Hello VOA៖ អ្នកដឹកនាំសង្គមស៊ីវិលថា កម្ពុជានៅតែទុកនិទណ្ឌភាពសម្រាប់អ្នកមានអំណាច និងបន្ទោសជនរងគ្រោះផ្លូវភេទ
មេដឹកនាំអង្គការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាលើកឡើងថា វប្បធម៌បន្ទោសជនរងគ្រោះនិងការអត់អោនទោសដល់ជនល្មើសដែលមានអំណាច នៅតែមានជាបន្តនៅកម្ពុជា ដែលបង្កជាឧបសគ្គក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដ។ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី១៤ ខែមិថុនាថា៖ «ករណីដែលកើតឡើងចំពោះសកម្មជននយោបាយ ឬសិទ្ធិមនុស្ស តួយ៉ាងដូចជាយុវជនខាងបរិស្ថាន ឬលោក រ៉ុង ឈុន អីជាដើម យើងឃើញតុលាការមានការខ្នះខ្នែងចោទប្រកាន់អីជាបន្តបន្ទាប់ ប៉ុន្តែបើករណីផ្សេងដែលពាក់ព័ន្ធនឹងអ្នកមានអំណាច យើងឃើញថា ហាក់ដូចជាមានវិធានផ្សេងគ្នាដែលយើងគិតថា អាជ្ញាធរគួរតែបង្ហាញឲ្យសាធារណជនឲ្យបានឃើញថា ប្រព័ន្ធយុត្តិធម៌យើង គឺជាប្រព័ន្ធដែលបានធានាថា ពលរដ្ឋយើងទទួលបានការគោរពការពារស្មើភាពគ្នាចំពោះមុខច្បាប់»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ ខែមិថុនា ២០២១)