ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា កុមារ​ពាក់ព័ន្ធនឹង​ការប្រើ​គ្រឿង​ញៀន


រូបឯកសារ៖ អ្នកជំនាញ​ខាងប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​ថ្នាំញៀន​ ក្នុង​អំឡុង​ពេល​ពិធី​កំណត់​សម្គាល់​ទិវា​អន្តរជាតិ​ប្រឆាំងនឹង​ការប្រើប្រាស់​និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ អ្នកជំនាញ​ខាងប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​ថ្នាំញៀន​ ក្នុង​អំឡុង​ពេល​ពិធី​កំណត់​សម្គាល់​ទិវា​អន្តរជាតិ​ប្រឆាំងនឹង​ការប្រើប្រាស់​និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨។

អង្គការ​​អន្តរជាតិ​មួយ​​​បាន​រកឃើញ​ថា ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​ចំណោម​កុមារ បាន​សាយ​ភាយ​ពី​ទី​ក្រុង​រហូត​ដល់​ជនបទ​នៃ​ប្រទេស​កម្ពុជា

អង្គការអន្តរជាតិ​មួយ​បាន​រកឃើញ​ថា​ កុមារ​បាន​ក្លាយ​ជា​គោល​ដៅ​របស់​ក្រុម​អ្នក​ជួញដូរ​គ្រឿងញៀន។ ភាគច្រើននៃកុមារ​ដែល​រក​ឃើញ​ថា​ បាន​ជាប់ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​នោះ​ មាន​អាយុក្រោម​១៨ ​ឆ្នាំ​។ អាជ្ញាធរជាតិ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជាបាន​លើក​ទឹក​ចិត្ត​ដល់​ការ​ស្រាវ​ជ្រាវ​ក្នុង​របាយការណ៍​នេះដោយ​ចាត់ទុក​ថា​ ​ទិន្ន​ន័យ​ដែល​រក​ឃើញ​នឹង​បើក​ផ្លូវឲ្យមានការ​សិក្សា​ស៊ីជម្រៅ​ ទៅលើ​ការ​ជាប់ពាក់​ព័ន្ធ​របស់​កុមារ​ក្នុង​ការប្រើប្រាស់​គ្រឿងញៀន​។

ការប្រើប្រាស់​គ្រឿងញៀន​ បានរីក​រាល​ដាលដល់ក្រុមកុមារ​ដែល​មាន​អាយុ​ដែល​មាន​អាយុចាប់​ពី​១៣​ដល់​១៨​ ឆ្នាំ​ និង​បាន​សាយ​ភាយ​ពី​ទី​ក្រុង​រហូត​ដល់​ជន​បទ។

នេះគឺជា​ខ្លឹម​សារ​របស់​របាយការណ៍​នៃ​ការស្ទង់​មតិរបស់​អង្គការ​អន្តរជាតិ​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​។

ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់ជាង១០​ទំព័រ​របស់អង្គការ Good Neighbors Cambodia ដែល​គាំទ្រ​ដោយ​ជនជាតិ​កូរ៉េ​បាន​រក​ឃើញថាកុមារ​ចំនួន​៤.៩​ភាគរយ​ក្នុង​ចំណោម​កុមារ​សរុប​ចំនួន​២៨៣​នាក់​ដែល​ត្រូវ​បាន​សម្ភាសន៍អះអាង​ថាពួកគេធ្លាប់​ត្រូវបាន​គេណែនាំ​ និង​លួងលោមឲ្យប្រើ​ប្រាស់​គ្រឿង​ញៀន។ ហើយ​អ្នកដែល​ណែនាំនិង​លួង​លោម​នោះ​ ភាគច្រើន​ជាមិត្តភក្តិ និង​អ្នកជិត​ខាង​របស់​ពួកគេ។ ដោយ​ឡែក​កុមារ ៣.៤ភាគរយ​ រាយ​ការណ៍​ថា​ ពួកគេ​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​ ហើយ​គ្រឿងញៀន​ទាំងនោះ​ជាប្រភេទ​ម៉ាទឹកក​ ដែល​ពួកគេ​ទទួលបាន​ពីមិត្តភក្តិ​ និង​អ្នកជិតខាង។

លោក​សុខ ឌូ ប្រធាន​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​ និង​រៃអង្គាស​ថវិកា​នៃ​អង្គការ​ Good Neighbors Cambodia ប្រាប់​ VOA ​នៅថ្ងៃ​ពុធនេះ​ថា​ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​ចំណោម​កុមារ​ នឹង​ធ្វើ​ឲ្យ​សង្គម​ជាតិ​ជួប​ផលវិបាក​នៅពេល​ខាង​មុខ​។

«អ្វីដែល​យើង​បារម្ភ​សំខាន់​ជាង​គេ​ នៅត្រង់​ថា​ ប្រសិនបើ​ថ្នាំ​ញៀន​ មិន​ត្រូវ​បាន​ទប់​ស្កាត់​ ឬក៏ទប់​ស្កាត់​ ឬក៏ដោះ​ស្រាយ​ឲ្យ​មាន​លក្ខណៈ​ជាបន្ទាន់​ ហើយ​ដោយ​តម្លាភាព​ និង​ប្រសិទ្ធភាព​ទេ​ ទីមួយ​វឹង​នឹង​ប៉ះពាល់​ទៅលើ​ឱកាស​នៃ​ការ​អភិវឌ្ឍន៍​ ហើយ​អភិវឌ្ឍ​ហ្នឹង​គឺនៅ​ត្រង់​ថា ចាប់​ផ្តើម​ពីកុមារ​ និង​យុវជន»។

លោក​សុខ ឌូ បន្ថែម​ថាការស្ទង់មតិ​នេះ​ នឹង​ជា​ផ្នែក​មួយ​ ដែល​អាចប្រើ​សម្រាប់​តាម​ដាន​លើ​កិច្ច​ខិត​ខំរបស់​អាជ្ញាធរ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ទប់​ស្កាត់​មិន​ឲ្យ​កុមារងាក​ទៅប្រើ​ប្រាស់​គ្រឿង​ញៀន​ ហើយបោះ​បង់​ចោលការ​សិក្សា​។

អង្គការ​ Good Neighbors Cambodia បានចាប់​ផ្តើមការ​ស្ទង់​មតិ​លើ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​ចំណោម​កុមារ​រយៈ​ពេល​បី​ខែ គិតពី​ខែ​ឧសភា​ ដល់​ខែ​កក្កដា​ឆ្នាំ​២០១៩នេះ។​ ការ​ស្ទង់​មតិ​ធ្វើ​នៅ​ក្នុងភូមិ​ចំនួន​៨១​ ១៩​ ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាត់ដំបង​ ក្រចេះ​ ​និង​ខេត្ត​មណ្ឌល​គិរី​។

​ការ​ស្ទង់​មតិ​ដដែល​បាន​ឲ្យដឹង​ទៀតថា​ ការសិក្សា​បាន​បង្ហាញថា កុមារ​ចំនួន​១៥.៩​ភាគរយ​ ធ្លាប់​ឃើញ​ការ​ជួញដូរ​ឬ​គ្រឿងញៀន​ក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ​។ ទោះ​យ៉ាងនេះ​ក្តី​ ​មាន​កុមារ​រហូត​ដល់​៤៧​ភាគ​រយ មិន​ហ៊ាន​រាយការណ៍​ប្រាប់​ឱ​ពុក​ម្តាយ​ឬ​អាជ្ញាធរ​ទេ ដោយ​សារ​បញ្ហា​សុវត្ថិភាព ដោយ​ហេតុថា​មិត្តភក្តិនិង​អ្នក​ជិត​ខាង​របស់​ពួក​គេជា​អ្នក​ចែកចាយ​ថ្នាំញៀន។

របាយការណ៍របស់​អង្គការGood Neighbors Cambodia បាន​ឲ្យ​ដឹង​បន្ថែមថា​ ​កុមារ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ មាន​សភាព​ស្គម​ស្គាំង​ ភ័យ​ខ្លាច​ រវើរវាយ​ ឆេវឆាវ​ បាត់​បង់​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ បង្ក​ហិង្សា​ក្នុង​គ្រួសារ​ និង​លើ​អ្នកដទៃ​ បែក​បាក់​គ្រួសារ​និង​បង្ក​សកម្មភាព​លួច​ប្លន់។​

អង្គការ​ Good Neighbors Cambodia ទទូច​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ឡើងវិញ​នូវ​គោល​នយោបាយ​ភូមិ​ ឃុំមាន​សុវត្ថិភាព​ និង​អនុវត្ត​ច្បាប់​ឲ្យបាន​តឹងរឹង​ប្រឆាំង​នឹង​ជន​ជួញដូរ​គ្រឿងញៀន​ ដែល​បាន​ធ្លាយ​ទៅដល់​តំបន់​ដាច់​ស្រយ៉ាល​ក្នុង​ប្រទេស។

លោក​ថោង សុគន្ធា​ អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ​ទទួ​ល​ស្គាល់​ថាគ្រឿងញៀន​ គឺ​ជា​រឿងមួយ​គួរ​ឲ្យបារម្ភ​ ព្រោះ​អាច​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​លើ​សន្តិសុខ​សង្គម​ និង​ការ​អភិវឌ្ឍប្រទេស​។ ហើយលោកបាន​គាំទ្រ​ដល់​ការ​ស្ទងមតិ​ខាង​លើ​របស់​អង្គការ​ Good Neighbors Cambodia ​ដោយ​ចាត់​ទុកថា​ ការ​រកឃើញ​បឋម​មួយនេះ​ នឹង​រួមចំណែក​ដល់​សកម្មភាព​ស្រាវជ្រាវប្រឆាំង​គ្រឿង​ញៀន​មួយ​ផ្នែក​ទៀត​។

«ម៉ោង​នេះ​ គឺថា​ ខ្ញុំគាំទ្រ​ ហើយ​ខ្ញុំ​ក៏ចង់បាន​ឲ្យ​ការងារ​ហ្នឹង​ គឺ​មាន​លក្ខណៈ​ធំដំ​ជាង​ហ្នឹង​តទៅ​ទៀត​ដែរ​»។

ទោះជា​យ៉ាង​ណា លោក​ថោង សុគន្ធា អះអាង​ថាអាជ្ញាធរ​គ្រឿង​ញៀន​នឹង​បន្តបង្រ្កាប​គ្រឿងញៀន​ដោយ​មិន​បន្ធូរដៃ​ឡើយ។

របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យដឹង​ថា​ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ ក្នុងរយៈពេល​៦ខែ​ ដើម​ឆ្នាំ​២០១៩នេះ​ អាជ្ញាធរ​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ចំនួន​៣៦៧៦​ករណី​ ឃាត់​ខ្លួន​មនុស្ស​បាន​ជាង​៧៦០០នាក់​ ក្នុង​នោះ​ស្រី​៥៤៥នាក់ និង​ចាប់​បាន​គ្រឿង​ញៀន​សរុបជាង​ ៤០គីឡូក្រាម​៕

XS
SM
MD
LG