ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ ស្វែងរក​ការគាំទ្រ​ពី​អន្តរជាតិ​ចំពោះ​វិបត្តិ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា


រូបឯកសារ៖ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដើរ​នៅក្នុង​ផ្សារ​មួយ​កន្លែង​នៅក្នុង​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​តំបន់ Ukhia នៃ​ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដើរ​នៅក្នុង​ផ្សារ​មួយ​កន្លែង​នៅក្នុង​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​តំបន់ Ukhia នៃ​ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

អង្គការ​សហប្រជាជាតិ​កំពុង​ស្វែងរក​ទឹកប្រាក់​ជំនួយ​ចំនួន ៩៤៣ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​ជីវិត​ដល់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា (Rohingya) ជាង ៨៨០.០០០ នាក់ និង​ប្រជាពលរដ្ឋ​បង់ក្លាដែស​ចំនួន ៤៧២.០០០ នាក់ នៅ​ក្នុង​សហគមន៍​នានា​ដែល​ផ្តល់​ទីជម្រក​ដល់​ជន​ភៀសខ្លួន​ទាំង​នោះ។

ជន​ភៀសខ្លួន​ភាគ​ច្រើន ដែល​មាន​ចំនួន​ប្រមាណ ៧៤០.០០០ នាក់ បាន​រត់គេច​ពី​អំពើ​ហិង្សា ​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំ ២០១៧។

ចាប់​តាំង​ពី​ពេល​នោះ​មក ពួកគេ​បាន​រស់នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅ​ក្នុង​ជំរំ​តូច​ចង្អៀត​និង​កខ្វក់​នៅ ក្នុង​ទីក្រុង Cox’s Bazar ប្រទេស​បង់ក្លាដែស។

លោក Andrej Mahecic អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា ជន​ភៀសខ្លួន​ទាំង​នោះ​នៅតែ​ងាយ​រងគ្រោះ និង​ប្រឈម​នឹង​អនាគត​មិន​ច្បាស់លាស់។

លោក Mahecic បញ្ជាក់​ដូច្នេះ​ថា៖ «ដោយសារ​វិបត្តិ​ជន​ភៀសខ្លួន​ឈាន​ចូល​ដល់​ឆ្នាំ​ទី ៤ ប្រទេស​បង់ក្លាដែស​ត្រូវការ​ការ​គាំទ្រ​ខ្លាំងក្លា​ជា​បន្ត​ពី​អន្តរជាតិ ដើម្បី​ធានា​ដល់​សុវត្ថិភាព​និង​សុខុមាលភាព​របស់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​មិន​មាន​កន្លែង​ជ្រកកោន។ វិបត្តិ​នេះ​ មិន​ត្រូវ​ក្លាយជា​វិបត្តិ​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នោះ​ទេ។ ទាំង​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ និង​ទាំង​ប្រជាពលរដ្ឋ​បង់ក្លាដែស​ដែល​ផ្តល់​កន្លែង​ស្នាក់នៅ​ដោយ​ក្ដី​សណ្ដោស​ដល់​ជន​ភៀសខ្លួន​ទាំង​នោះ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក គឺ​ត្រូវការ​ការ​គាំទ្រ​ពី​អន្តរជាតិ»។

លោក Mahecic បាន​និយាយ​ថា ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​បង្កើន​ភាព​ងាយរងគ្រោះ​បន្ថែម​ទៀត​ដល់​ជន​ភៀសខ្លួន ​និង​សហគមន៍​ដែល​ផ្ដល់​ទី​ជម្រក​ដល់​ពួកគេ។

លោក​បាន​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​និង​ទីភ្នាក់ងារ​ជំនួយ​នានា​បាន​ព្យាយាម​ការពារ​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ខ្លាំង​នៅ​ក្នុង​ជំរំ​និង​តំបន់​ជុំវិញ។

ស្ថានការណ៍​បច្ចុប្បន្ន​ហាក់​ដូចជា​បង្ហាញ​ថា ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទំនងជា​មិន​អាច​ត្រឡប់​ទៅ​កាន់​មាតុភូមិ​របស់​ពួកគេ​វិញ​បាន​ទេ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយសារតែ​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​មាន​វិបត្តិ​នយោបាយ​និង​សង្គម។

ចាប់​តាំងពី​ពេល​ដែល​យោធា​មីយ៉ាន់ម៉ា​ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចលាចល ដោយ​ប្រជាពលរដ្ឋ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​អាជ្ញាធរ។

ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ការ​ស្វែងរក​ទឹកប្រាក់​ជំនួយ​ចំនួន ១ ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​កាលពី​ឆ្នាំ​មុន ទទួល​បាន​ជំនួយ​មិន​ដល់ ៦០% ផង។ មន្ត្រី​អង្គការ​សហប្រជាជាតិ​សង្ឃឹម​ថា ឆ្នាំ​នេះ​នឹង​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG