Hello VOA៖ អ្នកវិភាគថាអវត្តមានមន្ត្រីកំពូលអាមេរិកនៅអាស៊ាននឹងកម្រិតសក្តានុពលទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា
កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំដែលទើបបានបញ្ចប់ទៅនៅទីក្រុងបាងកកនៅថ្ងៃចន្ទនេះ ត្រូវបានគេកត់សម្គាល់ជាពិសេសចំពោះអវត្តមានជាលើកដំបូងនៃថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានផង។ លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថ្លែងថា អវត្តមាននេះប៉ះពាល់ដល់ឥទ្ធិពលនិងតួនាទីអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍។ លោថា ទោះបីសហរដ្ឋអាមេរិកពេលថ្មីៗហាក់ជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា តាមរយៈការតែងតាំងមន្ត្រីការទូតដ៏មានបទពិសោធន៍ជាឯកអគ្គរដ្ឋទូតថ្មីក្តី ក៏កង្វះឆន្ទៈនយោបាយនៅវេទិកាពហុភាគីដូចអាស៊ាន នឹងធ្វើឲ្យខាតបង់ដល់សក្តានុពលទំនាក់ទំនងទ្វេភាគីអាមេរិកកម្ពុជា ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ លោកថាសហរដ្ឋអាមេរិកគួរបង្កើនតួនាទីពហុភាគីរបស់ខ្លួនឡើងវិញ ព្រមទាំងបញ្ចូលវិស័យសេដ្ឋកិច្ចទៅក្នុងគោលនយោបាយ Indo-Pacific ថ្មីរបស់ខ្លួន។ (សឹង សុផាត, Hello VOA វេទិកាអាស៊ាន, ភ្នំពេញ, ០៤ វិច្ឆិកា ២០១៩)