ក្រុមអង្គការសង្គមស៊ីវិលចំនួន ២១ បង្ហាញការខកចិត្តនឹងការណ៍ដែលស្ថាប័នរៀបចំការបោះឆ្នោតជាតិបដិសេធការចុះបញ្ជីរបស់គណបក្សនយោបាយចំនួនពីរគឺ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដើម្បីឈរឈ្មោះបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។
ក្រុមអង្គការសង្គមស៊ីវិល ដែលក្នុងនោះមានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ចាត់ទុកថា អវត្តមានរបស់បក្សទាំងពីរក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ នេះជាការបាត់បង់ជម្រើសនយោបាយរបស់ប្រជាពលរដ្ឋក្នុងការរើសតំណាងដែលពួកគេយល់ថា អាចការពារសិទ្ធិ និងប្រយោជន៍របស់ពួកគេបាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយចុះនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការធានាបាននូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតមានភាពចំាបាច់ក្នុងដំណើរការប្រជាធិបតេយ្យ ពីព្រោះថា សិទ្ធិទាំងនេះក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។
លោកថ្លែងថា៖ «អ៊ីចឹងនៅក្នុងសេចក្តីថ្លែងការណ៍យើងហ្នឹង គឺយើងមានចំណុចពីរដែលសំខាន់ជាងគេគឺថា ទី១ សូមឱ្យភាគីពាក់ព័ន្ធជាពិសេសរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន គ.ជ.ប ពិនិត្យមើលឱ្យមានការធានាអំពីសិទ្ធិឈរឈ្មោះនិងសិទ្ធិបោះឆ្នោតហ្នឹង។ នេះគឺជារឿងមួយសំខាន់»។
គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតច្រាលចោលការចុះបញ្ជីសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខ ដោយផ្តល់ហេតុផលថាគណបក្សទាំងពីរនេះមិនបានភ្ជាប់នូវប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានការបញ្ជាក់នីត្យានុកូលកម្ម។
សេចក្តីថ្លែងការណ៍រួមដដែលបញ្ជាក់ក្នុងន័យដើមថា៖ «យើងខ្ញុំជាអង្គការសង្គមស៊ីវិល សមាគម និងសហជីព យល់ថា ការចូលរួមពីគ្រប់គណបក្សនយោបាយ ដែលមានបំណងឈរឈ្មោះធានាបាននូវការលើកកម្ពស់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺជាគ្រឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន តាមគោលនយោបាយនៃការបង្រួបបង្រួមជាតិ និងឯកភាពជាតិ»។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលជាផ្នែកមួយនៃការសម្តែងមតិ ហើយថា គ.ជ.ប អនុវត្តទៅតាមតែច្បាប់ប៉ុណ្ណោះក្នុងដំណើរនៃការរៀបចំការបោះឆ្នោត។
លោកបញ្ជាក់ថា៖ «អ៊ីចឹង គ.ជ.ប អនុវត្តទៅតាមច្បាប់ដែលមានជាធរមាន។ នៅពេលដែលខ្វះឯកសារ មិនបានបំពេញគ្រប់គ្រាន់ គ.ជ.ប មានតែធ្វើការបដិសេធ។ អ៊ីចឹងសូមកុំឱ្យគិតពីរឿងទិដ្ឋភាពនយោបាយ សូមគិតពីរឿងទិដ្ឋភាពបច្ចេកទេស។ យើងខ្ញុំជាអ្នកបច្ចេកទេសរៀបចំការបោះឆ្នោត»។
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រាប់វីអូអេថា គណបក្សនៅតែមានឆន្ទៈចូលរួមការបោះឆ្នោតនាពេលខាងមុខដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋនិងដើម្បីជ្រោងទង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «បើយើងមើលទៅការបដិសេធដែលមិនឱ្យគណបក្សភ្លើងទៀនដែលមានសក្តានុពលប្រហាក់ប្រហែលទៅនឹងគណបក្សកាន់អំណាច យើងឃើញថា វាមានផលប៉ះពាល់ទាក់ទងទៅនឹងការបាត់បង់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួន»។
នៅពេលសួរថាតើគណបក្សភ្លើងទៀននឹងធ្វើអ្វីបន្តទៀត លោក រ៉ុង ឈុន លើកឡើងថា គណបក្សមានគម្រោងធ្វើការតស៊ូមតិ ប៉ុន្តែមកទល់ពេលនេះមិនទាន់ទទួលបានការឆ្លើយតបពីអាជ្ញាធរនៅឡើយ។ ទោះយ៉ាងណាក្តី លោកអះអាងថា គណបក្សនៅតែតស៊ូតាមនីតិវិធីដូចជាការស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ និងជួបជជែកជាមួយក្រសួងមហាផ្ទៃ។
គណបក្សភ្លើងទៀនទទួលបានសំឡេងគាំទ្រប្រមាណ ១លាន ៦សែននាក់ នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០២២។ សំឡេងគាំទ្រនេះត្រូវបានអ្នកតាមដានទស្សន៍ទាយថា គណបក្សជំទាស់មួយនេះអាចទទួលបានអាសនៈចន្លោះពី ២០ ទៅ ៣០ ក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន ១២៥។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើហេតុអ្វីបានជាគណបក្សភ្លើងទៀនអាចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់បាន កាលពីឆ្នាំ ២០២២ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រមិនអាចចូលប្រកួតបាននោះ។
គណបក្សភ្លើងទៀនក៏បានខិតខំតវ៉ានឹងការសម្រេចរបស់ គ.ជ.ប ដោយបានប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាដើម្បីបានចូលរួមការបោះឆ្នោតឆ្នាំ ២០២៣ នេះ។
ប៉ុន្តែទាំងគណបក្សជំទាស់នេះ និងគណបក្សមហាសាមគ្គីជាតិខ្មែរដែលគេមិនសូវស្គាល់នោះ ត្រូវបានសមាជិក៩រូបរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាសម្រេចថា គ្មានភាពស្របច្បាប់សម្រាប់ចូលរួមការបោះឆ្នោត។ ហើយការសម្រេចរបស់ស្ថាប័នច្បាប់កំពូលមួយនេះគឺជាការបិទផ្លូវតវ៉ា។
ក្រោយការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាជាបន្តបន្ទាប់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កង្វះឯកសាររដ្ឋបាលរបស់គណបក្សភ្លើងទៀនសម្រាប់ការចុះបញ្ជីឈរឈ្មោះបោះឆ្នោត គឺជា«ឧបាយកល» និងជាគោលដៅរបស់គណបក្សប្រឆាំងដោយផ្ទាល់ ដែលចង់ដកខ្លួនពីការបោះឆ្នោត។ លោកថា ការណ៍នេះជាចេតនា«១ចង់យកបរទេសមកគាប»សង្កត់រដ្ឋាភិបាលកម្ពុជា។
ភ្លាមៗបន្ទាប់ពីប្រតិកម្មរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ គណបក្សភ្លើងទៀនបានផ្តល់សេចក្តីពន្យល់ដល់សាធារណជនថា ខ្លួនបានព្យាយាមស្វែងរកដំណោះស្រាយដោយស្នើសុំសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ ១៩៣ ពីក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានតាមការស្នើសុំ។
ប្រកាសលេខ ១៩៣ គឺសំដៅទៅលើសំណៅដើមរបស់គណបក្ស សម រង្ស៊ី ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ ១៩៩៨ ហើយត្រូវបានប្តូរឈ្មោះទៅជាគណបក្សភ្លើងទៀននៅឆ្នាំ ២០១៧ ដែលក្រសួងបានទទួលស្គាល់ការផ្លាស់ប្តូរឈ្មោះនោះផងដែរ។ នេះបើតាមការបកស្រាយរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន៕