អតីតសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៧ រូបបន្ថែមទៀត រួមមានទាំងលោក យ៉ែម ប៉ុញ្ញឫទ្ធិ និងលោក មុត ចន្ថា ផងដែរ បានទទួលនីតិសម្បទានៃសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយពីបានដាក់ពាក្យស្នើសុំទៅរដ្ឋាភិបាល។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យចំនួន ៧ ផ្សេងៗគ្នានៅថ្ងៃសៅរ៍នេះ ផ្ដល់នីតិសម្បទានយោបាយដល់អ្នកទាំង ៧នាក់។ ព្រះរាជក្រឹត្យទាំង ៧ ត្រូវបានចែកចាយដោយក្រសួងព័ត៌មាន នាល្ងាចថ្ងៃសៅរ៍ ទី ១៧ ខែមេសានេះ។
ក្រៅពីអតីតសមាជិកសភាលេចធ្លោ និងនាយខុទ្ទកាល័យលោក កឹម សុខា ក្នុងចំណោមអតីតមន្ត្រីទាំង ៧ រូប ក៏មានផងដែរ លោក ទួត ឃឿត និងលោក ឡាត់ លិតេយ្យ ជាអតីតតំណាងរាស្ត្រ និងក៏ដូចជាលោក ឡុង គឹមឃន លោក ជុំ ច័ន្ទដារិន និងអ្នកស្រី យ៉ង់ ផាន់ណេត។
នៅព្រឹកថ្ងៃសៅរ៍ មានការចែកចាយលិខិតចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ របស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចែងថា អ្នកទាំង ៧ បានស្នើសុំទៅក្រសួងមហាផ្ទៃនូវសិទ្ធិធ្វើនយោបាយមកវិញ។
លិខិតដដែលបានកត់សម្គាល់លើការអនុវត្តបំរាមរបស់លោក យ៉ែម ប៉ុញ្ញឫទ្ធិ ថា «បានធ្វើសកម្មភាពការទូតអំឡុងពេលដែលស្ថិតនៅក្រៅប្រទេស»។
លិខិតបន្តថា៖ «ដោយឡែកសកម្មភាពនៅក្នុងប្រទេសបុគ្គលទាំង ៧ (ប្រាំពីរ) រូបនេះបានអនុវត្តខ្ជាប់ខ្ជួនតាមអំណាចសាលដីការបស់តុលាការ ដោយពុំបានធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ ឬបង្កការរំខានដល់សន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សង្គមគួរឱ្យកត់សម្គាល់ឡើយ»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាអ្នកនយោបាយជាប់បំរាមដែរនោះ បានមានព្រះបន្ទូលប្រាប់វីអូអេថា ព្រះអង្គនិងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានជ្រាបអំពីគម្រោងនៃការសុំសិទ្ធិធ្វើនយោបាយរបស់អ្នកទាំង ៧ តាំងតែពីចុងខែមីនា។
«ខ្ញុំបានជជែករឿងនេះជាមួយលោក កឹម សុខា ដែរតើ។ ក៏ប៉ុន្តែលោក កឹម សុខា ក៏ដោយ ខ្ញុំក៏ដោយបានសម្រេចទៅថា អ្នកណាចង់ធ្វើអ្វីធ្វើទៅ យើងអត់មានសិទ្ធិហាមឃាត់គេទេ»។
អ្នកនយោបាយជាប់សែរាជវង្សអង្គនេះបានមានព្រះបន្ទូលបន្តថា លោក មុត ចន្ថា និងលោក យ៉ែម ប៉ុញ្ញឫទ្ធិ បានអវត្តមានពីសកម្មភាពជាមួយលោក កឹម សុខា អស់រយៈពេល «ពីរបីខែ» កន្លងមកហើយ ហើយតំណែងលោក មុត ចន្ថា ជានាយខុទ្ទកាល័យលោក កឹម សុខា ក៏ស្ថិតក្នុងភាពមិនច្បាស់លាស់ផងដែរ។
«ដូចជាអត់ទេ ដូចជាចប់ហើយ តាមការយល់ឃើញរបស់ខ្ញុំ គួរណាតែបញ្ចប់ហើយ តួនាទីរបស់លោក មុត ចន្ថា កុំឱ្យច្រឡំថា មុត ចន្ថា បានសុំសិទ្ធិហើយ រួចហើយនៅតែធ្វើការជូនលោក កឹម សុខា ទៀតហើយមើលទៅសាម៉ីខ្លួនសុំឈប់ខ្លួនឯងទេ»។
ព្រះអង្គបានបន្តថា «លោក មុត ចន្ថា និងលោក យ៉ែម ប៉ុញ្ញឫទ្ធិ បានសម្រេចជាមួយគ្នា ស្នើសុំជាមួយគ្នា» លើបញ្ហាសុំសិទ្ធិធ្វើនយោបាយនេះ ខណៈលោក ឡាត់ លិតេយ្យ និងលោក ទួត ឃឿត ជាអ្នកស្និទ្ធនឹងលោក យ៉ែម ប៉ុញ្ញឫទ្ធិ ដែលមានមូលដ្ឋានគាំទ្រនៅប្រទេសបារាំង។
ទាំងលោក មុត ចន្ថា និងលោក យ៉ែម ប៉ុញ្ញឫទ្ធិ ជាមនុស្សជំនិតយូរឆ្នាំនឹងលោក កឹម សុខា ហើយតាំងពីពេលលោក កឹម សុខា ត្រូវបានដោះលែងពីការឃុំក្នុងផ្ទះ នាខែវិច្ឆិកា ឆ្នាំ ២០១៩ មក លោកទាំងពីរសកម្មនិងឈរកៀកជាមួយលោក កឹម សុខា ក្នុងសកម្មភាពទូតផង និងការតស៊ូក្ដីរឿង «សន្ទិទ្ឋិភាព» ដែលដំណើរការបានមួយរយៈខ្លី នាដើមឆ្នាំ ២០២០ ផង។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីអ្នកនយោបាយទាំង ៧ រូបខាងលើ ដែលទើបបានសិទ្ធិធ្វើនយោបាយឡើងវិញនោះបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃសៅរ៍នេះ។
យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលបន្ថែមថា ទាំងព្រះអង្គ និងលោក កឹម សុខា ពុំមានគម្រោងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។
អ្នកនយោបាយគណបក្សសង្គ្រោះជាតិសរុប ១១៨ រូប ត្រូវបានតុលាការកំពូលដែលបានរំលាយបក្សនេះ ដាក់បំរាមនយោបាយរយៈពេល ៥ ឆ្នាំដល់ ខែវិច្ឆិកា ឆ្នាំ២០២២។
បើគិតទាំងលើកនេះ មានអតីតមន្ត្រីបក្សសង្គ្រោះជាតិជាប់បំរាម ២១ រូបហើយ ដែលបានស្នើសុំនិងទទួលសិទ្ធិធ្វើនយោបាយឡើងវិញ តាំងតែពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅចុងឆ្នាំ ២០១៨ ដើម្បីផ្ដល់លទ្ធភាព និងយន្តការនៃការស្នើសុំនេះ។
ក្រោយពីការកែកុនច្បាប់គណបក្សនយោបាយម្ដងជាពីរដង នៅឆ្នាំ ២០១៧ ច្បាប់នេះត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សដៃគូប្រជែងយ៉ាងធំចម្បងនឹងគណបក្សប្រជាជនកម្ពុជា ដោយចោទថាបានឃុបឃិតនឹងអំណាចបរទេស។
ការរំលាយនេះធ្វើឡើងក្រោយបក្សសង្គ្រោះជាតិដែលទើបបង្កើតនៅឆ្នាំ ២០១២ បានបង្ហាញកម្លាំងគាំទ្រក្នុងធុងឆ្នោតប្រកៀកនឹងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧។
ជាមួយនឹងអវត្តមានគណបក្សសង្គ្រោះជាតិពីលើសន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដោយងាយស្រួល និងក្រសោបអសនៈទាំងអស់ ១២៥ នៅរដ្ឋសភា។
ក្រោយការសុំសិទ្ធិធ្វើនយោបាយ អតីតមន្ត្រីសង្គ្រោះជាតិខ្លះ បានទៅបើកគណបក្សថ្មី រួមមានលោក ជីវ កត្តា បានទៅបើកគណបក្សខ្មែរស្រឡាញ់ជាតិ និងលោក អ៊ូ ច័ន្ទរ័ត្ន បានទៅបើកបក្សកែទម្រង់កម្ពុជាត្រៀមចូលរួមការបោះឆ្នោតឃុំសង្កាត់ នាខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ករណីអ្នកទាំង ៧ ស្នើសុំសិទ្ធិធ្វើនយោបាយនេះ គណបក្សកាន់អំណាចស្វាគមន៍ ហើយលើកទឹកចិត្តឱ្យអនុវត្តសេរីភាពនយោបាយដែលទើបបានទទួលជាថ្មីនេះតាមក្របខណ្ឌច្បាប់។
តំណាងរាស្ត្រមណ្ឌលព្រះវិហាររូបនេះ ប្រាប់វីអូអេថា៖ «ច្បាប់កម្ពុជាយើងចំហ ដូច្នេះអ្វីដែលគាត់ទទួលបានហើយ គឺគាត់អាចអនុវត្តសិទ្ធិសេរីភាពរបស់គាត់ថាគាត់ចូលបក្សណា ឬក៏គាត់បង្កើតបក្សថ្មី អាហ្នឹងជាសិទ្ធិសេរីភាពរបស់គាត់»។
យ៉ាងណាក៏ដោយ ការចាកចេញរបស់មនុស្សជំនិត បង្កជាភាពមិនច្បាស់លាស់និងចំណោទលើឥទ្ធិពលគ្រប់គ្រងរបស់លោក កឹម សុខា លើមន្ត្រីដែលមានភក្ដីភាព។
លោក យឹម ស៊ីណន អ្នកដឹកនាំចលនាពលករគាំទ្របក្សជំទាស់នៅប្រទេសកូរ៉េខាងត្បូង បានសរសេរជាសារលើទំព័រហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយរូបថតលោកនិងលោក កឹម សុខា នៅថ្ងៃសៅរ៍នេះថា៖
«នាវាកាន់តែស្រាល[ទម្ងន់]ក្រោយពេលមានមនុស្សចុះចេញជាបន្តបន្ទាប់ ប៉ុន្តែឲ្យតែកាពីទែនម្នាក់នេះមិនព្រមចុះពីនាវាទៅបើកកូនម៉ារីន ហើយនៅតស៊ូអត់ឃ្លាននៅជាមួយអ្នកដំណើរលើនាវា ខ្ញុំនៅតែតស៊ូជាមួយដល់ទីបញ្ចប់»៕