ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រកាស​បង្កើន​ជំនួយ​សម្រាប់​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា


រូបឯកសារ៖ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​សង់​ជម្រក​បណ្ដោះអាសន្ន​ បន្ទាប់​ពី​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះសម្បែង​របស់​ពួកគេ​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​សង្កាត់​ Cox's Bazar កាល​ពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​សង់​ជម្រក​បណ្ដោះអាសន្ន​ បន្ទាប់​ពី​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះសម្បែង​របស់​ពួកគេ​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​សង្កាត់​ Cox's Bazar កាល​ពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ផ្តល់​ជំនួយ​ថ្មី​ដល់​ជាតិ​សាសន៍​ភាគតិច​រ៉ូហ៊ីងយ៉ា (Rohingya) កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​បាន​រត់​គេច​ពី​អំពើ​ហិង្សា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ជិត​ខាង ឬ​ទៅ​កាន់​ទីកន្លែង​ផ្សេង​នៅ​ក្នុង​ប្រទេស។

ជនភៀស​ខ្លួន​រាប់​សែន​នាក់​បាន​រត់​គេច​ពី​អំពើ​ហិង្សា​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំ ២០១៧។

ជំនួយបន្ថែម​ចំនួន ១៥៥ លាន​ដុល្លារ​អាមេរិក​នឹង​ត្រូវ​ប្រើ​ដើម្បី​ទ្រទ្រង់ «កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​និង​សហគមន៍​ដែល​ផ្ដល់​ទីជម្រក​ដល់​ជន​ភៀសខ្លួន​ទាំង​នេះ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ក៏​ដូចជា​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ដែល​ខ្ចាត់ព្រាត់​ពី​ទីលំនៅ​នៅ​ក្នុង​ប្រទេស​និង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ផ្សេង​ទៀត​នៅ​មីយ៉ាន់ម៉ា​ផងដែរ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១៨ ខែ​ឧសភា​កន្លង​ទៅ​នេះ។

លោក Blinken បាន​និយាយ​ថា៖ «ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នឹង​ជួយ​បំពេញ​តម្រូវការ​បន្ទាន់​របស់​ជន​ភៀសខ្លួន​ជិត ៩០០.០០០ នាក់​នៅក្នុង​ប្រទេស​បង់ក្លាដែស​ដែល​បាន​រត់គេច​ពី​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​នៅ​ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ស្ត្រី​និង​កុមារ​ផងដែរ»។

លោក​បាន​បញ្ជាក់​ថា ជំនួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​តាំងពី​ឆ្នាំ ២០១៧ មក ឥឡូវ​មាន​ជាង ១ ពាន់ ៣ រយ​លាន​ដុល្លារ​អាមេរិក។

លោក Blinken ថ្លែង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ទទួលស្គាល់​នូវ​ការ​ចំណាយ​និង​ការ​ទទួល​ខុស​ត្រូវ​ដែល​ប្រទេស​ម្ចាស់​ផ្ទះ​រង​បន្ទុក​ក្នុង​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ជា​ពិសេស​ប្រទេស​បង់ក្លាដែស។ យើង​នឹង​បន្ត​គាំទ្រ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​ដែល​ផ្តល់​អាទិភាព​លើ​ការ​ការពារ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា»។

កាលពី​សប្តាហ៍​មុន ទីភ្នាក់ងារ​ជន​ភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ស្វែងរក​ជំនួយ​ចំនួន ៩៤៣ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ឲ្យ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជាង​៨៨០.០០០ នាក់ និង​ប្រជាពលរដ្ឋ​បង់ក្លាដែស​ចំនួន ៤៧២.០០០ នាក់​នៅ​ក្នុង​សហគមន៍​នានា​ដែល​ផ្ដល់​ទី​ជម្រក​ដល់​ជន​ភៀសខ្លួន​ទាំង​នោះ។

ស្ថានការណ៍​បច្ចុប្បន្ន​ហាក់​ដូចជា​បង្ហាញ​ថា ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទំនងជា​មិន​អាច​ត្រឡប់​ទៅ​កាន់​មាតុភូមិ​របស់​ពួកគេ​វិញ​បាន​ទេ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយសារតែ​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​មាន​វិបត្តិ​នយោបាយ​និង​សង្គម បន្ទាប់ពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​កន្លង​មក។

លោក Blinken បាន​និយាយ​ថា មន្ត្រី​យោធា​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​នោះ​ក៏​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ផងដែរ៕

ប្រែ​សម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG