Hello VOA៖ អ្នកជំនាញបញ្ជាក់ពីភាពបន្ទាន់ក្នុងការគ្រប់គ្រងជនជាតិចិន
អ្វីដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងសកម្មភាពរបស់ជនជាតិចិនរស់នៅក្រុងកំពង់សោម និងខេត្តកោះកុង គឺទាមទារឱ្យមានការគ្រប់គ្រងតាមច្បាប់ជាបន្ទាន់បើមិនអីចឹងទេ អាជ្ញាធរនឹងគ្រប់គ្រងលែងរួចហើយ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទថា ការគ្រប់គ្រងជនជាតិចិននៅខេត្តកំពង់សោមកំពុងតែឈានចូលក្នុងដំណាក់កាលពិបាកហើយ ដូច្នេះអាជ្ញាធរកុំមើលស្រាលសភាពការណ៍។ លោកបន្ថែមថា កម្ពុជាមានជម្រើសរវាងការយកលុយជាធំ និងសុខសុវត្ថិភាពសង្គមក៏ដូចជាអារម្មណ៍របស់ពលរដ្ឋចំពោះអ្នកចំណូលស្រុកនេះ បន្ទាប់ពីពួកចិនទាំងនោះ បានបង្កបញ្ហាជាច្រើនដូចជាការវាយតប់គ្នា បើកបរគ្មានសណ្តាប់ធ្នាប់ និងលួចលើកផ្ទាំងយីហោ ផ្ទាំងពាណិជ្ជកម្មដោយសរសេរអក្សរខ្មែរមិនត្រឹមត្រូវជាដើម៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៦ វិច្ឆិកា ២០១៨)