ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ចិន​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ផ្ទះ​នៅ​ថៃ​ដើម្បី​កាត់បន្ថយ​ហានិភ័យ បន្ទាប់ពី​មាន​ការរាតត្បាត​ជំងឺ


រូបឯកសារ៖ ទូកទេសចរណ៍​នៅ​ទន្លេ​ចៅប្រាយ៉ា ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ទូកទេសចរណ៍​នៅ​ទន្លេ​ចៅប្រាយ៉ា ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

ជនជាតិ​ចិន​ជាច្រើន​មាន​បំណង​ចង់​វិនិយោគ​លើ​លំនៅដ្ឋាន​នៅ​ក្រៅ​ប្រទេស និង​ចង់​បាន​ការ​ការពារ​ក្នុង​ករណី​មាន​ការ​ផ្ទុះ​ឡើង​ការ​រាតត្បាត​ជំងឺ​ម្តង​ទៀត​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​សេដ្ឋកិច្ច​នៅ​ស្រុក​កំណើត។

លោក Daniel Bian អ្នក​រស់​នៅ​ទីក្រុង​សៀងហៃ​ផឹក​ស្រា​មើល​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាលរាជធានី​ថៃ ខណៈ​ដែល​លោក​ដេក​លើ​កៅអី​បត់​ក្បែរ​អាង​ហែល​ទឹក​នៅ​ជាន់ទី១៩ នៃ​ខុនដូ​ដ៏​ប្រណីត​មួយ។

លោក Bian ដែល​មាន​អារម្មណ៍​រំភើប ពាក់​វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ មួក​ពណ៌​ខៀវ​ទឹក​សមុទ្រ​ និង​អាវ​គ្រប​ចង្កេះ ហើយ​សក់​របស់​លោក​ធ្លាក់​ជាប់​ស្មា​របស់​លោក​បាន​និយាយ​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា វា​រស់រវើក។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សេរីភាព។ នេះ​គឺ​ជា​សុបិន​របស់​ខ្ញុំ»។

ដោយ​ជាប់​នៅ​ក្នុង​ប្រទេស​ចិន​អស់​រយៈពេល ៣ឆ្នាំ​ដោយសារ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​ដ៏​តឹងតែង​បំផុត​ក្នុង​ពិភពលោក​ លោក Bian ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ចិន​ដីគោក​ជាច្រើន​ដែល​ប្រមាញ់​ទិញ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ ចាប់​តាំង​ពី​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បើក​ព្រំដែន​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ។

ជនជាតិ​ចិន​ជាច្រើន​មាន​បំណង​ចង់​វិនិយោគ​លើ​លំនៅដ្ឋាន​នៅ​ក្រៅ​ប្រទេស និង​ចង់​បាន​ការ​ការពារ​ក្នុង​ករណី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​ស្រដៀង​គ្នា​ណា​មួយ​ម្តង​ទៀត​ដើម្បី​ការពារ​ហានិភ័យ​សេដ្ឋកិច្ច​នៅ​ស្រុក​កំណើត។

ទិន្នន័យ​ពី​គេហទំព័រ Trip.com បាន​បង្ហាញ​ថា ប្រទេស​ថៃ​គឺ​ជា​ទិសដៅ​ដ៏​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ចិន​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នៃ​ទិវា​ពលកម្ម​នៅ​ខែ​ឧសភានេះ ដែលនៅ​លេខ​រៀង​បន្ទាប់​គឺ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

សាលា​អន្តរជាតិ​ល្អៗ និង​បរិក្ខារ​ពេទ្យ​មាន​គុណភាព​ក្នុង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ កំពុង​ទាក់ទាញ​ចំនួន​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ទី​ពីរ​កាន់​តែ​ច្រើន។

ប្រទេស​ថៃ​រំពឹង​ថា​ នឹង​មាន​ភ្ញៀវ​ទេសចរ​ចិន​យ៉ាង​ហោច​ណាស់៥លាន​នាក់​នៅ​ឆ្នាំ ២០២៣ ដែល​អ្នក​ខ្លះ​គ្រោង​នឹង​ទិញ​អចលនទ្រព្យ ទោះ​បី​ជា​តួ​លេខ​នេះ​នៅ​តែ​ខុស​គ្នា​ឆ្ងាយ​ពី​ចំនួន​នៅ​មុន​ពេល​មាន​ជំងឺ​កូវីដ១៩ ​ដែល​នៅ​ពេល​នោះ​មាន​ចំនួន​ជិត១/៣ ភ្ញៀវ​ទេសចរ​ចំនួន៤០លាន​នាក់។

លោក Mesak Chunharakchot ប្រធាន​សមាគម​អចលន​ទ្រព្យ​ថៃ​បាន​និយាយ​ថា៖ «ច្បាស់​ណាស់ ​មាន​តម្រូវការ​មក​ពី​ប្រទេស​ចិន​ ដែល​ចង់​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​ថៃ»។

លោក​បាន​ប្រាប់​សារព័ត៌មាន Reuters ថា បញ្ជី​ទីតាំង​ពេញ​និយម​របស់​អ្នក​ទិញ​គឺ​នៅ​ក្នុង​ទីក្រុង​ធំៗ​ដូចជា ទីក្រុង​បាងកក ទីក្រុង​ឈៀងម៉ៃ​នៅ​តំបន់​ភ្នំ​ភាគ​ខាង​ជើង រមណីយដ្ឋាន​ប៉ាតាយ៉ា​នៅ​ឆ្នេរ​ខាង​កើត​ និង​តំបន់ Isan នៅ​ភាគ​ឦសាន​នៃ​ប្រទេស។

លោក Mesak Chunharakchot បាន​និយាយ​ថា «ជនជាតិ​ចិន​ទិញ​ផ្ទះ បញ្ជូន​កូន​ទៅ​សាលា​អន្តរជាតិ និង​ឱ្យ​ឪពុក​ម្តាយ​ពួកគេ​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​មើល​ថែ​ចៅៗ»។

ទិន្នន័យ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ចិន​ជិត២៧០.០០០ នាក់​បាន​មក​លេង​ប្រទេសថៃ​ក្នុង​ខែមីនា ដែល​ជា​តួ​លេខ​ដ៏​ខ្ពស់​មួយ​រយៈពេល​បី​ឆ្នាំ បើ​ទោះ​បី​វា​ជា​តួលេខ​ទាប​ជាង​ចំនួន ៩៨៥.២២៧ នាក់​ក្នុង​ខែមីនា​នៅ​ឆ្នាំ២០១៩​ មុន​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត​ក៏​ដោយ។

ចំនួន​និស្សិត​ចិន​នៅ​សាលា​អន្តរជាតិ​សិង្ហបុរី​បាងកក (Singapore International School Bangkok) បាន​កើន​ឡើង​ពី ១២% ទៅ១៣% នៅ​ដើម​ឆ្នាំ​នេះ ឬ​កើន​ឡើង​ចំនួន ៤០០ នាក់​ពី​ ៣.១០០​ នាក់​នៅ​ក្នុង​បរិវេណ​សាលា​ចំនួន៤កន្លែង​ដែល​នេះ​លើស​ពី​ចំនួន៦% នៅ​មុន​ការ​រាតត្បាត​ជំងឺ​ក្នុង​ឆ្នាំ​២០១៩។

នាយក​ប្រតិបត្តិ​សាលា​លោក Kelvin Koh បាន​ប្រាប់​សារព័ត៌មាន Reuters ថា «នៅ​ក្នុង​ប្រទេស​ចិន នៅ​ពេល​អ្វីៗ​ត្រូវ​បាន​បិទ​ភ្លាមៗ គ្មាន​នរណា​ម្នាក់​អាច​ចេញ​ទៅ​ក្រៅ​បាន​ទេ។ ការណ៍​នេះ​ប៉ះពាល់​ដល់​ការ​គិត​របស់​គ្រួសារ​ចិន»។

ទោះ​បី​ជា​មាន​ច្បាប់​ថៃ​ដែល​រឹតត្បិត​កម្មសិទ្ធិ​របស់​ជនបរទេស​បាន​ត្រឹមតែ ៤៩% នៃ​ចំណែក​ឯកជន​ក្នុង​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ណា​មួយ​ក៏​ដោយ ក៏​អ្នក​ទិញ​នា​ពេល​អនា គត​កំពុង​នាំ​គ្នា​ចូល​ក្នុង​ប្រទេស​ថៃ ដោយ​នាំ​យក​អាជីវកម្ម​មក​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​យក​អ្នក​ទិញ​ជនជាតិ​ចិន​ជា​គោលដៅ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG