Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៖ វិធីសាស្ត្រទប់ទល់នឹងព័ត៌មានក្លែងក្លាយ (ភាគ១)
លោក គុណ ចិន្តា អ្នកគ្រប់គ្រងផ្នែកអនឡាញ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬ Cambodian Center for Independent Media បានចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី «វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា» កាលពីថ្ងៃច័ន្ទទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ហើយបានថ្លែងថា៖ «ទាំងអ្នកនយោបាយក៏ដោយ ទាំងអ្នករកស៊ីក៏ដោយ ទាំងសកម្មជនក៏ដោយ ជួនកាលគាត់បង្កើតព័ត៌មានក្លែងបន្លំ ក្នុងគោលនយោបាយ ឬបម្រើនូវផលប្រយោជន៍គាត់មួយ»។ លោក គុណ ចិន្តា ពន្យល់ថា អ្នកសារព័ត៌មាន ត្រូវធ្វើតាមក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។ ហើយចំពោះអ្នកទទួលព័ត៌មាន លោក គុណ ចិន្តា និយាយថា៖ «ប្រជាពលរដ្ឋខ្មែរជាង៧លាននាក់ ដែលប្រើប្រាស់បណ្ដាញសង្គមទាំងអស់ គួរគិតមួយភ្លែតសិន ហើយដាក់សំណួរថា តើព័ត៌មានដែលចែកមកហ្នឹង បានមកពីណា តើការពិតឬទេ ហើយត្រូវណែនាំមិត្តភ័ក្ដិនិងសមាជិកគ្រួសារ កុំឲ្យចែករំលែកព័ត៌មានក្លែងក្លាយ។ (ចាប ចិត្រា, Hello VOA, វ៉ាស៊ីនតោន, ២៩ តុលា ឆ្នាំ២០១៨)