ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​មិន​ទាន់​មាន​ចំណាត់ការ​លើ​ម្ចាស់​មណ្ឌល​កម្សាន្ត​រ៉ក់​ ​ក្រោយ​ការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​ធំ


គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

មន្រ្តី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ​ករណី​នេះ​បង្ហាញ​ពី​ការ​គួរ​ឲ្យ​​ព្រួយ​បារម្ភ​លើ​បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា​ ហើយ​ថា​ សមត្ថកិច្ច​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​អ្នក​ពាក់ព័ន្ធ​ធំៗ។

សមត្ថកិច្ច​កំណត់​ជន​សង្ស័យ​ជា​អ្នក​ជួញ​ដូរ​និង​ចែកចាយ​គ្រឿងញៀន​ចំនួន​២៩​នាក់ ​អ្នក​ប្រើប្រាស់ចំនួន​២៣១​នាក់​ និង​អ្នក​ទៅ​កម្សាន្ត​ធម្មតាចំនួន​៧១​នាក់ ​ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​ធំ​ ចំនួន​ជិត​៥០​គីឡូ​ក្រាម​ ​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់​ (Rock) កាល​ពី​ថ្ងៃសៅរ៍។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ។

​យ៉ាង​ណា​ក្តី រហូត​មក​ដល់​ថ្ងៃ​ចន្ទ​នេះ​ អាជ្ញាធរ​កម្ពុជា​ ​មិន​ទាន់​បង្ហាញ​ពី​ចំណាត់ការ​ផ្លូវ​ច្បាប់​ណាមួយ ​លើ​ម្ចាស់​មណ្ឌល​កម្សាន្ត​រ៉ក់​ ដែល​គេ​ស្គាល់​ថាជា​បង​ប្រុស​បង្កើត​របស់​លោក​ ​គិត ម៉េង​ នៅ​ឡើយ។

​កាល​ពី​ថ្ងៃ​ទី​២៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩​ ​វេលា​ម៉ោង​១​និង​៤៥នាទី​ទៀប​ភ្លឺ​ ​សមត្ថកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ ​ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ ៣១១​នាក់​ ​ដែល​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​១៤នាក់​ ​ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង​ ​៣៩​គីឡូក្រាម​ ​និង​សារធាតុ​ញៀន​ជា​ទឹក​៩​ គីឡូក្រាម ​២ខាំ ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១២ ​និង​កាំភ្លើង​ខ្លី​១ដើម។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ដែល​ចេញ​កាលពី​ថ្ងៃ​ទី​២៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«ចំពោះ​មុខ​ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ ​សម្រេច​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ​ហើយ​ផ្តល់​លទ្ធ​ភាព​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​និង​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ​ ​ឈាន​ទៅ​កំណត់​ប្រភព​នៃ​ការ​នាំចូល​គ្រឿងញៀន ​និង​ក្រុម​ជន​ល្មើស​ នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់»។

លោក​ ​ឆាយ គឹមខឿន​ ​អ្នកនាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ចំនួន​៣១១​នាក់​ពី​ក្លឹប​កម្សាន្ត​រ៉ក់​ ​យក​ទៅ​អគ្គ​ស្នង​ការ​នគរបាល​រាជ​ធានី​នោះ​ ​សមត្ថកិច្ច​បាន​អញ្ជើញ​អាណា​ព្យាបាល​របស់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​និង​អាណា​ព្យាបាល​របស់​អ្នក​ទៅ​កម្សាន្ត​ធម្មតា​ ​ដើម្បី​ធ្វើ​កិច្ច​សន្យា​ ​និង​ទទួល​យក​ត្រឡប់​ទៅ​អប់រំ​វិញ។ លោក​បន្ត​ថា​ ​សម្រាប់​ជន​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ជា​អ្នក​ជួញដូរ​ ​និង​ចែក​ចាយ​ចំនួន​២៩​នាក់ សមត្ថកិច្ច​នឹង​បន្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ។

លោក​មាន​ប្រសាសន៍​ថា៖​

«អ្នក​អត់​ជាប់​សង្ស័យ​យើង​ឲ្យ​ឪពុក​ម្តាយ​ ​ឬ​ក្រុម​គ្រួសារ​ ​អាណាព្យាបាល​មក​ធ្វើ​កិច្ច​សន្យា​យក​គាត់​ទៅ​ផ្ទះ​វិញ​ហើយ​អប់​រំ​ណែនាំ​គាត់។​ ​ហើយ​ដោយ​ឡែកអ្នក​ជាប់​សារធាតុ​ញៀន​ក៏​អញ្ជើញ​អាណា​ព្យាបាល​មក​ដែរ ​តែ​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​អប់រំ​ ហើយ​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យា​យក​ទៅ​បន្សាប​ព្យាបាល»។

មណ្ឌល​កម្សាន្ត​រ៉ក់​ ដែលមាន​ទីតាំង​ជាប់​សាកលវិទ្យាល័យ​ច្បាប់ចម្បងនៅ​កម្ពុជា​ ត្រូវ​បង្កើត​ឡើង​ដោយ​លោក​ គិត ធាង​ ជា​ម្ចាស់​ក្លឹប និង​ត្រូវជា​បងប្រុស​បង្កើត​របស់​អ្នក​ឧកញ៉ា​ គិត ម៉េង។

លោក​ឆាយ គឹមខឿន​មិន​បាន​បញ្ជាក់​ថា តើ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​បែប​ណា​លើ​លោក​គិត ធាង​ដែល​ជា​ម្ចាស់​មណ្ឌល​កម្សាន្ត​រ៉ក់​នោះ​ទេ​ដោយ​លោក​គ្រាន់​តែ​ប្រាប់​ថា​សមត្ថកិច្ច​កំពុង​បន្ត​ការ​ស៊ើប​អង្កេត។

លោក​បញ្ជាក់​ថា៖​

«មិន​ទាន់​បកស្រាយ​ជូន​ដោយ​សារ​រឿង​កំពុង​ដំណើរការ​ក្តី មិន​ទាន់​ចេញ​អី​ ​យើង​ធ្វើ​ផ្ដេសផ្ដាស​អាច​ប៉ះពាល់​កិត្តិយស​គេ ឬ​អាច​ខូច​ការងារ​យើង។​ យើង​កំពុង​តែស៊ើប​អង្កេត»។

​លោក​ អំ សំអាត​ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លើក​ឡើង​ថា ករណី​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​មណ្ឌល​កម្សាន្ត​ធំ​មួយ​នៃ​រាជធានី​ភ្នំពេញ​នេះ ជា​ការ​បង្ហាញ​ថា​ បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ​ខ្លាំង។ លោក​បន្ត​ថា សមត្ថកិច្ច​ត្រូវ​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ធំៗដោយ​ប្រើប្រាស់​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ដោយ​មិន​មាន​ការ​យោគ​យល់។

លោក​បញ្ជាក់​ថា៖​

«បើ​យើង​មើល​ការ​បង្ក្រាប​នៅ​ពេល​នេះ​វា​ខុស​ពី​មុនៗ យើង​ឃើញ​ថា ​នេះ​វា​ជា​ករណី​ទ្រង់​ទ្រាយមួយ​ធំ​ដែល​យើង​មិន​ដែល​ឃើញ​ពីមុន​មក។ អញ្ចឹង​យើង​ចង់​ឲ្យ​ថា​ ការ​បង្ក្រាប​នេះ​ធ្វើ​ម៉េច​ឲ្យ​វា​មាន​ប្រសិទ្ធភាព អញ្ចឹង​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ទាល់​តែ​យើង​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង​ទាំង​អស់​ ​ដើម្បី​អនុវត្ត​តាម​ផ្លូវ​ច្បាប់។ ទី២​ត្រូវ​តែ​ឈាន​ទៅ​អនុវត្ត​របៀប​នេះ​ជា​បន្ត​ទៀត​នៅ​កន្លែង​ផ្សេងៗ ដែល​ជា​កន្លែង​ដែល​មាន​ការ​សង្ស័យ​ជាបន្ត​បន្ទាប់»។

បើ​តាម​មាត្រា​៣៥.២​ថ្មី​នៃ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យគ្រឿង​ញៀន​ចែង​ថា ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ ចំពោះ​ជន​ណា​ដែល​សម្រួល​ដោយ​ចេតនា​ឲ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​គ្រឿងញៀន​ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទោះ​យក​ថ្លៃ​ក្តី​ ​មិន​យក​ថ្លៃ​ក្តី។​ ជន​នោះ​គឺជា​ម្ចាស់​ទីតាំង​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន ​ដែល​រួមមាន​ម្ចាស់​ផ្ទះ​ ​ម្ចាស់​សណ្ឋាគារ ម្ចាស់​ក្លឹប​កម្សាន្ត​ជាដើម។

មាត្រា​៣៨.១ ថ្មី​ ​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យគ្រឿង​ញៀន​ដដែលចែង​ថា​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២០ឆ្នាំ ​ដល់​៣០​ឆ្នាំ​ ​ឬ​អស់​មួយ​ជីវិត​ ​និង​ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​សែ​សិប​លាន​រៀល​ ​ដល់​មួយ​រយ​លាន​រៀល​ ​បើ​សារធាតុ​ញៀន​សម្រាប់​ផ្សំ​គ្រឿង​ញៀន​មាន​បរិមាណ​សុទ្ធ​ចាប់​ពី​១០​គីឡូក្រាម​ឡើង​ទៅ​ ​ក្នុង​ករណី​ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើន​ដង​ ​មាន​លក្ខណៈ​ជា​មុខ​របរ។

មាត្រា​នេះ​សំដៅ​លើជន​ណា​ផលិត នាំ​ចូល​ ​នាំ​ចេញ ដឹក​ជញ្ជូន​ ផ្តល់​ឲ្យ​លក់ ជួញ​ដូរ ចែក​ចាយ ប្រគល់​ឲ្យ ទោះបី​ក្នុង​ឋានៈ​ណា​ក៏​ដោយ ផ្ញើ​ទៅ​ឲ្យ បញ្ជូន​ទិញ ឬ​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ក្នុង​គោលដៅ​យក​ទៅ​ផលិត ឬ​ធ្វើ​ដោយ​ខុស​ច្បាប់ នូវ​គ្រឿង​ញៀន​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ ​ឬ​គ្រឿង​ញៀន​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ឬ​មួយ​បាន​ដឹង​ថា ​សារធាតុ​ញៀន​ទាំង​នោះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​គោលដៅ​ខាងលើ។

បើ​តាម​របាយការណ៍របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បញ្ជាក់​ថា​ ក្នុង​មួយ​ឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៨​ ​រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​៨​ពាន់​ករណី(៨.០១៨​ករណី)​ រឹប​អូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង​៥៣៣​គីឡូក្រាម​ និង​៣៧០​កញ្ចប់​កញ្ឆា​ក្រៀម​ជាង​៧៤​គីឡូ​ក្រាម​ ​និង​១៦.៤៩២៥​ដើម។​ ឃាត់​ខ្លួន​មនុស្ស​១៦.២៣២​នាក់​(ស្រី​១.៣៤៣​នាក់)​ក្នុង​នោះ​មាន​ជន​បរទេស​៣១០​នាក់​ ត្រូវ​នឹង​២៤​សញ្ជាតិ៕

XS
SM
MD
LG