ជាផ្នែកមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពបន្ថែម ប្រទេសចិននិងកម្ពុជាព្រមព្រៀងគ្នាលើការធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ហើយកិច្ចព្រមព្រៀងមួយ នឹងត្រូវចុះហត្ថលេខាក្នុងពេលដែលលោករដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅចុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែល VOA ទទួលបាននៅថ្ងៃនេះ។
លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន គ្រោងនឹងបំពេញទស្សនកិច្ចជាផ្លូវការ ចំនួនពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែតុលា ហើយគ្រោងនឹងជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង យី គ្រោងនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារចំនួនពីរទៀត ទាក់ទងនឹងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។
មិនទាន់មានព័ត៌មានលម្អិតថា តើពាណិជ្ជកម្មសេរីនោះនឹងជួយដល់កម្ពុជាលើផ្នែកអ្វីខ្លះ និងការនាំចេញអ្វីខ្លះនៅឡើយទេ។
ការពង្រឹងមិត្តភាពកម្ពុជានិងចិននេះកើតឡើង ចំពេលដែលកម្ពុជាត្រូវបានសហភាពអឺរ៉ុបដកឋានៈអនុគ្រោះពន្ធទំនិញគ្រប់មុខលើកលែងតែសព្វាវុធ ឬ Everything But Arms (EBA) ចំនួន ២០ភាគរយ ដោយសារតែបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិតេយ្យ៕