Hello VOA៖ សកម្មជនថាសេរីភាពសម្ដែងមតិនៅកម្ពុជាបច្ចុប្បន្នដល់កម្រិតប្រកាសអាសន្ន
សកម្មជនការពារសិទ្ធិដីធ្លីក្នុងប្រទេសកម្ពុជា និយាយថាសិទ្ធិពលរដ្ឋនិងសេរីភាពបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលប្រកាសអាសន្នហើយ។ អ្នកស្រី ឡុង គឹមហ៊ាង អតីតបុគ្គលិកនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ហើយដែលសព្វថ្ងៃកំពុងធ្វើការតវ៉ា ដើម្បីទាមទារឱ្យមានការដោះលែងប្ដីរបស់អ្នកស្រីគឺលោក រ៉ាត់ រត្នមុនី ពីការឃុំខ្លួន បានមានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី១១ខែកុម្ភៈ ឆ្នាំ២០១៩ថា៖ «គ្រប់គ្នាអាចនិយាយរឿងអ្វីក៏បានដែរ រឿងឆ្កែឆ្មារ រឿងស្វារាំអីជាដើម គឺអ្នកទាំងអស់គ្នាអាចនិយាយបាន ប៉ុន្តែអ្នកទាំងអស់គ្នា មិនអាចនិយាយអំពីរឿងនយោបាយ បញ្ហាសេដ្ឋកិច្ចឬបញ្ហាសង្គមបានទេ។ បច្ចុប្បន្ននេះ បើអ្នកទាំងអស់គ្នានិយាយអំពីរឿងនេះ គឺដូចជាករណីប្ដីខ្ញុំអញ្ចឹង គ្រាន់តែជាអ្នកបកប្រែភាពយន្តឯកសារឱ្យកាសែត RT ដែលលើកពីបញ្ហាសង្គម ឥឡូវនេះ គាត់ត្រូវបានគេចាប់ដាក់គុក»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ កុម្ភៈ ២០១៩)