ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ពន្យារ​ពេល​ចុះ​ហត្ថលេខា​ដោយ​សារ​ជំងឺកូវីដ​១៩


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា​គម្រោង​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ កម្ពុជា-ចិន ត្រូវ​បាន​ពន្យា​រពេល ដោយ​មិន​កំណត់​ថ្ងៃ ក្រោម​ហេតុ​ផល​ជំងឺ​កូវីដ​១៩។

ពី​ដើម​ឡើយ មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​បាន​ប្រកាស​ថា ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ធ្វើ​ឡើង​ឲ្យ​បាន​ឆាប់ ពោល​គឺ​កំណត់​នៅ​ថ្ងៃ​ទី​ ១២ ខែ​សីហា នៅ​ថ្ងៃ​ដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធពី​កម្ពុជា។

រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែង​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ពន្យារ​ពេល​ចុះ​ហត្ថលេខា​នៅ​ពេល​នេះ ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​មិន​អាច​ឲ្យ​ភាគី​ណាមួយ​អាច​ធ្វើ​ដំណើរ​ជួប​គ្នា​ដោយ​ផ្ទាល់។

លោក​មាន​ប្រសាសន៍​ថា៖ «មិន​មែន​បញ្ហា​អី​ទេ ពី​ព្រោះ​បញ្ហា​កូវីដ១៩ ដែល​ជា​បញ្ហា​មួយ។ យើង​ជួប​គ្នា​យ៉ាង​ម៉េច។ ត្រូវ​ទៅ​ជួប​គ្នា​ផ្ទាល់​ ឬ​ទៅ​ជួប​គ្នា​តាម​រលក​ធាតុ​អាកាស។ បាន​ន័យ​ថា​ធ្វើ​វីដេអូ​Conference តើ​ស៊ីញ៉េ​បែប​ម៉េច»។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ នឹង​ជួយ​ជំរុញ​ឧស្សាហកម្ម​កម្ពុជា​ឲ្យ​បាន​ខ្ពស់​ថែម​ទៀត ដូច​ជា​ការ​ផលិត​គ្រឿង​អេឡិចត្រូនិកទូរស័ព្ទ​ជា​ដើម។ ហើយ​ជា​ពិសេស លោក​រដ្ឋមន្រ្តី​ថា ​កម្ពុជា​នឹង​អាច​នាំ​ផលិត​ផល​កសិកម្ម​ទៅ​ប្រទេស​ចិន​បាន ដូច​ជា​ផ្លែ​ចេក​ជាដើម។

ប្រទេស​កម្ពុជា​និង​ចិន​ធ្លាប់​បាន​អះអាង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង ស្រប​ពេល​សហភាព​អឺរ៉ុប​ទើប​នឹងដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជ​កម្ម​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ ​ឬ ​Everything But Arms (EBA)»​ ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន​ ២០ ​ភាគរយ​ លើ​ទំនិញ​កម្ពុជា​ដែល​នាំចេញ​ពី​កម្ពុជា ជា​ការ​ឆ្លើយ​តប​នឹង​ការ ​«រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ក្នុង​ប្រទេសនេះ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​ចិន​មាន​ទឹក​ប្រាក់​ប្រមាណ ​៧,៤​ពាន់ ​លាន​ដុល្លារ​អាមេរិក​ កាល​ពី​ឆ្នាំ​ ២០១៨។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា។

នៅ​ក្នុង​នោះ​កម្ពុជា​មាន​ឱនភាព​ ដោយសារ​តែ​ការ​នាំចូល​ពី​ប្រទេស​ចិន​មាន​ទំហំ​ប្រមាណ​ ៦ ពាន់​លាន​ដុល្លារ​ ទៅ​ហើយ​ដែល​ខុស​គ្នា​ប្រមាណ ​៨០ ​ភាគ​រយ។ ​ប្រទេស​ទាំង​ពីរ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ដល់​ ១០ ​ពាន់​លាន​ដុល្លារ ​ត្រឹម​ឆ្នាំ ​២០២៣៕

XS
SM
MD
LG