រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានបង្ហើបនូវព័ត៌មានថា ចំណាត់ការបង្ក្រាបគ្រឿងញៀនរបស់អាជ្ញាធរឡាវបាន«បណ្ដោយ»ឱ្យមានកំណើននៃលំហូរគ្រឿងញៀនចូលមកក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីមួយរបស់គណបក្សប្រជាជនកម្ពុជានៅខេត្តក្រចេះ កាលពីចុងសប្ដាហ៍កន្លងទៅលោក ស ខេង បានលើកឡើងថា កិច្ចសហការជាមួយប្រទេសឡាវក្នុងការបង្ក្រាបគ្រឿងញៀន«ពេលខ្លះមានបញ្ហា» ហើយថា ឡាវជាប្រភពធំបំផុតនៃគ្រឿងញៀន ដែលត្រូវគេលួចនាំចូលមកកម្ពុជា ទោះប្រទេសជិតខាងនេះ បានប្រឹងប្រែងបង្ក្រាបក៏ដោយ។
«ពេលដែលខ្ញុំជួបប្រជុំជាមួយគាត់ប្រចាំឆ្នាំ ខ្ញុំក៏បានលើកឡើងទាក់ទងនឹងចំនួនគ្រឿងញៀន ដែលយើងចាប់បានហើយ ប្រភពមកពីឡាវ ។ គាត់ក៏មានការភ្ញាក់ផ្អើល ហើយក៏បាន ហាក់ដូចសម្ដែងការមិនសូវសប្បាយ តែគាត់ក៏បានលើកឡើងថាដោយសារគាត់បានចាប់នៅស្រុកគាត់មួយចំនួនហើយ បាននៅសល់ប៉ុណ្ណឹងមកកម្ពុជា។ អ៊ីចឹងចាត់ទុកថា កម្ពុជាមានសំណាងទៅវិញ។ គាត់ថា អ៊ីចឹងទៅវិញ»។
ទោះលោក ស ខេង មិនបានបញ្ជាក់ឈ្មោះមន្ត្រីឡាវរូបណា តែជាការកត់សម្គាល់ លោកបានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវកាលពីដើមខែមីនា និងបានជួបពិភាក្សាការងារជាមួយសមភាគីរបស់លោក គឺលោក Vilay Lakhamfong រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈរបស់ឡាវ។
លោក ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលផងដែរបានបន្ថែមថា៖
«តែការណ៍ពិត គឺថាយើងដឹងពីព័ត៌មានមកគឺថា បើថាចែកចាយក្នុងស្រុក គាត់ ចាប់។ តែបើថាមកកម្ពុជាគាត់បណ្ដោយឱ្យមក។ នេះក្រៅផ្លូវការទេណា៎។ ហើយមកដល់យើងនេះ វាចែកចាយមកវៀតណាមផង ចែកចាយទៅថៃផង»។
ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រីរូបនេះ ធ្វើឡើងក្រោយពីលោកបានសម្តែងក្ដីកង្វល់កាលពីពេលថ្មីៗនេះថា គ្រឿងញៀនត្រូវបានចែកចាយប្រើប្រាស់ចូលទៅដល់សហគមន៍លឿនជាងជំងឺរាតត្បាតកូវីដ១៩ទៅទៀត។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាបដិសេធមិនអធិប្បាយបន្ថែមលើប្រសាសន៍លោក ស ខេង នោះទេ តែបានលើកឡើងថា ប្រទេសឡាវ និងកម្ពុជា មានកិច្ចសហប្រតិបត្តិការជាក់ច្បាស់លើការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។ មន្ត្រីជាន់ខ្ពស់ប្រឆាំងគ្រឿងញៀនរបស់កម្ពុជារូបនេះបានប្រាប់ VOA ថា៖
«តែចំពោះការអនុវត្តផ្ទាល់ គឺយើងច្រើនតែសង្កេតឃើញថា កម្ពុជាច្រើនតែចាប់បានហើយខាងសមត្ថកិច្ចឡាវចាប់មិនសូវបាន។ អ៊ីចឹងយើងពិនិត្យផ្ទៀងផ្ទាត់មើលថា មូលហេតុអ្វីបានគេមិនចាប់»។
បើយោងតាមលោក មាស វីរិទ្ធ លំហូរនៃគ្រឿងញៀនចេញពីឡាវមកកម្ពុជា មានប្រភពពីប្រទេសភូមាក្នុងតំបន់ត្រីកោណមាសប្រសព្វព្រំដែនជាមួយថៃនិងឡាវ និងត្រូវបានប្រតិបត្តិដោយក្រុមឧក្រិដ្ឋជន ដែលមានអង្គការចាត់តាំងចម្រុះជាតិសាសន៍ដើម្បីដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយ។
«នៅឡាវ ខាង[ឧក្រិដ្ឋជន]ឡាវនោះ គាត់ធានារ៉ាប់រងក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឡាវចូលមកកម្ពុជា។ ខាងកម្ពុជា មានក្រុមអាប្រចាំការនៅកម្ពុជាហ្នឹង ធ្វើសកម្មភាពដឹកជញ្ជូនពីតំបន់ព្រំដែនមកកាន់ទីក្រុងនិងទៅរកច្រកដើម្បីចេញ»។
លោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បង្ហាញក្តីបារម្ភជាពន្លឹកអំពីការហក់ឡើងយ៉ាងគំហុកនៃចរាចរណ៍គ្រឿងញៀនពាសពេញតំបន់មេគង្គជាពិសេស ពីឡាវចូលមកប្រទេសកម្ពុជានាឆ្នាំ២០២០នេះ។
មន្ត្រីជំនាញរបស់អ.ស.ប.រូបនេះ បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«បញ្ហាចរាចរណ៍និងការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជាមានស្ថានភាពមិនល្អនោះទេ គឺជាក់ស្ដែងពិតជាអាក្រក់មែនទែន។ ប៉ុន្តែជាជាងស្ថានការណ៍ដែលមានក្នុងពេលនេះ យើងបារម្ភថា វាអាចនឹងកាន់តែអាក្រក់» ខណៈក្រុមឧក្រិដ្ឋជនកំពុងចាប់យកទឹកដីឡាវជាមូលដ្ឋានថ្មី។
លោក Jeremy Douglas បានបន្ថែមថា ការចរាចរណ៍ចេញពីរដ្ឋសានរបស់មីយ៉ាន់ម៉ាតែម្ដង បានផ្លាស់ប្ដូរទិសដៅទៅឆ្លងកាត់តាមប្រទេសឡាវវិញ ដើម្បីគេចចេញពីការយាមកាមតឹងរ៉ឹងរបស់កងកម្លាំងសន្តិសុខព្រំដែនរបស់ថៃ ហើយគ្រឿងញៀនចេញពីឡាវ បានចូលទៅប្រទេសវៀតណាម មកប្រទេសកម្ពុជា និងភាគឦសានប្រទេសថៃ។
មន្ត្រីជំនាញរបស់អ.ស.ប.រូបនេះថា «ក្រុមឧក្រិដ្ឋជនទាំងនេះមិនរារែកនឹងសូកប៉ាន់មន្ត្រីពុករលួយដើម្បីជំនួញខ្លួននោះទេ។ ហើយខណៈដែលជំនួញគ្រឿងញៀននៅតាមបណ្ដោយអាងទន្លេមេគង្គកំពុងពង្រីកខ្លួន ទ្រព្យសម្បត្តិពួកគេក៏កើនឡើង ហើយសមត្ថភាពលទ្ធភាពរបស់ពួកគេក្នុងការសូកប៉ាន់មន្ត្រីក៏កើនឡើងទៅតាមនោះដែរ»។
លោក មាស វីរិទ្ធ បានទទួលស្គាល់ថា កន្លងមកមានករណី ដែលមន្ត្រីយោធា និងនគរបាលកម្ពុជា មានជាប់ពាក់ព័ន្ធនឹងខ្សែបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀន តែថារដ្ឋាភិបាលនឹងអនុវត្តទោស«ដោយមិនលើកលែង»លើពួកគេ បើសិនជារកឃើញថា បានប្រព្រឹត្តល្មើស«ក្បត់វិជ្ជាជីវៈ»មែននោះ។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីស្ថានទូតឡាវប្រចាំនៅទីក្រុងភ្នំពេញ និងក្រសួងការបរទេសឡាវនៅក្នុងទីក្រុងវៀងចន្ទន៍បានទេ ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
ក្នុងឆ្នាំ២០២០នេះ សមត្ថកិច្ចកម្ពុជា រឹបអូសសារធាតុញៀនគ្រប់ប្រភេទចំនួន ៦៨២គីឡូក្រាមរឹបអូសកញ្ឆាចំនួន២៨៦គីឡូក្រាម ក្នុងការបង្ក្រាបចំនួន៦៧៣៧ករណី ដែលបានឃាត់ខ្លួនមនុស្សចំនួន១៣៤៦០នាក់។ នេះបើយោងតាមតួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតត្រឹមថ្ងៃទី១៧ខែសីហា។
យុទ្ធនាការប្រឆាំងគ្រឿងញៀនដែលបានរន្ថើនឡើងតាំងពីឆ្នាំ២០១៧មកនោះ បានបង្កការកកស្ទះនៅតាមពន្ធនាគារនានាទូទាំងប្រទេស ដែលក្រុមអ្នកការពារសិទ្ធិមនុស្ស បានបរិហារអំពីភាពចង្អៀតណែន អំពើពុករលួយក្នុងការបង្ក្រាប និងការអូសបន្លាយសំណុំរឿងក្ដី។ តែក្រុមមន្ត្រីអ្នកមុខអ្នកការកម្ពុជា ក៏បានចេញមកបដិសេធការលើកឡើងនេះផងដែរ៕