Hello VOA៖ អ្នកសារព័ត៌មានថាបើគ្មានសារព័ត៌មានឯករាជ្យ សង្គមមិនអាចរីកចម្រើនបានទេ
វាគ្មិនដែលជាអ្នកសារព័ត៌មានក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរចាត់ទុកអ្នកសារព័ត៌មានឯករាជ្យថាជាសត្រូវនោះទេ ព្រោះថាសារព័ត៌មានឯករាជ្យនេះ គឺជាធាតុផ្សំចាំបាច់ មិនអាចខ្វះបាន ដើម្បីធ្វើឱ្យសង្គមកម្ពុជា អាចរីកចម្រើនទៅមុខបាន។ លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានមានប្រសាសន៍ថា៖ «បើសិនជាកង្វះសារព័ត៌មានឯករាជ្យ វាមានន័យស្មើនឹងមានតែមន្ត្រីអែបអបដែលផ្ដល់ព័ត៌មានជូនទៅដល់ប្រមុខដឹកនាំរដ្ឋាភិបាល។ ដូច្នេះ សង្គមយើង គឺអត់អាចមានការរីកចម្រើន អត់មានតម្លាភាព ហើយសំឡេងរបស់ប្រជាពលរដ្ឋរងគ្រោះហ្នឹង នឹងមិនត្រូវបានឭនិងមិនត្រូវបានទទួលការដោះស្រាយទេ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១០ ធ្នូ ២០១៨)