លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងនៅថ្ងៃអង្គារថា បើទោះបីលោកមិនធ្វើជានាយករដ្ឋមន្រ្តីតទៅទៀត លោកនៅតែគ្រប់គ្រងនយោបាយកម្ពុជាដដែល ក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ដែលកាន់អំណាចជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ១៩៨៥ ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធអគារមួយនៅរាជធានីភ្នំពេញ។
លោក ហ៊ុន សែន ថ្លែងថា៖ «បានតែជ្រុលធ្វើបុណ្យ ធ្វើឱ្យចប់ចុងចប់ដើមមើល៍។ មើល៍ទាន់ករុណានៅធ្វើជានាយករដ្ឋមន្រ្តី តែដល់ករុណាឈប់ធ្វើជានាយករដ្ឋមន្រ្តីទៅគឺថា តេជគុណត្រូវទៅបិណ្ឌបាត្រ នែ! នាយករដ្ឋមន្រ្តីក្រោយហើយ។ ប៉ុន្តែករុណាអត់ទាន់ទៅណាទេ។ បើទោះបីថាមិនធ្វើជានាយករដ្ឋមន្រ្តី ក៏នៅតែគ្រប់គ្រងនយោបាយកម្ពុជាដែរ ក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជន»។
លោក ហ៊ុន សែន មិនបានបញ្ជាក់ថា តើលោកនឹងកាន់តំណែងអ្វីក្នុងរដ្ឋាភិបាល ឬក៏ក្នុងអង្គនីតិបញ្ញត្តិ នៅពេលលោកឈប់ធ្វើជានាយករដ្ឋមន្រ្តីឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃអង្គារថា បើទោះលោក ហ៊ុន សែន មិនធ្វើជានាយករដ្ឋមន្រ្តីក៏ដោយ ក៏លោកនៅតែជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមថា លោក ហ៊ុន សែន នឹងជាឥស្សរជនសំខាន់មិនអាចខ្វះបានក្នុងការកាន់កាប់តួនាទីណាមួយក្នុងស្ថាប័នកំពូលរបស់ជាតិ។ ប៉ុន្តែលោកមិនអាចបញ្ជាក់បានថា តើលោកនាយករដ្ឋមន្រ្តីនឹងមានតំណែងអ្វីឡើយ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា មិនអាចខ្វះបាននូវតួនាទីណាមួយនៅក្នុងស្ថាប័នកំពូលរបស់ជាតិទេ ក៏ប៉ុន្តែខ្ញុំមិនអាចថា តើគាត់អញ្ជើញទៅនៅកន្លែងណា។ អាហ្នឹងមិនអាចថាបានទេ។ ក្រោយពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់ហើយ ស្ថាប័នកំពូលនានារបស់ជាតិហ្នឹងត្រូវរៀបចំរចនាសម្ព័ន្ធរបស់ខ្លួន បាទ»។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេថា អ្វីដែលលោក ហ៊ុន សែន លើកឡើងសុទ្ធតែជារឿងដែលអាចនឹងកើតឡើងបានទាំងអស់ ដោយសារប្រព័ន្ធដឹកនាំរដ្ឋត្រូវបានគ្រប់គ្រងដោយលោក ហ៊ុន សែន រួមទាំងអង្គនិតីបញ្ញត្តិ និងតុលាការ ហើយលោកនាយករដ្ឋមន្រ្តីមានឥទ្ធិពលទាំងស្រុងទៅលើនយោបាយនៅកម្ពុជា។
អ្នកវិភាគរូបនោះមើលឃើញសេណារីយ៉ូមួយចំនួន ក្រោយលោក ហ៊ុន សែន ឈប់ធ្វើនាយករដ្ឋមន្រ្តី ហើយតំណែងដឹកនាំប្រទេសនេះបានទៅកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១មណ្ឌលរាជធានីភ្នំពេញសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខ។
លោកថ្លែងថា៖ «ទីមួយគឺលោកនាយករដ្ឋមន្រ្តីអាចក្លាយទៅជាប្រធានសភា ហើយនិងក្លាយទៅជាអ្នកគ្រប់គ្រងអង្គនិតីបញ្ញត្តិទាំងមូល ទទួលខុសត្រូវទៅលើការផលិតច្បាប់ និងធ្វើវិសោធនកម្មច្បាប់ផ្សេងៗ ដើម្បីសម្រួលទៅដល់ការរក្សាអំណាចបន្ត។ សេណារីយ៉ូទីពីរ ប្រហែលជាអាចលោកនាយករដ្ឋមន្ត្រីនឹងបង្កើតដែលគេហៅថា ក្រុមប្រឹក្សាជាតិដែលប្រមែប្រមូលមន្ត្រីជាន់ខ្ពស់វ័យចំណាស់ទាំងអស់ទៅក្លាយជាសមាជិកក្រុមប្រឹក្សាជាតិនោះ ហើយធ្វើការជាអ្នកនៅពីខាងក្រោយ ផ្តល់ប្រឹក្សាយោបល់សម្រាប់មនុស្សជំនាន់ថ្មីរបស់គណបក្សប្រជាជននៅក្នុងការដឹកនាំរដ្ឋ»។
បើតាមលោក សេង សារី សេណារីយ៉ូមួយទៀត គឺលោក ហ៊ុន សែន នឹងក្លាយជាទីប្រឹក្សានាយករដ្ឋមន្រ្តី ដែលលោកអាចបញ្ជាពីក្រោយបានទាំងអស់។
លោកបន្ថែមថា៖ «សេណារីយ៉ូទីបី អាចលោកនាយករដ្ឋមន្រ្តីខ្លួនឯងផ្ទាល់តែម្នាក់ឯង នឹងក្លាយជាទីប្រឹក្សាផ្ទាល់ ឬក៏អាចមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រីកិត្តិយសអ៊ីចឹងទៅ ក្នុងនាមជាប្រធានគណបក្សប្រជាជន នៅក្នុងការចាំញាក់ខ្សែនៅក្នុងការដឹកនាំអំណាចរបស់មនុស្សជំនាន់ថ្មីនោះបាទ»។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា ការរៀបចំថ្នាក់ដឹកនាំប្រទេសកម្ពុជា គឺជា«រឿងគ្រួសារសុទ្ធសាធ» ដោយលោកទស្សន៍ទាយថា លោក ហ៊ុន សែន នឹងធ្វើជាប្រធានព្រឹទ្ធសភាជំនួសលោក សាយ ឈុំ ដែលចុះទៅធ្វើជាអនុប្រធានព្រឹទ្ធសភា។ លោកបន្ថែមថា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹងទទួលតំណែងប្រធានរដ្ឋសភា ជំនួសលោក ហេង សំរិន ដែលនឹងចូលនិវត្តន៍។
លោក សម រង្ស៊ី បញ្ជាក់ថា នេះជាព័ត៌មានដែលលោកទទួលបានពីផ្ទៃក្នុងរបស់គណបក្សកាន់អំណាច៕