ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើង​ទៀន​ចាត់​ទុក​ការ​ចាប់​សកម្មជន«ជា​ការ​គំរាម​កំហែង​ថ្មី» នៅ​មុន​ការ​បោះ​ឆ្នោត


រូបឯកសារ ផ្លាក​គណបក្ស​ភ្លើងទៀន​ត្រូវបានដាក់​នៅ​ក្បែរ​ផ្លូវជាតិមួយស្ថិតនៅឃុំរ៉ុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ ផ្លាក​គណបក្ស​ភ្លើងទៀន​ត្រូវបានដាក់​នៅ​ក្បែរ​ផ្លូវជាតិមួយស្ថិតនៅឃុំរ៉ុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

គណបក្ស​ភ្លើង​ទៀន​បាន​ថ្កោល​ទោស និង​ចាត់​ទុក​ការ​ចាប់​ខ្លួន​សមាជិក​របស់​គណ​បក្ស​កាល​ពី​សប្តាហ៍​មុន ជា​ការ«គំរាម​កំហែង​ថ្មី​មួយ​ទៀត» ខណៈ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​២០២៣ ខិត​ជិត​មក​ដល់។

ការ​ថ្កោល​ទោស​នេះ​ធ្វើ​ឡើង​ក្រោយ​តុលាការ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ២០២៣ ចេញ​ដីការបង្គាប់​ឱ្យ​ចាប់​ខ្លួន​សកម្ម​ជន​៣​នាក់ ហើយ​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន ក្រោម​បទ​ចោទ«ក្លែង​បន្លំ និង​ប្រើ​ប្រាស់​លិខិត​ក្លែង» កាល​ពី​ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ។ នេះ​បើ​តាម​ដីកា​របស់​តុលា​ការ ចុះ​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ហេតុ​អ្វី​តុលាការ​ទើប​ចេញ​ដីកា​ចាប់​ខ្លួន​ពួក​គេ​នៅ​ពេល​នេះ ហើយ​សាល​ក្រម​ត្រូវ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា នៅ​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ភ្លើង​ទៀន អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ រួម​មាន​ លោក តូច ថឹង ប្រធា​ន​គណៈ​កម្មា​ធិ​ការ​ប្រ​តិ​បត្តិ​គណ​បក្ស​ភ្លើងទៀន ខេត្ត​កំពង់ចាម ​លោក ខឿន វីរ៉ាត់ ប្រធាន​ចលនា​យុវជន​គណបក្ស​ថ្នាក់​ជាតិ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ភ្លើង​ទៀន​ខេត្ត​ស្វាយ​រៀង​ និង​អ្នកស្រី នូ សុទ្ធារី អនុ​ប្រធាន​ចលនា​ស្ត្រី​របស់​គ​ណ​បក្ស​ថ្នាក់​ជាតិ។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «គណ​បក្ស​ភ្លើង​ទៀ​ន​អំពាវ​នាវ​ដល់​អា​ជ្ញាធរ​មាន​សមត្ថ​កិច្ច​ដោះ​លែង​ស​កម្មជន​គ​ណ​បក្ស​ភ្លើង​ទៀន​ ទាំង​បី​រូប​ខាង​លើ​ ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ដើម្បី​ពួក​គាត់​បាន​ចូល​រួម​ធ្វើ​សក​ម្មភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ភ្លើង​ទៀន ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​នានា»។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក គឹមសួរ ភិរិទ្ធ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ស្មារតី​របស់​សកម្មជន​ផ្សេង​ទៀត​ដែល​កំពុង​បំពេញ​ការងារ​សម្រាប់​គណបក្ស​ប្រឆាំង។

លោក​ថ្លែង​ថា៖ «ចេះ​តែ​មាន​ការព្រួ​យ​ហើយ​ពីព្រោះ​អី​សកម្មភាព​នយោ​បាយ​របស់​គណបក្ស​ភ្លើង​ទៀន​ វា​ចេះ​តែ​កើត​មាន​សន្ទុះ​កើន​ឡើង។ អ៊ីចឹង​ខ្ញុំគិត​ថា​តិច​ឬ​ច្រើន​ ការ​រំខាន​ផ្នែក​ស្មារតី​ទៅ​ដល់​ថ្នាក់​ដឹកនាំ​និង​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន​ប្រហែល​ជា​នឹង​អាច​កើត​មាន​ជា​បន្ត​បន្ទាប់ ហើយ​យើង​កំពុង​តែ​ឃ្លាំ​មើល​ស្ថាន​ការ​ណ៍​នេះ»។

អ្នកស្រី ថាច់ ចន្ធូ ភរិយា​របស់​លោក ខឿន វីរ៉ាត់ ប្រាប់​វីអូអេថា​សមត្ថ​កិច្ច​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី ពេល​លោក​កំពុង​តែ​ធ្វើ​រថយន្ត ហើយ​លោក​មិន​ដឹង​ខ្លួន​អ្វី​ឡើយ។ អ្នក​ស្រី​ថា​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​ និង​មាន​ភាព​មិន​ប្រក្រតី​ ខណៈ​ថា​ស្វាមី​រប​ស់​អ្នក​ស្រី​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «ការ​ចាប់​ខ្លួន​ប្តី​ខ្ញុំ​ វា​អយុ​ត្តិ​ធម៌​លើ​ប្តី​ខ្ញុំ អត់​មា​ន​ដីកា​អី​ចេញ អត់​មាន​ទាំង​ស្អី​ឱ្យ​យើង​ដឹង​មុន​ថា​គេ​ចាប់​ឃុំ​ខ្លួន ដល់​ពេល​ចាប់​ប្តី​ខ្ញុំ​ហើយ​បាន​ចេញ​ដីកា​ថា​ពាក់ព័ន្ធ​ជាមួយ​ការ​ក្លែង​ឯកសារ​គណបក្ស​បេះ​ដូង​ជាតិ»។

បើ​តាម​ភរិយា លោក ខឿន វីរ៉ាត់ បាន​ចូល​រួម​ជា​មួយ​គណ​បក្ស​ភ្លើង​ទៀន​តាំង​ពី​គ​ណ​បក្ស​មួយ​នេះ​ទើប​បើក​ដំណើរ​ការ​ឡើង​វិញ​មក​ម្ល៉េះ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​លោក ស៊ឹង សែនករុណា ប្រាប់​វីអូអេ​ថា​លោក​កំពុង​តែ​ឃ្លាំ​មើល​ករណី​នេះ​ថា​តើ​ការ​កាត់​ទោស​ប្រព្រឹត្ត​ទៅ​ដោយត្រឹម​ត្រូវ តាម​នីតិវិធី​ច្បាប់​ ឬយ៉ាងណា។ លោក​បន្ថែម​ថា​អាជ្ញាធរ​គួរ​តែ​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ចៀស​វាង​ការ​យល់​ច្រឡំ។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​ខ្ញុំជឿ​ជាក់​ថា​ទាល់​តែ​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ​ទើប​ស្ថាន​ភាព​នៃ​ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​នយោបាយ​ក៏​ធូរ​ស្រាល​ទៅវិញ​ដែរ»។

វី​អូអេមិន​អាចសុំការ​អត្ថាធិប្បាយ​ពីលោក ប្លង់ សុផល អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​បាននៅឡើ​យទេ​។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​វីអូអេ​ថា​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់ នៅ​ក្នុង​កាត់​ទោស​លោក សៀម ភ្លុក​ និង​អ្នក​ពាក់​ព័ន្ធ​ចំនួន​១២​នាក់​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​គាត់​ថា​គាត់​មិន​បាន​ក្លែង​មិន​បាន​អីចឹង​ទេ ឱ្យ​គាត់​រក​ភស្តុ​តាង​ ទឡ្ហីករណ៍ មូលដ្ឋាន​ផ្លូវ​ច្បាប់​ឱ្យ​បាន​រឹងមាំ​នៅ​ក្នុង​ការ​ដាក់​បន្ទុក។ ឥឡូវ​សាល​ក្រម​សាលាដំបូងគេ​ចេញ​ហើយ អ៊ីចឹង​គាត់​ត្រូវ​តែ​ធ្វើ​ការ​ការពារ​ខ្លួន​ទៅ​ប្តឹង​ឧទ្ធរណ៍​ ហើយ​បង្ហាញ​ភស្តុតាង ទឡ្ហីករណ៍​ផ្លូវ​ច្បាប់​ឱ្យ​បាន​រឹងមាំ ដើម្បី​ដោះ​បន្ទុក​ តតាំង​បទ​ចោទ»។

បើ​តាម​ដីកា​របស់​តុលាការ សកម្មជនទាំង​៣​នាក់​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល តាម​មាត្រា​៦២៦ មាត្រា៦២៧ និង​មាត្រា​៦២៨នៃ​ក្រម​ព្រហ្មទណ្ឌ។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​មេសា ឆ្នាំ​២០២២​ លោក សៀម ភ្លុក ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ត្រូវ​បាន​ឃុំ​ខ្លួនដាក់​ពន្ធនាគារ ទាក់​ទង​បទ​ចោទ​បទ​ក្លែង​បន្លំ និង​ប្រើ​ប្រាស់​លិខិត​ក្លែង តាម​បណ្ដឹង​របស់​ក្រសួង​មហា​ផ្ទៃ ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​បង្កើត​គណ​បក្ស​បេះដូង​ជាតិ៕

XS
SM
MD
LG