ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ជន​រ៉ូហ៊ីងយ៉ា​លង់​ទឹក​ ពេល​រត់​ភៀស​ខ្លួន​ពី​កោះ​ដាច់​ស្រយាល​នៅ​បង់ក្លាដែស


រូបឯកសារ៖ ទិដ្ឋភាព​នៅ​លើ​កោះ​ Bhasan Char នៅឈូងសមុទ្រ​ Bengal ប្រទេស​បង់ក្លាដែស កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ (Reuters)

ជន​រ៉ូហ៊ីងយ៉ា​ជា​ច្រើន​នាក់​បាន​បាត់​ខ្លួន​ ហើយ​មាន​ការ​បារម្ភថា​ ​ប្រហែល​ពួកគេ​លង់​ទឹក​ បន្ទាប់​ពី​ទូក​របស់​ពួកគេ​បាន​លិចកាល​ពីថ្ងៃ​ទី​១៤​ ខែ​សីហា នៅ​ឈូង​សមុទ្រ ​Bengal ខណៈ​ពួក​គេ​បាន​រត់​គេច​ចេញ​ពី​ជំរំជន​ភៀស​ខ្លួន​មួយ​កន្លែង​ នៅ​លើ​កោះ​ដាច់​ស្រយាល​មួយនៅ​ប្រទេស​បង់ក្លាដែស។​

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ដែល​រស់​នៅលើ​កោះ​ Bhasan Char ​បាន​និយាយជា​យូរ​មក​ហើយ​ថា​ ​ពួក​គេ​មិន​ចង់​រស់​នៅ​ទី​នោះ​ទេ​ ​ហើយ​ការ​លង់​ទឹក​នេះ​បង្ហាញ​ពី​អារម្មណ៍​អន្ទះសារ​របស់ពួក​គេ​ដែល​ចង់​រត់ចេញពី​កោះ​នេះ។​

ប៉ូលិស ​និង​មន្រ្តី​ផ្សេង​ទៀត​បាន​និយាយ​ថា​ ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ដែល​លង់ទឹក​ទំនង​ជា​កំពុង​ព្យាយាមត្រឡប់​ទៅ ​Cox's Bazar​ ទីដែល​ពួកគេ​បាន​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន​ធំ​បំផុត​ក្នុង​ពិភព​លោក​ ​មុន​ពេល​ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅ​កោះ​ Bhasan Char។​

«យើងរន្ធត់​ចិត្ត​ជា​ខ្លាំង​ដែល​ដឹង​ថា​ ​អ្នក​ដំណើរ​ជា​ច្រើននៅ​លើ​ទូក​នោះ​ ដែល​រួម​មាន​ស្ត្រី​ និង​កុមារ បាន​លង់​ទឹក​យ៉ាង​អាណោច​អាធ័ម។ ​ ចំនួន​អ្នក​លង់​ទឹក​ទាំង​នោះ​មិន​ទាន់​ដឹង​ច្បាស់​ទេ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​ស្រី Hannah MacDonald ​ អ្នក​នាំពាក្យឧត្តម​ស្នងការ​ជន​ភៀស​ខ្លួន​អង្គការ​សហ​ប្រជាជាតិ​ ដែល​បាន​ប្រាប់​វីអូអេ​តាម​អុីមែល។​

ប៉ូលិស​បង់ក្លាដែស​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ថា​ ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ចំនួន​១៤​នាក់​ ត្រូវ​បាន​ក្រុម​អ្នក​នេសាទ​សង្គ្រោះ​ពី​ក្នុង​សមុទ្រហើយ​មាន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ប្រមាណ​២៥​នាក់​ទៀត​ នៅ​បាត់​ខ្លួន​នៅ​ឡើយ​ ​ក្រោយ​សោកនាដកម្ម​លិច​ទូក​នោះ។​ បើ​ទោះ​បី​ជា​យ៉ាង​នេះក្តី​ប្រភព​នានា​ពី​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ បាន​និយាយ​ថា​ ជនរ៉ូហ៊ីងយ៉ា​ដល់ទៅ​៤០​នាក់​ប្រហែល​លង់​ទឹក​ក្នុង​សោកនាដកម្ម​នោះ។​

លោក ​Mohammad Hossain ​មេដឹកនាំ​សហគមន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ Cox’s Bazar ​បាន​និយាយ​ប្រាប់​វីអូអេ​ថា​«យើង​បាន​ដឹង​ពី​ប្រភព​ជនរ៉ូហ៊ីងយ៉ា​នៅ ​Bhasan Char ​ថា មាន​ជនភៀស​ខ្លួន​ប្រហែល​៥០​នាក់​នៅ​ក្នុង​ទូក​ដែល​បាន​លិច​កាលពី​ថ្ងៃ​អាទិត្យ​ទី​១៥​ ខែ​សីហា។ ​ពួកគេមកកំពង់ផែ ​Cox's Bazar។​ បន្ទាប់ពី​ទូក​នោះ​បាន​លិច​នៅ​សមុទ្រ​ អ្នក​នេសាទ​បង់ក្លាដែស​ខ្លះ​បាន​ជួយ​សង្គ្រោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា​១៤​នាក់»។ ​

លោក​បាន​មាន​ប្រសាសន៍​ថា «យើង​ប៉ាន់​ស្មាន​ថា​ ជន​រ៉ូហ៊ីងយ៉ា​ពី​៣៥​ទៅ​៤០​នាក់​បាន​លង់​ទឹក​ស្លាប់​នៅ​ថ្ងៃ​នោះ»។​

ជនរ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជិត​១​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧ ​បាន​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​និង​អំពើហិង្សា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​Cox’s Bazar ​នៅ​ប្រទេស​បង់ក្លាដែស​ ទីដែល​ជនភៀស​ខ្លួន​រស់នៅ​ក្នុង​ជំរំ​យ៉ាង​ចង្អៀត លើស​ចំណុះ៕ ​ ​

XS
SM
MD
LG