ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុមអ្នក​ជំនាញ៖ អន្តរជាតិ​ត្រូវ​ដោះស្រាយ​រដ្ឋប្រហារ​នៅភូមា​តាមវិធី​តុលាការ​ព្រហ្មទណ្ឌ​អន្តជាតិ ​ទណ្ឌកម្ម មហា​សន្និបាត​អ.ស.ប.


រូបឯកសារ៖ ក្រុមអ្នកតវ៉ាប្រឆាំងយោធាមីយ៉ាន់ម៉ាប្រមូលផ្តុំគ្នាដើរហែក្បួនទាមទារយុត្តិធម៌ដល់ជនរងគ្រោះដែលបានស្លាប់ក្រោមការបង្ក្រាបរបស់យោធា នៅទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១។

ក្រុម​វាគ្មិន​ជាច្រើន​រួមទាំង​ប្រសិត​ពិសេសអង្គការ​សហប្រជាជាតិ (អ.ស.ប.) អ្នក​ជំនាញ​កិច្ចការ​អាស៊ី​បាន​និយាយ​ថា​ បញ្ហា​រដ្ឋ​ប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​(ភូមា) ​ត្រូវការ​វិធានការ​ពី​សហគមន៍​អន្តរជាតិ​ ដើម្បី​ដោះស្រាយ​ជាបន្ទាន់​តាម​វិធាន​ការ​អន្តរជាតិ​ជាច្រើន។

នេះគឺ​ដោយសារ​ការ​រង់ចាំ​វិធាន​ការ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ដែល​ចិនមាន​ឥទ្ធិពល​វេតូ​នោះ​ មិន​អាច​បញ្ចប់​អំពើ​ហិង្សា​ការ​ចាប់​ចង​ពលរដ្ឋ​ ការ​កាប់​សម្លាប់​ក្នុង​ប្រទេស​ភូមាបានទេ។ អ្នកវិភាគ​ខ្លះ​អធិប្បាយ​ថា​ ទាំងនេះជា​អំពើ​ព្រៃផ្សៃ​ដែល​អាច​នាំទៅដល់​អំពើ​ប្រល័យ​ពូជ​សាសន៍ ​អំពើ​សម្លាប់​បំបាត់​ជាតិ​សាសន៍ ​និង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​កាន់​តែខ្លាំង​ឡើង។​

លោក​បណ្ឌិត ​Salai Maung Taing San ​(Sasa)​ ជា​ប្រសិត​ពិសេស ​អ.ស.ប.​ ស្តីពី​កិច្ចការ​សភា​ពីដុងស៊ូ លូដរ ​(Pyidaungdu Hluttaw)​ នៃ​ប្រទេស​ភូមា​ បាន​ថ្លែង​ថា ​សហគមន៍​អន្តរជាតិ​មាន​អំណាច​បញ្ឈប់​រឿង​រ៉ាវ​នៅភូមា​បាន។​

«សហគមន៍​អន្តរជាតិ​មាន​អំណាច​ខ្លាំង​ពិតប្រាកដ​ ដើម្បី​បញ្ឈប់​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ បញ្ឈប់​អំពើ​ឃោរឃៅ​រារាំង ​អំពើ​ប្រល័យ​ពូជ​សាសន៍ ​រារាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ​មិនឲ្យ​កើត​មាន​ម្តង​ហើយ​ម្តង​ទៀត»។​

លោក​ថា​ លោក​មាន​ការ​មិន​សប្បាយចិត្ត​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​បណ្តោយ​ឲ្យ​មាន​អំពើហិង្សា​ ហើយ​ឈរ​មើល​ការ​កាប់​សម្លាប់​ ការ​ចាប់ដាក់​គុក ​អំពើ​ឃោរឃៅ​រាល់ថ្ងៃ​លើ​ពលរដ្ឋ​ភូមា។​លោក​ជឿ​ថា​ ប្រទេស​ចិន​ ឥណ្ឌា និង​ប្រទេស​ដទៃទៀត​ និង​អាស៊ាន​ ដែល​មាន​ច្បាប់​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទែក្នុង​ទៅវិញ​ទៅមក​នោះ​ អាច​ជួយ​ដោះ​ស្រាយ​បាន​ តែប្រទេសទាំងអស់នេះ​មិន​ជួយ។​

ទោះជា​យ៉ាងណា​ លោក​សម្តែង​ការ​អរគុណ​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមរិក​របស់​លោក​ប្រធានាធិបតី Joe Biden ​និង​អង់គ្លេស ​អឺរ៉ុប​ ដែល​នាំមុខលើការ​ដាក់​ទណ្ឌកម្ម​កន្លង​មក​ លើក្រុម​មេដឹកនាំ​រដ្ឋប្រហារ ​និង​អ្នក​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។​

លោក​ សាសា ថ្លែង​ដូច្នេះ​ នៅ​ក្នុង​ពេល​លោក​បានចូលរួមជា​វាគ្មិន​មួយ​រូប​ក្នុងកិច្ច​ពិភាក្សា​មួយ​ កាលពី​សប្តាហ៍​មុន​ ដែល​រៀប​ចំ​ដោយ​អង្គការ​សិទ្ធិមនុស្ស​រ៉ូហុីងយ៉ា​ភូមា ​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស ហៅថា​ Burmese Rohingya​Organization​ UK (BROUK)​ តាម​ប្រព័ន្ធ​អនឡាញ​ ដែល​សម្រប​សម្រួល​ដោយអ្នកស្រី​ Thin Lei Win។​ ការ​ពិភាក្សា​នេះ ​គឺ​ផ្តោតទៅ​លើ​បញ្ហា​ «ឧបសគ្គ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ មិនមែន​ជាលេស​សម្រាប់​ការ​មិនចាត់​វិធានការ​ចំពោះ​បញ្ហា​ភូមា»។​

ក្រុម​វាគ្មិន​ដែល​រួមទាំង​ប្រសិត​ពិសេសអង្គការ​សហប្រជាជាតិ (អ.ស.ប.) និងអ្នក​ជំនាញ​កិច្ចការ​អាស៊ី​ ចូលរួមកិច្ចពិភាក្សាមួយរបស់អង្គការ Burmese Rohingya​Organization​ UK (BROUK)​ តាម​ប្រព័ន្ធ​អនឡាញ​ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។ (រូបដកស្រង់ពីគេហទំព័រ BROUK)
ក្រុម​វាគ្មិន​ដែល​រួមទាំង​ប្រសិត​ពិសេសអង្គការ​សហប្រជាជាតិ (អ.ស.ប.) និងអ្នក​ជំនាញ​កិច្ចការ​អាស៊ី​ ចូលរួមកិច្ចពិភាក្សាមួយរបស់អង្គការ Burmese Rohingya​Organization​ UK (BROUK)​ តាម​ប្រព័ន្ធ​អនឡាញ​ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។ (រូបដកស្រង់ពីគេហទំព័រ BROUK)

ក្រុម​វាគ្មិន​សំខាន់ៗ​សុទ្ធតែ​បាន​លើក​ឡើង​ស្រដៀងគ្នា​ ជា​ចំហ​ចំពោះ​វិធានការ​ជាច្រើន ​ដែល​សហគមន៍​អន្តរ​ជាតិ​ត្រូវ​ប្រញាប់​ដោះស្រាយ​ជាបន្ទាន់​ ដូចជា​តាម​រយ:​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បុគ្គល ​ក្រុមហ៊ុន​ រដ្ឋភូមា​ ការ​ហ៊ុម​ព័ទ្ធ​ ការ​ផ្តល់​អាវុធ​ ជំនួយ​ថវិកា​ ចំណាត់ការ​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ចំណាត់​ការ​តាម​ផ្លូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្នុង​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់។​

លោក​ សាសា ​បានបន្ត​ថា ​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញ​វត្ថុ​ថែម​ទៀត​ ការ​បញ្ឈប់​ការ​លក់​អាវុធ ​ឬ​ផ្តល់​អាវុធ​ដល់​ក្រុម​មេដឹកនាំ​រដ្ឋ​ប្រហារ ​ជា​រឿង​សំខាន់ ​ដោយសារ​ក្រុម​ឧត្តម​សេនីយ៍​លួច​លុយ​ជាតិ ​លុយ​ពលរដ្ឋ​ទិញ​អាវុធ ​ហើយ​កាលណា​គេ​មាន​អាវុធច្រើន គេ​សម្លាប់​ពលរដ្ឋ​កាន់តែ​ច្រើន។​

«ពេល​ប្រទេស​នានា​គេ​ផ្តល់​លុយកាន់​តែច្រើន​ដល់​ឧត្តម​សេនីយ៍​យោធា​ទាំងនេះ​ មនុស្ស​កាន់តែ​ច្រើន​នឹង​ត្រូវ​ស្លាប់​ អំពើ​ឃោរឃៅ​កាន់តែ​កើត​ឡើង​ច្រើន ​អំពើ​ប្រល័យ​ពូជសាសន៍​កាន់តែ​កើត​ឡើង​ច្រើន ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​កាន់តែ​កើតឡើង​ច្រើន។​ ពិតណាស់​ នេះជា​រឿង​ងាយ​ណាស់។ ​ចូរកុំ​ឲ្យ​យើង​យល់​ខុស​ កុំ​ឲ្យ​យើង​ច្រឡំ​ កុំ​រវើរវាយ ​ដូច្នេះ​សហគមន៍​អន្តរជាតិ​ត្រូវតែ​បញ្ឈប់​ផ្តល់​គ្រឿង​សព្វាវុធ​ដល់​មនុស្ស​អាក្រក់​ទាំង​នេះ​ គឺ​ឧត្តម​សេនីយ៍​យោធា»។​

ដោយ​ព្រួយ​បារម្ភ​ពីការ​ទិញអាវុធ​ពីចិន​ និង​រុស្សុី​ លោក​ សាសា​ បាន​បន្ត​ថា ការផ្តល់​អាវុធ​ទៅ​ឲ្យក្រុម​ឃាតក​គួរ​តែ​បញ្ចប់​ ព្រោះពួក​គេ​ជា​សត្រូវ​ប្រជាជន​ជាឧក្រិដ្ឋជន​ ហើយ​បើក្រុម​មនុស្ស​អាក្រក់​នេះ​មិន​ឈប់​ទេ​ នោះ​ភូមា​នឹង​ច្បាស់​ជាគ្មាន​អនាគត​ទេ។​

«ដូច្នេះ​សហគមន៍​អន្តរជាតិ​ត្រូវតែ​រួមគ្នា​ដោយ​ឡែកៗ​ពីគ្នា ​គឺ​ក្រុមហ៊ុន​និង​ក្រុមហ៊ុន ​ប្រទេស​និង​ប្រទេស​ សហគមន៍​និង​សហគមន៍ ​អង្គការ​និ​ង​អង្គការ​ ស្ថាប័ន​អន្តរជាតិ​និងស្ថាប័ន​អន្តរជាតិ។​ ពួក​គេ​ទាំងអស់​គ្នា​ត្រូវតែ​បញ្ចប់​បញ្ហា​ភូមា​ពេល​នេះ​ ទោះ​ជា​ក្រោម​ហេតុផល​អ្វី​ក៏ដោយ»។​

បន្ថែម​ពីលើ​ទណ្ឌកម្ម​ពី​សហ​រដ្ឋ​អាមេរិក​និង​អឺរ៉ុប​កន្លងមក​ សហ​រដ្ឋ​អាមេរិក​ដែល​នាំ​មុខ​ពិភពលោក​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ភូមា​ និង​ដាក់​ទណ្ឌកម្ម​មេ​ដឹកនាំ​រដ្ឋ​ប្រហារ​ភូមា​ជាថ្មី​ទៀត​នោះ​ បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ភូមា ​ដែល​បង្កើត​ចំណូល​ជាច្រើន​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ ការណ៍​នេះ​បាន​កើត​ឡើង​នៅពេល​ដែល​ប្រទេស​ភូមា​បន្ត​មិន​អើ​ពើ​នឹង​ការ​ទទូច​ឲ្យ​មាន​ការ​ឈប់​កាប់​សម្លាប់​ក្រុម​អ្នក​តវ៉ា​ ដែល​មាន​មនុស្ស​ជាង​ ៦០០​ នាក់បាន​ស្លាប់​ ចាប់​តាំង​ពីថ្ងៃ​ទី ១ ​ខែ​កុម្ភៈ ដែល​ជា​ថ្ងៃ​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកស្រី​ Aung San Suu Kyi។​

សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក ​និង​ក្រសួង​រតនាគារ​អាមេរិក​ បាន​បញ្ជាក់​ថា៖ «​តាមរយៈ​ការ​ដាក់​ទណ្ឌកម្មលើ​ក្រុមហ៊ុន​នេះ​ សហ​រដ្ឋអាមេរិក​កំពុង​បញ្ជូន​សញ្ញា​ច្បាស់ៗ​ទៅ​កាន់​ក្រុម​យោធា​ភូមា​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​បង្កើន​សម្ពាធ​លើ​ចរន្ត​ថវិកា​ជាតិ​នៃ​របប​យោធា​ភូមា ​រហូត​ទាល់តែ​របប​នេះ​បញ្ឈប់​អំពើ​ហិង្សា​របស់​ខ្លួន​ ដោះលែង​អ្នក​ជាប់​ឃុំ​ដ៏​អយុត្តិធម៌​ទាំងនោះ​ ដក​ចេញ​ច្បាប់​អាជ្ញាសឹក​ និងឈប់​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ទូទាំង​ប្រទេស ​ដក​ចេញ​ការ​រឹតត្បិត​ផ្នែក​ប្រព័ន្ធ​ទំនាក់​ទំនង​ទូរគមនាគមន៍​ ស្តារ​ប្រទេស​ភូមា​ទៅ​តាម​ផ្លូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ»។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​ បាន​បន្ថែម​សេចក្តី​ថា៖​ «សហ​រដ្ឋ​អាមេរិកធ្វើកិច្ចការ​ជិតដិត​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​យើង​ និង​ដៃគូ​ទាំងអស់​ក្នុងតំបន់​និង​ក្នុង​ពិភពលោក ​នឹង​ប្រកាន់​ជំហរ​ប្តេជ្ញាចិត្ត​របស់​យើង​ដ៏​ខ្ជាប់ខ្ជួន ​ដើម្បី​ដាក់​សម្ពាធ​លើ​យោធា​ភូមា​កម្លាំង​សន្តិសុខ​ ដើម្បី​បញ្ឈប់​គ្រប់​ទម្រង់នៃ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​អហិង្សា ​និង​ពលរដ្ឋ​ដទៃទៀត​ដើម្បី​គាំទ្រ​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​រដ្ឋ​ប្រហារ​ និង​អំពើ​ហិង្សា​ដែល​កើត​ឡើង​បន្ទាប់​មក​នោះ»។​

លោកស្រី ​Naomi Kikoler​ នាយិកា​នៃ​មជ្ឈមណ្ឌល​ Simon-Skjodt​ សម្រាប់​ការ​រារាំង​អំពើ​ប្រល័យ​ពូជ​សាសន៍ មាន​ទីតាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ថា​ វាជា​ពេល​វេលា​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ ដើម្បី​រារាំង​បញ្ហា​ដែល​អាចកើត​មាន​ឡើង​កាន់តែ​ខ្លាំង​ រាប់ទាំង​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ ការ​មិន​ផ្តល់អាវុធ​មុខ​ជំនួញ​ជាដើម។​

«សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវតែ​ត្រៀម​ចាត់​វិធានការ​ឲ្យ​ទាន់​ពេល​វេលា​ និង​ស្វាហាប់​ទៅតាម​ធម្មនុញ្ញ​ អ.ស.ប.​ ដើម្បី​ការពារ​ពលរដ្ឋ»។​

រូបឯកសារ៖ យោធាមីយ៉ាន់ម៉ាចុះបង្ក្រាបក្រុមតវ៉ាប្រឆាំងយោធាមីយ៉ាន់ម៉ា នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ យោធាមីយ៉ាន់ម៉ាចុះបង្ក្រាបក្រុមតវ៉ាប្រឆាំងយោធាមីយ៉ាន់ម៉ា នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១។

លោកស្រី​បាន​បន្ត​ថា​ សោកនាដ្ឋកម្ម​កំពុង​បន្ត​កើត​ឡើង​ពល​រដ្ឋ​កំពុង​ត្រូវ​គេ​សម្លាប់​ ការ​វាយ​ប្រហារ​តាម​អាកាស​កំពុង​កើត​មាន​នៅផ្នែក​ខ្លះ​នៃ​ប្រទេស​ភូមា​ ការ​ចាប់​ដាក់គុកកំពុង​កើតឡើង ​ដោយសារ​តែ​សហគមន៍​អន្តរជាតិ​បរាជ័យ​ក្នុង​ការ​ការពារ​ពលរដ្ឋ។​

«វាជា​រឿង​តម្រូវ​ការ​នៃ​យុត្តិធម៌​ដែល​ទាក់​ទង​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ​វាជា​រឿង​តម្រូវការ​ក្នុង​ការ​កំណត់​ការដាក់​ទណ្ឌកម្ម។ ​វាជា​រឿង​តម្រូវការ​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​គ្រឿង​សព្វាវុធ។ ​វាជា​រឿង​តម្រូវការ​ចាំបាច់​សម្រាប់​សមាគម​អាស៊ាន ​ក្នុង​ការ​បង្កើន​គម្រោង​ការ​ថែមទៀត​ឲ្យមាន​តួនាទី​ខ្លាំងក្លា»។​

លោកស្រី​បាន​ដក​ស្រង់​ការ​ទទួល​ខុស​ត្រូវ​របស់​សហគមន៍​អន្តរជាតិ​ ដែល​មាន​តួនាទី​និង​ព្រមព្រៀង​ការពារ​ពលរដ្ឋ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ឃោរឃៅ​ ដូចជា​អំពើ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ការ​បំបាត់​ពូជសាសន៍​ជាដើម។​

«ដូច្នេះ​បញ្ហា​ពិតប្រាកដ​សម្រាប់​អ្នក​ដឹកនាំ​រដ្ឋាភិបាល​បរទេស​ ហើយ​នឹង​ស្ថាប័ន​ផ្សេងៗ ​គឺ​ថា​ នៅ​ពេល​ពលរដ្ឋ​បន្ត​ប្រឈម​មុខ​នឹង​កាំភ្លើង​ នៅពេល​ដែល​ពល​រដ្ឋ​ប្រឈម​នឹង​ការ​ចាប់​ដាក់គុក​ តើគេយល់​ឃើញ​ថា​គួរ​មាន​វិធានការ​រួម​គ្នា​ដ៏​ខ្លាំងក្លាថែម​ទៀត ដើម្បី​ព្យាយាម​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ ឬ​ទេ?​ តើគេ​នឹង​ដោះស្រាយ​បញ្ហា​ជា​បន្ទាន់​នេះ​យ៉ាង​ម៉េច? ​ពីព្រោះ​ថា​ពេល​នេះ​ ជាថ្មី​ទៀត​ពលរដ្ឋ​បាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​រាល់ថ្ងៃ​ ដោយសារ​អន្តរជាតិ​ខកខាន​ក្នុង​ការ​ដោះស្រាយ»។

លោកស្រី ​Naomi Kikoler​ បាន​បន្ត​ថា៖ «យើង​មិនអាច​ឈរ​មើល​ស្ថាន​ការណ៍​នេះ​ ហើយ​ទទួល​យក​ការ​បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ​ ដែល​ត្រូវ​ធ្វើដោយ​សហគមន៍​អន្តរជាតិ ​និងស្ថាប័ន​នានា​ និង​វិធានការ​ដែល​មិន​បានធ្វើ​ខ្លះ​នោះ​ទេ។ ​ដូច្នេះ​ចូរធ្វើ​ឲ្យ​ប្រាកដ​ថា យើង​រៀនសូត្រ​ពី​អតីតកាល ​ហើយ​ឆ្លើយតប​ដោយ​ការ​រៀបចំ​ត្រឹមត្រូវ​រួមគ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាននេះ»។​

លោក​ Thomas Andrews ​អ្នក​រាយ​ការណ៍​ពិសេស​របស់​ អ.ស.ប. ​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​ភូមា​ បាន​ថ្លែង​ថា​ សហគមន៍​អន្តរជាតិ​ត្រូវតែ​រួមគ្នា​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​ ហើយ​ក្រុម​ហ៊ុន​ប្រេង​និង​ឧស្ម័ន​នានា​ ដូចជាក្រុមហ៊ុន French Total, American Chevron​ និង​ Malaysian Petronas​ ហើយនិង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ ដែល​បង្កើត​ប្រាក់​ចំណូល​ថវិកា​ជាតិ​ត្រូវដាក់​ទណ្ឌកម្ម​ និង​បញ្ឈប់​ប្រតិបត្តិការ​ជា​បន្ទាន់​ជាមួយ​រដ្ឋាភិបាល​មិនស្រប​ច្បាប់​ ដែល​ដឹកនាំ​ដោយ​ពួក​យោធា។​

«ដូច្នេះ​បញ្ហា​ទាំងអស់​នេះ ​ខ្ញុំគិត​ថា​ ជា​ផ្នែក​មួយ​នៃ​កញ្ចប់​រឿង​ដែល​អាច​កើត​ឡើង​ខាង​ក្នុង​ ឬ​ខាង​ក្រៅ​ អ.ស.ប.។​ ការ​គ្មាន​វិធានការ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ​អ.ស.ប. ​មិន​គួរ​ក្លាយ​ជា​លេស​ គ្មាន​វិធានការសម្រាប់​បណ្តា​ប្រទេស​នានា ​ក្នុង​ពិភពលោក​ ឬ​ក្រុម​អ្នក​ជំនួញ​ក្នុង​ពិភពលោក​ទេ»។​

លោកបាន​បន្ថែមថា៖ «ចូរ​គិត​រឿង​នេះ​បន្តិច។ កិច្ចសន្យា​បាន​ចុះ​ហត្ថលេខា​ គឺ​បាន​ចុះហត្ថលេខា​ជាមួយ​នឹង​រដ្ឋាភិបាល​ស្របច្បាប់។​ រដ្ឋាភិបាល​ស្រប​ច្បាប់​នោះត្រូវ​គេ​ប្លន់​ទម្លាក់​ ហើយ​ពេល​នេះ​ចំណូល​ជាតិ​ទាំងនោះហូរ​ចូល​ទៅ​ក្នុង​ដៃ​ក្រុម​ឧក្រិដ្ឋជន។ ​ពួកគេ​កំពុង​ប្រើប្រាស់​លុយ​ទាំងនោះ​មិនមែន ​ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ​ភូមា​ទេ ​តែ​ដើម្បី​គាំទ្រ​និង​បង្កើន​អំណាច​របស់​គេ​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ»។​

ពាក់ព័ន្ធនឹង​ការ​ដែល​គ្មាន​វិធាន​ការ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ ​អ.ស.ប .​ដែល​មាន​រុស្សុី​និង​ចិន​ជា​សមាជិក​អចិន្ត្រៃយ៍​ដ៏​មាន​ឥទ្ធិពល ​ក្នុង​ការ​វេតូ​ជំទាស់​លើ​វិធានការ​ជាក់លាក់​ភ្លាមៗ​នោះ​ ​លោក​បាន​បន្ថែម​ថា​នៅ​មាន​ជម្រើស​ផ្សេង​ទៀត​ដែល​អាច​ដោះស្រាយ​បាន​ពី​មហា​សន្និបាត ​អ.ស.ប. ​ដែល​ប្រទេស​ជា​សមាជិក ​អ.ស.ប.​ នានា ​អាច​រួម​គ្នា​ផ្តល់​យោបល់​អនុម័ត​សេចក្តី​សម្រេច​នានា ​និង​អាច​ជំរុញ​ឲ្យ​មាន​ដំណើរការ​នៃ​វិធានការ​ជា​អន្តរជាតិ​បាន។​

«តែអ្វី​ដែល​សំខាន់ ​គឺ​ថា​ មហា​សន្និបាត ​អ.ស.ប. ​អាច​ផ្តល់​វេទិកា​បើក​ចំហ​ដោយ​ពេញលេញ​ ហើយ​ប្រទេស​នានា​ជា​សមាជិក​អាច​គិត​ពីរឿងរ៉ាវ​ទាំងអស់​ ដោយ​បើក​ចំហ​ មិនមែន​ដោយ​សម្ងាត់​ ហើយ​បន្ទាប់​ទៅ​អាច​រៀបចំ​និង​បង្រួប​បង្រូម​ប្រទេស​នានា​ក្នុង​ពិភពលោក ​ដែល​ចង់​ចូលរួម​គ្នា​ចាត់​វិធានការ​រួមគ្នា។​ ពេល​នោះ ​វា​អាច​ជំរុញ​ឲ្យក្រុម​ប្រឹក្សា​សន្តិសុខ ​អ.ស.ប.​ ដំណើរការ​ទៅមុខ​ តែ​វិធី​ផ្សេង​ទៀត​ក្នុង​ចំណោម​វិធី​ដទៃ ​គឺ​ថា​ ត្រូវនាំ​ពិភពលោក​មក​រួម​គ្នា​ដែល​មិន​គួរត្រូវ​រង់ចាំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ទេ»។

លោក​ Thomas Andrews ​អ្នក​រាយ​ការណ៍​ពិសេស​របស់​ អ.ស.ប. បានបន្តថា៖ «ជារឿង​ល្អ​ប្រពៃ​បើ​យើង​មាន​មហា​សន្និបាត​ពិសេស ​និង​បន្ទាន់​មួយ​កើត​ឡើង​ តែ​យើង​អាច​មាន​វិធានការ​ទាំង​ពីរ​គឺ ទាំង​ក្នុង​ក្រប​ខណ្ឌ​មហា​សន្និបាត ​អ.ស.ប.​ និង​ខាង​ក្រៅ​ក្របខណ្ឌ​មហា​សន្និបាត​ អ.ស.ប. ​ដើម្បី​នឹង​សម្រប​សម្រួល​ឲ្យ​មាន​វិធាន​ការ​នានា​ ដោយ​រដ្ឋ​ក្នុង​ពិភពលោក​ងើបឈរ​ឡើង​ដើម្បី​ពលរដ្ឋ​មីយ៉ាន់ម៉ា»។​

រូបឯកសារ៖ ក្រុមតវ៉ាប្រឆាំងយោធាមីយ៉ាន់ម៉ា ប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ ក្រុមតវ៉ាប្រឆាំងយោធាមីយ៉ាន់ម៉ា ប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៩ ​ខែ​កុម្ភៈ​ថា ​ខ្លួន​កំពុង​បង្កក​ប្រាក់​ដែល​ត្រូវ​ផ្តល់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ «ខណៈ​កំពុងតាមដាន​និង​វាយ​តម្លៃ​លើ​ស្ថានភាព​យ៉ាង​ដិតដល់»។​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ក៏​មាន​ចំណាត់​ការ​ដូច​គ្នា​នេះ​ដែរ​ ដោយ​កាលពី​ថ្ងៃទី​ ១០​ ខែ​មីនា​ បាន​ផ្អាក​កិច្ចសន្យា​និង​មូលនិធិ​ថ្មី​ទៅ​ឱ្យ​គម្រោង​វិស័យ​សាធារណៈ​ ដែល​កំពុង​មាន​ដំណើរការ​ស្រាប់។​

ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​រួម​គ្នា​ផ្អាក​ទឹកប្រាក់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​ ដែល​ត្រូវ​ផ្ទេរ​ទៅ​មីយ៉ាន់ម៉ា​ដើម្បី​ចៀសវាង​ការ​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​យោធា​ថ្មី​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​ជាង ​៦០០​ នាក់ ​នៅ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​ចាប់​តាំង​ពី​ដណ្តើម​អំណាច​នៅ​ថ្ងៃទី​ ១ ខែ​កុម្ភៈ​មក។​

ប្រាក់​ជំនួយ​និង​ប្រាក់​កម្ចី​របស់​ធនាគារ​ទាំង​ពីរ​បាន​ពង្រីក​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ផង​ដែរ​ ដោយ​រាប់​ចាប់​ពី​គម្រោង​ធ្វើ​ផ្លូវ​ធំៗ​រហូត​ដល់​បណ្តាញ​អគ្គិសនី។​

ធនាគារ​ទាំង​ពីរ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា ​តើ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ត្រូវ​បាន​បង្កក​នោះ​ទេ។​ ធនាគារ​ពិភពលោក​មិន​ធ្វើ​ការ​បកស្រាយ​អ្វី​នោះ​ទេ​ និង​បាន​ស្នើ​ឱ្យ​ VOA​ ទៅ​មើល​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃទី​ ១៩​ ខែ​កុម្ភៈ ​របស់​ខ្លួន​ដែល​មិន​បាន​ផ្តល់​តួលេខ​ និង​ព័ត៌មាន​លម្អិតអ្វី​ផ្សេង​នោះ​ទេ។​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ក៏​មិន​បាន​ផ្តល់​តួលេខ​ឱ្យ​ VOA ​ដែរ។​

យោង​តាម​គេហទំព័រ​របស់​ខ្លួន​ធនាគារ​ពិភពលោក​មាន​គម្រោង​ ដែល​កំពុង​ដំណើរការ​ចំនួន​ ២៤ នៅ​មីយ៉ាន់ម៉ា​ដែល​មាន​ទឹក​ប្រាក់​សរុប​ស្មើ​នឹង ២,៧៣ ​ពាន់​លាន​ដុល្លារ​ និង​គម្រោង​ចំនួន​ ១៣ ​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​រៀប​ផែនការ​ដែល​មាន​ទឹកប្រាក់​ចំនួន​ ១,៦៨ ​ពាន់​លាន​ដុល្លារ។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និយាយ​ថា ​ខ្លួន​ប្តេជ្ញា​ផ្តល់​ទឹក​ប្រាក់​ចំនួន​ ៣,៥៧​ ពាន់​លាន​ដុល្លារទៅ​ឱ្យ​មីយ៉ាន់ម៉ា​ សម្រាប់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​រហូត​ចុង​ឆ្នាំ​ ២០១៩ ​ដោយ​មាន​គម្រោង​កំពុង​ដំណើរការ​ឬ​ដែល​ត្រូវ​បាន​អនុម័ត​ចំនួន ៩៩ ​គិត​ត្រឹម​ខែកុម្ភៈ​ និង​មាន​គម្រោង​ចំនួន​ ១០​ ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ការ​រៀប​ផែនការ។​

ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា ​ខ្លួន​ជំទាស់​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា​ ដោយ​បាន​ព្រមាន​ថា ​វិធានការ​ដាក់​ទណ្ឌកម្ម​អាច​បណ្តាល​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ទ្រង់ទ្រាយ​ធំ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ក្រោយ​ពេល​ដែល​មេដឹកនាំ​យោធា​ភូមា​ឧត្តមសេនីយ៍ ​Min Aung Hlaing ​បាន​ចាត់​ទុក​ថា ​ក្រុម​បាតុករ​កំពុង​ព្យាយាម​បំផ្លាញ​ប្រទេស​ភូមា​ ហើយ​លោក​ព្យាយាម​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ពល​រដ្ឋ​ភូមា​ និង​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​រាប់ទាំង​រ៉ូហ៊ីងយ៉ា​ ហើយ​និង​ជម្នះ​ការ​គំរាម​ជា​អន្តរជាតិ។​

ទីភ្នាក់ងារ​ព័ត៌មាន ​Interfax​ របស់​រុស្ស៊ី​ បាន​ដកស្រង់​សម្តី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ ដែល​បាន​និយាយ​ថា៖​ «ការ​គំរាម​កំហែង​និង​ការ​ដាក់​សម្ពាធ​ដែល​ក្នុង​នោះ ​រួម​មាន​ទាំង​ការ​ប្រើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​មីយ៉ាន់ម៉ា​បច្ចុប្បន្ន​ផងដែរ​នោះ ​នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ​ហើយ​ពិតជា​គ្រោះថ្នាក់​បំផុត»។​

មហា​អំណាច​អន្តរជាតិ​នានាបាន​ស្វះស្វែង​ដាក់​សម្ពាធ​លើ​របប​យោធា​មីយ៉ាន់ម៉ា។ ​ក៏ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​ ទាំង​ការ​ដាក់​ទណ្ឌកម្ម​និង​ទាំង​ការ​អំពាវនាវ​ឲ្យ​អត់ធ្មត់​ សុទ្ធតែ​មិន​អាច​បញ្ឈប់​របប​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​បន្ត​អនុវត្ត​តាម​គោលដៅ​របស់​ខ្លួន។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក ​Tun Khin ​នៃអង្គការ​សិទ្ធិមនុស្ស​រ៉ូហ៊ីងយ៉ា​ភូមា​ប្រចាំ​ នៅ​ប្រទេស​អង់គ្លេស ហៅ​ថា ​Burmese Rohingya Organization UK (BROUK)​ បាន​ដាក់ក្តី​សង្ឈឹម​និង​ទទូច​ដល់​សហគមន៍​អន្តរជាតិ​ ឲ្យ​ជួយ​ដល់​ភូមា​និង​ជនជាតិ​ភាគតិច​រ៉ូហុីងយ៉ា ភូមា​ ហើយ​ឈរ​ជាមួយ​នឹង​ចលនា​ប៉ះបោរ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ភូមា។​លោក​ថា៖​

«សាមគ្គី​ភាព​ដែល​ក្រុម​បាតុករ​និង​ចលនា​បះបោរ​ ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ភូមា ​បាន​បង្ហាញ​ជាមួយ​នឹង​ជនជាតិដើម​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ បាន​លើកទឹក​ចិត្តខ្ញុំ​ឲ្យ​ជឿថា អនាគត​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ភូមា​នឹង​កើត​មាន​ជា​មិនខាន»។​

នេះជាការ​អះអាង​របស់​លោក​ Tun Khin ​ក្នុងពេល​លោកជា​វាគ្មិន​មួយរូប​និងជា​អ្នករៀបចំ​កិច្ចពិភាក្សា​តាម​ប្រព័ន្ធ​អនឡាញ អំពី​ «ឧបសគ្គ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​មិនមែន​ជាលេស​សម្រាប់ការ​មិនចាត់​វិធានការ​ចំពោះ​បញ្ហា​ភូមា»៕

XS
SM
MD
LG