរិក មន្ត្រីរបស់គេពិបាកធ្វើការស្និទ្ធស្នាលជាមួយមន្ត្រីខ្មែរឬមួយក៏រកស៊ី ឬមួយក៏មានទំនាក់ទំនងជាមួយប្រទេសខ្មែរបានល្អទេ ព្រោះអាហ្នឹងវាខុសពីតម្លៃរបស់គេ»។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបណ្តុះទំនាក់ទំនងដ៏កក់ក្តៅជាមួយប្រទេសកុម្មុយនីស្តវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជា ក៏ដូចជារបបផ្តាច់ការចាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតរហូតដល់អេហ្ស៊ីប ដោយសារតែផលប្រយោជន៍ភូមិសាស្ត្រនយោបាយ រាប់ចាប់ពីបញ្ហាថាមពលរហូតដល់បញ្ហាសន្តិសុខជាតិ។
លោក ទូច វិបុល ដែលជាប្រធានអង្គការសម្ព័ន្ធខ្មែរ-អាមេរិកាំង (CAA) នៅទីក្រុង High Point រដ្ឋ North Carolina បាននិយាយថា សហរដ្ឋអាមេរិកគួរតែនៅក្រៅនយោបាយកម្ពុជា ហើយផ្តោតលើវិស័យដូចជា ពាណិជ្ជកម្ម ការអប់រំ និងសុខាភិបាល។ បើមិនដូច្នេះទេ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនប្រថុយនឹងការរុញទីក្រុងភ្នំពេញទៅក្នុងដៃរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក វិបុល ថា សេចក្តីថ្លែងការណ៍ដូចអ្វីដែលលោក Miller ចេញកាលពីខែមុននឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនឲ្យកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបណ្តាប្រទេសអាស៊ានធ្វើប្រតិបត្តិការជាឯកច្ឆន្ទ ឬកុងស្សង់ស៊ីស។
លោកថ្លែងថា៖ «បើអីចឹងបានជាខ្ញុំចង់បញ្ជាក់ថា សហរដ្ឋអាមេរិកគង់តែត្រូវការកម្ពុជាដដែល អ៊ីចឹងចៀសវាងការចេញសេចក្តីថ្លែងការណ៍ណាមួយក្នុងរូបភាពប្រឈមមុខ។ អីចឹងត្រូវតែបង្ហាញរូបភាពកិច្ចសហប្រតិបត្តិការ គោរពអធិបតេយ្យភាពកម្ពុជាវិញ។ អាហ្នឹងវាចំណេញច្រើនជាង»។
លោក ទូច វិបុល ជាអ្នកគាំទ្រគណបក្សប្រឆាំងរហូតមកដល់ឆ្នាំនេះ នៅពេលដែលលោកចាប់ផ្តើមគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលលោកថា មានបទពិសោធន៍ និងសមត្ថភាព និងភាពជាអ្នកដឹកនាំប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីខែមុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍ការបោះឆ្នោតជាផ្លូវការដើម្បីតាមដានដំណើរការបោះឆ្នោត «ដែលអ្នកជំនាញឯករាជ្យកម្ពុជា និងអន្តរជាតិជាច្រើនវាយតម្លៃថា មិនសេរី ឬមិនយុត្តិធម៌»។ ហើយសហរដ្ឋអាមេរិកក៏បានជំរុញឱ្យអាជ្ញាធរកម្ពុជាធ្វើការកែប្រែ និងអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងដំណើរការបោះឆ្នោតឡើងវិញ។
បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអាសនៈទាំង ១២៥ ក្នុងរដ្ឋសភា ដែលការណ៍នេះ បង្កើនការរិះគន់កាន់តែខ្លាំងថា កម្ពុជាបានក្លាយជារដ្ឋឯកបក្សជាធរមាន។ ខណៈដែលមានគណបក្សមួយចំនួនផ្សេងទៀតបានចុះឈ្មោះសម្រាប់ការបោះឆ្នោតនៅខែកក្កដា រួមទាំងគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចក៏ពិតមែន ប៉ុន្តែគ្មានអ្នកណាទទួលបានការគាំទ្រ ឬការរំភើបចិត្តដូចគណបក្សភ្លើងទៀនទេ។
ខណៈពេលដែលមានការងឿងឆ្ងល់តិចតួចអំពីអ្នកណានឹងឈ្នះការបោះឆ្នោតខែកក្កដា ជាពិសេសដោយគ្មានគណបក្សភ្លើងទៀនចូលរួមប្រកួតនោះ អ្នកសង្កេតការណ៍នឹងតាមដានយ៉ាងយកចិត្តទុកដាក់លើចំនួនអ្នកចេញទៅបោះឆ្នោតក្នុងចំណោមអ្នកចុះឈ្មោះចំនួនប្រមាណ ១០ លាននាក់ ដែលនេះជាវិធានការនៃការវាស់ស្ទង់អំពីភាពមិនពេញចិត្តជាសាធារណៈចំពោះដំណើរការនយោបាយ។
ការបោះឆ្នោតក៏ជាចំណុចរបត់មួយសម្រាប់គណបក្សប្រជាជនកម្ពុជាដែរ។ កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានចូលប្រឡូកក្នុងឆាកនយោបាយជាផ្លូវការក្នុងនាមជាបេក្ខជនតំណាងរាស្ត្រកំពូលរបស់គណបក្សកាន់អំណាចនៅរាជធានីភ្នំពេញ។ គណបក្សប្រជាជនកម្ពុជាបានអនុម័តការបន្តមុខតំណែងនាយករដ្ឋមន្ត្រីរួចហើយ។
ថ្មីៗនេះលោក ហ៊ុន សែន ធានាថា លោកនឹងបន្តគ្រប់គ្រងលើឆាកនយោបាយក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានជំរុញឱ្យមានការរំពឹងទុកថា ការឡើងតំណែងរបស់លោក ម៉ាណែត អាចនឹងកើតមានក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការបោះឆ្នោត។
ពេលវេលានឹងប្រាប់ថា តើលោក ហ៊ុន ម៉ាណែត កាន់យកលទ្ធិប្រជាធិបតេយ្យផ្សេងពីឪពុករបស់លោកដែរឬយ៉ាងណា។ ប៉ុន្តែបើគ្មានការវិវត្តសំខាន់ៗក្នុងប៉ុន្មានសប្តាហ៍ខាងមុខទេ ទិដ្ឋភាពមួយរយៈពេលខ្លីសម្រាប់គណបក្សប្រឆាំងមើលទៅក្លាយជារឿងសោះកក្រោះជាមិនខាន។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានធ្វើទស្សនកិច្ចនៅរដ្ឋធានី វ៉ាស៊ីនតោនកាលពីថ្មីៗកន្លងទៅនេះ ដើម្បីទាញចំណាប់អារម្មណ៍ឲ្យមានការយកចិត្តទុកដាក់ចំពោះអ្វីដែលលោកហៅថា ការបោះឆ្នោតក្លែងក្លាយ ខណៈលោក កឹម សុខា ប្រធានគណបក្សប្រឆាំងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ពីបទក្បត់ជាតិកាលពីខែមីនា ហើយត្រូវឃុំខ្លួនក្នុងផ្ទះគ្មានកំណត់។
លោក Larry Seng ជនជាតិខ្មែរអាមេរិកាំងរស់នៅក្បែរទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន ដែលគាំទ្រគណបក្សភ្លើងទៀន បាននិយាយថា លោកមានការសោកស្ដាយចំពោះការវិវត្តចុងក្រោយនេះ។
លោកបានមានប្រសាសន៍ថា៖ «ពីព្រោះលទ្ធិប្រជាធិបតេយ្យត្រូវការការប្រកួត ហើយការប្រកួតត្រូវធ្វើដោយយុត្តិធម៌ ឲ្យមានកម្លាំងប្រហាក់ប្រហែលគ្នា ហើយដល់ពេលបិទសិទ្ធិសេរីភាពមិនឲ្យអ្នកមានកម្លាំងប្រហាក់ប្រហែលប្រកួតជាមួយនោះ បានសេចក្តីថា អយុត្តិធម៌ពន់ប្រមាណណាស់ ហើយខ្ញុំ មានការសោកស្តាយៗជាពន់ពេកដែលបិទសិទ្ធសេរីភាពប្រជាពលរដ្ឋខ្មែរ មិនឲ្យមានសិទ្ធិជ្រើសរើសអ្នកដឹកនាំដោយសេរីនិងយុត្តិធម៌»។
លោក អ៊ុន សុខុម ជនជាតិខ្មែរអាមេរិកាំងនៅទីក្រុង Lowell រដ្ឋ Massachusetts បានប្រាប់វីអូអេថា លោកជឿថា សហរដ្ឋអាមេរិក និងប្រទេសហត្ថលេខីផ្សេងទៀតនៃសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនឹងវាយតម្លៃស្ថានភាព និងដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជាឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួន។
លោកថ្លែងថា៖ «ហើយកាលពីកន្លងមក ការគោរពហ្នឹងវាមិនបានត្រឹមត្រូវទេ ហើយសម្ពាធហ្នឹងចេះតែដាក់ទៅលើរដ្ឋាភិបាលបក្សកាន់អំណាចហ្នឹង ដើម្បីកុំឲ្យធ្វើការគាបសង្កត់ទៅលើពលរដ្ឋនិងបក្សប្រឆាំង»។
លោក អ៊ុន សុខុម បានចូលរួមក្នុងការបង្កើតចលនាប្រឆាំងនៅឆ្នាំ ១៩៩៧ ប៉ុន្តែបានលាឈប់ពីឆាកនយោបាយក្នុងឆ្នាំ ២០១២។ លោកថា លោកចង់ឃើញមេដឹកនាំគណបក្សប្រឆាំងបច្ចុប្បន្នខិតខំបន្ថែមទៀតដើម្បីស្តារលំហប្រជាធិបតេយ្យនៅក្នុងប្រទេសឡើងវិញ។ ប្រសិនបើពួកគេធ្វើដូច្នេះ លោកបាននិយាយថា លោកនឹងពិចារណាចូលរួមម្ដងទៀត។
លោកថ្លែងថា៖ «យើងអាចឈានចូលទៅវិញបាន ...នឹងមានបំណងទៅវិញដែរ តែយើងកំពុងសិក្សារបត់នយោបាយប្រទេសកម្ពុជា ហើយនឹងស្វែងរកនូវគោលការណ៍នយោបាយដឹកនាំច្បាស់លាស់។ យើងនឹងចូលរួមជាមួយ»៕