Hello VOA៖ អាស៊ានអាចជួបកលយុគសេដ្ឋកិច្ចនិងនយោបាយក្រោយវិបត្តិ COVID19
វិបត្តិសុខភាពសាធារណៈជាសកល បណ្ដាលឡើងដោយការឆ្លងរាលដាលនៃជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណាឆ្នាំ២០១៩ បាននឹងកំពុងបន្ទុចពិភពលោកឱ្យឈប់ស្ងៀមនឹង។ ទីសាធារណៈប្រែជាស្ងាត់ជ្រងំ សកម្មភាពសេដ្ឋកិច្ចនៅសល់ដង្ហើមផ្តឹកៗ ជាប្រការមួយដ៏កម្រក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្នុងតំបន់អាស៊ានវិញ បណ្ដាប្រទេសជាច្រើនបានលើករនាំងបន្តឹងការចេញចូលតាមព្រំដែន ខ្លះដាក់ប្រទេសក្នុងភាពអាសន្ន ឬឯប្រទេសខ្លះទៀតបានទាញទ្វារបិទតែម្ដង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។ ការប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើនៅវៀតណាមនាដើមខែមេសានេះ ក៏ត្រូវបានលុបចោលផងដែរ។ ក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន លោក ស៊ុន គីម គ្រូឧទ្ទេសជំនាញកិច្ចការអន្តរជាតិ មកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា អញ្ជើញចូលរួមជាវាគ្មិន ជជែកពិភាក្សាអំពីប្រធានបទ «តើវិបត្តិ COVID19 អាចបង្កការប្រេះស្រាំដល់សហគមន៍អាស៊ានដែរឬទេ?»។ លោក ស៊ុន គីម បានព្រមានថា វិបត្តិដែលបង្កឡើងដោយវិបត្តិ COVID19 នេះ នាំឱ្យមានកលយុគផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងតំបន់អាស៊ីអគ្នេយ៍៕