ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​ដី​ធ្លី​៦​ខេត្ត​តវ៉ា​រួមគ្នា​មុន​ដំណាច់​ឆ្នាំ​២០១៩


រូប​ឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)
រូប​ឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

តំណាង​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​៦ បាន​ប្រើ​ប្រាស់​ឱកាស​ឆ្លង​ឆ្នាំ​ចូល​ឆ្នាំ​ថ្មី​២០២០​ ដាក់​ញត្តិ​តាម​ស្ថាប័ន​រដ្ឋ​ពាក់​ព័ន្ធ​នានា​ ដើម្បី​ស្វះស្វែង​រក​ដំណោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​ដែល​អូស​បន្លាយ​ពេល​មក​ជា​ច្រើន​ឆ្នាំ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​តំណាង​ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​បម្រើ​ប្រយោជន៍​កសិករ។

នៅ​ក្នុងខេត្ត​ទាំង​៦នោះ​ មាន​ប្រជាពលរដ្ឋ​រស់​នៅក្នុង​សហគមន៍​ចំនួន​២៧​ កំពុង​មាន​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន​ឯកជន​ ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ផង​ដែរ។ ខេត្ត​ទាំង​៦​នោះ​ រួម​មាន​ខេត្ត​ព្រះសីហនុ​ កំពង់ស្ពឺ ព្រៃវែង​ ត្បូង​ឃ្មុំ​ ស្វាយ​រៀង​ និង​ខេត្ត​កណ្តាល។

ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​អង្គារ​នេះ ពួកគេ​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ។

ដោយ​ឡែក​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ បាន​យក​ញត្តិ​ទៅ​ដាក់​នៅស្ថាន​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ដើម្បី​ប្តឹង​ជំទាស់​នឹង​ការ​អះអាង​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ថា​ ទំនាស់​ដីធ្លី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​លោក​លី យ៉ុងផាត់ នៅ​ស្រុក​ចំនួន​២​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ត្រូវ​បាន​ដោះ​ស្រាយស្ទើរ​តែ​ទាំងអស់​ទៅ​ហើយ​នោះ​។

ក្នុង​ញត្តិរបស់​ប្រជាពលរដ្ឋ​មកពី​១៤ភូមិ​ នៅ​ឃុំ​ត្រពាំង​ជោ​ និង​៣ភូមិ​ផ្សេង​ទៀត​ នៅ​ឃុំ​រស្មី​សាមគ្គី​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ ដែល​បាន​ដាក់​ទៅ​ស្ថានទូត​សហភាព​អឺរ៉ុប​នោះ​ ក្រុម​ប្រជា​ពលរដ្ឋ​បាន​ស្នើ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ «ជួយ​ធ្វើ​អន្តរាគមន៍​ជំរុញ​រដ្ឋាភិបាល​ពន្លឿន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ដាំ​អំពៅ​ (ភ្នំពេញ​ស៊ូហ្គើរ​ កំពង់ស្ពឺ​ស៊ូ​ហ្គើរ​ និង​ស៊ូហ្គើរ​ផ្លែន​ថេសិន) របស់​ឧកញ៉ា​លី យ៉ុងផាត់»។

រូប​ឯកសារ៖ ចម្ការអំពៅនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលគ្រប់គ្រងដោយឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។ (ស៊ុន ណារិន/VOA)
រូប​ឯកសារ៖ ចម្ការអំពៅនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលគ្រប់គ្រងដោយឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។ (ស៊ុន ណារិន/VOA)

ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​សំណូមពរ​ជាច្រើន​ដល់​សហភាព​អឺរ៉ុប​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ឈាន​ដល់​ការ​បញ្ចប់​ទំនាស់​ដីធ្លី​រយៈពេល​ជាង​១០​ឆ្នាំ​មួយ​នេះ។ ពួកគេ​បាន​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ ជំរុញ​«រដ្ឋាភិបាល​ផ្តល់​សំណង​ជាដី​ និង​សំណង​ជាប្រាក់​ឲ្យមាន​តម្លាភាព​ និង​យុត្តិធម៌»។

លោក សឹង សុខុម​ វ័យ​ ៥២ឆ្នាំ តំណាង​សហគមន៍​ខេត្ត​កំពង់​ស្ពឺ​ប្រាប់​VOA ​ថា​ លោក​និង​ប្រជា​ពលរដ្ឋ​បាន​ឡើង​មក​តវ៉ា​ នៅ​ក្រសួង​រៀបចំ​ដែន​ដី​ និង​ស្ថានទូត​សហភាព​អឺរ៉ុប​ជាច្រើន​សារ​មក​ហើយ​ តែ​នៅ​មិនទាន់​មាន​ដំណោះ​ស្រាយ​ជាក់​លាក់​នៅ​ឡើយ​។ លោក​ថា​ ការ​ឡើង​មក​លើក​នេះ​ គឺ​ចង់​បញ្ជាក់​សហភាព​អឺរ៉ុប​ថា​ រដ្ឋាភិបាល​មិន​ទាន់​ដោះស្រាយ​បញ្ចប់​រាល់​ទំនាស់​ដី​ធ្លី​របស់​ពួកគេ​ជាមួយ​ក្រុម​ហ៊ុន​លោក ​លី យ៉ុង​ផាត់​នោះ​ទេ។

«លើក​នេះ​ យើង​សង្ឃឹម​ថា​ EU​នឹង​ទទួល​ព័ត៌មាន​ច្បាស់​ពី​ពួក​យើង​ ហើយ​និង​ពី​រដ្ឋាភិបាល​ ដែល​ថា​ដោះស្រាយ​ហើយ​ ហើយ​យើង​មក​ជម្រាប​ប្រាប់​គាត់​ ថា​យើង​មិន​មាន​បាន​ដោះ​ស្រាយ​ទេ។ អីចឹង​ដើម្បី​ឲ្យ​ EU​គាត់​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​ជាមួយ​រដ្ឋាភិបាល​វិញ​ថា​ តើ​អ្នក​ឯង​ដោះស្រាយ​ឯណា​ បើប្រជាពលរដ្ឋ​មិន​ទាន់​បាន​ដោះស្រាយ​ផង​ យើង​យក​ញត្តិ​មក​ ប្រាប់​គាត់​ ឲ្យ​គាត់​ដឹង​អីចឹង​»។​

តំណាង​ពលរដ្ឋ​រូបនេះ​អះអាង​ថា​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​១.២៥៧​គ្រួសារ​ មក​ពីឃុំ​ចំនួន​ពីរ​ក្នុង​ស្រុក​ឱរ៉ាល់​ និងឃុំ​មួយ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​គឺ​ឃុំ​អមលាំង ស្រុកថ្ពង ​នៅ​មិន​ទាន់​បាន​ទទួល​សំណង​សមស្រប​នៅ​ឡើយ។

លោក សឹង សុខុម ថា​វិបត្តិ​ដីធ្លី​នេះ​ បាន​កំពុង​ធ្វើ​ឲ្យប្រជាពលរដ្ឋ​ចំណាក​ស្រុក​ និង​ខ្លះ​ទៀត​កំពុង​ធ្លាក់​ខ្លួនក្រ​ដោយ​សារ​បំណុល​ធនាគារ។

«អ្នកខ្លះ​ចំណាក​ស្រុក​អស់​ហើយ​ ព្រោះ​តែ​អត់​ដី​ ហើយ​អ្នក​ដែល​នៅ​ហ្នឹង​គឺ​ជីវភាព​កំពុង​តែ​ ចាប់​ផ្តើម​ដុនដាប​ទៅ​ ដុនដាប​ទៅ​ហើយ ហើយ​ជំពាក់​បំណុល​ធនាគារ​៩៩ភាគ​រយ​ហើយ​លោក។ សុំ​ឲ្យ​សម្តេច​ជួយ​កូនចៅ​ផង»។

នៅ​ក្នុង​ញតិ្ត​ដាច់​ដោយឡែក​មួយ​ទៀត​របស់​ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ដែល​បាន​ដាក់​ទៅ​កាន់​លោក ​ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែន​ដី ក្រុម​ប្រជាពលរដ្ឋ​បាន​ចោទ​ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង​បីរបស់​លោក លី យ៉ុងផាត់ ថា​ «បាន​ធ្វើ​ឲ្យ​បាត់​បង់​ដីធ្លី​ផ្ទះ​សម្បែងស្រែ​ចម្ការ​តាំង​ពី​ឆ្នាំ​២០១០​ ដោយ​មិន​ទទួល​បាន​ដំណោះស្រាយណាមួយ​ដែល​សមរម្យឡើយ»។

VOAមិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ។ VOAក៏​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក សេង ឡូត​ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ បាន​ដែរ​។

រូប​ឯកសារ៖ លោក សឹង សុខុម​ វ័យ​ តំណាង​សហគមន៍​ខេត្ត​កំពង់​ស្ពឺ​ កាល​ពី​ឆ្នាំ ២០១៦។
រូប​ឯកសារ៖ លោក សឹង សុខុម​ វ័យ​ តំណាង​សហគមន៍​ខេត្ត​កំពង់​ស្ពឺ​ កាល​ពី​ឆ្នាំ ២០១៦។

លោក លី យ៉ុងផាត់ បាន​សុំ​មិន​ផ្តល់​ការ​អធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​នានា។ សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​រូបនេះ​ ​បាន​បង្វែរ​សំណួរ​ទៅ​គណៈកម្មការ​ដោះ​ស្រាយ​ដីធ្លី​មួយ​ ដែល​មាន​សមាសភាព​ពី​ក្រសួង​ដែនដី ក្នុង​ការ​ដោះស្រាយ​ទំនាស់​រវាង​ក្រុមហ៊ុន​លោក​ និង​ពលរដ្ឋ។

«ខ្ញុំមិន​ដឹង​ខ្លួន​ខ្ញុំ​ខុស ឬត្រូវ​ ខ្ញុំ​អត់​ដឹង​ខ្លួន...អីចឹង​ ខ្ញុំមិន​ដឹង​ត្រូវ​ប្រាប់​ថា​ យ៉ាងម៉េច​? ប៉ុន្តែ​សំខាន់​ទៅ​សួរ​គណៈកម្មការ​ចុះ»។

ជម្លោះដីធ្លី​នៅ​កម្ពុជា​ បាន​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​សហគមន៍​អឺរ៉ុប​ នៅ​ក្រោម​ក្របខណ្ឌ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើក​លែង​តែ​សព្វាវុធ» ឬហៅកាត់​ថា​ EBA។ សហគមន៍​នេះ​បាន​គំរាម​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​ ពី​ប្រទេស​កម្ពុជា ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ និង​សិទ្ធិ​មូលដ្ឋាន​ផ្សេង​ទៀត​របស់​ប្រជាពលរដ្ឋ​។

សហភាព​អឺរ៉ុប​បាន​ទទួល​ស្គាល់​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ប៉ុន្តែ​បាន​លើក​ឡើង​ពី​ចន្លោះ​ប្រហោង​មួយ​ចំនួន​ដែល​កម្ពុជា​ត្រូវ​បន្ត​ធ្វើដើម្បី​ឱ្យ​ប្រសើរ​ឡើង​ជាពិសេស​សិទ្ធិ​ទទួល​បាន​ដីធ្លី​របស់​ជនជាតិ​ភាគតិច។

ទំនាស់​ដីធ្លី​ធំៗ​ដែល​កើតមាន​នៅ​ប្រទេស​កម្ពុជា​គឺភាគ​ច្រើន​បង្ក​ឡើង​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ដូច​ជា​ការ​ប្រគល់​ដី​ឱ្យ​ក្រុមហ៊ុន​ដាំអំពៅ​ផលិត​ស្ករស​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​១៥.០០០នាក់​នៅខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ ដីធ្លី​ពលរដ្ឋ​ត្រូវ​បាន​រឹបអូស​យក​ដោយ​ផ្តល់​សំណង​តិចតួច​ឬអ្នកខ្លះ​មិន​ទទួល​បាន​សំណង​ទាល់​តែ​សោះ។ នេះ​បើ​តាម​របាយការណ៍​របស់​សហភាព​អឺរ៉ុប។

ខេត្ត​ដែល​រងផល​ប៉ះពាល់​ហើយ​ដែលនាំ​ឱ្យ​បារម្ភ​និង​ប៉ះពាល់​ដល់​ឋានៈ​អនុគ្រោះពន្ធ​មាន​ខេត្ត​កោះកុង​ កំពង់ស្ពឺ​ ព្រះវិហារ ​និង​ឧត្តរមានជ័យ។

លោក ​ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជាហៅ​កាត់​ថា​ CCFC​ ប្រាប់​ VOA ថា​ រដ្ឋាភិបាល​មិន​គួរ​ទុក​ឲ្យទំនាស់​ដីធ្លី​ទាំង​នេះ​ បន្ត​អូស​បន្លាយ​ពេល​ទៀត​ទេ ប្រសិន​បើ​កម្ពុជា​មិន​ចង់​ប្រឈម​នឹង​ការ​បាត់​បង់​ឋានៈ​អនុ​គ្រោះពន្ធ។

ដោយ​ឡែក​លោក​ យូ វាសនា​ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​១១​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុបាន​ឲ្យដឹង​ថា គ្មាន​ដំណោះស្រាយ​ទេ​រហូតមក​ដល់​ពេល​នេះ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​ទំនាស់​ដីធ្លី​មាន​អាយុ​កាល​ជាង​១០​ឆ្នាំ​ក្នុង​ខេត្ត​នៃ​ដែន​សមុទ្រ​មួយ​នេះ។

តំណាង​ពលរដ្ឋ​រូបនេះ​និយាយថា​ ទោះបី​ជា​លោក ជា សុផារ៉ា ដាក់​ផែនការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​ក៏ដោយ ក៏​ទំនាស់​ដីធ្លី​ភាគ​ច្រើន​នៅ​បន្ត​ដោះស្រាយមិន​ចេញ​នៅ​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​បែរ​ជា​ចោទ​ពលរដ្ឋ​ថា​ ជា​«ក្រុម​ប្រឆាំង​ ជន​អន្តោប្រវេសន៍​ ជន​មក​ចាប់​ដី​របស់​ឯកជន​ឬ​របស់រដ្ឋ ឬ​ក៏​ក្រុម​អនាធិបតេយ្យ​»ទៅ​វិញ ប្រសិនបើ​ពួកគេ​ក្រោក​តវ៉ា​ទាមទារ​រក​ដំណោះ​ស្រាយ​នោះ៕

XS
SM
MD
LG