គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះជនណាដែលប៉ុនប៉ងបង្កការរំខានដល់ដំណើរការបោះឆ្នោត តាមរយៈការចេញផ្សាយខិត្តបណ្ណ ឬឃ្លីបវីដេអូឃោសនាផ្សេងៗតាមបណ្តាញព័ត៌មានសង្គម អំពាវនាវឱ្យប្រជាពលរដ្ឋធ្វើឱ្យខូចសន្លឹកឆ្នោត និងកុំទៅបោះឆ្នោតនៅខែកក្កដាខាងមុខ ខណៈមិនមានវត្តមានគណបក្សភ្លើងទៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
នៅក្នុងការបោះឆ្នោតជាតិដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨បានត្រៀមចូលរួមការបោះឆ្នោត ក្រោយការទទួលស្គាល់ជាផ្លូវការរបស់គ.ជ.ប។ ដោយឡែក គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ ត្រូវបានផាត់ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោត ដោយសារភាពចម្រូងចម្រាសពាក់ព័ន្ធនឹងឯកសាររបស់គណបក្សភ្លើងទៀនសម្រាប់ការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះថ្ងៃទី៦ខែមិថុនា ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកំណត់ឃើញថា «មានបុគ្គលមួយចំនួនធ្វើយុទ្ធនាការតាមរយៈខិត្តបណ្ណ រូបភាព ឬស៉្បតឃោសនានានាតាមបណ្តាញព័ត៌មានសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត...ព្រោះគ្មានគណបក្សភ្លើងទៀន»។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត មិនថា ក្នុងកាលៈទេសៈណានោះទេ គ.ជ.ប នឹងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះបញ្ហានេះទៅតាមផ្លូវច្បាប់។
លោកថ្លែងថា៖ «ចំពោះសកម្មភាពរារាំង ញុះញង់ ឬធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតនោះគឺច្បាប់នឹងមានចំណាត់ការទៅតាមទំហំ ទៅតាមសកម្មភាពទាំងឡាយដែលមាន។ អ៊ីចឹងសូមកុំឱ្យបងប្អូនមានការភាន់ច្រឡំទៅលើព័ត៌មានទាំងឡាយណាដែលមិនផ្សព្វផ្សាយចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាទ»។
គ.ជ.ប បានផ្តល់សេចក្តីពន្យល់ក្នុងសេចក្តីប្រកាសរបស់ខ្លួនធ្វើឡើងកាលពីថ្ងៃអង្គារថា៖ «ការណ៍ដែលគ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរបោះឆោ្នត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន ក៏ដូចជាគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការអនុវត្តច្បាប់ ហើយសូមជ្រាប គ.ជ.ប គឺជាស្ថាប័នបចេ្ចកទេស និងអនុវត្តច្បាប់ ដោយគ.ជ.ប បានអនុវត្តដោយស្មើភាព និងគ្មានការរើសអើងចំពោះគ្រប់គណបក្សនយោបាយ»។
គ.ជ.ប បញ្ជាក់ទៀតថា យុទ្ធនាការខាងលើ គឺជាការរំលោភបំពានលើមាត្រា ១៤២ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងត្រូវផាកពិន័យជាទឹកប្រាក់ពី ៥លានរៀល ទៅ២០លានរៀល លើបុគ្គលដែលបង្កបទល្មើស ដូចជា «រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត» និង «បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ បញ្ជាក់ប្រាប់វីអូអេថា ចំណាត់ការរបស់គ.ជ.ប គឺជារឿងត្រឹមត្រូវ ពីព្រោះគណបក្សគ្មានគោលការណ៍ឃាត់ពលរដ្ឋ មិនឱ្យចូលរួមការបោះឆ្នោតនោះទេ។
លោកលើកឡើងថា៖ «ឆ្លៀតឱកាសនេះ ខ្ញុំសុំបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា គណបក្សភ្លើងទៀនគ្មានគោលការណ៍ ឬសេចក្តីសម្រេចចិត្តណាណែនាំសកម្មជន ឬថ្នាក់ដឹកនាំគណបក្សភ្លើងទៀនគ្រប់ស្រទាប់ជាន់ថ្នាក់ ឱ្យនិយាយហាមឃាត់ប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ដោយសារតែគ្មានវត្តមានគណបក្សភ្លើងទៀននៅក្នុងអំឡុងពេលចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខនេះទេ»។
លោកបន្ថែមថា ការធ្វើសកម្មភាពដូចដែលបានរាយការណ៍ដោយគ.ជ.ប នោះមិនជាប់ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀននោះឡើយ។
ដោយឡែកនៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសគាំទ្រចំពោះវិធានការរបស់ គ.ជ.ប ទៅលើអ្នកដែលមានចេតនាបង្កឱ្យមានអសន្តិសុខក្នុងដំណើរការបោះឆ្នោតដែលខិតជិតមកដល់។
លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធៀន (Wang Wentian)។
លោក ហ៊ុន សែន ថ្លែងដោយសំដៅលើគ.ជ.ប យ៉ាងដូច្នេះ៖ «ដំណើការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ គ្មានហិង្សា ដោយប្រជាធិបតេយ្យ និងគោរពសិទ្ធិជ្រើសរើសរបស់ប្រជាជន។ ឯរឿងវិធានការនានាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់វិធានការចំពោះអ្នកបន្ទុចបង្អាក់នៃការអនុវត្តសិទ្ធិរបស់ពលរដ្ឋគឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ហើយ»។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស ប្រាប់វីអូអេថា អវត្តមាននៃគណបក្សភ្លើងទៀនគឺជារឿងមួយដែលគួរឱ្យសោកស្តាយចំពោះជម្រើសរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។
ក៏ប៉ុន្តែលោកថា វិធានការរបស់ គ.ជ.ប គឺជាការគិតគូរត្រឹមត្រូវ ហើយថា ប្រជាពលរដ្ឋអាចចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោតនោះ គឺជាសិទ្ធិរបស់ពួកគេក្នុងការសម្រេចចិត្ត ដោយពុំមាននរណាម្នាក់អាចបញ្ជា ឬ ហាមឃាត់ពួកគេបាននោះឡើយ។
ក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ គ.ជ.ប បានប្តឹងអនុប្រធានណបក្សភ្លើងទៀនមួយរូបគឺលោក សុន ឆ័យ ចំពោះការអត្ថាធិប្បាយជាមួយប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធនឹងដំណើរការនៃការបោះឆ្នោត និងលទ្ធផលបោះឆ្នោត។
លោក សុន ឆ័យ ត្រូវបានតុលាការរកឃើញថាមានទោសពីបទបរិហារកេរ្តិ៍ជាសាធារណៈ ហើយតុលាការក៏បានសម្រេចឱ្យលោក សុន ឆ័យ បង់សងសំណងសរុបជាង១លានដុល្លារ អាមេរិកទៅឱ្យគណបក្សកាន់អំណាច និងគ.ជ.ប ដែលដាក់ពាក្យបណ្តឹងស្រដៀងគ្នានឹងគ.ជ.ប៕