Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ស្ត្រីបន្តតស៊ូមតិដើម្បីឲ្យសង្គមឲ្យតម្លៃលើកិច្ចការរបស់ស្ត្រីក្នុងការមើលថែកូននិងបំពេញការងារក្នុងសង្គម
អ្នកស្រី លឹម ប៊ួយហៀក បានចាប់ផ្តើមសិក្សាថ្នាក់បណ្ឌិតជំនាញចិត្តវិទ្យាព្យាបាល ដោយផ្តោតលើកុមារតូចៗ និងមនុស្សវ័យជំទង់ នៅសាកលវិទ្យាល័យ Vietnam National University នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ អ្នកស្រីចូលចិត្តចែករំលែកចំណេះដឹងអំពីសុខភាពផ្លូវចិត្តកុមារ តាមរយៈការបង្កើតមាតិកាវីដេអូតាមបណ្តាញសង្គមផ្ទាល់ខ្លួន ក្រោមគម្រោងមួយដែលមានឈ្មោះថា «ដឹងគុណ-ចិត្តសាស្ត្រ និងការចិញ្ចឹមបីបាច់កូន»។ អ្នកស្រីលើកឡើងថា ថ្វីត្បិតអ្នកជំនាញចិត្តវិទ្យាមានការកើនឡើងនៅកម្ពុជាក្តី ក៏ការយកចិត្តទុកដាក់ដល់សុខភាពផ្លូវចិត្តរបស់កុមារនិងមនុស្សវ័យជំទង់នៅមានកម្រិតនៅឡើយ ដោយអ្នកជំនាញភាគច្រើនផ្តោតលើមនុស្សពេញវ័យ។ អ្នកស្រី លឹម ប៊ួយហៀក ថា អ្នកស្រីនឹងយកជំនាញដែលខ្លួនស្រលាញ់នេះ ជួយដល់កុមារតូចៗ និងមនុស្សវ័យជំទង់តាមរយៈការអប់រំ និងផ្តល់ការប្រឹក្សាសុខភាពផ្លូវចិត្តគ្រួសារ។ អ្នកស្រីក៏បានគូសបញ្ជាក់ថា ស្ត្រីក៏ត្រូវតែតស៊ូមតិដើម្បីឲ្យសង្គមឲ្យតម្លៃនិងគាំទ្រខ្លួនឲ្យមានពេលមើលថែកូន ស្របពេលខ្លួនបំពេញការងាររកចំណូល៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ៣ តុលា ២០២២)