ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើងទៀន៖ ​ការ​​ចុះចូល​​ជីវភាព​នយោបាយ​​ជាមួយ​គណបក្ស​កាន់​អំណាច​​មិន​«ជា​បញ្ហា​និង​​ជា​​សិទ្ធិ​បុគ្គល»​


សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (កាន់ វិច្ឆិកា/វីអូអេ)
សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (កាន់ វិច្ឆិកា/វីអូអេ)

បើ​ទោះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​សម្រេច​ចុះ​ចូល​ជា​មួយ​គណ​បក្ស​កាន់​អំណាច​នៅ​មុន​ការ​បោះឆ្នោត​ក្តី​ ក៏​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ ដូច​ជា​គណបក្ស​ភ្លើងទៀន ​បាន​បញ្ជាក់​ថា ​ខ្លួន​មិន​ព្រួយ​បារម្ភ​ និង​ខ្លាច​បាត់​បង់​កម្លាំង​អ្វី​ឡើយ។​

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ សមាជិក​គណបក្ស​ភ្លើងទៀន​យ៉ាង​តិច​៦០០​នាក់ ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ​បាន​សម្រេច​ចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ដើម​ខែ​មករា ​ឆ្នាំ​២០២៣​នេះ។ ​

ដោយ​ឡែក ​កាលពី​ខែ​កុម្ភៈ ​សមាជិក​គណបក្ស​ភ្លើងទៀន​ប្រមាណ​៥៥​នាក់​ផ្សេង​ទៀត​ នៅ​ខេត្ត​រតនគិរីក៏​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ផង​ដែរ។ ​

អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន​ លោក​គឹមសួរ ភិរិទ្ធ​ថ្លែង​ថា​ គណបក្ស​មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ឡើយ​ចំ​ពោះ​សកម្ម​ជន​ដែល​បាន​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោក​បញ្ជាក់​ទៀត​ថា ​នេះ​ជា​សិទ្ធិ​របស់​ពួក​គេ​ ដែល​ខ្លះ​ចុះ​ចូល​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​ខ្លួន​ឯង។​

លោក​ថ្លែង​ថា៖ ​«អត់​ទេ ​អត់​មាន​អី​ប៉ះពាល់​ដល់​កម្លាំង​ និង​សន្លឹក​ឆ្នោត​អី​ទេ។​ នរណា​ដែល​គេ​នៅ​ក៏​គេ​នៅ​បន្ត​ធ្វើ។ ​ជា​ធម្មតា​ ការ​ចេញ​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ​ហូរហែរ​ ជា​សិទ្ធិ​របស់​គេ​ រក​អី​រក​ទៅ។ ​អា​នេះ​រឿង​របស់​គេ ​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ​ពង្រឹង​តែ​ខ្លួន​យើង​ទៅ!​ ហើយ​កម្លាំង​ស្នូល​របស់​យើង​ទៅ! ​អ្នក​បោះ​ឆ្នោត​គេ​ដឹង​ហើយ​ ព្រោះ​អ្នក​បោះឆ្នោត​មិន​មែន​ចេះ​តែ​រត់​តាម​អ្នក​រក​ប្រយោជន៍​នោះ​ទេ»។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា ​សកម្មភាព​យុទ្ធសាស្ត្រ​ដែល​គណ​បក្ស​ភ្លើង​ទៀន​កំពុង​ធ្វើ​គឺ​ពង្រឹង​កម្លាំង​ស្នូល​ផ្ទៃ​ក្នុង​ ដែល​នេះ​ជា​វិថី​ទទួល​បាន​ការ​គាំទ្រនៅមុន​ថ្ងៃ​បោះឆ្នោត។​

ដោយ​ឡែក ​លោក​ សាម អ៊ីន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ប្រាប់​វីអូអេ​ថា​ គណបក្ស​របស់​លោក​មិន​មាន​សមាជិក​ដែល​បាន​ចុះចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ ​ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​សកម្ម​ភាព​នេះ​ធ្លាប់​កើត​មាន​ពី​មុន​ដែរ។​ លោក​បន្ថែម​ថា ​គណបក្សក៏​មិនព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​ដែរ។​

ទោះ​ជា​យ៉ាង​ណាក្តី​ នៅ​មុន​ការ​បោះឆ្នោត ​លោក ​សាម អ៊ីន​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​លម្ហ​នៃ​សិទ្ធិ​សេរី​ភាព​នយោបាយ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​កាន់​តែ​រួម​តូច​ ដោយ​សារ​តែ​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី​ និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​លេច​ធ្លោ​គឺ​លោក​កឹម សុខា។​

លោក​ថ្លែង​ថា៖ ​«គ្រាន់តែ​ថា ​រឿង​ដែល​យើង​សោក​ស្តាយ​ខ្លាំង​ហ្នឹង​ មាន​ការ​រឹត​បន្តឹង​ទៅ​លើ​សេរីភាព​សារ​ព័ត៌មាន​ ដូច​ជា​ការ​បិទ​វិទ្យុ​សំឡេង​វីអូឌី​ ការ​ដាក់​ទោស​ដល់​លោក កឹម សុខា​ ហើយ​បំបិទ​សិទ្ធិ​នយោបាយ​របស់​លោក​អី។​ វា​ធ្វើ​ឱ្យ​ដំណើរការ​កសាង​ប្រជាធិបតេយ្យ​នឹង​កាន់​តែ​លំបាក​ជាង​មុន»។​

បើ​តាម​អ្នក​តាម​ដាន​បញ្ហា​នយោបាយ​កម្ពុជា​ និន្នាការ​មួយ​នេះ​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្រវត្តិ​នយោបាយ​របស់​ប្រទេស​កម្ពុជា។​ ពួក​គេ​ក៏​លើក​ឡើង​ថា ​វប្បធម៌​នយោបាយ​មួយ​នេះ​មិន​ចម្រើន​ដល់​ការ​អភិវឌ្ឍ​ជាតិ​ក្នុង​លំនាំ​លទ្ធិ​ប្រជាធិបតេយ្យឡើយ​ នៅ​ពេល​ដែល​វា​ត្រូវ​បាន​ប្រើប្រាស់​ជា​អ្វី​ដែល​ពួក​គេ​ហៅ​ថា «នយោបាយ​ប្រជាភិថុត»។​

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​គឺ​លោក​ឯម សុវណ្ណារ៉ា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​វប្បធម៌​នយោបាយ​នៃ​ការ​អូសទាញ​នេះមាន​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក​ម៉្លេះ។​ វប្បធម៌​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អ្នក​នយោបាយទុច្ចរិត​ ដោយមិន​យក​គោល​នយោបាយ​ជា​ចម្បង​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​សាធារណជន​មើល​ឃើញ​ថា ​គណបក្ស​របស់​ខ្លួន​ល្អ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ការ​អូស​ទាញ​របស់​គណ​បក្ស​កាន់​អំណាច​មាន​គ្រប់​រូបភាព​ មានទាំង​ការ​បង្ខិត​បង្ខំ​ លួង​លោម​ និង​ទិញ​ទឹក​ចិត្ត​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ចង់​និយាយ​ថា ​វប្បធម៌​នយោបាយ​បែប​ប្រជា​ភិថុត​នេះ​វា​មាន​យូរ​ហើយ​ ទាំង​គ្រប់​រូប​ភាព​ ដែល​គេ​ធ្វើ​ទៅ​មាន​ទាំង​មធ្យោបាយ​នៃ​ការ​បង្ខិត​បង្ខំ​ មធ្យោបាយ​នៃ​ការ​លួង​លោម​ អូស​ទាញ ​ទិញ​ទឹក​ចិត្ត​ជា​ដើម។ ​អ៊ីចឹង​គោល​នយោបាយ​នេះ ​វា​មិន​ប្រសើរ​ទេ។​ វា​មិន​ល្អ​ទេ»។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុ​ជា​គឺ​លោក​សុខ ឥសាន​លើក​ឡើង​ថា ​ការ​ដូរ​គណបក្ស​នយោបាយ​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ ​ដែល​ពួក​គេ​មើល​ឃើញ​ថា ​គណបក្ស​នយោបាយ​ណា​ដែល​អាច​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​និង​នាំ​ប្រយោជន៍​ដល់​ប្រទេស​ជាតិ។​

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ដែល​ថា​ ការ​ចុះ​ចូល​របស់​សកម្ម​ជន​គណបក្ស​ប្រឆាំង​ គឺ​ដោយ​សារ​តែ​មាន​ការ​បង្ខិត​បង្ខំ​ និង​ការ​ដាក់​សម្ពាធ​ពី​គណបក្ស​កាន់​អំណាច​នោះ​ ​ លោក​សុខ ឥសាន​ថា​ នោះ​ជា​ការ​លើក​ឡើង​ដែល​ខុស​ពី​ការណ៍​ពិត។​

លោក​ថ្លែង​ថា៖ ​«និយាយ​ថា​ វា​មិន​មែន​ជា​កល​ល្បិច ​ឬ​មួយ​ក៏​ជា​ឧបាយ​កល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ទេ​ ពីព្រោះ​យើង​មិន​បាន​អូសទាញ។ ​យើង​មិន​បាន​ទៅ​សំឡុត ​គំរាម​កំហែង​ ឬ​មួយ​យើង​យក​លុយ​កាក់​ទៅ​ទិញ​ទឹកចិត្ត​បង​ប្អូន​ទេ»។​

អ្នក​ស្រាវជ្រាវ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​គឺលោក​វណ្ណ ប៊ុនណា​កត់​សម្គាល់​ថា ​ការ​ចូល​រួម​ជីវភាព​នយោបាយ​របស់​សកម្ម​ជន​គណបក្ស​ប្រឆាំង​ជាមួយ​គណបក្ស​កាន់​អំណាចមិន​មែន​ជា​រឿង​ខុស​ឆ្គង​ឡើយ ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។​

ក៏​ប៉ុន្តែ​លោក​បាន​វាយ​តម្លៃ​ថា ​គណ​បក្ស​ប្រជាជន​កម្ពុជានៅ​មាន​យុទ្ធ​សាស្ត្រ​ខ្សោយនៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រឆាំង។​ ដូច្នេះការ​ទាក់ទាញ​ឱ្យ​សកម្ម​ជន​របស់​គណបក្ស​ផ្សេង​ចូល​ជីវភាព​នយោបាយ​ជាមួយ​ខ្លួន​បាន​ក្លាយ​ជា​ជម្រើស​មួយ​របស់​គណបក្ស​កាន់​អំណាច។​

លោក​ថ្លែង​ថា៖ ​«ជា​រួម​បញ្ហា​នេះ ​ដោយ​សារ​តែ​មាន​ទែន​ទៅ ​គណបក្ស​កាន់​អំណាច​គាត់​ខ្សោយ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ដើម្បី​ទាក់​ទាញ​សមាន​ចិត្ត​ម្ចាស់​ឆ្នោត។​ ដូច្នេះ​គាត់​ព្យាយាម​កៀរគរ​សំឡេង​អ្នក​បក្ស​ប្រឆាំង​ឱ្យ​ចូល​ជាមួយ​គាត់​ តាម​រយៈ​ជា​ការ​ផ្តល់​បុណ្យ​សក្តិ ​ឬក៏​ការ​គំរាម​កំហែង។ ​ទាំងអស់​នេះ​ជា​វប្បធម៌​មួយ​ដែល​ជា​វប្បធម៌​នយោបាយ​នៅ​កម្ពុជា ​ដែល​យើង​គួរ​ចៀស​វាង។ ​អ៊ីចឹង​ទេ ​ខ្ញុំ​គិត​ថា​ ការ​ធ្វើ​បែប​នេះ​វា​ផ្តល់​ផល​អវិជ្ជមាន​ច្រើន​ដល់​សង្គម​កម្ពុជា»។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ខាង​មុខ​នេះ​ដើម្បី​ជ្រើស​រើស​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧ ​ដោយ​គេ​ឃើញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ប្រឈម​ការ​ប្រកួត​ប្រជែង​យក​សំឡេង​គាំទ្រ​ពី​គណបក្ស​ភ្លើងទៀន ​ដែលឈ្នះ​បាន​សំឡេង​បោះ​ឆ្នោត​ប្រមាណ​២១%​នៃ​សំឡេង​ឆ្នោត​សរុប​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០២២។​

បច្ចុប្បន្ន​នេះ ​សហគមន៍​អន្តរ​ជាតិ​បាន​ចាត់​ទុក​ថា​ បរិយាកាស​នយោបាយ​និង​សិទ្ធិ​សេរី​ភាពគឺ​កាន់តែ​អាក្រក់​ ដែល​បង្ក​ជា​ក្តី​បារម្ភ​ថា​ ការ​បោះឆ្នោត​ខាង​មុខ​នេះ​អាច​នឹង​មិន​ធ្វើ​ឡើង​ដោយ​សេរី ​យុត្តិធម៌ ​និង​តម្លាភាព​នោះ​ទេ៕​

XS
SM
MD
LG