ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចូលរួមកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំអាស៊ាននៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ហើយត្រូវបានមន្ត្រីអាមេរិកអះអាងថា ជួយពង្រឹងដល់ទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់នេះ។
លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានថ្លែងបញ្ជាក់ពីសារៈសំខាន់របស់តំបន់អាស៊ានប្រាប់សន្និសីទព័ត៌មាននៅថ្ងៃសៅរ៍នេះថា៖ «អាស៊ានគឺជាចំណុចកណ្តាលនៃស្ថាបត្យកម្មរបស់តំបន់យ៉ាងច្បាស់ ហើយភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកជាមួយអាស៊ានគឺជាបេះដូងនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់យើង»។
ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំដែលទាក់ទងនឹងកិច្ចការអាស៊ាន លោកប្រធានាធិបតី Biden ក៏ចូលចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីប្រទេសឥណ្ឌូណេស៊ីផងដែរ។ នៅទីនោះ លោកប្រធានាធិបតី និងប្រធានាធិបតីចិនលោក Xi Jinping (ស៊ី ជិនពីង)នឹងជួបគ្នាទ្វេភាគីក្រៅកិច្ចប្រជុំ G 20នេះ។ ដោយឡែកលោកស្រី Kamala Harris អនុប្រធានាធិបតីក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកក សម្រាប់កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក Daniel J. Kritenbrink នៅក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទមុនដំណើរទៅដល់របស់លោក Joe Biden។
លោក Kritenbrink បានបន្ថែមថា៖ «ខ្ញុំគិតថា វាច្បាស់ណាស់ថា ការចូលរួមកម្រិតខ្ពស់របស់អាមេរិកនៅក្នុងកិច្ចប្រជុំសំខាន់ៗទាំងបីនេះគឺជាសក្ខីភាពមួយបញ្ជាក់អំពីរបៀបដែលថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមិនត្រឹមតែជាចំណុចស្នូលចំពោះសន្តិសុខ និងវិបុលភាពរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះប្រជាជនចំនួន ១ ពាន់លាននាក់របស់យើងរួមគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសនៅអាស៊ាន។ វាក៏បង្ហាញផងដែរថា តើវេទិកាពហុភាគីទាំងនេះមានសារៈសំខាន់យ៉ាងណាសម្រាប់ការជំរុញបណ្តាញសម្ព័ន្ធភាព និងភាពជាដៃគូរបស់យើងក្នុងការសម្រេចបានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ មានភាពធន់ និងវិបុលភាព ដែលផ្តល់អត្ថប្រយោជន៍ដល់យើងទាំងអស់គ្នា»។
លោកប្រធានាធិបតី Joe Biden ក៏មានកំណត់ជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរដែលមន្ត្រីសហរដ្ឋអាមេរិកលើកឡើងថា មានបញ្ចូលការពិភាក្សាពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស ទទូចឲ្យលោក Biden ផ្តោតលើការនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់ទៅកម្ពុជាវិញ និងរក្សាការពារអធិបតេយ្យរបស់កម្ពុជាទល់នឹងការពង្រីកឥទ្ធិពលកាន់តែធំរបស់មហាអំណាចចិន។
លោកសម រង្ស៊ីបានប្រាប់វីអូអេក្នុងបទសម្ភាសន៍កាលពីថ្ងៃសុក្រថា៖ «ខ្ញុំសង្ឃឹមថា លោក Biden គឺទីមួយនឹងជំរុញឲ្យប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុន សែនបណ្តោះអាសន្នបច្ចុប្បន្ននេះ ត្រូវតែអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដតាមស្តង់ដារអន្តរជាតិ មិនតាមអ្វីដែលលោកហ៊ុន សែនអះអាងខ្លួនគាត់ទេ។ ទី២ ត្រូវធ្វើយ៉ាងម៉េចជំរុញឲ្យកម្ពុជាប្រកាន់ជំហរអព្យាក្រឹត និងឯករាជ្យពិតប្រាកដ»។
លោក សម រង្ស៊ី ទទូចឲ្យលោកប្រធានាធិបតីអាមេរិកស្នើទៅរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយនានា ក្នុងនោះមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ការពារកាលពីថ្ងៃសុក្រថា បើលទ្ធិប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះ នោះមេដឹកនាំពិភពលោក រួមទាំងសហរដ្ឋអាមេរិកនឹងមិនមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានោះទេ។
សកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងថ្លែងថា ពួកគេចង់ឃើញការបោះឆ្នោតឲ្យបានត្រឹមត្រូវនៅកម្ពុជាដើម្បីឲ្យប្រជាជនអាចទទួលយកបាន។ ពួកគេយល់ថា របៀបចាត់ចែងការបោះឆ្នោតបច្ចុប្បន្ននេះគឺមិនអាចទទួលយកបានទេ ហើយពួកគេចង់ឲ្យលោក Joe Biden លើកឡើងពីបញ្ហានេះក្នុងជំនួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បានថ្លែងប្រាប់វីអូអេកាលពីថ្ងៃអង្គារថា៖ «គោលបំណងធំគឺយើងចង់បានការបោះឆ្នោតឲ្យបានត្រឹមត្រូវ ឲ្យមានការបោះឆ្នោតមានការប្រកួតប្រជែងឲ្យបានស្មើគ្នាកុំឲ្យថា គណបក្សកាន់អំណាចគ្រប់គ្រងអំណាច បិទសិទ្ធិ គាបសង្កត់គណបក្សប្រឆាំងគ្រប់ច្រក ពេលអ៊ីចឹងយើងឃើញថា ធ្វើនេះមិនយុត្តិធម៌»។
ទន្ទឹមនឹងនោះ សកម្មជនសិទ្ធិមនុស្សក៏សម្តែងការមិនពេញចិត្តនឹងការចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្សជាច្រើនយកទៅដាក់ពន្ធនាគារដោយសារការរិះគន់រដ្ឋាភិបាល។ ក្នុងនោះមានកញ្ញា សេង ធារី អ្នកច្បាប់ខ្មែរអាមេរិកាំង និងលោកអៀ ចាន់ណា សកម្មជនគណបក្សប្រឆាំង។
លោកយ័ប គឹមទឹងបានបន្ថែមថា៖ «យើងចង់ឲ្យលោក Biden សុំឲ្យលោក ហ៊ុន សែន ព្រលែងអ្នកទាំងនោះទាំងអស់ កុំឲ្យប្រព្រឹត្តអ៊ីចឹងទៀត»។
ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះខ្លាំងក្រោយពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧គឺមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ហើយបានរឹបអូសយកអាសនៈសភា និងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងនេះជាង៥០០០។
ក្នុងពេលនេះដែរ ទំនាក់ទំនងរបស់កម្ពុជាជាមួយនឹងរដ្ឋាភិបាលកុម្មុយនិស្តចិនកាន់តែជិតស្និទ្ធខ្លាំងឡើងដោយមានការអនុញ្ញាតឲ្យយោធាចិនអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមដែលនាំឲ្យមានការព្រួយបារម្ភថា អាចនឹងត្រូវចិនដាក់មូលដ្ឋានកងទ័ពក្នុងពេលអនាគត។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានបដិសេធជាបន្តបន្ទាប់។
លោក សម រង្ស៊ី យល់ថា វត្តមានកងទ័ពចិននៅកម្ពុជា ជាពិសេសតាមរយៈការដាក់មូលដ្ឋានកងទ័ពជើងទឹកនៅមូលដ្ឋានកងទ័ពជើងទឹករាម គឺធ្វើឲ្យកម្ពុជាបាត់បង់អព្យាក្រឹតភាពរបស់ខ្លួន។
លោកសម រង្ស៊ីបានបន្ថែមថា៖ «ចិនជាគ្រោះថ្នាក់សម្រាប់សន្តិភាពនៅក្នុងតំបន់យើង ហើយលោកហ៊ុន សែន គាត់ទៅចូលដៃជាមួយចិននាំឲ្យកម្ពុជាយើងនឹងប្រឈមមុខនឹងគ្រោះថ្នាក់ដែរ»។
ក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃសៅរ៍នេះ លោក គង់ ភោគ រដ្ឋលេខាធិការរបស់ក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យរបស់កិច្ចប្រជុំអាស៊ាន ថ្លែងថា កម្ពុជាមិនមានអ្វីលាក់បាំងនោះទេចំពោះការអភិវឌ្ឍនៅរាម ដូច្នេះគួរតែមានការ«វាយតម្លៃដោយយុត្តិធម៌ និងស្មោះត្រង់»ចំពោះបញ្ហានេះ។
ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ដោយដកស្រង់យោបល់អ្នកជំនាញអាស៊ី លោក Thomas Daniel អ្នកជំនាញនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ីដែលបាននិយាយថា តាមរយៈការចូលរួមកិច្ចប្រជុំកំពូលអាស៊ានដោយផ្ទាល់ លោក Biden នឹងអាចជំរុញផលប្រយោជន៍របស់អាមេរិក និងបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តជាថ្មីរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះតំបន់នេះ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរំលងចោលកិច្ចប្រជុំកំពូលជាមួយនឹងអាស៊ានក្រោយពីឆ្នាំ២០១៧ ហើយលោកបានចាកចេញពីកិច្ចប្រជុំឆ្នាំ២០១៧មុនសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់តំបន់ដ៏សំខាន់ ដោយទុកឲ្យលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសពេលនោះជំនួសលោក។
ប៉ុន្តែរដ្ឋបាលលោក Biden បានងាកមកផ្តោតការយកចិត្តទុកដាក់នឹងតំបន់នេះ ដោយបានអញ្ជើញមេដឹកនាំអាស៊ានទៅចូលរួមកិច្ចប្រជុំកំពូលពិសេសនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែឧសភា។ លោកប្រធានាធិបតីបានថ្លែងនៅពេលនោះថា ប្រវត្តិសាស្រ្តជាច្រើនក្នុងរយៈពេល៥០ឆ្នាំខាងមុខនឹងត្រូវបានសរសេរនៅក្នុងបណ្តាប្រទេសអាស៊ាន ហើយថា «ទំនាក់ទំនងរបស់អាមេរិកជាមួយអាស៊ាននឹងកំណត់អនាគតដែលយើងទាំងអស់គ្នាចង់ឃើញ»៕