ប្រទេសចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ជាផ្នែកមួយនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតែប៉ុន្មានសប្តាហ៍ ក្រោយពីសហរដ្ឋអាមរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិននៅកម្ពុជា និងសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធនាំផលិតផលពីកម្ពុជា ដែលឈ្មោះថា គ្រប់មុខទំនិញលើកលែងតែសព្វាវុធ ឬ Everything But Arms (EBA) ចំនួន ២០ ភាគរយ ដោយសារតែបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិតេយ្យ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជា ដែល VOA ទទួលបានកាលពីថ្ងៃសុក្រ ចិននិងកម្ពុជាគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅចុងសប្តាហ៍នេះ និងឯកសារចំនួនពីរទៀត ទាក់ទងនឹងការសិក្សាលើគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ ដែលជាតំបន់ពាណិជ្ជកម្មចិន ដែលរីកដុះដាលមុនពេលមានវិបត្តិកូវីដ១៩។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលផ្តល់ឱកាសឲ្យកម្ពុជាចាប់ផ្តើមនាំចេញបាននូវទំនិញរបស់ខ្លួនបន្ថែមទៀតនេះ គឺកើតឡើងក្នុងអំឡុងពេលលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន គ្រោងនឹងបំពេញទស្សនកិច្ចជាផ្លូវការ ចំនួន ២ ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ហើយគ្រោងនឹងជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
គេមិនទាន់ដឹងថា តើពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិននេះ នឹងអាចផ្តល់ឲ្យកម្ពុជានូវផលចំណេញផ្នែកពាណិជ្ជកម្ម ដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ផ្តល់ជូនកម្ពុជាដែលនាំចេញផលិតផល ដែលមានទឹកប្រាក់ជាច្រើនពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ សម្រាប់វិស័យកាត់ដេរ និងមុខទំនិញផ្សេងៗទៀតនោះ ឬយ៉ាងណាទេ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងប្រាប់វីអូអេថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា គឺជាចំណុចវិជ្ជមាន ដោយសារចិនដែលមានពលរដ្ឋជាង ១ ពាន់ ៤ រយលាននាក់ ជាទីផ្សារកសិកម្មធំសម្រាប់កម្ពុជា។
«អីចឹងវាអាស្រ័យទៅលើកម្លាំងផលិតរបស់កម្ពុជា ដើម្បីនឹងនាំចេញទៅទីផ្សារចិន។ ទាក់ទិននឹងការវិនិយោគ ប្រហែលជាអាចនឹងមានការវិនិយោគបន្ថែមពីប្រទេសចិនមកកម្ពុជា ទៅលើវិស័យមួយចំនួន ដូចជាសេវាកម្ម ទេសចរណ៍ និងវិស័យផលិតកម្មផ្សេងហ្នឹង ក៏ជាកត្តាលិករមួយក្នុងការជំរុញវិនិយោគហ្នឹងដែរ»។
លោកបានបន្ថែមថា កម្ពុជាក៏អាចក្លាយជាកន្លែងផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចផ្សេងៗទៅកាន់រោងចក្រសហគ្រាសចិនដែរ ទៅថ្ងៃខាងមុខ។ ជាមួយគ្នានេះ លោកបន្តថា កម្ពុជាមិនពឹងតែចិនមួយទេ តែក៏កំពុងពង្រីកទីផ្សារក្នុងតំបន់ជាច្រើនទៀតដែរ។
ទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនមកប្រទេសកម្ពុជា គឺក្រោយពេលដែលសហភាពអឺរ៉ុប បានប្រកាសដកការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបលើមុខទំនិញប្រមាណ ២០% ដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ក្រោមក្របខណ្ឌ «គ្រប់មុខទំនិញលើកលែងតែអាវុធ» ឬEverything But Arms (EBA) ដោយសារតែ «ការរំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា មុនការបោះឆ្នោតឆ្នាំ ២០១៨។
ទស្សនកិច្ចរបស់ប្រមុខការទូតចិនដដែលទៅកាន់ប្រទេសកម្ពុជានេះ ក៏កើតចំពេលដែលសហរដ្ឋអាមេរិកបង្ហាញការខកចិត្តលើការវាយកម្ទេចចោលអគារ ដែលមានអាយុទើបតែបាន ៧ ឆ្នាំហើយ ដែលជានិមិត្តសញ្ញានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក្រោយពេលដែលក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីពាក់កណ្តាលខែកញ្ញា បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយសារតែការរឹបអូសដីធ្លី និងការបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែង ដើម្បីអភិវឌ្ឍគម្រោងមណ្ឌលកម្សាន្ត និងកន្លែងលេងល្បែងដ៏ប្រណិត ក្នុងទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារ។
មណ្ឌលកម្សាន្តទេសចរណ៍តារាសាគរ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ឬ Union Development Group (UDG) របស់ចិន នៅក្នុងខេត្តកោះកុង រួមមានអាកាសយានដ្ឋានអន្តរជាតិ និងផែសម្រាប់កប៉ាល់ទេសចរណ៍ដែល «របាយការណ៍គួរឱ្យទុកចិត្ត»បានលើកឡើងថា អាចជាទីតាំងប្រើប្រាស់បានដោយយោធាចិន តែទាំងក្រុមហ៊ុន និងមន្ត្រីរដ្ឋាភិបាលកម្ពុជា បានបដិសេធពីការពាក់ព័ន្ធនឹងសកម្មភាពយោធាចិន។
ទោះជាចិនកំពុងវ៉ាយ៉ាងលឿន ដើម្បីច្បាមយកឥទ្ធិពលក្នុងតំបន់អាស៊ី លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ជាក់ថា តួនាទីរបស់សហរដ្ឋអាមេរិកនៅតែសំខាន់ក្នុងតំបន់។ តែតួនាទីសេដ្ឋកិច្ចទាំងបរិមាណនិងល្បឿន នៅមិនអាចប្រៀបនឹងចិនបាននៅឡើយទេ ជាពិសេសនៅពេលសហរដ្ឋអាមេរិកមានបញ្ហានយោបាយផ្ទែក្នុង និងការបែកបាក់។
តែយ៉ាងណា លោកថា គេគួររង់ចាំមើលក្រោយការបោះឆ្នោតអាមរិក និងរដ្ឋាភិបាលថ្មីនៅឆ្នាំ ២០២១។
លោក វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីកាបរទេសចិន ក៏បានដាក់គម្រោងការបំពេញទស្សនកិច្ចក្នុងបណ្តាប្រទេសអាស៊ានមួយចំនួនទៀតដែរ ដូចជា ថៃ ឡាវ ម៉ាឡេស៊ី ហើយនិងឆ្លងកាត់ប្រទេសសិង្ហបុរី ក្រៅពីការបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដល់ថ្ងៃច័ន្ទដើមសប្តាហ៍ខាងមុខ៕