Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ពីអ្នកនិយមអានសៀវភៅរហូតក្លាយជាអ្នកនិពន្ធនិងស្ថាបនិកគ្រឹះស្ថានបោះពុម្ព
អ្នកស្រី ហួត សុជាតា មានបទពិសោធន៍ជាងមួយទសវត្សរ៍ពីផ្នែកគ្រប់គ្រងបោះពុម្ពផ្សាយសៀវភៅនៅអង្គការស៊ីប៉ា និងធ្លាប់សហការជាមួយនឹងមិត្តភក្តិរបស់ខ្លួនបង្កើតគ្រឹះស្ថានបោះពុម្ព «កម្ពុមេរា»។ ថ្មីៗនេះ អ្នកស្រីបានបង្កើតគ្រឹះស្ថានបោះពុម្ពថ្មីមួយទៀតឈ្មោះថា «អវតា» ក្នុងគោលបំណងពាំនាំនូវប្រលោមលោកប្រភេទផ្សេងៗទៀតឱ្យសម្បូរបែប ក្រៅតែអំពីប្រលោមលោកបែបស្នេហា និងសៀវភៅរឿងបែបជីវប្រវត្តិ។ ហើយគ្រឹះស្ថានរបស់អ្នកស្រីបានរៀបរៀងបោះពុម្ពសៀវភៅប្រលោមលោកបែបស៊ើបអង្កេតល្បីល្បាញរបស់ចក្រភពអង់គ្លេសរឿង Sherlock Holmes ដែលបានចេញលក់នៅលើទីផ្សារជាភាសាខ្មែរ ក្រោមចំណងជើងថា «ឃាតករមុខក្រហម»។ សៀវភៅនេះត្រូវបានប្រែសម្រួលដោយអ្នកស្រី ហួត សុជាតា ផ្ទាល់។ អ្នកស្រីបានលើកឡើងថា ការបង្កើនគុណភាពសៀវភៅតាមរយៈការរចនាគម្របសៀវភៅ ការតុបតែងទំព័រខាងក្នុងនៃផ្ទៃសៀវភៅ និងការជ្រើសរើសសន្លឹកសៀវភៅជាដើម អាចធ្វើឱ្យអ្នកអានមានបទពិសោធន៍រីករាយក្នុងការអាន និងសម្រួលដល់ភ្នែករបស់ពួកគេ។ ហើយនេះគឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីទាក់ទាញការអានសៀវភៅថែមមួយកម្រិតទៀត៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, ភ្នំពេញ, ៧ វិច្ឆិកា ២០២២)